Monday, October 29, 2012

សភា​អឺរ៉ុប​អំពាវនាវ​ឲ្យ​កម្ពុជា​ធ្វើ​កំណែ​ទម្រង់​ គ.ជ.ប - EU Parliament call for NEC's reform

Cartoon by Sacrava (on the web at http://sacrava.blogspot.com)
Monday, 29 October 2012
វង្ស សុខេង
​The Phnom Penh Post

ភ្នំពេញៈសភា​អឺរ៉ុប​ បាន​អនុម័ត​សេចក្តី​សម្រេច​ ស្តីពី​ស្ថានការណ៍​នៅ​កម្ពុជា ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល អនុវត្ត​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ​នា​ពេល​ថ្មីៗ​នេះ​ ស្តីពី​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត ដែល​រង​ការ​រិះគន់ ដើម្បី​ធានា​ថា ប្រព័ន្ធ​នេះ​ អនុលោម​តាម​ស្តង់ដារ​អន្តរជាតិ នៅ​មុន ក្នុង​អំឡុង​ពេល និង​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ នៅ​ខែ​កក្កដា ឆ្នាំ​ក្រោយ។

លោក យឹម សុវណ្ណ ​អ្នក​នាំ​ពាក្យ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កើត​ចេញ​ពី​ការ​បង្រួប​បង្រួម​គ្នា រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា សភា​សហគមន៍​អឺរ៉ុប បាន​អនុម័ត​សេចក្តី​សម្រេច​របស់​ខ្លួន​ នៅ​ថ្ងៃ​ទី ២៤ ខែ​តុលា ស្តីពី​ស្ថានការណ៍​របស់​លោក សម រង្ស៊ី ដែល​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ចោទ​ប្រកាន់ ដែល​គេ​ហៅ​​ថា ​ធ្វើ​ឡើង​ដោយ​សារ​មូលហេតុ​នយោបាយ។

យោង​តាម​សេចក្តី​សម្រេច​ដើម​ ដែល​ផ្ញើ​ចេញ​ពី​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ​ទី ២៦ ខែ​តុលា បាន​ឲ្យ​ដឹង​ថា​៖ «​[រដ្ឋ​សភា​អឺរ៉ុប] ជំរុញ​រដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រឆាំង​ ឲ្យ​ធ្វើ​ការ​ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា ក្នុង​គោល​បំណង ផ្តល់​លទ្ធភាព​ដល់​ក្រុម​ប្រឆាំង​ ឲ្យ​ដើរ​តួនាទី​ពេញ​លេញ​ក្នុង​នយោបាយ​កម្ពុជា និង​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​ក្នុង​គោល​បំណង​ផ្តល់​ការ​ជឿជាក់​លើ​ដំណើរ​ការ​បោះឆ្នោត»


លោក សុវណ្ណ បាន​បន្ថែម​ថា៖ «សហគមន៍​អន្តរជាតិ​និង​សភា​អឺរ៉ុប បាន​សម្តែង​កង្វល់​អំពី​​ការ​បោះឆ្នោត​មិន​យុតិ្តធម៌​នៅ​កម្ពុជា ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ នឹង​បន្ត​ខិតខំ​​ដើម្បី​ធានា​ឯក​រាជភាព នៃ​គណៈ​កម្មាធិការ​រៀបចំ​ការ​បោះឆ្នោត»

កាល​ពី​ថ្ងៃ​ទី ១១ ខែ​តុលា លោក អ៊ឹម សួស្តី ប្រធាន​គ.ជ.ប និង​លោក​ស្រី ស៊ីន ជុំ​បូរ​អនុប្រធាន ត្រូវ​បាន​រដ្ឋ​សភា ​បោះឆ្នោត​ឲ្យ​បន្ត​ដឹក​នាំ គ.ជ.ប ដែល​ទទួល​រង​ការ​រិះគន់​ជា​ច្រើន​អាណត្តិ​មក​ហើយ​នេះ​ទៀត​។ ​សមាជិក​សភា​គណបក្ស​ប្រឆាំង បាន​ធ្វើ​ពហិការ ការ​ប្រជុំ​បោះឆ្នោត​នេះ​។

លោក យឹម សុវណ្ណ បាន​លើក​ឡើង​ថា៖ «​ខ្ញុំ​គិត​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​គ្រប់​គ្រង គ.ជ.ប ដូច្នេះ គណៈកម្មាធិការ​នេះ​ខ្វះ​ឯក​រាជភាព​»

លោក គល់ បញ្ញា នាយក​ប្រតិបតិ្ត​អង្គការ ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ហៅ​កាត់ ខុម ហ្វ្រែល បាន​ថ្លែង​ថា កម្ពុជា​ នឹង​បាត់បង់​នូវ​ភាព​ស្រប​ច្បាប់​របស់​ខ្លួន នៅ​ក្នុង​សហគមន៍​អន្តរជាតិ ប្រសិន​បើ​ការ​បោះឆ្នោត​ឆ្នាំ​ក្រោយ មិន​សេរី​ និង​យុតិ្តធម៌​ទេ​នោះ។ លោក គល់ បញ្ញា​បាន​បន្ត​ថា៖ «​ខ្ញុំ​គិត​ថា គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ គួរ​ប្រជុំ​ពិភាក្សា​គ្នា ដើម្បី​ធានា​តម្លាភាព​របស់​គ.ជ.ប​ ដែល​ការ​ធ្វើ​ដូច្នេះ អ្នក​ចាញ់​នឹង​មិន​តវ៉ា ប្រឆាំង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឡើយ​»។

លោក ទេព នីថា អគ្គ​លេខាធិការ គ.ជ.ប បាន​ថ្លែង​ថា លោក​គ្មាន​ប្រតិកម្ម ចំពោះ​អ្នក​រិះគន់​គ.ជ.ប ឡើយ។ លោក​បាន​គូស​បញ្ជាក់​ថា​៖ «​ខ្ញុំ​គិត​ថា វា​ជា​សិទិ្ធ​របស់​សភា​អឺរ៉ុប ក្នុង​ការ​អនុម័ត​សេចក្តី​សម្រេច ស្តីពី​កម្ពុជា ប៉ុន្តែ​អ្នក​ទាំង​នោះ​ គួរ​យល់​ដឹង​ ពី​ស្ថានការណ៍​ពិត​នៅ​កម្ពុជា»

លោក​បាន​ថ្លែងថា អ្នក​បោះ​ឆ្នោត​ប្រហែល ៩៦០០០០០ នាក់​ នឹង​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ៕

1 comment:

Anonymous said...

អ្វីទៅដែលហៅថា ៖​​ គ ច ប ?

គ=គណកម្មាធិការ
ច=ចោរ
ប=ប្លន់សន្លឹកឆ្នោត
ដូច្នេះពាក្យដែលហៅថាៈ គ ច ប = គណកម្មាធិការចោរប្លន់សន្លឹកឆ្នោត ។