http://www.youtube.com/watch?v=l-o88_i-syY&feature=youtu.be
ដោយ វិជ័យ អានន្ទ 2012-11-25 RFA
សង្គមស៊ីវិល និងតំណាងសហគមន៍មានជម្លោះដីធ្លី
សម្ដែងការសោកស្ដាយចំពោះការប្រកាសរបស់នាយករដ្ឋមន្ត្រី
ថាកុំឲ្យតំណាងរាស្ត្រមកពីបក្សនយោបាយ និងសង្គមស៊ីវិល
ចូលរួមឈឺឆ្អាលជាមួយនឹងប្រជាសហគមន៍ទាំងនោះ។
មន្ត្រីសង្គមស៊ីវិល និងតំណាងប្រជាសហគមន៍ទាំងនោះអះអាងថា
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីដូច្នោះ
អាចនាំឲ្យមានការបែងចែកបក្សពួកនៅក្នុងសង្គម។
តំណាងសហគមន៍មានជម្លោះដីធ្លី និងអង្គការសង្គមស៊ីវិលលើកឡើងថា
ការប្រកាសរបស់នាយករដ្ឋមន្ត្រីថា
នឹងដោះស្រាយបញ្ហាដីធ្លីជូនប្រជាសហគមន៍គឺជាដំណឹងល្អ
ដែលឆ្លើយតបការទន្ទឹងរង់ចាំរបស់ពួកគាត់។
ប៉ុន្តែពួកគាត់ក៏ចង់ឲ្យរដ្ឋាភិបាលចាត់ទុកសង្គមស៊ីវិល
និងអ្នកនយោបាយទាំងអស់មកពីគ្រប់គណបក្ស
ជាដៃគូក្នុងការរួមចំណែកអភិវឌ្ឍប្រទេស។
អ្នកស្រី ទេព វន្នី ឲ្យដឹងថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន ដែលហាមអ្នកនយោបាយ
និងមន្ត្រីសង្គមស៊ីវិលកុំឲ្យចូលរួមដោះស្រាយបញ្ហារបស់ប្រជាសហគមន៍
នោះ ជាបញ្ហាគួរឲ្យព្រួយបារម្ភ ព្រោះថា
ការលើកឡើងនោះអាចនាំឲ្យមន្ត្រីនៃអង្គការសង្គមស៊ីវិល
និងតំណាងរាស្ត្រនៃបក្សនយោបាយនានា
ខកចិត្តចំពោះអ្វីដែលពួកគាត់ខិតខំជួយលើកស្ទួយប្រទេសជាតិឲ្យមាន
ការអភិវឌ្ឍ។ ផ្ទុយទៅវិញ
ការខិតខំរបស់ពួកគាត់ត្រូវរងការចោទពីសំណាក់រដ្ឋាភិបាលថា
ពួកគាត់ជាអ្នកបង្កឲ្យមានជម្លោះដីធ្លីរីកសាយកាន់តែធំទៅវិញ។
អ្នកស្រីបញ្ជាក់ថា
កន្លងមកមន្ត្រីអង្គការសង្គមស៊ីវិលបានជួយដល់ប្រជាសហគមន៍យ៉ាង
ច្រើន តាមរយៈការផ្ដល់ចំណេះផ្លូវច្បាប់
ដែលធ្វើឲ្យពលរដ្ឋស្គាល់ពីសិទ្ធិ
និងចេះការពារសិទ្ធិសេរីរបស់ខ្លួនកុំឲ្យក្រុមហ៊ុនរំលោភបំពានតាម
អំពើចិត្ត។
អ្នកស្រី ទេព វន្នី៖ «ដោយសារតែមានការអប់រំ
ពន្យល់ឲ្យមានការយល់ដឹងពីសិទ្ធិ ពីច្បាប់ទៅដល់ប្រជាជន
ទៅដល់សហគមន៍អ៊ីចឹងទៅ ដូចជាក់ស្ដែងបទពិសោធន៍ខ្លួនខ្ញុំផ្ទាល់អី
គឺយើងពិចារណាបានវែងឆ្ងាយ យើងអត់គិតខ្លីទេ
ហើយប្រើការទាមទារដោយសន្តិវិធី យើងប្រើតាមសិទ្ធិច្បាប់ដែលយើងមាន
ដែលយើងអាចទទួលយកបាន។
គឺជាចំណែកមួយដ៏ធំសម្រាប់អង្គការដែលគាត់បានចូលរួមជួយដល់
រដ្ឋាភិបាល ដល់សង្គម ដល់ប្រជាជនដែលគាត់អត់យល់ដឹងនោះ
ចៀសវាងការប្រើអំពើហិង្សា
ការតបតហិង្សាទៅវិញទៅមកធ្វើឲ្យមានការចលាចលនោះណា»។
ទោះយ៉ាងណាអ្នកស្រី ទេព វន្នី មានប្រសាសន៍ថា
សកម្មភាពតវ៉ាផ្សេងៗរបស់ប្រជាសហគមន៍ដែលធ្វើឡើងជារឿយៗនោះ
ដោយសារពួកគេមានបំណងឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់
ប៉ុណ្ណោះ
ដូច្នេះហើយអ្នកស្រីទទូចសុំឲ្យរដ្ឋាភិបាលចាត់ទុកបញ្ហារបស់រាស្ត្រ
ជាបញ្ហាអាទិភាព មុននឹងគិតបញ្ហាដទៃទៀត។
កាលពីថ្ងៃទី២៣ វិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានថ្លែងក្នុងឱកាសចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនាខេត្ត
ព្រះវិហារ ថាលោកនឹងមិនដោះស្រាយបញ្ហាដីធ្លីទាំងឡាយណា
ដែលមានអ្នកនយោបាយ និងសង្គមស៊ីវិលចូលរួមឈឺឆ្អាលនោះឡើយ
ព្រោះអ្នកនយោបាយ
និងមន្ត្រីសង្គមស៊ីវិលទាំងនោះបង្កឲ្យរដ្ឋាភិបាលពិបាកក្នុងការ
ដោះស្រាយលើបញ្ហាទាំងនោះ។
ទាក់ទងនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះដែរ
នាយកលេខាធិការដ្ឋានអង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀរ
ភារម្យ មានប្រសាសន៍ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
អាចនាំឲ្យមានការបែងចែកបក្សពួកនៅក្នុងសង្គម ព្រោះការលើកឡើងនោះ
ជាការជំរុញឲ្យមានការរើសអើងរវាងពលរដ្ឋមាននិន្នាការទៅរកបក្ស
កាន់អំណាចជាមួយសង្គមស៊ីវិល និងបក្សប្រឆាំង។
ម្យ៉ាងទៀតលោកបញ្ជាក់ថា
ការលើកឡើងរបស់រដ្ឋាភិបាលនោះបានបង្ហាញពីការមិនទទួលខុសត្រូវទៅ
នឹងទង្វើរបស់ខ្លួនដែលបានប្រព្រឹត្ត ព្រោះបញ្ហាដែលកើតឡើងនោះ
គឺបណ្ដាលមកពីចំណាត់ការរបស់រដ្ឋាភិបាលលើការផ្ដល់ដីសម្បទាន
សេដ្ឋកិច្ច ដែលមានរយៈពេលវែងទៅឲ្យក្រុមហ៊ុនធ្វើវិនិយោគ។
ដូច្នេះការចោទថា
អង្គការសង្គមស៊ីវិលធ្វើឲ្យរដ្ឋាភិបាលពិបាកដោះស្រាយបញ្ហាដីធ្លីនោះ
ជារឿងមិនពិត ព្រោះអ្វីដែលក្រុមអង្គការសង្គមស៊ីវិលធ្វើនោះ
គឺជាការចូលរួមចំណែកធ្វើយ៉ាងណាឲ្យប្រជាសហគមន៍រងគ្រោះដោយសារ
បញ្ហាដីធ្លីទាំងនោះ
ចេះការពារខ្លួនតាមផ្លូវច្បាប់កុំឲ្យមានការរំលោភបំពានពីសំណាក់
អាជ្ញាធរដែលមិនគោរពច្បាប់មួយចំនួន
និងក្រុមហ៊ុនដែលទទួលសិទ្ធិធ្វើការអភិវឌ្ឍទាំងឡាយណាដែលមិនគោរព
តាមកិច្ចសន្យាស្របគោលការណ៍របស់រដ្ឋាភិបាលបានកំណត់ឲ្យ។
លោក សៀរ ភារម្យ៖ «នៅពេលគាត់មានប្រសាសន៍ដូច្នេះ
វាធ្វើឲ្យប្រជាពលរដ្ឋមានការសោកស្ដាយ មានការខកចិត្ត
នៅពេលដែលសម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ដែលជាការរើសអើង
ដែលជាការមិនឲ្យតម្លៃប្រជាពលរដ្ឋរបស់ខ្លួន»។
ប្រហាក់ប្រហែលគ្នានេះ តំណាងរាស្ត្រគណបក្សសិទ្ធិមនុស្ស លោក ញ៉ែម
បុញ្ញាឫទ្ធិ មានប្រសាសន៍ថា
បញ្ហាជម្លោះដីធ្លីជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល
ព្រោះរដ្ឋាភិបាលបានទទួលនូវការជឿទុកចិត្តពីសំណាក់ពលរដ្ឋរបស់
ខ្លួនតាមរយៈការបោះឆ្នោត។
បន្ថែមលើនេះ លោក ញ៉ែម បុញ្ញាឫទ្ធិ បញ្ជាក់ថា
តំណាងរាស្ត្រគ្រប់គណបក្សនយោបាយសុទ្ធតែមានសិទ្ធិចុះជួយប្រជាពលរដ្ឋ
ទាំងឡាយរបស់ខ្លួនដែលមានបញ្ហា និងទុក្ខលំបាកមិនថា
ពួកគាត់ស្ថិតនៅកន្លែងណានោះឡើយ។ ម្យ៉ាងទៀត លោកថ្លែងបន្តថា
អ្នកនយោបាយគួររួបរួមគ្នាកសាងប្រទេសជាតិរបស់ខ្លួនឲ្យរីកចម្រើន
ទៅមុខជាជាងចាត់ទុកគ្នាជាសត្រូវ។
ទោះយ៉ាងណា អ្នកសិក្សាស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី
មានប្រសាសន៍ថា
ការលើកឡើងរបស់រដ្ឋាភិបាលនោះពុំសូវបង្ហាញពីការទទួលខុសត្រូវឲ្យ
ស្របតាមតួនាទីរបស់ខ្លួននៅឡើយ ដោយលោកបញ្ជាក់ថា
បើសិនរដ្ឋាភិបាលមានសមត្ថភាពក្នុងការដោះស្រាយបញ្ហារបស់ពលរដ្ឋ
ប្រហែលជាពលរដ្ឋដែលមានជម្លោះដីធ្លីទាំងនោះមិនទៅពឹងពាក់បក្ស
ប្រឆាំង និងសង្គមស៊ីវិលជាតិ និងអន្តរជាតិនោះឡើយ។
ដោយឡែក
ទាក់ទងនឹងការហាមឃាត់តំណាងរាស្ត្រកុំឲ្យលូកដៃចូលក្នុងរឿងជម្លោះ
ដីធ្លី លោក កែម ឡី មានប្រសាសន៍ថា
ជាការផ្ទុយនឹងច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេស៖ «តួនាទីរបស់
តំណាងរាស្ត្រគឺមាន ៤ សំខាន់ៗ តាក់តែងច្បាប់
ត្រួតពិនិត្យដំណើរការយន្តការដោះស្រាយបញ្ហាការអនុវត្តរបស់
រដ្ឋាភិបាល សួរសុខទុក្ខប្រជាជន និងតំណាងឲ្យប្រជាជន។
ពេលដែលប្រជាជនមានបញ្ហាហ្នឹង
គឺធ្វើជាតំណាងដល់ពេលយើងអត់ឲ្យគាត់ធ្វើជាតំណាង
អត់ឲ្យគាត់ធ្វើជាសាក្សី អត់ឲ្យគាត់ធ្វើការតាមដាន
អាហ្នឹងបែរជារឹតត្បិតតួនាទី និងភារកិច្ចរបស់តំណាងរាស្ត្រទៅវិញ»។
បន្ថែមលើនេះ លោក កែម ឡី បញ្ជាក់ថា
ការទាមទាររបស់រដ្ឋាភិបាលចាត់ចែងក្នុងការងារប្រទេសជាតិតែម្ខាង
ដោយគ្មានការចូលរួមពីសំណាក់សង្គមស៊ីវិល និងបក្សប្រឆាំងនោះ
វាអាចធ្វើឲ្យរដ្ឋាភិបាលរងផលប៉ះពាល់មួយចំនួន
រួមមានការដឹកនាំគ្មានតម្លាភាព
ម្ចាស់ជំនួយមិនសូវមានទំនុកចិត្តទៅលើរដ្ឋាភិបាល
និងចំណាត់ការរបស់រដ្ឋាភិបាលក្នុងការដឹកនាំប្រទេសមិនឆ្លើយតបនឹង
តម្រូវការប្រជាពលរដ្ឋគ្រប់ជ្រុងជ្រោយ។
ជាងនេះទៀត លោកអះអាងថា គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល
មានតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលភាពខុសឆ្គងរបស់រដ្ឋាភិបាល
ក្នុងការដឹកនាំប្រទេស ដើម្បីរិះគន់នូវចំណុចខ្វះខាតទាំងនោះ
ក្នុងបំណងកែលំអធ្វើឲ្យប្រទេសជាតិរីកចម្រើន។ មួយវិញទៀត
ការបង្ហាញពីសកម្មភាពចូលរួមពីគ្រប់មជ្ឈដ្ឋាននៃពលរដ្ឋក្នុងសង្គម
ជាការឆ្លុះបញ្ចាំងឲ្យឃើញថា
ក្នុងសង្គមនោះកំពុងតែរីកចម្រើនផ្នែកលទ្ធិប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
1 comment:
ហ៊ុន សែន មិនទទួលខុសត្រូវចំពោះពលរដ្ឋខ្មែរ
ទាំងមូលទេ នរណាបក្សពួកគេ ទើបគេទទួល
ស្គាល់ថាជាពលរដ្ឋវា ដូច្នេះបងប្អូនអើយ ពេល
នេះត្រូវដឹងខ្លួនទៅ នរណាជាអ្នកបែងចែកវណ្ណៈ
សូម្បីតែឈ្មោះក៏គេបែងចែកដែរ ។ ជាឬម្មតា
ខ្មែរយើង មិនដែលនរណាម្នាក់ប្រើឈ្មោះដូចពួក
ជំទាវៗនោះទេ ពីដើមមក យើងមិនប្រើដូចជា
ប៊ុន រ៉ានី ហ៊ុន សែន ។ល។ ដូច្នេះទេ ត្រឹម
ជំនាន់ព្រះមហាក្សត្រីយានី ស៊ិសុវត្ថិ កុសមនារី
រដ្ឋសិរីវឌ្ឍនា នោតែប្រើដូច្នេះ ជំនាន់សម្ដេច
សិហនុ ឮប្រើហៅ ក្សត្រី មុនីនាថ សីហនុ ។
រហូតមកទល់ពេលនេះ ខ្មែរក៏កំពុងងប់ងល់នឹង
អំណាចបុណ្យសក្ដិ នឹងឈ្មោះជាឧកញ៉ា ជំទាវ
ឯកឧត្តម នេះណាស់ ទោះពួកគេបានបំផ្លាញ
ជាតិជិតរលយសាបសូន្យទៅក៏ដោយ ។ បងប្អូន
អើយភ្ញាក់ខ្លួនឡើង ដូរទៅ ។
Post a Comment