Wednesday, November 14, 2012

សមត្ថកិច្ច​មិន​ឲ្យ​ពលរដ្ឋ​ទៅ​មើល​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​កំពង់ចាម

ដោយ ដែន អយុធ្យា
2012-11-13 RFA

សមត្ថកិច្ច​ប្រចាំ​ការ​នៅ​ច្រក​របៀង​បឹងជ្រោង ខេត្ត​កំពង់ចាម បាន​រារាំង​មិន​ឲ្យ​សាធារណជន និង​អ្នក​សារព័ត៌មាន​ចូល​ទៅ​មើល​បង្គោល​ព្រំដែន​លេខ​៩៤ ដែល​រដ្ឋាភិបាល​បោះ​រួច​ទេ

សកម្មភាព​រារាំង​របស់​សមត្ថកិច្ច​នេះ បាន​អនុវត្ត​ផ្ទុយ​ពី​ការ​អះអាង​របស់​មន្ត្រី​ព្រំដែន​រដ្ឋាភិបាល ដែល​លើក​ទឹក​ចិត្ត​ឲ្យ​សាធារណជន​អាច​ចូល​ទៅ​ពិនិត្យ និង​ថត​រូប​អនុស្សាវរីយ៍​នៅ​តាម​បង្គោល​កំណត់​ព្រំដែន​គោក​កម្ពុជា-វៀតណាម កន្លង​មក

មិន​ដូច​ការ​អះអាង​កន្លង​មក​របស់​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​ថា រាជ​រដ្ឋាភិបាល​ជំរុញ និង​លើក​ទឹក​ចិត្ត​ឲ្យ​សាធារណជន​ខ្មែរ ព្រម​ទាំង​អ្នក​សារព័ត៌មាន​បាន​ទៅ​ទស្សនា​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ដែល​ត្រូវ​បាន​គេ​បោះ​រួច​នោះ​ទេ។
ជាក់​ស្ដែង កាល​ពី​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា ឆ្នាំ​២០១២ មន្ត្រី​នគរបាល​ប្រចាំ​ការ​នៅ​ច្រក​របៀង​បឹងជ្រោង ស្ថិត​នៅ​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​កំពង់ចាម បាន​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​សារព័ត៌មាន​១ក្រុម ដែល​ស្នើ​ការ​អនុញ្ញាតិ​ចូល​ទៅ​មើល​បង្គោល​ព្រំដែន​លេខ​៩៤ ដែល​បោះ​រួច​ទេ ដោយ​ពួក​គេ​អះអាង​ថា គ្មាន​បញ្ជា​ពី​មេ៖ «ការងារ​ហ្នឹង ខ្ញុំ​អត់​ដឹង​ដែរ ស៊ី​សង​លើ​មេ។ មេ​វីរ​អញ្ជើញ​គាត់​ទៅ»


ការ​ហាម​ឃាត់​របស់​អាជ្ញាធរ​ដូច្នេះ មិន​មែន​មាន​តែ​នៅ​ខេត្ត​កំពង់ចាម ទេ គឺ​មាន​នៅ​ខេត្ត​មួយ​ចំនួន​ទៀត ដូច​ជា​ខេត្ត​ស្វាយរៀង និង​ខេត្ត​តាកែវ ជាដើម

ទាក់​ទិន​បញ្ហា​នេះ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ធ្លាប់​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​បាន​ហាម​ឃាត់​សាធារណជន​ចូល​ទៅ​មើល​បង្គោល​ព្រំដែន​គោក ដែល​មន្ត្រី​ជំនាញ​ព្រំដែន​កម្ពុជា-វៀតណាម បោះ​រួច​ទេ៖ «ពួក​ប្រឆាំង​ទេ ដែល​និយាយ​ថា​សុទ្ធ​តែ​ហាម​ឃាត់​អីចេះ ហាម​ឃាត់​អីចុះ។ គ្មាន​នរណា​គេ​ហាម​ឃាត់​សោះ បន់​ឲ្យ​តែ​ទៅ​មើល គឺ​និយាយ​ដោយ​ត្រង់​មិន​មែន​និយាយ​ឃោសនា​អី​ទេ តាំង​ពី​ដើម​មក​អ៊ីចឹង។ ប៉ុន្តែ គេ​ហាម​ឃាត់​នៅ​ត្រង់​តំបន់​ណា​មាន​បង្គោល​តម្រុយ​ដែល​គេ​កំពុង​ធ្វើ​កិច្ចការ​ហ្នឹង កុំ​ឲ្យ​វា​ប៉ះពាល់ កុំ​ឲ្យ​បាត់​តម្រុយ ឬ​កុំ​ឲ្យ​បាត់​ភស្តុតាង​របស់​គេ ធ្វើ​ឲ្យ​ខូច​ខាត ឬ​ខាត​ពេល​វេលា ខាត​លុយ​កាក់ អា​នេះ​គឺ​ត្រូវ​ហាម​ឃាត់ តែ​ក្រៅ​ពី​នេះ អត់​មាន​ហាម​ឃាត់​អី​ទេ គឺ​បន់​ឲ្យ​តែ​ទៅ​មើល​ទៀត​ផង»

បញ្ហា​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម មើល​ឃើញ​ថា សកម្មភាព​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាម របស់​រដ្ឋាភិបាល​កន្លង​មក រដ្ឋាភិបាល​មិន​បាន​បើក​ទូលាយ​ឲ្យ​សាធារណជន មន្ត្រី​សង្គម​ស៊ីវិល ឬ​មន្ត្រី​បក្ស​ប្រឆាំង បាន​ចូល​រួម​យោបល់​ទេ។ លោក​បាន​ចាត់​ទុក​ថា សកម្មភាព​បោះ​កំណត់​បង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាម រដ្ឋាភិបាល​ធ្វើ​ឡើង​មាន​ភាព​អាថ៌កំបាំង និង​អនុវត្ត​ផ្ទុយ​ពី​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​នៅ​លើ​សកល​លោក៖ «យើង​គ្រាន់​តែ​បោះ​បង្គោល ហើយ​ទៅ​មើល​ជា​អាថ៌កំបាំង​ដែរ ខ្ញុំ​គិត​ថា​ប្រហែល​ជា​មាន​ហេតុផល​អី​ផ្សេងៗ ឬ​មួយ​មិន​ទាន់​ចប់​សព្វគ្រប់ គេ​មិន​ទាន់​បើក​ទូលាយ ឬ​មួយ​ក៏​ថ្ម​បង្គោល​ហ្នឹង ធ្វើ​មក​ពី​ណា អ្នក​ណា​ធ្វើ ឬ​មួយ​ក៏​យើង​មិន​ទាន់​មាន​ចេរភាព​ក្នុង​ការ​បោះ អាច​រំកិល​បោះ​ទៅ​វិញ​ទៅ​មក អាហ្នឹង​ខ្ញុំ​មិន​ហ៊ាន​ថា​ទេ។ ក៏ប៉ុន្តែ ប្រទេស​ណា​ក៏​ដូច​ជា​ប្រទេស​ណា​ដែរ របាំង​បង្គោល​ជា​រឿង​មួយ របាំង​ព្រមព្រៀង​ជា​រឿង​មួយ​ទៀត របាំង​សាក្សី​ជា​រឿង​មួយ។ ជាពិសេស របាំង​ប្រជាជន ជា​រឿង​ដែល​សំខាន់​សម្រាប់​ការពារ​ព្រំដែន ការពារ​ទឹក​ដី ឬ​ក៏​ដែន​ដី​របស់​យើង»

បង្គោល​កំណត់​ព្រំដែន​គោក​កម្ពុជា-វៀតណាម សរុប​មាន​ចំនួន ៣៧៥​បង្គោល។ ដើម​ឡើយ លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បាន​បញ្ជាក់​ថា រដ្ឋាភិបាល​គ្រោង​នឹង​បោះ​ឲ្យ​រួច​ជា​ស្ថាពរ​នៅ​ត្រឹម​ឆ្នាំ​២០១២ ប៉ុន្តែ​ពេល​នេះ លោក​ថា​ទំនង​ជា​ត្រូវ​ពន្យារ​ដល់​ឆ្នាំ​២០១៣ ដោយ​សារ​មន្ត្រី​ជំនាញ​ត្រូវ​ការ​ពេល​វេលា​ពិនិត្យ​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់​លាស់៕

No comments: