Monday, November 19, 2012

សេចក្តី​ថ្លែងការណ៍​រួម​ស្ដីពី​​ការ​បោះ​ឆ្នោត​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​តំបន់​អាស៊ាន

សេចក្តី​ថ្លែងការណ៍​រួម​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០១២​នេះ មិនទាន់ានប្រតិកម្មពី កុយ កុយ ឬនាយ វីស្គី ឬក៏ ផៃ ភរភួត នៅឡើយទេ.
ដោយ កេសរណ្ណីយ្យា 2012-11-18 RFA
គណៈកម្មការ​វេទិកា​ពលរដ្ឋ​អាស៊ាន នៃ​ប្រទេស​ជា​សមាជិក​ទាំង​១០ បាន​ដាក់​សេចក្តី​ថ្លែងការណ៍​រួម​របស់​ខ្លួន ជូន​រដ្ឋាភិបាល​នៃ​ប្រទេស​រៀងៗ​ខ្លួន។
សេចក្តី​ថ្លែងការណ៍​រួម​នោះ​មាន ១២​ចំណុច ផ្ដោត​ទៅ​លើ​ប្រធាន​បទ​ចម្បងៗ​បី គឺ​ទី១ សេដ្ឋកិច្ច និង​បរិស្ថាន ទី២ សេដ្ឋកិច្ច និង​វប្បធម៌ និង​ទី៣ នយោបាយ និង​សន្តិសុខ។
គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ក្នុង​តំបន់ គឺ​ជា​ចំណុច​សំខាន់​មួយ​ក្នុង​ប្រធាន​បទ "នយោបាយ និង​សន្តិសុខ" នៃ​សេចក្តី​ថ្លែងការណ៍​រួម​របស់​វេទិកា​ពលរដ្ឋ​អាស៊ាន។

ទាក់​ទង​លទ្ធិប្រជាធិបតេយ្យ និង​ការ​បោះ​ឆ្នោត សេចក្តី​ថ្លែងការណ៍​រួម​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា គូស​បញ្ជាក់​ថា បញ្ហា​ប្រឈម​នានា​ចំពោះ​ដំណើរ​ការ​ប្រជាធិបតេយ្យ រួម​មាន ប្រព័ន្ធ​រដ្ឋបាល​គ្រប់គ្រង​កា​របោះ​ឆ្នោត ការ​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត និង​ភាព​ឯករាជ្យ អព្យាក្រឹត្យ និង​យុត្តិធម៌ នៃ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត។
ចំពោះ​ប្រការ​នេះ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្រ្វែល = COMFREL) លោក គល់ បញ្ញា បញ្ជាក់​ថា សេចក្តី​ថ្លែងការណ៍​រួម ស្នើ​ឱ្យ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ពិនិត្យ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​មួយ​ចំនួន ត្រូវ​តែ​រៀបចំ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ដើម្បី​ផ្តល់​សិទ្ធិ​ពេញ​លេញ​ជូន​ដល់​ប្រជាពលរដ្ឋ ក្នុង​ការ​បញ្ចេញ​មតិ​ជ្រើស​រើស​មេ​ដឹកនាំ​ប្រទេស​ទៅ​តាម​ឆន្ទៈ​ពិត​ប្រាកដ​ របស់​ខ្លួន។
លោក គល់ បញ្ញា៖ «យ៉ាង​ហោច​ណាស់​ក៏​មាន​ប្រទេស​៣ ដែល​មាន​ការ​បោះ​ឆ្នោត​ទៀង​ទាត់ តាម​លទ្ធិប្រជាធិបតេយ្យ សេរី និង​យុត្តិធម៌ និយាយ​ឱ្យ​ចំ គឺ​មិន​ទាន់​មាន​ការ​បោះ​ឆ្នោត​នៅ​ឡើយ។ ប្រទេស​ទាំង​៣ ក្នុង​ចំណោម​ប្រទេស​ទាំង​១០ គឺ​ឡាវ វៀតណាម និង​ប្រ៊ុយណេ ជាពិសេស​ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត ព្រោះ​វា​ទាក់​ទង​នឹង​អាស៊ាន ដែល​ថា យក​ប្រជាពលរដ្ឋ​ជា​ស្នូល ជា​ការ​យក​ចិត្ត​ទុក​ដាក់​សំខាន់​របស់​អាស៊ាន។ ដូច្នេះ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​គាត់​មាន​កម្រិត​នៃ​ការ​ចូល​រួម ត្រូវ​តែ​រៀបចំ​ការ​បោះ​ឆ្នោត ព្រោះ​មាន​តែ​ការ​បោះ​ឆ្នោត​ទេ ដែល​ផ្តល់​សិទ្ធិ​អំណាច​ពេញ​លេញ​ដល់​ពលរដ្ឋ​ក្នុង​ការ​រៀបចំ​រដ្ឋាភិបាល រៀបចំ​តំណាង​របស់​ខ្លួន»
សេចក្តី​ថ្លែងការណ៍​រួម​បាន​ស្នើ​ឱ្យ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់ ពិចារណា​គាំទ្រ​អនុវត្ត​គោលការណ៍​សំខាន់ ដែល​បង្កើត​ឡើង​ដោយ​បណ្ដាញ​អាស៊ី សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី (អានហ្វ្រែល = ANFREL) រួម​នឹង​សេចក្តី​ប្រកាស​ទីក្រុង​បាងកក និង​សេចក្តី​ប្រកាស​ទីក្រុង​ហ្សាការតា ស្ដីពី​សហគមន៍​បោះ​ឆ្នោត ដែល​អនុម័ត​ដោយ​វេទិកា​ស្ថាប័ន​គ្រប់គ្រង​ការ​បោះ​ឆ្នោត​អាស៊ាន (Electoral Management Bodies = EMBs)។ ក្នុង​នោះ ស្នើ​ដល់​ប្រទេស​ជា​សមាជិក​អាស៊ាន ដែល​ពុំ​ទាន់​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ និង​ការ​បោះ​ឆ្នោត។ ទី១ ត្រូវ​ផ្តល់​សច្ចាប័ន​លើ​កតិកាសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ។ ទី២ ត្រូវ​ចូល​រួម និង​គោរព​តាម​គោលការណ៍​សហភាព​អន្តរ​សភា (IPU) ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត។
ប្រធាន​គណៈកម្មការ​គ្រប់គ្រង​វេទិកា​ពលរដ្ឋ​អាស៊ាន លោក​មេធាវី សុក សំអឿន ថ្លែង​ថា សេចក្តី​ថ្លែងការណ៍​រួម​នេះ​មិន​បាន​ផ្ដោត​លើ​បញ្ហា​ក្នុង​ប្រទេស​និមួយៗ​ទេ គឺ​ពិនិត្យ​លើ​ស្ថានភាព​រួម​នៅ​ក្នុង​តំបន់​ទាំង​មូល។ លោក​លើក​ឡើង​អំពី​ចំណុច​សំខាន់ៗ​ពីរ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​នោះ ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត៖ «គឺ​ទី១ យើង​ឃើញ​ថា ប្រទេស​ខ្លះ គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត អត់​សូវ​ឯករាជ្យ។ ទី២ ប្រទេស​ខ្លះ​ទៀត គឺ​មិន​បើក​ចំហ​ឱ្យ​មាន​អ្នក​សង្កេតការណ៍​ការ​បោះ​ឆ្នោត​ទេ។ ដូច្នេះ ក្នុង​ចំណុច​ទាំង ៩​ហ្នឹង យើង​មាន​លើក​ឡើង​ពី សុំ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​អាស៊ាន​និមួយៗ ពេល​ធ្វើ​ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​និមួយៗ គឺ​ត្រូវ​បើក​ឱ្យ​មាន​ក្រុម​អ្នក​សង្កេតការណ៍​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ ដើម្បី​ចូល​រួម​សង្កេតការណ៍​បោះ​ឆ្នោត។ ប្រព័ន្ធ​ដោះស្រាយ​ការ​បោះ​ឆ្នោត ក៏​ជា​បញ្ហា​មួយ​ទៀត​ដែរ ដូច្នេះ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​ដោះស្រាយ​វិវាទ​ក្នុង​ការ​បោះ​ឆ្នោត ត្រូវ​ដោះស្រាយ​ដោយ​ឯករាជ្យ ដោយ​កុំ​ឱ្យ​លំអៀង​ទៅ​ខាង​ណាៗ និង​ត្រូវ​មាន​ការ​ស៊ើប​អង្កេត​ដោយ​យន្តការ​អព្យាក្រឹត្យ»
ក្នុង​ចំណោម​អនុសាសន៍​សំខាន់​ទាំង ៩​ចំណុច នៃ​សេចក្តី​ថ្លែងការណ៍​រួម​របស់​វេទិកា​ពលរដ្ឋ​អាស៊ាន ស្ដីពី​លទ្ធិប្រជាធិបតេយ្យ និង​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នៅ​ក្នុង​តំបន់​នេះ ក៏​មាន​លើក​ឡើង​ពី​បញ្ហា​ធានា​សិទ្ធិ​ស្មើ​គ្នា ដោយ​មិន​រើស​អើង ជូន​ដល់​ពលរដ្ឋ​ជន​ជាតិ​ភាគ​តិច ជន​ពិការ និង​ស្ត្រី​ភេទ​ផង​ដែរ។ ចំណុច​ដទៃ​ទៀត រួម​មាន​ការ​រៀបចំ​ប្រព័ន្ធ​បោះ​ឆ្នោត ដែល​ផ្តល់​លទ្ធភាព​ឱ្យ​ពលរដ្ឋ​រស់នៅ​ក្រៅ​ប្រទេស អាច​ចូល​រួម​បោះ​ឆ្នោត​បាន​ដោយ​សេរី និង​ពេញ​លេញ យុទ្ធនាការ​បោះ​ឆ្នោត ត្រូវ​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​តែ​មាន​ភាព​ស្មើ​គ្នា ដោយ​មិន​លំអៀង ហើយ​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត ត្រូវ​តែ​មាន​លក្ខណៈ​ត្រឹមត្រូវ និង​ងាយ​ស្រួល ដើម្បី​ធានា​សិទ្ធិ​បោះ​ឆ្នោត​ជូន​ដល់​ពលរដ្ឋ​គ្រប់​រូប។
ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​គណៈប្រតិភូ​មក​ពី​ប្រទេស​ទាំង​១០ ក្នុង​សមាគម​អាស៊ាន បាន​ចូល​រួម​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ការ​ បោះ​ឆ្នោត​ប្រកប​ដោយ​គុណភាព និង​វិជ្ជាជីវៈ ក្នុង​តំបន់​អាស៊ាន​ទាំង​មូល ដែល​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ចុង​សប្ដាហ៍​មុន។ សិក្ខាសាលា បាន​ចាត់​ទុក​ប្រការ​នេះ ជា​ផ្នែក​មួយ​ដ៏​សំខាន់ និង​ចាំបាច់​ដល់​ការ​រីក​លូតលាស់​នៃ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​តំបន់។
លោក គល់ បញ្ញា បញ្ជាក់​ថា គឺ​ជា​ការ​សំខាន់ និង​ចាំបាច់​ដែល​ប្រទេស​ជា​សមាជិក​ទាំង​អស់ ត្រូវ​តែ​មាន​ប្រព័ន្ធ​បោះ​ឆ្នោត​មួយ តាម​លទ្ធិប្រជាធិបតេយ្យ​ដូច​គ្នា៖ «គោលការណ៍ ​សហគមន៍​នយោបាយ​អាស៊ាន​នៅ​ឆ្នាំ​២០១៥ គេ​ចង់​ឱ្យ​មាន​សហគមន៍​បោះ​ឆ្នោត។ ដូច្នេះ ប្រទេស​ដែល​មិន​ទាន់​មាន​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​តែ​រៀបចំ​នីតិវិធី​ច្បាប់​ទម្លាប់​បោះ​ឆ្នោត​ឱ្យ​មាន​ឡើង រីឯ​ប្រទេស​ដែល​មាន​ហើយ តែ​មិន​ទាន់​រឹងមាំ ត្រូវ​តែ​ពង្រឹង​ថែម​ទៀត ព្រោះ​មាន​តែ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ទេ ដែល​ផ្តល់​សិទ្ធិ​ដល់​ពលរដ្ឋ​ឱ្យ​សម្ដែង​មតិ​របស់​ខ្លួន​បាន។ គោលការណ៍​សហគមន៍​បោះ​ឆ្នោត អាច​សម្រេច​បាន​មូលដ្ឋាន​រឹងមាំ​បាន លុះត្រា​តែ​មាន​ការ​បោះ​ឆ្នោត​មួយ​តាម​ស្តង់ដារ​អន្តរជាតិ​ទាំង​អស់​គ្នា»
សេចក្តី​ថ្លែងការណ៍​រួម​នៃ​វេទិកា​ពលរដ្ឋ​អាស៊ាន ស្ដីពី​លទ្ធិប្រជាធិបតេយ្យ និង​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ក្នុង​តំបន់ គូស​បញ្ជាក់​ថា ការ​បោះ​ឆ្នោត គឺ​ជា​ជំហាន​ដំបូង​នៃ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ។ ប្រការ​នេះ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ដែល​នាំ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​សង្គម នយោបាយ និង​សេដ្ឋកិច្ច។
ប្រធាន​គណៈកម្មការ​គ្រប់គ្រង​វេទិកា​ពលរដ្ឋ​អាស៊ាន លោក​មេធាវី សុក សំអឿន ថ្លែង​ថា គណៈកម្មការ​វេទិកា​ពលរដ្ឋ​អាស៊ាន នៃ​ប្រទេស​ជា​សមាជិក​ទាំង​១០ បាន​ដាក់​សេចក្តី​ថ្លែងការណ៍​រួម​របស់​ខ្លួន​ជូន​រដ្ឋាភិបាល​នៃ​ប្រទេស​រៀងៗ ​ខ្លួន​រួច​ហើយ។ ដោយ​ឡែក​ប្រទេស​កម្ពុជា បាន​ដាក់​សេចក្តី​ថ្លែងការណ៍​នេះ​ជូន​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។ រីឯ​យន្តការ​ពិនិត្យ​ថា តើ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​កម្ពុជា នឹង​លើក​យក​សេចក្តី​ថ្លែងការណ៍​នេះ​ទៅ​ពិភាក្សា ហើយ​នឹង​សម្រេច​យ៉ាង​ណា​នោះ គឺ​ជា​ភារៈ​របស់​ក្រុម​គណៈកម្មាធិការ​វេទិកា​អាស៊ាន​ប្រចាំ​តំបន់ ដែល​មាន​ប្រទេស​ថៃ ហ្វីលីពីន និង​ប្រទេស​ឥណ្ឌូនេស៊ី ដើរ​តួ​ជា​សំខាន់ និង​សកម្ម។
មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ចំពោះ​សេចក្តី​ថ្លែងការណ៍​នេះ​ពី​សំណាក់​ មន្ត្រី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។ គោលការណ៍​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ធម្មនុញ្ញ​អាស៊ាន និង​គម្រោង​ផែនការ​របស់​អាស៊ាន ដើម្បី​ឱ្យ​បាន​ក្លាយ​ជា​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥ ដែល​ក្នុង​នោះ សមាជិក​មួយ​ចំនួន​ជា​ប្រទេស​ប្រកាន់​របប​កុម្មុយនីស្ត របប​ផ្តាច់​ការ និង​របប​យោធា​និយម​នៅ​ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

We love you President Obama! We hate Hun Sen! because Hun Sen and his relatives can kill anyone in Cambodia and the court favour Hun Sen families relatives and friends!

President Obama help innocent khmer people please!