អ្នកស្រី ទេព វន្នី ក៏បានលើកឡើងបញ្ជាក់ជាថ្មីទៀតអំពីគោលបំណងនៃការតវ៉ារបស់អ្នកភូមិ បឹងកក់ គឺទី១-អ្នកភូមិទាមទារឲ្យមានការបោះព្រំដី ទំហំ ១២,៤៤ ហិកតា ដែលរាជរដ្ឋាភិបាលសម្រេចកាត់ចេញពីគម្រោងអភិវឌ្ឍន៍បឹងកក់ ១៣៣ ហិកតា ឲ្យបានច្បាស់លាស់។ ទី២-សុំឲ្យមានការផ្តល់ប្លង់កម្មសិទ្ធិ ជូនដល់ប្រជាពលរដ្ឋ ៦៤ គ្រួសារ ដែលមិនទាន់បានប្លង់ ហើយត្រូវបានគេកាត់ចេញពីដី ១២,៤៤ ហិកតា ដោយអយុត្តិធម៌។ ទី៣-សុំឲ្យដកឈ្មោះ លោក ឡាវ ម៉េងឃិន ( សមាជិកព្រឹទ្ធសភា និងជាម្ចាស់គម្រោងអភិវឌ្ឍន៍បឹងកក់ ) ចេញពីដី ១២,៤៤ ហិកតា ដែលគាត់មិនមែនជាប្រជាពលរដ្ឋអ្នករស់នៅបឹងកក់ តែគាត់ជាប្រធានក្រុមហ៊ុន ស៊ូកាគូអ៊ិន ដូច្នេះគាត់មិនមានសិទ្ធិទទួលយកដីនោះពីប្រជាពលរដ្ឋបានទេ។
(ថ្ងៃទី 9 វិច្ឆិកា 2012, ម៉ោង 10:30:AM) | ដោយ: លី សិលhttp://www.cen.com.kh
ភ្នំពេញ:
ស្ត្រីក្រុមអ្នកភូមិបឹងកក់ និងបុរីកីឡា
បានប្រមូលផ្តុំគ្នា បោះតង់ដេកតវ៉ាទាំងយប់ និងទាំងថ្ងៃ
នៅមុខស្ថានទូតសហរដ្ឋអាមេរិក ជិតវត្តភ្នំ ក្នុងរាជធានីភ្នំពេញ
ដើម្បីស្វែងរកអន្តរាគមន៍ពីប្រមុខដឹកនាំប្រទេសមហាអំណាច សហរដ្ឋអាមេរិក
លោក អូបាម៉ា ជុំវិញបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ នៅតំបន់បឹងកក់
និងតំបន់បុរីកីឡា។
ក្រុមអ្នកតវ៉ា ដែលជាស្ត្រី និងកុមារ បានបោះតង់នៅលើសួនច្បារមុខស្ថានទូតអាមេរិក ចាប់តាំងពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ ខណៈដែលសហរដ្ឋអាមេរិក ប្រកាសលទ្ធផលបោះឆ្នោត ដែលបង្ហាញថា លោក បារ៉ាក់ អូបាម៉ា បានជាប់ឆ្នោតបន្តធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក មួយអាណត្តិទៀត រយៈពេល ៤ ឆ្នាំ។
អ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ បានប្រាប់វិទ្យុបារាំង អន្តរជាតិ ក្នុងបទសម្ភាសន៍ ចាក់ផ្សាយកាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២ ថា "និយាយរួមទៅ ពួកខ្ញុំអស់ជម្រើសមែនទែនហើយ ហើយពួកខ្ញុំមានការនឿយហត់មែនទែន ក្នុងការតស៊ូមតិទាមទារដំណោះស្រាយនៅតំបន់បឹងកក់ដ៏រ៉ាំរ៉ៃនេះ។ វាធ្វើឲ្យពួកខ្ញុំ បាត់បង់នូវអ្វីៗសឹងតែទាំងអស់។ សូម្បីតែកម្លាំងក៏ពួកខ្ញុំគ្មានដែរ។ រាល់ថ្ងៃនេះ ពួកខ្ញុំទៅតវ៉ា តស៊ូមតិដោយអហិង្សានេះ គឺដោយសារតែមានកម្លាំងចិត្តតែប៉ុណ្ណោះឯង។ ដូច្នេះហើយ ពួកខ្ញុំក៏សម្រេចចិត្តថា ពួកខ្ញុំត្រូវរើសទីតាំងណាមួយក្នុងការតស៊ូមតិឲ្យបានច្បាស់លាស់ ដើម្បីបង្ហាញពីផលលំបាក និងការទាមទារឲ្យមានការជួយសង្គ្រោះជីវិតដល់ពួកខ្ញុំទាំងអស់គ្នានៅ តំបន់បឹងកក់ និងទាមទារឲ្យមានដំណោះស្រាយដល់ពួកខ្ញុំឲ្យបានឆាប់ៗនៅពេលថ្ងៃ ខាងមុខនេះ។ ដូច្នេះហើយ ពួកខ្ញុំក៏សម្រេចចិត្តបោះតង់ ក្រាលកន្ទេល យកខ្នើយ យកមុង យកភួយ និងមានចាន មានឆ្នាំង យកទៅដាំបាយ ហើយសម្រាកនៅមុខស្ថានទូតអាមេរិកទាំងអស់គ្នា រហូតដល់លោក បារ៉ាក់ អូបាម៉ា ចុះមកប្រទេសកម្ពុជា នៅពេលគាត់ប្រជុំអាស៊ាន ជួបជាមួយថ្នាក់ដឹកនាំកំពូល ជាពិសេសគាត់ជួបជាមួយប្រមុខរដ្ឋាភិបាល ហ៊ុន សែន ហើយខ្ញុំនឹងយកបញ្ហាទាំងអស់នោះផ្ញើលិខិតទៅគាត់ ហើយអង្គុយជាសារ នៅមុខស្ថានទូតអាមេរិក ដេកទាំងយប់ ទាំងថ្ងៃ បង្ហាញថាពួកខ្ញុំកំពុងត្រូវការអ្នកជួយសង្គ្រោះជាបន្ទាន់"។
អ្នកស្រី ទេព វន្នី ក៏បានលើកឡើងបញ្ជាក់ជាថ្មីទៀតអំពីគោលបំណងនៃការតវ៉ារបស់អ្នកភូមិ បឹងកក់ គឺទី១-អ្នកភូមិទាមទារឲ្យមានការបោះព្រំដី ទំហំ ១២,៤៤ ហិកតា ដែលរាជរដ្ឋាភិបាលសម្រេចកាត់ចេញពីគម្រោងអភិវឌ្ឍន៍បឹងកក់ ១៣៣ ហិកតា ឲ្យបានច្បាស់លាស់។ ទី២-សុំឲ្យមានការផ្តល់ប្លង់កម្មសិទ្ធិ ជូនដល់ប្រជាពលរដ្ឋ ៦៤ គ្រួសារ ដែលមិនទាន់បានប្លង់ ហើយត្រូវបានគេកាត់ចេញពីដី ១២,៤៤ ហិកតា ដោយអយុត្តិធម៌។ ទី៣-សុំឲ្យដកឈ្មោះ លោក ឡាវ ម៉េងឃិន ( សមាជិកព្រឹទ្ធសភា និងជាម្ចាស់គម្រោងអភិវឌ្ឍន៍បឹងកក់ ) ចេញពីដី ១២,៤៤ ហិកតា ដែលគាត់មិនមែនជាប្រជាពលរដ្ឋអ្នករស់នៅបឹងកក់ តែគាត់ជាប្រធានក្រុមហ៊ុន ស៊ូកាគូអ៊ិន ដូច្នេះគាត់មិនមានសិទ្ធិទទួលយកដីនោះពីប្រជាពលរដ្ឋបានទេ។
អ្នកស្រី ទេព វន្នី ក៏បានគូសបញ្ជាក់ថា "អ្វីដែលពួកខ្ញុំចង់បាន ឲ្យមានការដោះស្រាយជាបន្ទាន់ នៅពេលឆាប់ៗនេះ គឺសុំឲ្យគាត់ ( លោក អូបាម៉ា ) ជួយអន្តរាគមន៍ទៅតុលាការ សុំឲ្យផ្តល់នូវភាពយុត្តិធម៌ទៅដល់អ្នកស្រី យ៉ោម បុប្ផា ( ស្ត្រីអ្នកភូមិបឹងកក់ ) ដែលគាត់គ្មានកំហុសទាល់តែសោះ បែរជាចាប់គាត់យកទៅដាក់មន្ទីរឃុំឃាំង ដោយគ្មានកំហុស។ ដូច្នេះនេះវាជាអយុត្តិធម៌ណាស់សម្រាប់សកម្មជនដីធ្លីនៅតំបន់បឹងកក់ "។
រីតំណាងអ្នកភូមិបុរីកីឡាវិញ ក៏បានទាមទារឲ្យមានការដោះស្រាយបញ្ហាដីធ្លី ដែលក្រុមហ៊ុន ផានអ៊ីម៉ិច បានបណ្តេញអ្នកភូមិជាង ៣០០ គ្រួសារ ចេញពីលំនៅដ្ឋាន ដោយគ្មានផ្តល់សំណងត្រឹមត្រូវ។ អ្នកភូមិ បានទាមទារឲ្យក្រុមហ៊ុនសាងសង់អគារផ្ទះល្វែង មួយបន្ថែមទៀត ឲ្យគ្រប់ ១០ អគារ តាមកិច្ចសន្យា ហើយដោះលែងអ្នកស្រី ទឹម សាក់មុនី ចេញពីពន្ធនាគារព្រៃស។
សូមរម្លឹកថា អ្នកស្រី ទេព វន្នី សកម្មជនតវ៉ាដីធ្លីនៅក្នុងតំបន់បឹងកក់ ក៏ត្រូវបានគេអញ្ជើញឲ្យទៅទទួលបានពានរង្វាន់មួយ ដែលបង្កើតឡើងដោយលោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។ អ្នកស្រី ទេព វន្នី នឹងទៅទទួលវង្វាន់នោះ នៅអំឡុងដើមខែមេសា ឆ្នាំ២០១៣ នៅសហរដ្ឋអាមេរិក៕ S
1 comment:
ខ្ញុំបានឃើញការតស៊ូ និងការតវ៉ារបស់អ្នកភូមិបឹង
កក់ធ្លាប់តស៊ូបាយដោយជោគជ័យ,តែពុំបាកទាំង
ស្រុងណោះទេ,ធ្វើឲ្យផ្អើលពិភពលោក ពិសេសគឺ
ថ្នាក់ដឹកនាំប្រទេសសហរដ្ឋអាមេរិកតែម្តង។
ឥឡូវនេះប្រហែលជារាជរដ្ឋាភិបាលខ្មែរចង់មានការល្បីដែរ,ដើម្បីឲ្យមេដឹកនាំអាមេរិកឃើញដូចគ្នាគឺ៖
រដ្ឋាភិបាលត្រូវតែយករថគ្រោះនិងរថយន្តចំបាំង
ទើបទិញបានពីបរទេសថ្មីៗរាប់រយគ្រឿងនោះមក
ដាក់ការពារនៅមុខស្ថានទូតអាមេរិកដែរហើយទើប
មានប្រសិទ្ធិភាពការពារសណ្តាប់ធ្នាប់ប្រទេសបាន។
Post a Comment