ថ្ងៃទី 12 វិច្ឆិកា 2012 | ដោយ: លី សិលា
Cambodia Express News
ភ្នំពេញ: មន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានធ្វើការព្រមានដោយផ្ទាល់មាត់នៅថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ ថា អាជ្ញាធរនឹងចាត់វិធានការ ចាប់ខ្លួនក្រុមអ្នកតវ៉ាដីធ្លី ដូចជាក្រុមអ្នកភូមិបឹងកក់ ឬអ្នកបុរីកីឡា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ CEN នៅព្រឹកថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ ថា "យើងឃើញមានប្រភេទអ្នកតវ៉ាមួយចំនួនដែលមកតាំងទីលំនៅអនាធិបតេយ្យនៅមុខស្ថានទូតសហរដ្ឋអាមេរិក ជិតវត្តភ្នំ គឺយើងចាត់ទុកជាប្រភេទជនអនាថាហើយ។ ដូច្នេះសាលារាជធានីភ្នំពេញ នឹងមានវិធានការជារបៀបសង្គមកិច្ចហើយ"។
សេចក្តីអត្ថាធិប្បាយរបស់មន្ត្រីសាលារាជធានីភ្នំពេញយ៉ាងដូច្នេះ បានធ្វើឡើង ខណៈដែលក្រុមប្រជាពលរដ្ឋមានជម្លោះដីធ្លី ដែលរួមមាន អ្នកបឹងកក់ បុរីកីឡា និងអ្នករស់នៅជិតព្រលានយន្តហោះ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ បានបន្តប្រមូលផ្ដុំនៅមុខស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅជិតវត្តភ្នំ ដើម្បីដាក់ញត្តិស្វែងរកអន្តរាគមន៍ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ឲ្យជួយដោះស្រាយបញ្ហាដីធ្លី និងអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងស្ត្រីអ្នកភូមិបឹងកក់ម្នាក់ និងស្ត្រីបុរីកីឡាម្នាក់។
លោកប្រធានាធិបតី អូបាម៉ា ត្រូវគេរំពឹងថា នឹងធ្វើដំណើរមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ជាមួយនឹងប្រមុខដឹកនាំអាស៊ាន និងបណ្តាប្រទេសមហាអំណាចជាច្រើនទៀតនៅរាជធានីភ្នំពេញ នាថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២។
ក្រុមប្រជាពលរដ្ឋ ដែលមានជម្លោះដីធ្លី ពិសេសអ្នកភូមិបឹងកក់ និងអ្នកបុរីកីឡា ក៏បានព្យាយាមជួបជុំយូរថ្ងៃមកហើយ ដើម្បីស្វែងរកអន្តរាគមន៍ពីលោក អូបាម៉ា។
នៅពេលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅពេលខាងមុខ ក៏មានសកម្មជនអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋមានជម្លោះដីធ្លី គ្រោងនឹងជួបជុំ ហែញត្តិដាក់ទៅកាន់ប្រមុខដឹកនាំអាស៊ាន និងប្រទេសមហាអំណាច ដូចជា លោក អូបាម៉ា ជាដើម៕
Monday, November 12, 2012
មន្ត្រីសាលាក្រុង ព្រមានថា នឹងចាប់ខ្លួនអ្នកតវ៉ាដីធ្លី ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន
Subscribe to:
Post Comments (Atom)
2 comments:
That is the vietnamese police unitform, what they are doing in Kampuchea now? Why the Khmers are blid and don't see this? Or you all waiting until Kampuchea like Kampuchea Krom?
អ្នកដឹកនាំនិងបរិវារសុទ្ធតែអាកំសាក ពួកងប់ងល់
នឹងបុណ្យសក្ដិលុយកាក់និងអំណាចពួកនេះសាហាវ
ជាងពួកសក្ដិភូមិ ជាពួកកុម្មុយនិស្ដឬទេវតាប្រែកាឡា
ធ្វើទៅ បង្រ្កាបទៅ ពួកឯងនឹងបានរស់នៅជាអមតៈ
លើគំនរទឹកភ្នែករាស្រ្តខ្មែរពេលស្លាប់ទៅនឹងទៅហែល
ក្នុងសមុទ្រទឹកភ្នែកខ្មែរដែលហូររាល់ថ្ងៃនេះមិនខាន ។
Post a Comment