ការប្រឈមមុខដាក់គ្នារវាងប៉ូលិស និងក្រុមយុវជនគណបក្សសមរង្ស៊ី ថ្ងៃព្រហស្បតិ៍ ៨ វិច្ឆិកា ២០១២ (RFI/Tharo) |
ថ្ងៃ ព្រហស្បតិ៍ 08 វិច្ឆិកា 2012
ដោយ គីន ហត្ថារ៉ូ
Radio France Internationale
ពុំមានកែប្រែនោះទេ ក្រុមចលនាយុវជនគណបក្សសម រង្ស៊ីជាង១០០នាក់ បានមកជួបជុំគ្នានៅឯទីលានប្រជាធិបតេយ្យដើម្បីសម្តែងមតិ ប៉ុន្តែ អាជ្ញាធរបានបិទផ្លូវ រារាំងការប៉ុនប៉ងដើរ ហែក្បួនចេញពីទីលានប្រជាធិបតេយ្យទៅកាន់ ព្រះបរមរាជវាំង ដើម្បីដាក់ញ្ញត្តិជូនព្រះមហាក្សត្រ និងគោរពព្រះបរមសពព្រះបាទព្រះមហាវីរក្សត្រនរោត្តម សីហនុ។
ដូចអ្វីដែលបានគ្រោងទុក ក្រុមចលនាយុវជនគណបក្សសម រង្ស៊ីជាង១០០នាក់ បានមកជួបជុំគ្នានៅឯទីលានប្រជាធិបតេយ្យ ប៉ុន្តែ អាជ្ញាធរបានធ្វើការរារាំង និងបិទផ្លូវ ដើម្បីបញ្ឈប់សកម្មភាពប៉ុនប៉ងដើរហែក្បួនចេញពីទីលានប្រជាធិបតេយ្យទៅកាន់ ព្រះបរមរាជវាំង ដើម្បីដាក់ញត្តិជូនព្រះមហាក្សត្រនិងគោរពព្រះបរមសពព្រះបាទព្រះមហាវីរក្សត្រនរោត្តម សីហនុ។
មនុស្សប្រមាណជាង១០០នាក់បានចងក្រណាត់សរុំក្បាល ដែលមានសរសេរថា “ស្រលាញ់ព្រះមហាវីរក្សត្រសម្តេចព្រះនរោត្តម សីហនុ”។ មនុស្សមួយចំនួនដែលបានមកចូលរួមជាមួយ ចលនាវយុជនគណបក្សសម រង្ស៊ី គឺមកពីតាមបណ្តាខេត្តនានា ដែលមានទាំង សមាជិក សមាគមអ្នកប្រជាធិបតេយ្យរបស់លោកម៉ម សូណង់ដូ តំណាងពលរដ្ឋសហគមន៍បឹងកក់ផងដែរ។ ដោយសារតែការហែញត្តិនោះគឺក្នុងគោលបំណងតែមួយ។
អាជ្ញាធរចម្រុះមានប៉ូលិស កងរាជអាវុធហត្ថ ប៉ូលិសបង្រ្កាបបាតុកម្ម ជាង២០០នាក់ បានរុញច្រាន និងស្រែកមេក្រូដាក់គ្នារវាងសមត្ថកិច្ច និងក្រុមយុវជនគណបក្សសម រង្ស៊ី។ អាជ្ញាធរក៏បានយករថយន្តចំនួន២គ្រឿង ដើម្បីបិទផ្លូវផងដែរ។ តែនៅក្នុងការរុញច្រានគ្នានោះមិនបានផ្ទុះអំពើហិង្សាទេ។
លោក សួង សុភ័ណ្ឌ ប្រធានគណៈកម្មាធិការប្រតិបត្តិ ចលនាយុវជន គណបក្ស សម រង្ស៊ី បានថ្លែងឲ្យដឹងនៅក្នុងហ្វូងបាតុករថា ទង្វើអាជ្ញាធរដែលជាមន្ត្រីរបស់រដ្ឋាភិបាលធើ្វនោះ គឺមានន័យថា លោកហ៊ុន សែន កំពុងតែមើលងាយព្រះសពព្រះមហាវីរក្សត្រព្រះបាទនរោត្តម សីហនុ។ លោកថា អ្វីដែលក្រុមយុវជនលោកធ្វើ គឺដង្ហែតាមព្រះតម្រិះរបស់អតីតព្រះមហាវីរក្សត្រ។
ការដើរដង្ហែញត្តិរបស់ចលនាយុវជនគណបក្ស សម រង្ស៊ី គឺក្នុងគោលបំណងដាក់ញត្តិ សុំព្រះមហាក្សត្រព្រះរាជទានលើកលែងទោស ដល់សកម្មជននយោបាយ សកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជនដីធ្លី។ គោលបំណងមួយទៀត គឺចូលរួមគោរពស្នាព្រះហស្ត នៃការទាមទារឯករាជ្យជាតិថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ របស់អតីតព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ នៅវិមានឯករាជ្យ។
ជាការឆ្លើយតប មន្ត្រីសាលារាជធានីភ្នំពេញ បានអានចេញពីក្នុងរថយន្ត ដែលមានចងមេក្រូនៅលើដំបូលរថយន្ត ប្រកាសជូនដំណឹងឲ្យក្រុមយុវជនគណបក្សសមរង្ស៊ីបញ្ឈប់បាតុកម្មដោយខុសច្បាប់ជាបន្ទាន់។ អាជ្ញាធរបានហៅសកម្មភាពរបស់ក្រុមយុវជនគណបក្សសមរង្ស៊ី នៅព្រឹកនេះ ថាជាការកេងចំណេញនយោបាយរបស់គណបក្សប្រឆាំង ធ្វើប្រជាភិថុត បម្រើគណបក្សប្រឆាំង និងមើលងាយលើព្រះបរមសពរបស់អតីតសម្តេចព្រះមហាវីរក្សត្រ។
សូមរម្លឹកថា ចលនាយុវជនគណបក្ស សម រង្ស៊ី បានដាក់លិខិតជាផ្លូវការ ទៅកាន់លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ ដើម្បីស្នើសុំជួបជុំ និងដង្ហែញត្តិ ដោយសន្តិវិធី នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២ ។ ជាការឆ្លើយតបនោះសាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យក្រុមយុវជនគណបក្សសម រង្ស៊ី ជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យដើម្បីសម្តែងមតិ តែពុំបានអនុញ្ញាតឲ្យដើរដង្ហែញត្តិទៅកាន់ព្រះបរមរាជវាំងទេ ដោយត្រូវរង់ចាំការអនុញ្ញាតិពីក្រសួងមហាផ្ទៃ៕
1 comment:
Suong Sophorn and Khmer Youths,
Your courage is exceptional. You made Khmer people to love our country more, and you gave Khmer people hope that Cambodia will not disappear because Khmer heroes such as all of you will rise to the occasion.
Post a Comment