សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាដើម្បីទាក់ទាញលំហូរវិនិយោគនិង ធានាកំណើនសេដ្ឋកិច្ចស្ថិតនៅពីក្រោយប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ព្រុយណេ ហ្វីលីពីន និងវៀតណាម។ |
លក្ខណៈប្រកួតប្រជែងរបស់កម្ពុជាទាបជាងគេក្នុងតំបន់ទោះបីមានភាពប្រសើរជាងមុន
07.11.2012
by ឃួន ធារ៉ា VOA Khmer
«អំពើពុករលួយ នេះមិនត្រឹមតែធ្វើឱ្យបាត់បង់ថវិកាជាតិទេ វាជាឧបសគ្គនៃការអភិវឌ្ឍសេដ្ឋកិច្ច។ វាជាឧបសគ្គរដ្ឋបាល។ វាធ្វើឱ្យមានភាពរញ៉េរញៃ។ វាធ្វើឱ្យមានការពន្យារពេល។ វាធ្វើឱ្យអ្នកវិនិយោគមួយចំនួនគេធុញទ្រាន់ដែលធ្វើឱ្យអ្នក វិនិយោគល្អៗមួយចំនួនអល់អែកក្នុងការមកបណ្តាក់ទុននៅកម្ពុជា»ភ្នំពេញ៖ កម្ពុជាមានលក្ខណៈសម្បត្តិប្រកួតប្រជែងទាបជាងគេបង្អស់ក្នុងចំណោមបណ្តាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
របាយការណ៍ស្តីអំពីសន្ទស្សន៍នៃភាពប្រកួតប្រជែងពិភពលោកសម្រាប់ឆ្នាំ២០១២-២០១៣របស់វេទិកាសេដ្ឋកិច្ចពិភពលោកដែលចេញផ្សាយកាលពីឆ្នាំ២០១២ បង្ហាញថា សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាដើម្បីទាក់ទាញលំហូរវិនិយោគនិងធានាកំណើនសេដ្ឋកិច្ចស្ថិតនៅពីក្រោយប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ព្រុយណេ ហ្វីលីពីន និងវៀតណាម។ ប៉ុន្តែប្រទេសឡាវ និងភូមាមិនស្ថិតក្នុងការសិក្សារបស់វេទិកាសេដ្ឋកិច្ចពិភពលោកទេ។
របាយការណ៍ដដែលបង្ហាញថា បញ្ហាពុករលួយនៅតែជាឧបសគ្គចំបងជាងគេសម្រាប់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា។ អំពើពុករលួយត្រូវបានរកឃើញថា មានការកើនឡើងពី១៦,៨ភាគរយ នៅឆ្នាំ២០១១ដល់២១,៥ភាគរយនៅឆ្នាំ២០១២ក្នុងចំណោមអ្នកដែលត្រូវបានសួរ។ ក្រៅពីបញ្ហាពុករលួយ របាយការណ៍ដដែលបានរកឃើញបញ្ហាបន្ទាប់បន្សំមួយចំនួនទៀត ដូចជាកង្វះខាតពលករជំនាញ ប្រសិទ្ធិភាពនៃប្រព័ន្ធការិយាធិបតេយ្យរបស់រដ្ឋាភិបាល និងភាពងាយទទួលបានឥណទានជាដើម។
លោក យឹម សុវណ្ណ តំណាងរាស្ត្រពីគណបក្សសម រង្ស៊ីនិងជាអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិយល់ស្របនឹងរបាយការណ៍ខាងលើនេះ។
«អំពើពុករលួយនេះមិនត្រឹមតែធ្វើឱ្យបាត់បង់ថវិកាជាតិទេ វាជាឧបសគ្គនៃការអភិវឌ្ឍសេដ្ឋកិច្ច។ វាជាឧបសគ្គរដ្ឋបាល។ វាធ្វើឱ្យមានភាពរញ៉េរញៃ។ វាធ្វើឱ្យមានការពន្យារពេល។ វាធ្វើឱ្យអ្នកវិនិយោគមួយចំនួនគេធុញទ្រាន់ដែលធ្វើឱ្យអ្នកវិនិយោគល្អៗមួយចំនួនអល់អែកក្នុងការមកបណ្តាក់ទុននៅកម្ពុជា»។
ដោយឡែកលោកផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីបានច្រានចោលការលើកឡើងដែលថាបញ្ហាពុករលួយនៅកម្ពុជាមានសភាពធ្ងន់ធ្ងរ។
«ចំពោះអំពើពុករលួយ បើយើងប្រៀបធៀបយើងនឹងប្រទេសដទៃទៀត ការពិតទៅក៏យើងនៅតែល្អ។ មិនមែនយើងមិនទទួលស្គាល់អំពើពុករលួយទេ ក៏ប៉ុន្តែបើយើងមើលសន្ទុះនៃការបណ្តាក់ទុក យើងឃើញមានការបណ្តាក់ទុកច្រើន ហើយបើយើងមើលចំនួននៃការចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា យើងនៅមានទទួលអត្រាខ្ពស់ដែរ។»
ទោះជាយ៉ាងនេះក្តីរបាយការណ៍នៃវេទិកាសេដ្ឋកិច្ចពិភពលោកបង្ហាញថា លក្ខណៈប្រកួតប្រជែងរបស់កម្ពុជាមានភាពល្អប្រសើរក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដោយបានឡើងពីចំណាត់ថ្នាក់ទី១០៩នៅឆ្នាំ២០១០មកទី៩៧នៅឆ្នាំ២០១១ និងទី៨៥នៅឆ្នាំ២០១២នេះ។ ចំណាត់ថ្នាក់នេះសិ្ថតក្នុងចំណោមប្រទេសចំនួន១៤៤ក្នុងពិភពលោកដែលត្រូវបានធ្វើការអង្កេត។
លទ្ធផលជាវិជ្ជមាននេះ ផ្អែកលើសន្ទស្សន៍គោលចំនួនបីគឺទី១តម្រូវការមូលដ្ឋានដែលរួមមានហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័នរដ្ឋ សុខភាព ការអប់រំថ្នាក់មូលដ្ឋាន និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច។ និងកត្តាទី២គឺដោយមានជំរុញប្រសិទ្ធិភាព និងទី៣ការច្នៃប្រឌិត៕
1 comment:
This is the legacy of AH HUN SEN Vietcong slave regime!
Post a Comment