ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អ៊ែម៉ាន់ វ៉ាន់ រ៉ុមពុយទទួលដោយនាយករដ្ឋមន្រ្តីហ៊ុន សែន នៅវិមានសន្តិភាពកាលពីថ្ងៃសុក្រទី ២ វិច្ឆិកា ២០១២ (REUTERS) |
ថ្ងៃ សៅរ៍ 03 វិច្ឆិកា 2012
ដោយ ប៉ែន បូណា
Radio France Internationale
ខណៈដែលប្រធានក្រុមប្រឹក្សាអឺរ៉ុបលោកអ៊ែម៉ាន់វ៉ាន់រ៉ុមពុយ (Herman Van Rompuy) កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ក្រសួងការបរទេសបានផ្សព្វផ្សាយប្រតិកម្មរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងBruxelles តបទៅនឹងសេចក្តីសម្រេចរបស់សភាអឺរ៉ុបទាក់ទងនឹងស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា។សម្រាប់ទីក្រុងភ្នំពេញ សភាអឺរ៉ុបគួរសិក្សា និងស្វែងយល់អំពីស្ថានភាពក្នុងប្រទេសកម្ពុជាឲ្យបានច្បាស់មុនពេលធ្វើសេចក្តីសម្រេចអ្វីមួយទៅថ្ងៃអនាគត។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អ៊ែម៉ាន់ វ៉ាន់ រ៉ុមពុយ (Herman Van Rompuy) ដែលបានមកដល់កម្ពុជា កាលពីថ្ងៃសុក្រម្សិលមិញបានសន្យាគាំទ្រកំណែទម្រង់នានារបស់រដ្ឋាភិបាលកម្ពុជា និងសន្យាពង្រីកសហប្រតិបត្តិការជាមួយអាស៊ាន។ ការសន្យាបែបនេះបានធ្វើឡើងខណៈដែលលោកបានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសុក្រ នៅឯវិមានសន្តិសភាព។ នេះបើតាម លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់នាយករដ្ឋមន្ត្រី ដែលបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបនោះ។
ដំណើរទស្សនកិច្ចរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានធ្វើឡើងខណៈដែល សភាអឺរ៉ុបទើបតែបានចេញសេចក្តីសម្រេចមួយ កាលពីថ្ងៃទី២៦ តុលា ដោយបានរិះគន់ចំពោះការកាត់ទោសអ្នកប្រឆាំងរដ្ឋាភិបាល ក្នុងនោះមានលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ជាដើម។ សភាសហភាពអឺរ៉ុប ក៏បានទាមទារឲ្យមានការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ នៅកម្ពុជាពោលគឺចង់ឲ្យមានការចូលរួមរបស់លោកសម រង្ស៊ី ផងដែរ។
ឆ្លើយតបទៅនឹងសេចក្តីសម្រេចនេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងប្រ៊ុចសែលបានបញ្ចេញប្រតិកម្ម។ ប្រតិកម្មដែលក្រសួងការបរទេសកម្ពុជាបានផ្សព្វផ្សាយនៅចុងសប្តាហ៍នេះ បានបដិសេធទាំងស្រុងទៅនឹងការចោទប្រកាន់ និងមតិយោបល់ទាំងឡាយរបស់សភាអឺរ៉ុប។ សម្រាប់ទីក្រុងភ្នំពេញ ការកាត់ទោសលោក សម រង្សី និងលោក ម៉ម សូណង់ដូ គឺមិនមែនទាក់ទងទៅនឹងរឿងនយោបាយទេ។ ប៉ុន្តែ លោក សម រង្ស៊ី បានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបានដកបង្គោលព្រំដែន ខណៈដែលលោក ម៉ម សូណង់ដូ គឺជាមេក្លោងនៃចលនាអបគមន៍។
ទាក់ទងនឹងការបោះឆ្នោត កម្ពុជាបានអះអាងថា រាល់សមាជិកទាំងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សុទ្ធតែមានភាពឯករាជ្យ អព្យាក្រិត្យ មិនប្រកាន់បក្ស និងមិនលំអៀង។ រដ្ឋាភិបាលកម្ពុជាក៏បានចាត់ទុកសំណូមពរឲ្យផ្សះផ្សារជាមួយលោកសម រង្ស៊ី ថាជាការជ្រៀតជ្រែកទៅក្នុងការសំរេចរបស់តុលាការ។ តំណាងរដ្ឋាភិបាលកម្ពុជាប្រចាំក្រុង ប្រ៊ុចសែលក៏បានសុំឲ្យសភាអឺរ៉ុបសិក្សា និងស្វែងយល់អំពីស្ថានភាពក្នុងប្រទេសកម្ពុជាឲ្យបានច្បាស់ មុនពេលធ្វើសេចក្តីសម្រេចអ្វីមួយទៅថ្ងៃអនាគត។
គួរកត់សម្គាល់ថា ការផ្សព្វផ្សាយប្រតិកម្មរបស់ឯកអគ្គរាជទូតកម្ពុជាទៅកាន់សភាសហភាពអឺរ៉ុប បានធ្វើឡើងចំពេលដែលទស្សនកិច្ចរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុបនៅកម្ពុជា។ យ៉ាងណាក៏ដោយ នៅក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Herman Van Rompuy កាលពីម្សិលមិញដោយបឹទទ្វា ភាគីទាំងពីរមិនបានលើកយកបញ្ហានេះមកពិភាក្សាទេ នេះបើយោងតាមជំនួយការរបស់លោកនាយករដ្ឋមន្ត្រី៕
1 comment:
មន្រ្ដីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹង ថា ទណ្ឌិត សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ ត្រូវបានលុបឈ្មោះចេញ ពីបញ្ជី ឈ្មោះបោះឆ្នោតជាផ្លូវការហើយ កាលពីពេលថ្មីៗនេះ។
Post a Comment