Sunday, November 04, 2012

ជីវិត​យុវតី​លក់​ផ្កា​ត្រដរ​រស់​ដើម្បី​ជីវភាព​គ្រួសារ - Struggle of a 16-year-old flower seller

Wednesday, 31 October 2012
Mer Chanpolydet and Cheng Bunlong
The Phnom Penh Post

នៅ​ពេល​ដែល​ទទួល​ដំណឹង​ពី​ការ​សោយ​ទិវង្គត​របស់​សម្តេច​តា​ភ្លាម ប្រជាជន​កម្ពុជា​ម្នាក់​ៗ​រួសរាន់​រៀប​ចំ​សម្លៀក​ពាក់​កាន់​ព្រះ​រាជ​មរណ​ទុក្ខ​ទៀន​ធូប​គ្រឿង​សក្ការបូជា​និង​ផ្កា​ភ្ញី​ដើម្បី​បូជា​ថ្វាយ​ព្រះ​បរមសព​របស់​ព្រះ​មហា​វីរក្សត្រ។ យ៉ាង​ណាមិញ ផ្កា​ភ្ញី ដែល​ប្រជាពលរដ្ឋ​ទិញ​ទាំង​នេះក៏​បាន​រួម​ចំណែក​ជួយ​សម្រាល​ជីវភាព​របស់​អ្នក​លក់​ផ្កា​ផង​ដែរ។

ដៃម្ខាង​កាន់​ថាស​ផ្កា​ម្លិះ ដៃ​ម្ខាង​ត្រកង​ផ្កា​ឈូក នារី​សម្បុរ​ស្រអែម​សក់​វែង​ចង​ក្របួច​ជា​អ្នក​លក់ផ្កា​នៅ​មុខ​ព្រះ​បរម​រាជ​វាំង​ពិត​ជា​មមាញឹក​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​នារី​ម្នាក់​នេះ​និយាយ​ទៅ​កាន់​អ្នក​ដំណើរ​ក្នុង​ទឹក​មុខ​ញញឹម​ញញែម​លាយ​ឡំ​នឹង​តំណក់​ញើស​ហូរ​កាត់​ផែន​ថ្ពាល់​។

កញ្ញា វ៉ិត ធីតា អាយុ​១៦​ឆ្នាំ បាន​ប្រាប់​ថា​៖​«​ខ្ញុំ​រត់​ទៅ​មក​ទៅ​មក ដើម្បី​ហៅ​ឲ្យ​គេ​ទិញ​ផ្កា​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​ទៅ​ហើយ​។ យ៉ាង​ណា​មិញ ខ្ញុំ​នៅ​តែ​ឆ្លៀត​ពេល​វេលា​ខ្លះ​ទៅ​រៀននឹងគេ​ដែរ ដោយ​ខ្ញុំ​រៀន​នៅ​ពេល ព្រឹក​ខ្ញុំ​មក​លក់​ផ្កា​នៅ​ពេល​រសៀល​»។

គ្រាន់​តែ​ជួប​សម្ភាស​បាន​បន្ដិច​កញ្ញា ធីតា ក៏​ស្ទុះ​ទៅ​ពពាយ​នាយ​លក់​ផ្កា​បន្ដ​ទៀត រួច​ទើប​និយាយ​បន្ដ​ថា៖ «នៅ​ពេល​វិស្សមកាល​ខ្ញុំ​មក​លក់​ផ្កា​នៅ​ទី​នេះ​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង​ចាប់​តាំង​ពី​ម៉ោង​៦​ព្រឹក​រហូត​ដល់​ម៉ោង​៨​យប់»

នៅ​ពេល​ដែល​ចេញ​ពី​រៀន​ពេល​ព្រឹក ធីតា ត្រូវ​ទៅ​ផ្ទះ​រៀប​ចំ​កិច្ច​ការ​ផ្ទះ​ហើយ​ចាក់​ផ្កា​ម្លិះ ​រួច​ជិះ​ម៉ូតូ​មក​លក់​តាំង​ពី​ស្រុក​កោះ​ក្របី​ខេត្ដ​កណ្ដាល មក​ដល់​មុខ​ព្រះ​បរម​រាជ​វាំង​រហូត​ដល់​ម៉ោង​៨​យប់​ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

ចំពោះ​បញ្ហា​ការ​សិក្សា និង​សុវត្ថិភាព​ក្នុង​ពេល​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​នៅ​ពេល​យប់​កញ្ញា​ធីតា ក៏​បារម្ភ​ចំពោះ​ផ្លូវ​ចូល​ទៅ​ផ្ទះ​ដែល​មាន​សភាព​ងងឹត​ ប៉ុន្ដែ​អ្វី​ដែល ធីតា​បារម្ភ​ខ្លាំងជាង​នេះ​ទៀត​នោះ គឺ​ជីវភាព​គ្រួសារ​។


កញ្ញា​ធីតា បាន​រៀប​រាប់​ទាំង​ទឹក​មុខ​ស្រពាប់​ស្រពោន​ថា៖ «រាល់​ថ្ងៃ​ចេះ​តែ​ខំ​ទៅ ពី​ព្រោះ​ក្នុង​ផ្ទះ​ត្រូវ​ការ​ប្រាក់​របស់​ខ្ញុំ។ ពុក​របស់​ខ្ញុំ​ឈប់​ធ្វើ​ការ ​បង​ស្រី​មាន​ភារកិច្ច​រ៉ាប់​រង​របស់​គាត់​ប្អូន​៥​នាក់​នៅ​តូច​ណាស់ រីឯ​ម៉ែ​របស់​ខ្ញុំ​គាត់​កូន​ខ្ចី ហើយ​ត្រូវ​មើល​ថែ​ប្អូន​ខ្ញុំ​ម្នាក់​ដែល​មាន​ជំងឺ​ពង​បែក​ពេញ​ខ្លួន​នៅ​មន្ទីរ​ពេទ្យ​ឯ​នោះ»។

និយាយ​មិន​ទាន់​ចប់​ផង ធីតា​ក៏​រត់​ទៅ​លក់​ផ្កា​ជាមួយ​នឹង​អ្នក​លក់​ផ្កា​ដទៃ​ទៀត​ ប្រហែល​ជា​មួយ​សន្ទុះ​ធំ​ទើប​ត្រឡប់​មក​វិញទាំង​ទឹក​មុខ​ញញឹម​បន្តិច​ហើយ​អង្គុយ​ចុះ​ផ្ទាល់​ដី​ដក​ដង្ហើម​ធំៗ​ទើប​និយាយ​ថា ថ្វី​ដ្បិត​តែ​ប៉ុន្មាន​ថ្ងៃ​នៃ​ការ​សោយ​ទី​វង្គត​របស់​សម្តេចតា​ពិត​ជា​លក់​ដាច់​ខុស​ពីថ្ងៃ​ធម្មតា​ខ្លាំង​បន្តិច​មែន ប៉ុន្តែ​តម្លៃ​ផ្កា​ដែល​យក​មក​លក់​ក៏​ឡើង​ថ្លៃ​ណាស់​ដែរ។

កញ្ញាធីតា​បាន​ប្រាប់​អំពី​ការងារ​ប្រចាំ​ថ្ងៃ​ថា​៖ «ថ្ងៃ​ណា​ក៏​ដូច​ថ្ងៃ​ណា​ដែរ មិន​ថា​អាកាស​ធាតុ​ក្ដៅ ឬ​ត្រជាក់​នោះ​ទេ ខ្ញុំ​ត្រូវ​តែ​ចេញ​ទៅ​លក់​ទាំង​ក្តៅ​រត់​កាត់​ភ្លៀង​ហើយ​បើទោះ​បីជា​ឈឺ​រហូត​ដល់​និយាយ​មិន​រួច​ក៏​ត្រូវ​តែ​មក​លក់​ដែរ ពី​ព្រោះ​ខ្ញុំ​ខ្លាច​ម៉ែ​គាត់​ពិបាក​ចិត្តអត់​ប្រាក់សម្រាប់ជីវភាពគ្រួសារ»។

ផល​វិបាក​ធំ​មួយ​ទៀត​ដែល​ប្អូន​ស្រី​តែងតែ​ជួប​ប្រទះគឺ នៅ​ពេល​ដែល​សមត្ថកិច្ច​ប្រចាំ​ការ​នៅ​ទីនោះ​ដេញ​មិន​ឲ្យ​លក់​ដូរ​ពីព្រោះ​វា​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​តាម​សួន​សាធារណៈ​។

កំពុង​តែ​ស្លុង​អារម្មណ៍​ពី​ជីវិត​របស់​ធីតា​ដែល ​ជាអ្នក​លក់​ផ្កា​មិន​ទាន់​អស់​ចិត្ដ​ផង ស្រាប់​តែ​ធីតា​ស្ទុះ​វឹង​រត់​សំដៅ​ទៅ​កាន់អ្នក​ដំណើរ​ហើយ​ត្រឡប់​មក​វិញ​ដោយ​ទឹក​មុខ​អស់​សង្ឃឹម​ដែល​ដណ្តើម ម៉ូយ​មិន​ឈ្នះ​គេ រួច​និយាយ​ថា​៖ «ទៅ​ថ្ងៃ​ក្រោយ​ប្រសិន​បើ​មាន​ឱកាស ខ្ញុំ​អត់​ចង់​លក់​ផ្កា​ទេ ខ្ញុំ​ចង់​បើក​ជា​សម្អាង​ការ​មួយ​ផ្ទាល់​ខ្លួន​ឯង​វិញ»៕

2 comments:

Anonymous said...

Putto!...k'nhom anet neang Thyda nass!

Srey Mao

Anonymous said...

she is pretty. i hope she is doing well. best wish.