ដោយ ដែន អយុធ្យា
2012-12-20 RFA
សមាជិកថ្នាក់មូលដ្ឋានរបស់គណបក្សប្រជាជន និងគណបក្សប្រឆាំង
ឃុំតាលន់ ខ្វែងគំនិតគ្នាចំពោះសកម្មភាពដែលមេឃុំតាលន់
បានយកដីបរិវេណសាលាឃុំផ្តល់ជូនគណបក្សកាន់អំណាចសង់ទីស្នាក់ការ
បក្ស ជាប់អគារសាលាឃុំ។ ទោះយ៉ាងណា សកម្មភាពនេះ
មន្ត្រីសង្គមស៊ីវិលចាត់ទុកជាទង្វើខុសច្បាប់។
លោក ជា ផាត ជំទប់ទី១ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល មកពីគណបក្ស
សម រង្ស៊ី នៅថ្ងៃទី២០ ខែធ្នូ បានស្នើឲ្យអាជ្ញាធរស្រុក ខេត្ត
ព្រមទាំងស្ថាប័នពាក់ព័ន្ធដទៃទៀតជួយបញ្ឈប់សកម្មភាពរបស់លោក ណោត ហួត
មេឃុំតាលន់ ដែលយកដីបរិវេណសាលាឃុំផ្តល់ជូនគណបក្សប្រជាជនកម្ពុជា
សង់ទីស្នាក់ការបក្ស។
លោក ជា ផាត ចាត់ទុកការយកបរិវេណទីធ្លាសាលាឃុំ
ផ្តល់ជូនបក្សកាន់អំណាចសង់ទីស្នាក់ការ ជារឿងខុសច្បាប់
ហើយលោកទាមទារឲ្យផ្អាកសកម្មភាពនេះជាបន្ទាន់៖ «ក្រសួងមហាផ្ទៃ
ឲ្យជួយពិនិត្យមើលបញ្ហានេះ
ព្រោះខ្ញុំមិនចង់ឲ្យមានមន្ទីរបក្សនៅក្បែរសាលាឃុំទេ។
សាលាឃុំជាកន្លែងដែលពលរដ្ឋទទួលសេវាផ្សេងៗគ្រប់គណបក្សនយោបាយទាំង
អស់»។
បញ្ហានេះ ក្រៅពីសមាជិកគណបក្សប្រឆាំង ក៏មានប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះបញ្ចេញប្រតិកម្មតវ៉ាដែរ។
លោក សួន សារុំ
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋក្នុងមូលដ្ឋានឃុំតាលន់
មានប្រសាសន៍ថា
ទីស្នាក់ការរបស់គណបក្សនយោបាយមិនគួរអនុញ្ញាតឲ្យសាងសង់ជាប់ជញ្ជាំង
អគារសាលាឃុំនោះទេ
ព្រោះស្ថាប័នទាំងពីរនេះមិនអាចនៅជាមួយគ្នាបានទេ។
បញ្ហានេះ លោក ណោត ហួត មេឃុំតាលន់ បានទទួលស្គាល់ថា
រូបលោកពិតជាបានផ្តល់ដីបរិវេណសាលាឃុំ ឲ្យគណបក្សប្រជាជនកម្ពុជា
សង់ទីស្នាក់ការបក្សពិតមែន។ លោកថា ការផ្តល់ដីសាលាឃុំតាលន់
ដើម្បីសង់ស្នាក់ការបក្ស
មានការឯកភាពពីសមាជិកក្រុមប្រឹក្សាសង្កាត់គណបក្សប្រជាជន
លើកលែងតែបក្សប្រឆាំងទេដែលមិនគាំទ្រ៖ «វាអ៊ីចឹងមែនហើយ
ប៉ុន្តែខ្ញុំថាអាចឲ្យយើងបានប្រើប្រាស់បង្គន់អនាម័យផ្សេងៗ
ព្រោះថាសាលាឃុំតាំងពីសាងសង់មកអត់ទាន់មានបន្ទប់ទឹក
ឬបង្គន់អនាម័យបានត្រឹមត្រូវទេ។
ដូច្នេះអាចឲ្យអ្នកធ្វើការឃុំអាចមានបង្គន់អនាម័យប្រើប្រាស់បាន
ត្រឹមត្រូវ ហើយការងារបក្សនោះគេប្រជុំម្តងម្កាលទេ ជួបមេភូមិនោះ។
វាខុសគោលការណ៍បន្តិចដែរ ប៉ុន្តែកាលពីមេឃុំចាស់ធ្វើសាលាឃុំ
ខ្ញុំបានប្រាប់គាត់ដែរ»។
លោកថា
ដំណើរការសាងសង់ទីស្នាក់ការបក្សប្រជាជននៅជាប់របងសាលាឃុំតាលន់
កំពុងមានសកម្មភាពរាល់ថ្ងៃ និងស្ថាបនាបានប្រមាណ ១០% រួចហើយ។
ទាក់ទិនបញ្ហានេះ លោកបណ្ឌិត ហង្ស ពុទ្ធា
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត និចហ្វិក (Nicfec)
មានប្រសាសន៍ថា ការយកដីទីធ្លាសាលាឃុំ
ឬសង្កាត់ផ្តល់ជូនគណបក្សនយោបាយណាមួយសម្រាប់សង់ស្នាក់ការបក្សជា
រឿងខុសច្បាប់។ លោកថា
សកម្មភាពនេះស្ថាប័នពាក់ព័ន្ធត្រូវតែមានវិធានការទប់ស្កាត់ឲ្យបាន
ជាស្ថាពរ៖ «បើយើងគិតពីនយោបាយវិមជ្ឈការនៅកម្ពុជា
ក្រុមប្រឹក្សាឃុំ-សង្កាត់ ពិសេសទឹកដីទីស្នាក់ការឃុំ-សង្កាត់ហ្នឹង
គឺជាសមិទ្ធផលមួយដែលក្រុមប្រឹក្សាឃុំ-សង្កាត់ត្រូវបានបោះឆ្នោត
ដោយប្រជាពលរដ្ឋ។ អ៊ីចឹងក្រុមប្រឹក្សាឃុំ-សង្កាត់តំណាងឲ្យប្រជាពលរដ្ឋ
មិនថាគណបក្សនយោបាយណា ឬគណបក្សនយោបាយណាមួយទេ។
អ៊ីចឹងការកសាងសំណង់គណបក្សនយោបាយណាមួយនៅក្នុងបរិវេណឃុំ
ខ្ញុំគិតថាមិនមែនការសមស្របទេ
ដែលគួរតែឆ្លុះបញ្ចាំងឡើងវិញពីតួនាទីរបស់ក្រុមប្រឹក្សាឃុំដែល
ត្រូវស្ថិតនៅជាអព្យាក្រិត
និងជាកត្តាសម្រាប់ប្រជាពលរដ្ឋដែលលោកជាម្ចាស់ឆ្នោត»។
យ៉ាងណាក៏ដោយ មន្ត្រីគណបក្សប្រឆាំង និងប្រជាពលរដ្ឋឃុំតាលន់
បានឲ្យដឹងថា
សកម្មភាពផ្តល់ដីសាលាឃុំជូនគណបក្សនយោបាយសង់ទីស្នាក់ការបក្ស
កំពុងកើតមានក្នុងមូលដ្ឋាននេះ
ដែលទាមទារឲ្យស្ថាប័នពាក់ព័ន្ធទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។
មន្ត្រីគណបក្សប្រឆាំងឲ្យដឹងថា ករណីអ្នកគ្រប់គ្រងស្ថាប័នរដ្ឋ
បានយកបរិវេណទីធ្លាអង្គភាពរបស់រដ្ឋទៅប្រឡាក់ប្រឡូក
ឬជួលឲ្យគណបក្សនយោបាយកំពុងកាន់អំណាច
បានកើតមានច្រើនកន្លែងនៅតាមរាជធានី ខេត្តមួយចំនួន
ប៉ុន្តែស្ថាប័នពាក់ព័ន្ធមិនបានទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេ
នៅពេលគណបក្សប្រឆាំងប្ដឹងឲ្យមានវិធានការទប់ស្កាត់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
1 comment:
Please also check in Khom Anlong Romiet, Srok Kandal Stueng, Ket Kandal. Same thing.
Post a Comment