ពុធ 12 ធ្នូ 2012
Radio France Internationale
បញ្ហាដីធ្លីនៅក្នុងសហគមន៍បឹងកក់ និងបូរីកីឡា បាននិងកំពុងធ្វើឲ្យអាជ្ញាធររាជធានីភ្នំពេញនិងជាពិសេសរដ្ឋាភិបាលតែម្តង ខូចខាតរូបភាពរបស់ខ្លួនយ៉ាងខ្លាំងទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស។ ពលរដ្ឋរងគ្រោះដោយការបណ្តេញពីលំនៅដ្ឋានបានតស៊ូមតិអស់ជាច្រើនឆ្នាំតាមរយៈការប្រមូលផ្តុំគ្នាតវ៉ាគ្រប់ស្ថាប័នកំពូល ក្រសួងពាក់ពន្ធ័ ព្រះមហាក្សត្រ និងរហូតដល់ស្ថានទូតបរទេស និងស្ថាប័នអន្តរជាតិនានាផងដែរ។ ប៉ុន្តែ ដំណោះស្រាយនៅតែមិនអាចរកឃើញដដែល។ ផលវិបាកដែលកើតចេញពីបញ្ហានេះត្រូវគេមើលឃើញថា មានទំហំធំធេងលើសពីការចំណាយដើម្បីដោះស្រាយសំណងដល់អ្នកភូមិទៅទៀត។
ទិវាសិទ្ធិមនុស្ស ១០ធ្នូដែលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃចន្ទគឺជាឱកាសដែលគេគួរពិចារណាឡើងវិញពីស្ថានភាពទាំងឡាយដែលប្រជាពលរដ្ឋខ្មែរកំពុងប្រឈម ក្នុងនោះសិទ្ធិលំនៅដ្ឋានគឺជាបញ្ហាដែលក្តៅជាងគេមួយ។ «ធុរកិច្ច និងសិទ្ធិមនុស្ស» ដែលជាប្រធានបទសម្រាប់ទិវាសិទ្ធមនុស្សឆ្នាំនេះអាចឆ្លុះបញ្ចាំងបានពីស្ថានភាពជាក់ស្តែងនៅកម្ពុជា ពោលគឺ ការរំលោភសិទ្ធិមនុស្សដែលកើតចេញពីការធ្វើជំនួញក្រោមរូបភាពដីសម្បទានសេដ្ឋកិច្ច។ ជាក់ស្តែង ប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីនៅគ្រប់ទីកន្លែងនិយាយជារួម និងសហគមន៍បឹងកក់ និងបូរីកីឡា ក្នុងរាជធានីភ្នំពេញ និយាយដោយឡែក បាននាំគ្នាតវ៉ាជាថ្មីទៀតឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហារបស់ពួកគេ។
មានមធ្យោបាយពីរយ៉ាងដែលអាចដោះស្រាយបញ្ហាបាន៖ ទី១ គឺការអភិវឌ្ឍន៍នៅនឹងកន្លែង និងទី២ គឺការចាកចេញទៅតាំងលំនៅថ្មីនៅកន្លែងផ្សេងដោយមានសំណងសមរម្យ។ ការអភិវឌ្ឍន៍នៅនឹងកន្លែងត្រូវបានរដ្ឋាភិបាលសាកល្បងអនុវត្តនៅសហគមន៍បូរីកីឡា និងមួយផ្នែកនៃសហគមន៍បឹងកក់ ប៉ុន្តែ បញ្ហានៅតែកើតមានរហូតមកទល់សព្វថ្ងៃ។ បញ្ហានៅបូរីកីឡាគឺក្រុមហ៊ុនដែលទទួលបានដីសម្បទានដែលសន្យាសាងសង់អគារចំនួន ១០ខ្នងជូនអ្នកភូមិ ទីបំផុត សង់បានតែ៨ខ្នងប៉ុណ្ណោះ។ អ្នកដែលមិនទាន់ទទួលបានផ្ទះត្រូវបានក្រុមហ៊ុនចាត់ទុកជាអ្នកជួលផ្ទះគេស្នាក់នៅ ហើយចង់ទាមទារសិទ្ធិកាន់កាប់ដី។ ប៉ុន្តែ អ្នកភូមិទាំងនោះអះអាងថា ពួកគេសុទ្ធតែមានឯកសារគ្រប់គ្រាន់ដែលបញ្ជាក់ថា ជាអ្នកមានកម្មសិទ្ធិនៅទីនោះ។ករណីបឹងកក់វិញ រដ្ឋាភិបាលបានសម្រេចកាត់ដីជាង១២ហិកតាសម្រាប់ចែកជូនអ្នកភូមិ ប៉ុន្តែ ការបែងចែកដីមិនបានដល់ដៃមនុស្សគ្រប់គ្នាទេ។ ករណីបឹងកក់ ក៏ដូចជាបូរីកីឡាដែរ អាជ្ញាធរបានឈរនៅខាងក្រុមហ៊ុន ហើយបែរមកប្រឈមមុខជាមួយប្រជាពលរដ្ឋ។ឧទាហរណ៍ទាំងពីរខាងលើ ក៏មិនសូវជាខុសគ្នាពីកន្លែងផ្សេងៗទៀតប៉ុន្មានដែរ ពោលគឺក្រោយពីរដ្ឋាភិបាលប្រគល់ដីសម្បទានដល់ក្រុមហ៊ុនឯកជន ប្រជាពលរដ្ឋមួយចំនួនក៏ប្រឈមមុខនឹងការបណ្តេញចេញដោយគ្មានសំណងសមរម្យ ហើយជាទូទៅ អាជ្ញាធរតែងឈរនៅខាងក្រុមហ៊ុន។បើទោះបីជាមានការបកស្រាយយកត្រូវរៀងខ្លួនពីសំណាក់ប្រជាពលរដ្ឋរងគ្រោះ អាជ្ញាធរនិងក្រុមហ៊ុនសម្បទាន ប៉ុន្តែ ទោះជាក្នុងករណីណាក៏ដោយ គេមិនឃើញមានហេតុផលណាមួយដែលប្រជាពលរដ្ឋត្រូវបាត់បង់លំនៅដ្ឋានដោយសារគម្រោងអភិវឌ្ឍន៍នោះឡើយ។ ម្យ៉ាងទៀត រដ្ឋាភិបាល និងវិនិយោគិនដែលជាអ្នកមានស្តុកស្តម្ភក៏មិនគួរនឹងធ្វើឲ្យអ្នកក្រីក្ររងទុក្ខដោយសារមុខជំនួញរបស់ខ្លួនដែរ។ ចូរកុំភ្លេចថា ការបាត់បង់ផ្ទះសម្បែង ដីធ្លី គឺជាបញ្ហាធ្ងន់ធ្ងរណាស់សម្រាប់អ្នកក្រនៅក្នុងសម័យបច្ចុប្បន្នដែលដីមានតម្លៃដូចមាស។
ជាការពិតណាស់ រដ្ឋាភិបាលអាចមើលឃើញថា អ្នកដែលមានបញ្ហាដីធ្លីមានចំនួនតិចតួចប៉ុណ្ណោះបើធៀបនឹងចំនួនប្រជាពលរដ្ឋទូទាំងប្រទេស។ ប៉ុន្តែបើតិចតួច វាពិតជាមិនគួរឲ្យជឿសោះថា រដ្ឋាភិបាល និងមហាសេដ្ឋីដែលជាម្ចាស់ក្រុមហ៊ុនមិនអាចដោះស្រាយជូនពលរដ្ឋដែលមានទំនាស់បាន ដោយទុកឲ្យពួកគេរស់ក្នុងបញ្ហារ៉ាំរ៉ៃជាច្រើនឆ្នាំ រហូតដល់សម្រែកតវ៉ារបស់ពួកគេបានលឺពាសពេញពិភពលោក។ សម្រែកទាំងនោះហើយដែលធ្វើឲ្យសហគមន៍អន្តរជាតិសម្លឹងមកប្រទេសកម្ពុជាថា ជាប្រទេសដែលមានបញ្ហារំលោភសិទ្ធិមនុស្ស។
នេះសបញ្ជាក់ឲ្យឃើញថា ផលអវិជ្ជមានដែលបង្កឡើងដោយសារបញ្ហាដីធ្លីបានបង្កការខូចខាតធ្ងន់ធ្ងរណាស់ដល់មុខមាត់រដ្ឋាភិបាលបើធៀបទៅនឹងតម្លៃដែលរដ្ឋាភិបាលត្រូវចាយដើម្បីដោះស្រាយបញ្ចប់បញ្ហា។ តើនេះមិនមែនជាការចិញ្ចឹមបញ្ហាតូចដែលកំពុងធ្វើឲ្យខូចប្រយោជន៍ធំទេឬ ?
បច្ចុប្បន្ន រដ្ឋាភិបាលផ្តើមដោះស្រាយបញ្ហាដីធ្លីទូទាំងប្រទេសតាមរយៈ« គោលនយោបាយចាស់ សកម្មភាពថ្មី» ។ ប៉ុន្តែ ប្រសិនបើបញ្ហាក្តៅមួយចំនួន ដូចជាបញ្ហាបឹងកក់ និងបូរីកីឡាជាដើម មិនត្រូវបានបញ្ចប់ទេនោះ កិច្ចខិតខំរបស់រដ្ឋាភិបាលក៏នឹងមិនអាចទទួលលទ្ធផលគួរជាទីពេញចិត្តនោះដែរ។ សុភាសិតខ្មែរបូរាណមួយបានពោលថា «គុណមួយរយសំពៅ ទោសមួយចូលទៅ រលាយគុណអស់»។ក្នុងបរិបទនេះ ការដោះស្រាយបញ្ចប់បញ្ហាដែលនៅសេសសល់ គឺជារឿងចាំបាច់មិនអាចមើលស្រាលបាន៕
No comments:
Post a Comment