Wednesday, December 26, 2012

តុលាការ សម្រេច​ឲ្យ​អ្នកស្រី ទឹម សាក់​មុន្នី សកម្មជន​តវ៉ា​ដីធ្លី នៅ​បុរី​កីឡា បាន​ចេញពី​ពន្ធនាគារ​

អ្នកស្រី ទឹម សាក់មុនី្ន (ឆ្វេង) និង អ្នកស្រី យ៉ោម បុផ្ផា (ស្តាំ)
(ថ្ងៃទី 26 ធ្នូ 2012, ម៉ោង 07:19:PM) | ដោយ: រតនា CEN
ភ្នំពេញ: ទី​បំផុត​ទៅ ចៅក្រម​តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម ដោយ​កាត់​តម្រឹម​ទោស​ជាប់ពន្ធនាគារ លើ​ករណី​អ្នកស្រី ទឹម សាក់​មុន្នី សកម្មជន​តវ៉ា​ដីធ្លី នៅ​បូរី​កីឡា​។ ពោល​គឺ​អ្នកស្រី ទឹម សាក់​មុន្នី ដែល​បាន​ជាប់​ឃុំឃាំង​ជិត ៤ ខែ​មក​ហើយ ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​។ សេចក្តីសម្រេច​ដូច្នេះ ត្រូវបាន​ធ្វើឡើង ក្រោយ​ពេល​តុលាការ បាន​បើក​សវនាការ កាលពី​រសៀល​ម៉ោង ២ ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១២​។​
តាមរយៈ​សេចក្តីសម្រេច​នោះ គឺ​ចៅក្រម​បានប្រកាស​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ លើ​អ្នកស្រី ទឹម សាក់​មុន្នី ចំនួន ៦ ខែ គិត​ចាប់ពី​ថ្ងៃ​ចាប់ខ្លួន ប៉ុន្តែ​គិត​មកដល់​ថ្ងៃនេះ អ្នកស្រី ទឹម សាក់​មុន្នី បាន​ជាប់​ពន្ធនាគារ ចំនួន ៣ ខែ និង ២១ ថ្ងៃ ហើយ​ចៅក្រម​ក៏បាន​សម្រេច​ថា ទោស​នៅសល់​ជាង​២ ខែ​ទៀត ត្រូវ​ព្យួរ​។ ដូច្នេះ​មានន័យថា អ្នកស្រី ទឹម សាក់​មុន្នី ត្រូវ​រួចខ្លួន​ពី​ពន្ធនាគារ ចាប់ពី​ថ្ងៃស្អែក​។​
អ្នកស្រី ទឹម សាក់​មុន្នី អាយុ ៦៤ ឆ្នាំ អ្នក​រស់នៅ​សហគមន៍​បុរី​កីឡា ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១២ ក្រោម​ការចោទប្រកាន់​ពី​បទ ញុះញង់ ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច ដែល​ទទួលបាន​សិទ្ធិ​អភិវឌ្ឍន៍​ផ្ទះល្វែង នៅ​បុរី​កីឡា​។

​សូម​ រម្លឹកថា នៅ​រសៀល​ម៉ោង ២ ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១២ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​បើក​សវនាការ​ជំនុំជម្រះ លើ​សំណុំរឿង​ក្តី​មួយ​ផ្សេង​ទៀត ប្រឆាំង​នឹង​អ្នកស្រី យ៉ោម បុប្ផា សកម្មជន​តវ៉ា​ដីធ្លី នៅ​បឹង​កក់​ផងដែរ​។​

​អ្នកស្រី យ៉ោម បុប្ផា មាន​អាយុ ២៩ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ ពី​បទ​ចោទប្រកាន់​ថា បាន​ប្រើ​អំពើហិង្សា ដោយ​ចេតនា តាមរយៈ​ការ​វាយ​លើ​បុរស​អ្នករត់ម៉ូតូឌុប​ពីរ​នាក់​។

​ក៏​ប៉ុន្តែ​ រហូត​ដល់​ព្រលប់​ម៉ោងជាង ៦ ថ្ងៃ​ពុធ​នេះ សវនាការ​លើក​ករណី​អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​ផ្អាក ហើយ​ចៅក្រម នឹង​សម្រេច​បន្ត លើក​យក​ទៅ​ធ្វើ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១២ បន្តទៀត​។​

​សូម ​រម្លឹកថា ខណៈ​ដែល​តុលាការ ចាប់តាំងពី​រសៀល​ម៉ោង ២ ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១២ បាន​បើក​សវនាការ​កាត់ក្តី លើ​ស្ត្រី​សកម្មជន អ្នក​តវ៉ា​ដីធ្លី នៅ​បឹង​កក់ អ្នកស្រី យ៉ោម បុប្ផា និង​អ្នកស្រី ទឹម សាក់​មុន្នី អ្នក​តវ៉ា​ដីធ្លី នៅ​បុរី​កីឡា ប៉ូលិស​ជា​ច្រើន​នាក់​ត្រូវបាន​ដាក់ពង្រាយ និង​បិទផ្លូវ​នៅ​ជុំវិញ​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ខាងជើង​ស្តា​ត​អូឡាំពិក នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​។ ប៉ូលិស បានដាក់រ​បាំងបិទ​មិនឲ្យ​ចេញ​ចូលទេ​។​

​នៅមុខរ​បាំង​រាំងផ្លូវ អម​ដោយ​កម្លាំង​ប៉ូលិស​បង្ក្រាប​បាតុកម្ម នៅ​ខាង​ភ្លើងស្តុប​នាង​គ​ង្ហី​ង មាន​ក្រុម​ប្រជាពលរដ្ឋ​បឹងកក់ និង​បូរី​កីឡា រួម​ទាំង​សកម្មជន​សិទ្ធិ​មនុស្ស​ជាច្រើន​នាក់ បាន​ប្រមូលផ្តុំ​លើក​បដា និង​រូប​ជញ្ជីង​ធំ តំណាង​ឲ្យ​យុត្តិធម៌ បាន​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា និង​អ្នកស្រី ទឹម សាក់​មុនី​។

​ចំណែក​នៅ​ខាង​ភ្លើងស្តុប​អាងទឹក បែរជា​មាន​ក្រុម​អ្នករត់​ម៉ូតូឌុប​រាប់​សិប​នាក់ បាន​ប្រមូលផ្តុំ លើក​បដា ទាមទារ​ឲ្យ​តុលាការ ផ្តន្ទាទោស លើ​អ្នកស្រី យ៉ោម បុប្ផា ដោយ​ពួកគេ​សំអាងថា ស្ត្រី​សកម្មជន​តវ៉ា​ដីធ្លី​នៅ​បឹង​កក់ អ្នកស្រី យ៉ោម បុប្ផា ជា​អ្នកចូលរួម វាយ​ទៅលើ​អ្នក​រត់​ម៉ូតូ​ពីរ​នាក់ ឲ្យ​រងរបួស កាលពីដើម​ខែ​កញ្ញា​។​

​ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ក្រុម​អ្នក​ភូមិ​បឹងកក់ និង​បុរី​កីឡា បាន​រុញច្រាន​ជាមួយនឹង​ក្រុម​ប៉ូលិស​បង្ក្រាប​បាតុកម្ម ដែល​បាន​ឈរ​រាំងផ្លូវ មិន​ឲ្យ​អ្នកភូមិ ចូល​ទៅ​កាន់​តុលាការ​។ តែ​មិន​មាន​អំពើហិង្សា​កើតឡើង​ទេ​៕​

1 comment:

Anonymous said...

ខ្ញុំ ថារឿងនេះ ជារឿងដែលគេធ្វើឡើងដិម្បីបំបាក់
ស្មារតីខ្មែរតែប៉ុណ្ណោះ​ រួចវាមិនខុសអ្វីពីរឿងរបស់
លោកម៉មសូណង់ដូ​​ង្វិ២ត្រូវគេរៀបចំទុកជាមុន
ស្រេច។