Sunday, December 16, 2012

ភរិយា​លោក ម៉ម សូណង់ដូ ប្រាប់​ពី​មូលហេតុ​លោកស្រី​ប្ដឹង​ទៅ​តុលាការ​កំពូល

RFA/Vichey Anandh
តំណាង​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ បួងសួង​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ នៅ​វត្ត​អង្គ​មេត្រី សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១២។
លោកស្រី ឌិន ផាណារ៉ា ភរិយា​លោក ម៉ម សូណង់ដូ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៦ ធ្នូ ថា លោកស្រី​រួម​ជាមួយ​មេធាវី​ការពារ​ក្តី​លោក ម៉ម សូណង់ដូ បាន​បន្ត​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​ស្វាមី​អ្នកស្រី​នៅ​ក្រៅ​ឃុំ​ទៅ​តុលាការ ​កំពូល ដោយសារ​លោកស្រី​មិន​ដឹង​ថា ពេល​ណា​បាន​សាលាឧទ្ធរណ៍​លើក​យក​ករណី​លោក ម៉ម សូណង់ដូ យក​មក​បើក​សវនាការ។
លោកស្រី ឌិន ផាណារ៉ា មាន​ប្រសាសន៍​បន្ត​ថា មូលហេតុ​លោកស្រី និង​មេធាវី​ការពារ​ក្ដី​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​លោក ម៉ម សូណង់ដូ នៅ​ក្រៅ​ឃុំ ដោយសារ​ស្ថាន​ភាព​សុខភាព​គាត់​មាន​ភាព​ថយ​ចុះ និង​មូលហេតុ​សំខាន់​មួយ​ទៀត គឺ​សាលាឧទ្ធរណ៍​បាន​បដិសេធ​មិន​ឲ្យ​លោក ម៉ម សូណង់ដូ នៅ​ក្រៅ​ឃុំ។

កាល​ពី​ថ្ងៃ​ទី​១៤ ធ្នូ សភា​ព្រហ្មទណ្ឌ​នៃ​សាលាឧទ្ធរណ៍​បាន​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្នុង​គុក​ព្រៃស​បន្ត​ទៀត។ ការ​បដិសេធ​នេះ គឺ​សំអាង​ថា ដើម្បី​រក្សា​សន្តិសុខ​សង្គម និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​កម្ពុជា ដូច្នេះ​សាលា​ឧទ្ធរណ៍​មិន​ដោះ​លែង​តាម​សំណើ​នោះ​ទេ។ សាលា​ឧទ្ធរណ៍​សម្រេច​រក្សា​ការ​ឃុំ​ខ្លួន​ដដែល ប៉ុន្តែ​តុលាការ​បើក​ផ្លូវ​ឲ្យ​ប្ដឹង​ទាស់​ទៅ​តុលាការ​កំពូល​ទៀត។
លោក ម៉ម សូណង់ដូ ត្រូវ​ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាល​ពី​ថ្ងៃ​ទី​១ តុលា ឆ្នាំ​២០១២ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ និង​ពិន័យ​ប្រាក់ ១០​លាន​រៀល ក្រោម​បទ​ចោទ​ប្រកាន់​ចំនួន ៤ គឺ​បទ​ផ្ដួចផ្ដើម​គំនិត​ប្រឆាំង​អ្នក​រាជការ​សាធារណៈ បទ​ធ្វើ​កុបកម្ម​ជ្រៀតជ្រែក​ខុស​ច្បាប់​នៅ​ក្នុង​ការ​បំពេញ​មុខ​ងារ​សាធារណៈ បទ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់កាប់​អាវុធ​ខុស​ច្បាប់ និង​ទី​៤ បទ​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់​ដែល​មាន​ចែង​ក្នុង​មាត្រា​មួយ​ចំនួន​ នៃ​ក្រមព្រហ្មទណ្ឌ។
ការ​សម្រេច​នេះ​ត្រូវ​បាន​អង្គការ​ជាតិ អន្តរជាតិ​រិះគន់ និង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ជំទាស់​ភ្លាមៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: