http://www.youtube.com/watch?v=RH8QRsks3zI
ដោយ វណ្ណ វិចារ 2012-12-25 RFA
បន្ទាប់ពីកោះហៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ឲ្យចូលខ្លួនមកបំភ្លឺក្នុងបញ្ហាព្រំដែនកម្ពុជា-វៀតណាម រួចមក
តំណាងរាស្ត្រគណបក្សប្រឆាំង គ្រោងកោះហៅមន្ត្រីតុលាការ
និងរដ្ឋមន្ត្រីមួយចំនួន
ឲ្យឆ្លើយបំភ្លឺនៅចំពោះមុខរដ្ឋសភានៅពេលខាងមុខនេះទៀត។
ការកោះហៅនេះ ធ្វើឡើងដើម្បីពន្យល់លើបញ្ហាមួយចំនួន ដូចជាឯករាជភាពរបស់តុលាការ ការគ្រប់គ្រងធនធានរ៉ែ ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ការផ្តល់លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ។
ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៉ី លោក សុន ឆ័យ នឹងដាក់លិខិតកោះហៅប្រធានតុលាការខេត្តស្វាយរៀង ព្រមទាំងរដ្ឋមន្ត្រីចំនួន ៣នាក់ផ្សេងទៀត មកកាន់រដ្ឋសភា ដើម្បីបំភ្លឺពីករណីមិនប្រក្រតីមួយចំនួននៅដើមឆ្នាំ២០១៣ ខាងមុខ។
ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៉ី លោក សុន ឆ័យ មានប្រសាសន៍ថា តំណាងរាស្ត្រត្រូវតែជំរុញឲ្យតុលាការ និងមន្ត្រីរដ្ឋាភិបាល ស្រាយបំភ្លឺ និងទទួលខុសត្រូវរាល់កិច្ចការដែលពួកគេបំពេញក្នុងនាមជាអ្នក បម្រើប្រជាពលរដ្ឋ។ លោកបន្តថា មានចំណុចអវិជ្ជមានជាច្រើនដែលពលរដ្ឋមិនអាចទទួលយកបាន ដូចជាតុលាការអយុត្តិធម៌ និងការបាត់បង់ចំណូលធនធានធម្មជាតិយ៉ាងសម្បើម បណ្ដាលមកពីការគ្រប់គ្រងពុករលួយរបស់មន្ត្រីរដ្ឋាភិបាល។
លោក សុន ឆ័យ បញ្ជាក់ថា តំណាងរាស្ត្រគណបក្សប្រឆាំងតែងស្នើសុំការបកស្រាយពីមន្ត្រីតុលាការ និងមន្ត្រីរដ្ឋាភិបាល ប៉ុន្តែតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ចាំតែហៃអើតាមមន្ត្រីរដ្ឋាភិបាលប៉ុណ្ណោះ៖ «កម្មវិធីដែលត្រូវធ្វើ ខ្ញុំមិនជឿថានឹងមានការសួរហ្នឹងមុនបំណាច់ឆ្នាំនេះទេ បើសិនជាប្រធានសភាមានការអនុវត្តតាមរដ្ឋធម្មនុញ្ញត្រឹមត្រូវ ប្រហែលជានៅខែមករា ឆ្នាំ២០១៣ នេះ ប្រធានតុលាការខេត្តស្វាយរៀង នឹងមកបំភ្លឺមុនគេហើយ»។
លោក សុន ឆ័យ បន្តថា កន្លងទៅប្រធានរដ្ឋសភា លោក ហេង សំរិន តែងតែបង្កការលំបាកចំពោះសមាជិកសភា ដោយមិនឲ្យសមាជិកសភាបានសួរផ្ទាល់មាត់តទល់នឹងមន្ត្រីរដ្ឋាភិបាល ទេ។
ឆ្លើយតបទៅនឹងការលើកឡើងនេះ អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ស្មាន ទៀត ពន្យល់ថា សមាជិកសភាមានសិទ្ធិក្នុងការកោះហៅមន្ត្រីរដ្ឋាភិបាល និងតុលាការមកបំភ្លឺនៅចំពោះមុខរដ្ឋសភា។ លោកបន្តថា ប្រធានរដ្ឋសភាមិនធ្លាប់បានកាត់សម្ដីរបស់មន្ត្រីគណបក្សប្រឆាំង ផ្ទុយពីបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាឡើយ។ លោក ស្មាន ទៀត បញ្ជាក់ថា តំណាងរាស្ត្រគណបក្សប្រជាជន បានធ្វើការងារច្រើនណាស់ដើម្បីប្រទេសជាតិ មិនដូចការលើកឡើងរបស់លោក សុន ឆ័យ នោះទេ។
លោក ស្មាន ទៀត៖ «ខ្ញុំគិតថា គាត់អ្នកប្រឆាំង បើមិនប្រឆាំង គិតថាគាត់មិនមានសំឡេងទេ។ រដ្ឋាភិបាលជាអ្នកអនុវត្ត សភាជាអ្នកតាមដានការអនុវត្តច្បាប់របស់រដ្ឋាភិបាល មានការងារណាឆ្ងល់ សភាគណបក្សប្រជាជន អាចទូរស័ព្ទសួរទៅ ហើយដោះស្រាយតាមច្បាប់ទៅ»។
លោក ស្មាន ទៀត បន្តថា កន្លងទៅអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ក៏តែងតែឃ្លាំមើលរាល់ដំណើរការរបស់តុលាការដែរ ហើយបើឃើញសកម្មភាពមិនស្របច្បាប់ណាមួយ នឹងរាយការណ៍ជូនប្រធានរដ្ឋសភា។
បើតាមលោក សុន ឆ័យ តុលាការខេត្តស្វាយរៀង នឹងត្រូវហៅមកបំភ្លឺជុំវិញករណីដោះលែងអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដែលជាបញ្ហាអយុត្តិធម៌បំផុតមិនធ្លាប់មាន។ ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល លោក ស៊ុយ សែម នឹងត្រូវឆ្លើយសំណួរទាក់ទងនឹងការផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន រុករករ៉ែ និងគ្រប់គ្រងការរុករករ៉ែយ៉ាងអនាធិបតេយ្យនៅទូទាំងប្រទេស។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ចាន់ សារុន នឹងត្រូវឆ្លើយពីការផ្តល់ដីសម្បទានរយៈពេល ៩៩ឆ្នាំ ដែលមានចំនួនជាង ២លាន ៥សែនហិកតារ នៅទូទាំងប្រទេស ហើយបាត់បង់ចំណូលជាតិយ៉ាងសន្ធឹកសន្ធាប់។ ចំណែកឯរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងត្រូវឆ្លើយលើបញ្ហាការផ្តល់លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ដោយសារតែពលរដ្ឋនៅតែត្រូវចំណាយប្រាក់យ៉ាងច្រើន ដើម្បីទទួលបានលិខិតផ្លូវការទាំងពីរនេះ។
ទាក់ទងនឹងការលើកឡើងនេះ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា កាលៈទេសៈបច្ចុប្បន្ន គឺដល់ពេលដែលអ្នកតំណាងរាស្ត្រត្រូវគិតគូរដើម្បីទាមទារផល ប្រយោជន៍ជូនពលរដ្ឋហើយ។ លោកបន្តថា ករណីដោះលែងអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត គួរណាស់តែក្លាយជាចំណោទសម្រាប់អ្នកតំណាងរាស្ត្រលើកយកមកពិភាក្សា នៅក្នុងរដ្ឋសភា ដើម្បីស្វែងរកយុត្តិធម៌ជូនពលរដ្ឋជាម្ចាស់ឆ្នោត។
លោក អ៊ូ វីរៈ៖ «បើសិនលោក សុន ឆ័យ មានការគាំទ្រពីគណបក្សប្រឆាំងហ្នឹង ប្រធានសភាត្រូវតែបញ្ជូនករណីហ្នឹង កោះហៅបាន។ រឿង ឈូក បណ្ឌិត ជារឿងនិទ្ទណ្ឌភាពមួយ ជារឿងមួយនយោបាយ ដោយសារលោក ឈូក បណ្ឌិត ហ្នឹង មានទំនាក់ទំនងជាមួយអ្នកមានអំណាច ដូចនេះជាការចាំបាច់បំផុតត្រូវមានការជំរុញពីសភា»។
ទាក់ទងនឹងការឆ្លើយបំភ្លឺនៅក្នុងសភានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងឆ្លើយនឹងសំណួររបស់លោក សុន ឆ័យ ជាប្រវត្តិសាស្ត្រលើកដំបូង ដើម្បីបង្ហាញពីការទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំ កាលពីដើមខែសីហា ឆ្នាំ២០១២។ ប៉ុន្តែអ្នកដែលចូលរួមឆ្លើយសំណួររបស់អ្នកតំណាងរាស្ត្ររយៈពេល ២០ឆ្នាំចុងក្រោយនេះ មានតែឥស្សរជនរដ្ឋាភិបាល ២រូបផ្សេងទៀតប៉ុណ្ណោះ ក្នុងនោះមានលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែន និងលោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ ហើយរាល់ការឆ្លើយសំណួរទាំងនេះ មិនអនុញ្ញាតឲ្យមានការសាកសួរផ្ទាល់មាត់ពីតំណាងរាស្ត្រគណបក្ស ប្រឆាំងនោះទេ។
ទោះយ៉ាងណាក្តី លោក សុន ឆ័យ នៅតែបង្ហាញជំហរវិជ្ជមានថា មន្ត្រីរដ្ឋាភិបាល និងតុលាការខេត្តស្វាយរៀង នឹងចូលរួមមកឆ្លើយសំណួរនៅពេលខាងមុខ។ លោកបន្តថា បើសិនជាមន្ត្រីទាំងនោះមិនចូលខ្លួនមកបំភ្លឺទេ បានន័យថាពួកគេទាំងនោះរំលោភរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា។
លោក សុន ឆ័យ បញ្ជាក់ថា ការងារដែលសំខាន់ គឺប្រធានសភាត្រូវតែបំពេញតួនាទីជាប្រធានសភា ដើម្បីបម្រើពលរដ្ឋ មិនមែនប្រធានសភាបក្សនោះឡើយ៖ «ជំរុញរដ្ឋាភិបាលគោរពរដ្ឋធម្មនុញ្ញ ឲ្យបានត្រឹមត្រូវ ហើយចាប់ផ្ដើមសួរនាំមន្ត្រី ដើម្បីឲ្យពួកទាំងនេះចាប់ផ្ដើមទទួលខុសត្រូវចំពោះតួនាទីរបស់ មន្ត្រីបម្រើជាតិនោះ គេមិនមកមិនមែនជាកំហុសរបស់សមាជិកសភានេះ ជាកំហុសរបស់មន្ត្រីរបស់រដ្ឋាភិបាល ហើយការរំលោភរដ្ឋធម្មនុញ្ញនេះជាអំពើធ្ងន់ធ្ងរណាស់»។
តាមការកត់សម្គាល់របស់អ្នកតំណាងរាស្ត្រ ឲ្យដឹងថា នៅឆ្នាំ២០១២ មន្ត្រីរដ្ឋាភិបាលកម្ពុជា បានចូលរួមឆ្លើយសំណួររបស់អ្នកតំណាងរាស្ត្របានចំនួនក្រោម ៣០% ដោយភាគច្រើន ការឆ្លើយសំណួរតាមរយៈលិខិត។ តាមរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា មន្ត្រីរដ្ឋាភិបាលមានតួនាទីឆ្លើយតបរាល់សំណួររបស់អ្នកតំណាង រាស្ត្រជាលាយលក្ខណ៍អក្សរ ឬឆ្លើយផ្ទាល់មាត់ ប៉ុន្តែកន្លងមក មន្ត្រីរដ្ឋាភិបាលកម្ពុជា មួយចំនួន មិនបានឆ្លើយបំភ្លឺសំណួរអ្នកតំណាងរាស្ត្រតាមរដ្ឋធម្មនុញ្ញនោះទេ ហើយក៏មិនមានការដាក់ទណ្ឌកម្មណាមួយដែរ បើទោះជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្ដេជ្ញាកម្ចាត់អ្នកមិនគោរពរដ្ឋធម្មនុញ្ញក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
1 comment:
ស្រុកប្រជាធិបតេយ្យគេត្រូវធ្វើអញ្ចឹង បើមិនមក
ទេគឺឆ្កែចោលម្សៀត ។ សំដីដូចអាតំណាងរាស្ត្រ
ពងក្ដនេះ មិនស្គាល់អ្វីជាប្រជាធិបតេយ្យទេ ។
Post a Comment