Monday, December 24, 2012

អ្នក​កាសែត​ចូល​បំភ្លឺ​នៅ​តុលាការ​ជុំ​វិញ​ព័ត៌មាន​ចោទ​លោក គន់ គីម លក់​ដី​ទាហាន

http://www.youtube.com/watch?v=NDX2VCKlywQ
អ្នក​យកព័ត៌មាន​ឱ្យ​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ម្នាក់ បាន​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​យោធា​ហើយ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១២ នេះ ទាក់ទង​នឹង​អត្ថបទ​របស់​លោក​ដែល​សរសេរ​អំពី​ការ​ឈូស​ឆាយ​យក​ដី​របប​យោធា​ ចំនួន ៥​ពាន់​ហិកតារ លក់​ឱ្យ​ក្រុមហ៊ុន នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ។
អ្នក​យក​ព័ត៌មាន​ឱ្យ​កាសែត ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) គឺ​លោក ប៊ុត រស្មីគង្គា ថ្លែង​ថា នៅ​ក្នុង​បន្ទប់​តុលាការ​រយៈ​ពេល​ជាង ១​ម៉ោង​ថា លោក​ត្រូវ​បាន​សាកសួរ​ដោយ​អនុ​ប្រធាន​តុលាការ​យោធា និង​ជា​ចៅក្រម​ស៊ើបសួរ គឺ​លោក ប៉ោក ប៉ន ជុំ​វិញ​ប្រភព​ព័ត៌មាន​ដែល​ចោទ​លោក​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ គន់ គីម ថា​យក​ដី​ទាហាន​លក់​ឱ្យ​ក្រុមហ៊ុន​នោះ។

ថ្វី​បើ​កាល​ពី​ម្សិលមិញ​លោក​មាន​ការ​ព្រួយ​បារម្ភ​ខ្លះ​ក្ដី លោក ប៊ុត រស្មីគង្គា បញ្ជាក់​ថា នៅ​ក្នុង​ពេល​ជួប​ជា​មួយ​ចៅក្រម​ស៊ើបសួរ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ធ្នូ នេះ ការ​សន្ទនា​មិន​មាន​ការ​គាប​សង្កត់​អ្វី​ទេ ហើយ​លោក​ក៏​មិន​ជាប់​ចោទ​អ្វី​ដែរ៖ «ខ្ញុំ​អត់​មាន​ការ​ចោទ​ប្រកាន់​ទេ សួរ​តុលាការ​ហើយ​ថា ខ្ញុំ​អត់​មាន​ការ​ចោទ​ប្រកាន់​អ្វី​ទាំង​អស់ គ្រាន់​តែ​មក​បញ្ជាក់​ថា តើ​ខ្ញុំ​ហ្នឹង​បាន​អ្នក​ណា​រាយការណ៍​ព័ត៌មាន​មក​ខ្ញុំ​ពី​ការ​ឈូស​ឆាយ​ដី​ ពី​ការ​តវ៉ា​របស់​ប្រជាជន របស់​ពល​ទាហាន​នៅ​ត្រពាំង​ប្រាសាទ​នោះ បាន​ពី​ណា?»។
លោក ប៊ុត រស្មីគង្គា មាន​ប្រសាសន៍​បន្ត​ថា ហេតុការណ៍​ដែល​តុលាការ​កោះ​ហៅ​លោក​នោះ គឺ​ចង់​ដឹង​ការ​ពិត ដើម្បី​រក​យុត្តិធម៌​ដល់​នាយ​ទាហាន​មួយ​រូប​ដែល​ត្រូវ​គេ​ប្ដឹង​ថា ជា​អ្នក​ផ្ដល់​ព័ត៌មាន​ឱ្យ​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ហើយ​ការ​ពិត​អ្នក​រាយការណ៍​មក​លោក គឺ​មិន​មែន​ជា​នាយ​ទាហាន​រូប​នោះ​ទេ។
លោក​ឧត្ដមសេនីយ៍ទោ ប៉ោក ប៉ន ថ្លែង​ថា តាម​ក្រឹត្យ​ច្បាប់​លេខ ០៤ ករណី​បណ្ដឹង​របស់​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ ៦ ដែល​លោក​កំពុង​ស៊ើបអង្កេត​នេះ គឺ​ជា​បញ្ហា​ទាក់ទង​នឹង​ការ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​កង​ទ័ព​នៅ​សមរភូមិ​មុខ ជា​ពិសេស​ធ្វើ​ឱ្យ​មាន​ការ​បែកបាក់ និង​ការ​មិន​ទុក​ចិត្ត​គ្នា​រវាង​កូន​ទាហាន និង​មេ​បញ្ជាការ។
លោក​ឧត្ដមសេនីយ៍ទោ ប៉ោក ប៉ន បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​បាន​ស្ដាប់​ការ​ឆ្លើយ​បំភ្លឺ​របស់​លោក ប៊ុត រស្មីគង្គា មក លោក​រក​ឃើញ​ថា អ្នក​ដែល​ផ្ដល់​ព័ត៌មាន​ដល់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ចោទ​លោក​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ គន់ គីម ថា​យក​ដី​របប​ទាហាន​លក់​ឱ្យ​ក្រុមហ៊ុន​នោះ មិន​មែន​ជា​ជន ដែល​ខាង​អង្គភាព​កង​ពល​តូច​អន្តរាគមន៍​លេខ ៦ ប្ដឹង​ទេ។
ទោះ​ជា​ដូច្នេះ​ក្ដី ក្រៅ​ពី​អង្គភាព​កង​ពល​តូច​អន្តរាគមន៍​លេខ ៦ លោក​ចៅក្រម​ស៊ើបសួរ​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​ដើម​បណ្ដឹង​ទេ ហើយ​លោក​បន្ត​ថា នៅ​ពេល​នេះ លោក​នៅ​មិន​ទាន់​ប្រាកដ​ថា អ្នក​ថ្មី​នឹង​ត្រូវ​ជាប់​ចោទ ឬ​យ៉ាង​ណា​ដែរ ពី​ព្រោះ​មនុស្ស​ដែល​អង្គភាព​កង​ពល​តូច​អន្តរាគមន៍​លេខ ៦ ប្ដឹង​ចោទ​ប្រកាន់​នៅ​ពេល​នេះ គឺ​មាន​តែ​មនុស្ស​ម្នាក់ ហើយ​ត្រូវ​សាក្សី​បញ្ជាក់​ថា មិនមែន​ជា​បុគ្គល​នោះ​ទៅ​វិញ។
កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១២ កាសែត ភ្នំពេញ ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ ដោយ​ចោទ​ថា លោក​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ គន់ គីម ពាក់ព័ន្ធ​នឹង​ការ​កាត់​យក​ដី​របប​យោធា ៥​ពាន់​ហិកតារ លក់​ឲ្យ​ក្រុមហ៊ុន​វៀតណាម ពីរ គឺ​ក្រុមហ៊ុន​តៃនិញ សៀមរាប និង​ក្រុមហ៊ុន បេស រ៉ូយ៉ាល់ (Best Royal) ធ្វើ​ឱ្យ​ប៉ះពាល់​ជីវភាព​របស់​គ្រួសារ​កង​ទ័ព។
បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​២០១២ ត្រូវ​បាន​មេ​បញ្ជា​ការ​កង​ពល​តូច​អន្តរាគមន៍​លេខ ៦ ចំនួន ១៣​រូប ផ្ញើ​លិខិត​បំភ្លឺ​ថា មិន​ត្រឹម​ត្រូវ​ទេ ហើយ​កាសែត​ភ្នំពេញ ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​លិខិត​បំភ្លឺ​នោះ កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១២។ ឥឡូវ​នេះ នាយ​ទាហាន​មួយ​រូប​ឈ្មោះ ជួប មេត្តា កំពុង​ជាប់​បណ្ដឹង​ដោយ​អង្គភាព​កង​ពល​តូច​អន្តរាគមន៍​លេខ ៦ ក្នុង​ករណី​ចោទ​ប្រកាន់​នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

អញជេរអាហ្អែងទៀត បើហ្អែងនៅតែចុះផ្សាយលិទ្ធគ្រឹស្តតទៅទៀត ហ្អែងមានសិទ្ធចុះ អញមានសិទ្ធជេរ