http://www.youtube.com/watch?v=M4W07CuMJ6E&feature=youtu.be
ដោយ ឡេង ម៉ាលី និង ទេព សុរ៉ាវី 2012-12-09 RFA
អ្នករស់នៅក្នុងតំបន់បុរីកីឡាចំនួន ១០០គ្រួសារ
យកទិវាសិទ្ធិមនុស្ស ១០ ធ្នូ ដើម្បីទាមទារឱ្យរដ្ឋាភិបាល និងក្រុមហ៊ុន
ផានអ៊ីម៉ិច (Phanimex) គោរពសិទ្ធិមនុស្ស
និងសុំឱ្យតុលាការដោះលែងតំណាងរបស់ពួកគាត់ ២រូប។
អ្នករស់នៅក្នុងតំបន់បុរីកីឡាចំនួន ១១៧គ្រួសារ
និងអ្នកតំបន់ផ្សេងៗទៀត ១៥សហគមន៍ ដូចជាអ្នកបឹងកក់ផង
រួមគ្នាប្រារព្ធធ្វើទិវាសិទ្ធិមនុស្ស ១០ ធ្នូ មួយថ្ងៃមុន
និងទាមទារឱ្យរដ្ឋាភិបាល និងក្រុមហ៊ុន ផានអ៊ីម៉ិច គោរពសិទ្ធិមនុស្ស។
អ្នកស្រី ឆាយ គឹមហ៊ ជាតំណាងអ្នករស់នៅតំបន់បុរីកីឡាមួយរូប
នៅក្នុងចំណោមអ្នករស់នៅគ្មានផ្ទះសម្បែងចំនួន ១១៧គ្រួសារ។
អ្នកស្រីថ្លែងថា
ការប្រារព្ធទិវាសិទ្ធិមនុស្សរបស់អ្នកបុរីកីឡានៅថ្ងៃទី៩ ធ្នូ នេះ
គឺជាការរំលឹកខួបសេចក្ដីប្រកាសស្ដីពីសិទ្ធិមនុស្សអន្តរជាតិលើកទី
៦៤ ផង
និងចង់បញ្ជូនសារដល់រដ្ឋាភិបាលឱ្យគោរពសិទ្ធិរបស់ពួកគាត់ផង៖ «ឱ្យ
រដ្ឋាភិបាលឱ្យគាត់បានមើល ដើម្បីឱ្យគាត់ជំរុញក្រុមហ៊ុន ផានអ៊ីម៉ិច
ឱ្យគោរពសិទ្ធិមនុស្ស គោរពគោលការណ៍ គោលជំហរខ្លួនឯង
ត្រូវតែសាងសង់ឱ្យគ្រប់ចំនួន ១០ សម្រាប់ពួកខ្ញុំ
ដែលមានកិច្ចព្រមព្រៀង មានកិច្ចសន្យាជាមួយសហគមន៍ខ្ញុំ។
គឺចង់ជម្រាបទៅរដ្ឋាភិបាលឱ្យគាត់បានដឹង
កុំជឿតែពាក្យញុះញង់របស់ក្រុមហ៊ុន។
ត្រូវឱ្យគាត់ជួយមកមើលដល់សហគមន៍បុរីកីឡា ១១៧
គ្រួសារនេះឱ្យបានឆាប់ផង ព្រោះខ្ញុំអត់ចង់រស់នៅលើគនរសម្រាម
អត់ចង់រស់នៅដោយវេទនា អត់ចង់រស់លើសំយ៉ាបផ្ទះគេ
ហើយខ្ញុំក៏អត់ចង់រស់នៅដោយមានសិទ្ធិសេរីភាព...»។
អ្នកស្រីមានប្រសាសន៍ថា ពួកគាត់ចំនួន ១១៧គ្រួសារ
ត្រូវបានក្រុមហ៊ុនផានអ៊ីម៉ិច ឈូសកម្ទេចផ្ទះដើម្បីយកដី
កាលពីខែមករា ឆ្នាំ២០១២
ហើយនៅមិនទាន់ទទួលបានផ្ទះជាសំណងនៅឡើយទេ។ សព្វថ្ងៃនេះ
ពួកគាត់កំពុងរស់នៅប្រជ្រៀតគ្នាជាបណ្ដោះអាសន្ន
នៅក្រោមជណ្ដើរឡើងអាគារ និងខ្លះទៀត
រស់នៅក្រោមសំពត់តង់កៅស៊ូលើគំនរសំរាម។
អ្នករស់នៅក្រោមជណ្ដើរមួយរូប គឺលោក ពេជ្រ លឹមឃួន ថ្លែងថា
ពួកគាត់ត្រូវរស់នៅក្នុងភាពឯកោ
មិនទទួលបានការគិតគូរពីអាជ្ញាធររដ្ឋាភិបាលក្នុងមូលដ្ឋានឡើយ៖ «អ្វីៗ
ក៏គេមិនដែលធ្វើអន្តរាគមន៍
អ្វីក៏គេមិនដែលចុះសួរសុខទុក្ខពីប្រជាពលរដ្ឋដែលរងគ្រោះ។
ខ្ញុំជាម្ចាស់ឆ្នោត ខ្ញុំចង់និយាយថា
មុននឹងបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
គាត់បានសន្យានឹងពួកខ្ញុំថា គាត់នឹងដោះស្រាយ។ តែអង្ករមួយគីឡូ
ក៏គាត់មិនដែលអើពើជាមួយខ្ញុំដែរ
ខ្ញុំរស់ដោយសារដើរសុំទានអង្គការនានា
ដែលគេជួយខ្ញុំទេសព្វថ្ងៃនេះ។ ខ្ញុំមានផលប៉ះពាល់ផ្លូវចិត្ត»។
បញ្ហាជម្លោះដីធ្លីរវាងអ្នកបុរីកីឡាចំនួន ១១៧គ្រួសារ
និងក្រុមហ៊ុនផានអ៊ីម៉ិច
ជាបញ្ហាប្រទាញប្រទង់គ្នាអស់រយៈពេលជិតមួយឆ្នាំមកហើយ។
តាមកិច្ចព្រមព្រៀងអភិវឌ្ឍន៍នៅនឹងកន្លែង ក្រុមហ៊ុន ផានអ៊ីម៉ិច
ត្រូវសាងសង់អាគារចំនួន ១០ សម្រាប់អ្នករស់នៅក្នុងតំបន់នេះ។
មានអ្នករស់នៅមួយចំនួនធំបានទទួលផ្ទះហើយ លើកលែងតែអ្នករស់នៅ
១១៧គ្រួសារ។ កន្លងមកខាងក្រុមហ៊ុនលើកហេតុផលថា
អ្នកបុរីកីឡាដែលមិនទាន់បានផ្ទះទាំងនេះ ក្លែងបន្លំឯកសារ
ដើម្បីចង់បានផ្ទះដែលក្រុមហ៊ុនសាងសង់។ ក៏ប៉ុន្តែ
អ្នកដែលមិនទាន់បានផ្ទះអះអាងថា
ពួកគាត់មានឯកសារបញ្ជាប់ពីការរស់នៅទីនោះត្រឹមត្រូវ។ បញ្ហានេះ
បានបណ្ដាលឱ្យមានការតវ៉ា និងទាមទារផ្ទះ។ ក្រុមហ៊ុនសង់បានតែ ៨
អាគារទេ គឺនៅខ្វះ ២ អាគារទៀត។ អ្នកតវ៉ាឱ្យដឹងថា បញ្ហានេះហើយ
ដែលធ្វើឱ្យក្រុមហ៊ុនខ្វះសម្រាប់ផ្ដល់ឱ្យអ្នកសល់ទាំងនោះ។
ផ្ដើមចេញពីការតវ៉ារឿងដីធ្លីនេះ និងនៅបឹងកក់
តំណាងរបស់ពួកគាត់ ២រូប គឺអ្នកស្រី ទឹម សាក់មុន្នី និងអ្នកស្រី យ៉ោម
បុប្ផា ត្រូវចាប់ខ្លួនដាក់ពន្ធនាគារសព្វថ្ងៃនេះ។
នៅថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សព្រឹកមិញនេះ អ្នកបុរីកីឡា
និងបឹងកក់ទាមទារឱ្យតុលាការដោះលែងតំណាងទាំង ២រូបនោះវិញ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ថ្លែងថា
ការទាមទាររបស់អ្នកបុរីកីឡា ឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស
គឺជាការត្រឹមត្រូវ ពីព្រោះរដ្ឋាភិបាលបានទទួលស្គាល់
និងប្ដេជ្ញាគោរពសិទ្ធិមនុស្សតាមកតិកាសញ្ញាសិទ្ធិមនុស្សអន្តរជាតិ
ហើយ។
លោកបញ្ជាក់ថា ការចាប់អ្នកស្រី ទឹម សាក់មុន្នី និងអ្នកស្រី យ៉ោម
បុប្ផា ដាក់គុក គឺជាការរំលោភសិទ្ធិមនុស្ស
បើទោះជាការចាប់នោះមិនមែនជាករណីដីធ្លីក៏ដោយ
ក៏បញ្ហានេះផ្ដើមចេញរឿងដីធ្លី និងផ្ទះសម្បែង។
លោកថ្លែងបើតុលាការមានភាពយុត្តិធម៌
អ្នកទាំងពីរត្រូវបានចាប់ខ្លួនទេ៖ «ត្រូវតែមានកតព្វកិច្ចគោរព
ហើយត្រូវតែដោះស្រាយជូនប្រជាពលរដ្ឋនៅតំបន់បុរីកីឡា
ក៏ដូចជាតំបន់បឹងកក់ ឱ្យមានយុត្តិធម៌ និងតម្លាភាពសម្រាប់ពួកគាត់
អាចរស់នៅសមរម្យភាពជាមនុស្សឱ្យមានសេចក្ដីថ្លៃថ្នូរ»។
ទន្ទឹមនឹងការប្រារព្ធទិវាសិទ្ធិមនុស្សលើកទី ៦៤ នៅកម្ពុជា
គ្រួសាររបស់អ្នក ស្រី ទឹម សាក់មុន្នី
ជាសកម្មជនទាមទារដីធ្លីនៅបុរីកីឡា និងអ្នកស្រី យ៉ោម បុប្ផា
ជាសកម្មជនដីធ្លីនៅតំបន់បឹងកក់ ដែលត្រូវអាជ្ញាធរចាប់ខ្លួន
និងឃុំក្នុងពន្ធនាគារ ស្នើសុំឲ្យតុលាការដោះលែងឲ្យមានសេរីភាពវិញ
និងអះអាងថា
ពួកគាត់ទាំងពីរនាក់មិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។
សូមស្ដាប់សេចក្ដីរាយការណ៍បន្ថែមរបស់អ្នកនាង ទេព សុរ៉ាវី៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment