Saturday, December 15, 2012

លោក ស៊ូប៊ែឌី បន្តទាមទារឲ្យធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ បោះឆ្នោត និងពន្លឿនការអនុវត្តន៍កម្មវិធីផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី

លោក​សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា
ថ្ងៃទី 14 ធ្នូ 2012 | ដោយ: រតនា
Cambodia Express News

​ភ្នំពេញ: ​លោក​ សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ស្តីពី​ស្ថាន​ភាព​​សិទ្ធិមនុស្ស​​នៅ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១២ បាន​ធ្វើ​សន្និសីទ​កាសែត នៅពេល​បិទ​បញ្ចប់​បេសកកម្ម​រយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១២
ដោយលោកបានជំរុញឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​ផលប៉ះពាល់​លើ​សិទ្ធិ​ផ្តល់ដី​សម្បទានសេដ្ឋកិច្ច ព្រមទាំង​សម្បទាន​ដទៃទៀត​។​

លោក​ ស៊ូ​ប៊ែ​ឌី បាន​លើកឡើងថាបណ្តុំ​អនុសាសន៍របស់លោក គឺដើម្បី​ជួយ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ​នៅ​កម្ពុជា​។
​លោក ស៊ូ​ប៊ែ​ឌី បាន​បញ្ជាក់ថា នៅក្នុង​ដំណើ​ទស្សនកិច្ច​របស់​លោ​កម្ត​ងៗ គឺ​លោក​តែង​ជួបពិភាក្សា​ជាមួយ​ដៃគូ​ពាក់ព័ន្ធមន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដៃគូរ​អភិវឌ្ឍន៍ ដើម្បី​ផ្តល់នូវ​ដំណោះស្រាយ ចំពោះ​បញ្ហា​ប្រឈម​មួយចំនួន ខាង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​


​លោក​ ស៊ូប៊ែឌី បាន​មានប្រសាសន៍​បន្តថា កម្ពុជា​បន្ត​អនុវត្ត​បានប្រសើរ​លើ​សូចនាករ​ជាច្រើន ​ក្នុង​វិស័យសេដ្ឋកិច្ច គាំទ្រ​ស្ថិរភាព​នយោបាយ​។ ប្រទេស​កម្ពុជា ​ទំនងជា​កំពុង​ស្ថិតនៅ​លើផ្លូវ​មួយ ឈានទៅ​សម្រេច​ជោគជ័យ លើ​វិស័យ​មួយចំនួន នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​។​
​ជាមួយគ្នា​នោះដែរ​ លោក​ ស៊ូ​ប៊ែ​ឌី បានធ្វើការ​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុ​ជាព​ន្លឿ​ន ការអនុវត្ត​កម្មវិធី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ប្រកបដោយ​ភាពត្រឹមត្រូវ និង​តម្លាភាព ជូន​ប្រជាពលរដ្ឋ​។
លោក​បន្តថា “​វា​ជាការ​ពិតណាស់​កង្វល់​មាន​ច្រើន អំពី​ការអនុវត្ត​កម្មវិធី​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នេះ ដូចជា កង្វះ​តម្លាភាព ផលប៉ះពាល់ របស់​កម្មវិធី​នេះ​ទៅលើ​ជនជាតិ​ដើម​​ភាគតិច និង​អំពី​របៀប​ជ្រើសរើស​សហគមន៍ ដែល​ត្រូវ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ឲ្យ​តែ​កម្មវិធី​នេះ អាច​ផ្តល់​ឲ្យ​ម្ចាស់​ដី​ស្របច្បាប់ ទទួលបាន​កម្មសិទ្ធិ​ដីធ្លី របស់ខ្លួន​ស្របច្បាប់​នោះ វា​គែ​ជា​វឌ្ឍនភាព​មួយ​ដែល​ត្រូវ​ស្វាគមន៍​ហើយ​
លោក​បន្តទៀតថា លោក​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ដៃគូរ​នានាៗ​អំពី​សម្បទាន​ដី​សេដ្ឋកិច្ច និង​ដី​សម្បទាន​ដទៃទៀត ដែលជា​ប្រធានបទ​ចុងក្រោយ​របស់លោក​។ លោក​ក៏បាន​ជួបពិភាក្សា​ជាមួយ​អង្គការ​ដៃគូរ​នានា ដើម្បី​ផ្តោតលើ​ការស្វែងរក​ដំណោះ​ស្រាយមួយ​មាន​តុល្យភាព ចំពោះ​បញ្ហា​ទាំងឡាយ ដែល​ទាក់ទង​នឹង​សម្បទាន​ទាំង​នោះ​។​
លោក​ ស៊ូ​ប៊ែ​ឌី បាន​មានប្រសាសន៍​បន្តទៀតថា លោក​កំពុង​ព្យាយាម ​ធ្វើ​ការងារ​របស់​លោក ក្នុងនាម​អង្គការសហប្រជាជាតិ គឺ​ត្រូវ​ផ្តល់យោបល់​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា អំពី​អ្វី​ដែលជា​កាតព្វកិច្ច​របស់ខ្លួន ក្រោម​ច្បាប់​អន្តរជាតិ និង​ផ្តល់​ជា​មតិយោបល់ អំពី​មធ្យោបាយ​មួយ​ ដែល​ត្រូវអនុវត្ត​ត​ទៅមុខទៀត ក្នុងនាម​លោក ជា​អ្នកជំនាញ​ច្បាប់​ឯករាជ្យ របស់​អង្គការសហប្រជាជាតិ​។​
​លោក ស៊ូ​ប៊ែ​ឌី បាន​មានប្រសាសន៍​បន្តថា ចំណុច​ដែល​លោក​ចង់បញ្ជាក់​នោះ គឺថា​ប្រទេស​​កម្ពុជា មាន​គោលនយោបាយ​មួយ​ ​រួចទៅហើយ ក្នុងការ​បន្ត​ដំណើរ​​នៅលើ​ផ្លូវ​មួយ​ឆ្ពោះទៅកាន់​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ​ពិតប្រាកដ និង​គោរព​សិទ្ធិមនុស្ស​កាន់តែ​រឹងមាំ​។ ដោយហេតុនេះ បញ្ហា​សិទ្ធិមនុស្សទាំងឡាយ ​ដែល​លោក​បានលើកឡើង ក្នុង​របាយការណ៍​នេះ ​មិនយូរ​មិនឆាប់ និង​ត្រូវ​ដោះស្រាយ នៅពេល​ណាមួយ​ជាមិនខាន តែ​ទោះជា​យ៉ាងណា​លោក​ស៊ូ​ប៊ែ​ឌី នៅតែ​គោរព​ទាំងស្រុង ចំពោះ​អធិបតេយ្យភាព និង​សមត្ថកិច្ច​របស់​រាជរ​ដ្ឋា​ភិ​បាល នៃ​ប្រទេស​កម្ពុជា ក្នុងការ​សម្រេច​ចិត្ត​ ​ដើម្បី​ផលប្រយោជន៍​ជាតិ​។​
លោក​ ស៊ូ​ប៊ែ​ឌី បានបញ្ជាក់​បន្តថា បេសកកម្ម​របស់លោក​នៅពេលនេះ បាន​ផ្តោត​សំខាន់​​លើ​បញ្ហា​សិទ្ធិមនុស្ស បញ្ហា​ទាក់ទង​នឹង​ការបោះឆ្នោត និង​ជាថ្មី​ម្តងទៀត​នោះ លោក​បាន​ផ្តោត​ការយកចិត្តទុកដាក់ ចំពោះ​កំណែទម្រង់​នៃ​ការបោះឆ្នោត ដែល​​ត្រូវ​ដាក់​ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស កាលពី​ខែកញ្ញា ឆ្នាំ​២០១២ រួច​ម្តង​ហើយ​។
លោក ស៊ូប៊ែឌី ក៏បានជំរុញ​ឲ្យ​គ្រប់ភាគី​ទាំងអស់ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដើម្បី​ធានា​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី យុត្តិធម៌ និង​សន្តិវិធី ហើយ​លោក​ក៏​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូ​ប​អនុវត្ត​សិទ្ធិ​របស់ខ្លួន ដោយ​ការទទួលខុសត្រូវ និង​គោរព​សិទ្ធិ​របស់​អ្នក​ដ​ទៃ​ឲ្យ​បាន​ត្រឹមត្រូវ នៅពេល​អនុវត្ត​សិទ្ធិ​របស់ខ្លួន​។​
លោក​ ស៊ូ​ប៊ែ​ឌី ក៏បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ជាខ្លាំង​អំពីសេរីភាព​ក្នុងការ​បញ្ចេញមតិ​នៅក្នុង​ប្រទេស​កម្ពុជា​។ មាន​ករណី​មួយចំនួន​ទាក់ទង​នឹង​ការគំរាមកំហែង ការធ្វើ​ទុក្ខ​បុក​ម្នេញ​ ដល់​អ្នក​ដែល​បំពេញការងារ ក្នុង​វិស័យ​ព័ត៌មាន និង​តស៊ូ​មតិ​ផ្នែក​សិទ្ធិមនុស្ស​។ ការប្រើ​ច្បាប់​ស្តីពី “​ការ​ញុះញង់​ហួសហេតុ ហាក់បីដូចជា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ រើខ្លួន​ដោយ​ខ្លួនឯង​។​

​សូមបញ្ជាក់ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី នៅ​កម្ពុជា​នោះ លោកបានធ្វើ​ដំណើរ​ជួប​ប្រាស្រ័យ​ ជាមួយ​ជាមួយ​ក្រុម​ជនរងគ្រោះ ដោយ​អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស ជួប​ដៃគូ​ស​ន្ទា​នានា រួមមាន មន្ត្រី​សង្គម​ស៊ីវិល និង​សមាជិក​​សភា និង​សហគមន៍​អង្គទូត​បរទេស នានា នៅ​កម្ពុជា និង​បាន​ជួប​ប្រាស្រ័យ​ជាមួយ​លោក ​ម៉ម សូណង់ដូ ក្នុង​ពន្ធនាគារ ដោយ​គ្មាន​ការរារាំង​ដំណើ​រ​របស់លោក​ឡើយ​។
ក្នុង​សន្និសីទកាសែត នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១២ នៅពេល​បិទ​បញ្ចប់​បេសកកម្ម រយៈពេល​មួយ​សប្តាហ៍ ចាប់ពី​ថ្ងៃ​ទី​៨​ធ្នូ លោក ស៊ូ​ប៊ែ​ឌី បានប្រកាសថា អាណត្តិ​ការងារ​សំខាន់ ដែល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ប្រគល់ឲ្យ​លោក គឺ​ការឃ្លាំមើល​ស្ថានភាព​សិទ្ធិមនុស្ស នៅក្នុង​ប្រទេសកម្ពុជា និង​រាយការណ៍​ជា​សាធារណៈ​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្សអង្គការសហប្រជាជាតិ វិញ​។
លោក ស៊ូ​ប៊ែ​ឌី ជឿជាក់ថា ការសន្ទនា គឺជា​មធ្យោបាយ​មួយ​ដ៏​សំខាន់ដើម្បីភាព ចំរើនឆ្ពោះទៅមុខ ហើយ​លោក​បាន​បញ្ជាក់​ម្តង​ហើយ​ម្តងទៀត​អំពី​សារៈសំខាន់ នៃ​ការសន្ទនា​នេះ ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ហើយ​ជា​ពិសេស​ជាមួយរដ្ឋាភិបាល​
លោក ស៊ូ​ប៊ែ​ឌី អះអាងថា លោក​បាន​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​សន្ទនា ក្នុងន័យ​ស្ថាបនា ក្នុង​ការបំពេញ​អាណត្តិ​ការងារ​របស់​លោក ហើយ​នឹង​បន្ត​ធ្វើ​ដូចនេះ​តទៅទៀត​។ គោលដៅ​របស់​លោក គឺ​ការផ្តល់​ប្រឹក្សា​យោបល់ សម្រាប់​អនាគត នៃ​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព ប្រជាធិបតេយ្យ ស្ថិរភាព និង​និរន្តរភាព ហើយ​អនុសាសន៍​របស់​លោក ធ្វើឡើង ដើម្បី​ផ្តល់ជូន​ជា​ដំណោះស្រាយ ចំពោះ​បញ្ហា​ប្រឈម​មួយចំនួន​ខាង​សិទ្ធិមនុស្ស ក្នុង​ប្រទេស​នេះ​។​

លោក ស៊ូ​ប៊ែ​ឌី ក៏​បាន​សម្តែង​ការសោកស្តាយ​ជាខ្លាំង ដែល​លោក​មិនបាន​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ដៃគូ​ពិភាក្សា ក្នុង​ជួរ​រដ្ឋាភិបាល​នាពេលនេះ​អ្នករាយការណ៍​ពិសេស ក៏​បាន​ប្រកាសថា លោក​មិន​ដឹង​ច្បាស់​ទេ​ថា ហេតុអ្វី​បានជា​ស្ថានភាព​ទំនាក់ទំនង​រវាង​លោក និង​រដ្ឋាភិបាល កើតឡើង​យ៉ាង​ដូច្នេះ ហើយ​តើ​មក​ពី​ហេតុអ្វី​?​
លោក ស៊ូ​ប៊ែ​ឌី ក៏​បាន​បង្ហាញ​ការភ្ញាក់ផ្អើល​ ដោយ​បាន​ឮ​ប្រតិកម្ម ចំពោះ​អនុសាសន៍​មួយចំនួន​របស់​លោក​។ តែ​លោក​អរគុណ​រដ្ឋាភិបាល ដែល​បាន​អញ្ជើញ​រូបលោក មក​ប្រទេស​កម្ពុជា និង​មិន​ធ្វើឲ្យ​មាន​ការរាំងស្ទះ​ដំណើររប​ស់​លោក ជួប​នឹង​ជនរងគ្រោះ ដោយ​អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស​។​
​ក្នុង​ដំណើរការ​បេសកកម្ម​លើក​នេះ លោក ស៊ូ​ប៊ែ​ឌី បាន​សំរេចចិត្ត ផ្តោត​លើ​ការឃ្លាំមើល​ស្ថានភាព​សិទ្ធិមនុស្ស នៅ​កម្ពុជា និង​តាមដាន​ការអនុវត្ត​អនុសាសន៍​ទាំងឡាយ ដែល​មាន​នៅក្នុង​របាយ​ការណ៍​លើក​មុនៗ របស់លោក​។​
​ចាប់តាំងពី​ទទួលបាន​ការតែងតាំង​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ក្នុង​ខែ​មីនា ឆ្នាំ​២០០៩ លោក ស៊ូ​រិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី បាន​ធ្វើ​របាយការណ៍​សំខាន់​ធំៗ​ចំនួន​បួន ដោយ​បាន​ធ្វើ​ការវិភាគ​ជា​លំអិត​អំពី​ស្ថានភាព​សិទ្ធិមនុស្ស និង​បញ្ហា​ប្រឈម ដែល​ប្រទេស​កម្ពុជា ជួបប្រទះ ទាក់ទង​នឹង​ការការពារ និង​ការលើកស្ទួយ​សិទ្ធិមនុស្ស​។
​របាយការណ៍​ប្រចាំឆ្នាំ​របស់​លោក ស៊ូ​ប៊ែ​ឌី ដាក់​ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​ផ្តោតជាសំខាន់​លើ​ប្រព័ន្ធ​យុតិ្ត​ធម៌ រដ្ឋសភា និង​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​ផលប៉ះពាល់​លើ​សិទ្ធិ​មនុស្ស ដោយ​សម្បទាន​គោលដៅ​សេដ្ឋកិច្ច និង​សម្បទាន​ដទៃ​ផ្សេង​ទៀត​៕​

1 comment:

Anonymous said...

ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ពួកហ៊ុនសែនបានប្លន់យកតាំងពីឆ្នាំ១៩៩៧ម៉្លេះ។
ចូរអានកំណាព្យនេះ៖
ថ្ងៃ៥-៦កក្កដា១៩៩៧ (បទកាកគតិ)
ធ្វើរដ្ឋប្រហារ រៀបចំផែនការ កំចាត់ពួកស្តេច
កំចាយអ្នកខ្លាំង ទើបបានសំរេច រៀបចំឲ្យស្រេច
មុនពេលបោះឆ្នោត។
ដាក់សុទ្ធគ្នាអញ ធ្លាប់បានស៊ីឆ្ងាញ់ បំផ្លាញអ្នកឆោត
ឆ្នៃតាមតែចិត្ត មិនឲ្យរបូត អ្នកកាន់ចង្កូត
ស្រុកខ្មែរគឺអញ ។
ហ៊ុនសែនជាស៊ីម នៅតែញញឹម កៅអីលឿងខ្លាញ់
លក់តទៅទៀត ដីឈើត្រីអញ រួចឆ្នៃប្រវញ្ញ
រកក្បាលខ្លឹមៗ ។
ចាប់ពង្រាត់មនុស្ស ឆក់ប្លន់ស្រស់ៗ កុំអស់សង្ឃឹម
មានហុកឡងឌី រៀបចំតំរឹម ច្រឹបឲ្យស្មើត្រឹម
កុំឲ្យលូតបាន ។
ពួកក្រោមបង្គាប់ រកតាមលំដាប់ ដើរតាមលំអាន
ជិះជាន់អ្នកក្រ អារកអ្នកមាន ប្រមូលលុយឡាន
ជាស្ពានពួកយើង ។
បក្សប្រជាជន មុខក្រាស់លោភលន់តោងបុណ្យដូចឈ្លើង
ជញ្ជក់ឈាមរាស្ត្រ វិនាសចូលភ្លើង ប្រឹងច្បាមខ្លាំងឡើង
តំកើងសាច់ញាតិ ។
ពួកប្រជាជន ពូកែឆក់ប្លន់ លួចលក់ទ្រព្យជាតិ
តាំងពីកំពូល រហូតដល់បាត លាងគូដមិនស្អាត
ដើរប៉ាតគូដគេ ។
ថ្ងៃ ២៤ កញ្ញា ១៩៩៧
ស.យ.មករា