ដោយ អ៊ុក សាវបូរី 2012-12-19 RFA
ប្រជាពលរដ្ឋច្រើនរយគ្រួសារនៅក្នុងស្រុកឈូក ខេត្តកំពត
ដែលមិនទាន់បានប្លង់កម្មសិទ្ធិដី
បានទាមទារឲ្យក្រុមយុវជនស្ម័គ្រចិត្ត
ចុះវាស់ដីឲ្យពួកគាត់នៅក្នុងឃុំតាកែន ឃុំត្រពាំងភ្លាំង
និងឃុំមួយចំនួនទៀត។ ដីដែលមិនទាន់វាស់នោះ
បានពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ច។
ក្រុមប្រឹក្សាស្រុកឈូក ខេត្តកំពត អះអាងថា
ដីដែលរដ្ឋសម្បទានឲ្យក្រុមហ៊ុននានាវិនិយោគ
ហើយមានទំនាស់ជាមួយអ្នករស់នៅផ្ទាល់
ភាគច្រើនជាដីអតីតខ្មែរក្រហមបានរស់នៅ។ ដីទាំងនោះ
ក្រុមយុវជនស្ម័គ្រចិត្តបានបដិសេធចុះវាស់
និងមិនអាចចេញប្លង់កម្មសិទ្ធិឲ្យអ្នកស្រុកទេ។
ការអះអាងនេះ បានធ្វើឡើងនៅរសៀលថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១២
ក្រោយពីមានកិច្ចប្រជុំស្ដីពីការផ្តល់កម្មសិទ្ធិដីជូនពលរដ្ឋនៅ
ក្នុងស្រុកឈូក។
លោក ប៉ែន ស៊ុយរីតា ក្រុមប្រឹក្សាស្រុកឈូក បន្តថា
ដីនៅក្នុងឃុំតាកែន ឃុំត្រពាំងភ្លាំង និងឃុំល្បើក
តិចតួចដែលមុនការបង្រួបបង្រួមជាតិឆ្នាំ១៩៩៤
ជាដីដែលយោធាខ្មែរក្រហមបានរស់នៅ។
ប្រមុខរដ្ឋាភិបាលបានឲ្យមេយោធាខ្មែរក្រហមចែកដីនោះឲ្យកូនចៅគេ
រស់នៅ។ ក្រោយមក
ដីនោះក្រសួងរបស់រដ្ឋបានផ្តល់ឲ្យទៅក្រុមហ៊ុនវិនិយោគ
ទើបកើតជម្លោះដណ្ដើមដីរវាងក្រុមហ៊ុន
និងប្រជាពលរដ្ឋអ្នករស់នៅលើដីផ្ទាល់៖ «បញ្ហាដីធ្លីនេះ ដោះស្រាយបានតែ ១ភាគទេ នៅច្រើនភាគទៀតដែលមិនទាន់ដោះស្រាយនៅធ្វើការមិនចេញ»។
លោក ប៉ែន ស៊ុយរីតា បន្ថែមថា ដីដែលអតីតខ្មែរក្រហមរស់នៅ
និងកាន់កាប់ គឺឃុំត្រពាំងភ្លាំង ឃុំតាកែន
ដែលក្រុមយុវជនស្ម័គ្រចិត្តមិនទាន់វាស់ដីដើម្បីផ្តល់កម្មសិទ្ធិ
ឲ្យទាំងអស់នៅឡើយ។
អ្នកភូមិជ័យសេនា ឃុំតាកែន តំបន់ស្ទឹងទាញ លោក ធី រីម ថ្លែងថា
មេយោធាខ្មែរក្រហមចែកដីឲ្យគាត់ប្រមាណ ៤ហិកតារ។ អំឡុងឆ្នាំ២០០០
គាត់កាប់ឆ្ការដាំពោត និងសង់ផ្ទះរស់នៅ
ប៉ុន្តែដីគាត់បែរជាពាក់ព័ន្ធកម្មសិទ្ធិដីក្រុមហ៊ុន ចាន់ សុធា
ទើបក្រុមយុវជនស្ម័គ្រចិត្តមិនវាស់ធ្វើប្លង់ដីឲ្យទេ។
លោកសុំឲ្យរដ្ឋាភិបាលជួយដោះស្រាយរឿងដីធ្លីឲ្យគាត់ផង៖ «នៅតែ
វាស់អីចឹង តែគ្រាន់តែខាងខ្ញុំជ័យសេនា ហ្នឹង អត់ឃើញយុវជនហ្នឹង
ចុះមកវាស់ខាងខ្ញុំផង ចុះទៅវាស់តែខាងត្រពាំងភ្លាំង»។
លោក នួន ថន ថ្លែងថា ដីគាត់ទំហំប្រមាណ ៣ហិកតារ នៅក្នុងស្ទឹងទាញ
ផ្នែកខាងត្បូងស្ទឹង កំពុងប្រទាញប្រទង់ជាមួយក្រុមហ៊ុន ចាន់ សុធា ដែរ។
យុវជនស្ម័គ្រចិត្តក៏មិនទាន់វាស់ដីឲ្យដែរ៖ «សម័យសមាហរណកម្មមេប្រចាំទិស លោក វ៉ាន់ ថន ហ្នឹង គាត់អ្នកបែងចែកឲ្យប្រជាពលរដ្ឋ អ្នកអត់ដីអត់អីចឹងនៅ»។
មេភូមិជ័យសេនា លោក ចន អេង ថ្លែងថា
អ្នកភូមិដែលរស់នៅខាងជើងស្ទឹងទាញ
ក្រុមយុវជនស្ម័គ្រចិត្តកំពុងវាស់ ឯនៅខាងត្បូងស្ទឹងទាញ
ក៏នឹងវាស់ដែរ ព្រោះដីនោះពលរដ្ឋរស់នៅយូរហើយ៖ «អីចឹងឥឡូវនេះ នៅវាស់ត្រពាំងក្តី ភូមិខ្ពប ខាងត្បូងជ័យសេនា ហើយដល់ហើយពីខ្ពប ទៅចូលដល់ត្រពាំងក្តី ប្រដេញទៅជើងហើយ»។
អភិបាលស្រុកឈូក លោក ខឹម ហម ថ្លែងថា
ទោះជាមានបញ្ហាដីធ្លីកើតឡើងខ្លះក៏ដោយ
ក៏អាជ្ញាធរនៅតែខិតខំជួយឲ្យពលរដ្ឋទទួលបានកម្មសិទ្ធិដី។ លោកថា
បច្ចុប្បន្ន ប្រជាពលរដ្ឋស្រុកឈូក
បានទទួលប្លង់កម្មសិទ្ធិពីប្រមុខរដ្ឋាភិបាលកាលពីខែមុនច្រើនរយ
គ្រួសារ
ហើយអាជ្ញាធរកំពុងខិតខំឲ្យពលរដ្ឋច្រើនឃុំទៀតទទួលបានប្លង់
កម្មសិទ្ធិក្នុងចុងខែធ្នូ នេះ៖ «ឥឡូវ កំពុងធ្វើអនុប្បយោគបន្តៗបានជាង៦០០»។
ក្រុមប្រឹក្សាស្រុកឈូក លោក ប៉ែន ស៊ុយរីតា ថ្លែងថា ក្នុងស្រុកឈូក
មានក្រុមហ៊ុនដែលកំពុងកាន់កាប់ដីច្រើនពាន់ហិកតារ
គឺក្រុមហ៊ុនខេមទ្រី ខបភើរេសិន (Kem tri corporation) ក្រុមហ៊ុនសូ ងួន
ក្រុមហ៊ុនចាន់ សុធា និងឈ្មួញទិញដី ប៉ាក ហេងយ៉ុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment