Monday, December 17, 2012

សង្គម​ស៊ីវិល​បន្ត​អំពាវនាវ​ឲ្យ​ដោះលែង​សូណង់ដូ

លោក ម៉ម សូណង់​ដូ នៅសា​លា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​សុក្រ​។ រូបថត ជីវ័ន

Monday, 17 December 2012ឃុត សុភ​ច​រិយា  www.postkhmer.com
ភ្នំពេញៈ គណៈ​កម្មាធិការ​ប្រព្រឹត្តិកម្ម និង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ទៀត ដែល​កំពុង​តាម​ដាន​យ៉ាង​ដិត​ដល់​ ចំពោះ​រឿង​ក្តី​ដ៏​ចម្រូង​ចម្រាស របស់​លោក​ម៉ម សូណង់ដូ បាន​អំពាវនាវ​​ដល់​រដ្ឋាភិបាល​ និង​តុលាការ​កំពូល​កម្ពុជា ឲ្យ​បដិសេធ​សាលក្រម​របស់​សាលា​ដំបូង ​ដែល​បាន​សម្រេច​ផ្តន្ទាទោស លោក ម៉ម សូណង់ដូ ឲ្យ​ជាប់​ពន្ធនាគារ​២០​ឆ្នាំ បន្ទាប់​ពី​សាលា​ឧទ្ធរណ៍ បាន​ច្រាន​ចោល​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ របស់​ប្រធាន​វិទ្យុ​ឯករាជ្យ​មួយ​នេះ កាល​ពី​ថ្ងៃ​សុក្រ។
នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ កាល​ពី​ថ្ងៃ​សុក្រ គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម ដែល​រួម​បញ្ចូល​គ្នា​ ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​២១​ បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក​ម៉ម សូណង់ដូ ថា​ជា​ការ ចោទ​ដោយ​ភ្ជាប់​ទៅ​នឹង​ករណី​នយោបាយ ហើយ​ថា​ សាលដីកា​របស់​សាលា​ឧទ្ធរណ៍​«ខ្វះ​មូលដ្ឋាន​ច្បាប់​ និង​សំអាង​ហេតុ​មិន​គ្រប់គ្រាន់​ដោយ​តុលាការ​ខក​ខាន​មិន​ពិចារណា ​លើ​សារណា ដែល​បង្ហាញ​ដោយ​មេធាវី​ការពារ​ក្ដី របស់​លោក​ ម៉ម សូណង់ដូ»។ សេចក្ដី​ថ្លែងការណ៍​បន្ត​ថា៖​«​ជុំវិញ​ករណី​នេះ​ យើង​ក៏​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ជ្រៀត​ជ្រែក​នយោបាយ​ចូល​លាយ​ឡំ​នឹង ការ​សម្រេច​របស់​តុលាការ​ផង​ដែរ»។

ក្រុម​អង្គ​ការ​សង្គម​ស៊ី​វិល​ទាំង ​ នេះ បាន​អំពាវ​នាវ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​តុលាការ​ជាន់​ខ្ពស់​របស់​កម្ពុជា បដិសេធ​សាលក្រម​របស់​សាលា​ដំបូង​ ដែល​បាន​សម្រេច​ផ្ដន្ទាទោស​លោក​សូណង់ដូ ដើម្បី​ឲ្យ​គាត់​មាន​សេរីភាព​ឡើង​វិញ​ និង​បន្ត​រួម​ចំណែក​ការងារ​របស់​គាត់ ​ក្នុង​ការ​ជួយ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស នៅ​ក្នុង​ប្រទេស​កម្ពុជា។
លោក​អ៊ូ វីរៈ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិម​នុស្ស​កម្ពុជា ​បាន​លើក​ឡើង​ថា មិន​ត្រឹម​តែ​ក្រុម​គ្រួសារ​របស់​លោក​ម៉ម សូណង់ដូ ប៉ុណ្ណោះ​ទេ​ដែល​រង​ការ​ឈឺចាប់ ដោយ​សារ​ការ​ដាក់​ពន្ធនាគារ​ដ៏​អយុត្តិធម៌​នេះ។ លោក​ថ្លែង​ថា​៖«​ការ​សម្រេច​ក្តី​ទាក់ទង​នឹង​ប្រព័ន្ធ​តុលាការ​ពុករលួយ​នឹង​ ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាន់​តែ​អាក្រក់​»។
យ៉ាង ណា​ក្តីលោក​ទិត សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី បាន​ថ្លែង​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នោះ កំពុង​ភ្លេច​ភារកិច្ច​របស់​ខ្លួន​ ហើយ​ក៏​កំពុង​តែ​ជាន់​ឈ្លី​ ទៅ​លើ​ស្ថាប័ន​តុលាការ​ផង​ដែរ​។ លោក​បាន​បញ្ជាក់​ថា​៖​«តុលាការ បាន​សម្រេច​ដោយ​យុត្តិធម៌ តើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នោះ ​ចង់​ឲ្យ​មាន​ស្ថាប័ន​តុលាការ​ឬ​ក៏​ឲ្យ​ប្រទេស​អត់​ច្បាប់។ អ្វី​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ធ្វើ​នោះ ​គឺជា​ការ​ជ្រៀតជ្រែក​ការងារ​របស់​មេធាវី​ជន​ជាប់​ចោទ​»។
សាលា​ ឧទ្ធរណ៍​ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ បាន​ច្រាន​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​ របស់​លោក​សូណង់ដូ ដោយ​សំអាង​ថា​ ករណី​លោក​សូណង់ដូ ធំ និង​ធ្ងន់ធ្ងរ​ពេក។
នៅ ​ក្នុង​បន្ទប់​សវនាការ​លោក សូណង់​ដូ បាន​លើក​ឡើង​ពី​ភាព​មិន​គេច​វេះ​របស់​លោក ក្នុង​ការ ​មក​តទល់​តាម​ផ្លូវ​ច្បាប់ ដោយ​សុខ​ចិត្ត​ជិះ​យន្ត​ហោះ​ពី​ក្រៅ​ប្រទេស​ដើម្បី​ត្រឡប់​មក​មាតុ​ប្រទេស ​វិញ ​បើ​ទោះ​បី​ជា​ដឹង​ថា​ លោក​​ ត្រូវ​បាន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​អបគមន៍​ក្ដី ដែល​ការ​​ថ្លែង​នេះ ដើម្បី​គាំទ្រ​ដល់​ការ​សុំ​អនុញ្ញាត​នៅ​ក្រៅ​ឃុំ​​បណ្ដោះ​អាសន្ន​របស់ លោក​។ លោក​ថ្លែង​ថា៖ «​ករណី​នេះ​ កើត​ឡើង​នៅ​ពេល​ខ្ញុំ​កំពុង​រស់​នៅ​ក្នុង​ប្រទេស​បារាំង ហើយ​ខ្ញុំ​មិន​បាន​ដឹង​ពី​អ្វី​ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ។ បើ​សិន​ជា​ខ្ញុំ​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​នេះ​មែន នោះ​ខ្ញុំ​នឹង​មិន​ល្ងង់​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ឡើយ»។ លោក​ ម៉ម សូណង់ដូ ដែល​បច្ចុប្បន្ន​មាន​វ័យ ​៧២​ ឆ្នាំ​ និង​ដែល​កំពុង​មាន​បញ្ហា​ខាង​ផ្នែក​សុខភាព​បន្ត​ថា៖ «​ក្នុង​អំឡុង​ពេល​ប្រមាណ​៥ ខែ ដែល​ខ្ញុំ​ត្រូវ​បាន​ឃុំ​ក្នុង​ពន្ធនាគារ​ ខ្ញុំ​បាន​ស្រក​ទម្ងន់​អស់​៥​គីឡូក្រាម​»។
ទោះ​ជា​បែប​ណា​ក្ដី សេចក្ដី​អះអាង​របស់ ម៉ម សូណង់ដូ មិន​បាន​ធ្វើ​ឲ្យ​លោក ឃុន លាង​ម៉េង ប្រធាន​ក្រុម​ចៅ​ក្រម​ជំនុំ​ជម្រះ សាលា​ឧទ្ធរណ៍ ចាប់​អារម្មណ៍​ឡើយ។​
ដោយ ​សំអាង​ទៅ​លើ​ហេតុ​ផល​សន្តិសុខ លោក ឃុន លាង​ម៉េង បាន​សម្រេច​ច្រាន​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក សូណង់​ដូ បើ​ទោះ​ជា​មេធាវី​ការពារ​ក្ដី​របស់​គាត់ ព្យាយាម​លើក​ឡើង​នូវ​ហេតុ​ផល​ជា​ច្រើន រួម​ទាំង​ការ​ស្នើ​សុំ​ឲ្យ​ដាក់​ឃុំ​នៅ​ក្នុង​ផ្ទះ​ជំនួស​វិញ​ដោយ​​ហាម​ ប្រាម​មិន​ឲ្យ​ជួប​និយាយ​ស្ដី​ ជា​មួយ​សាធារណជន​ក៏​ដោយ​។​
លោក ឃុន លាងម៉េង បាន​ពន្យល់​ពី​សេចក្ដី​សម្រេច​បដិសេធ​របស់​លោក​ថា៖«ដោយ​ខ្លាច​ក្រែង​ជន​ សង្ស័យ [លោក​ម៉ម សូណង់ដូ​]អាច​នឹង​ដាក់​សម្ពាធ​ លើ​សាក្សី ហើយ​អាច​បង្ក​ឲ្យ​ខូច​សណ្ដាប់​ធ្នាប់​សាធារណៈ»។
ការ​សម្រេច​នេះ​ បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​គាំទ្រ លោក​ ម៉ម សូណង់ដូ មាន​ការ​ខក​ចិត្ត និង​ពុះ​កញ្ជ្រោល​ កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត។
អ្នក ស្រី គឹម សារី អាយុ ​៥៤​ ឆ្នាំ​ ដែល​ខំ​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ក្រចេះ ​បាន​ថ្លែង​ថា សាលា​ឧទ្ធរណ៍​គួរ​តែ​យល់​ច្បាស់​អំពី​ភាព​ស្មោះ​ត្រង់​របស់​លោក​សូណង់ដូ ដែល​បាន​សម្រេច​ចិត្ត​​វិល​ត្រឡប់​មក​ប្រឈម​មុខ​ចំពោះ​ផ្លូវ​ច្បាប់។ អ្នក​ស្រី​បន្ត​ថា​៖​ «សាលា​ឧទ្ធរណ៍ គួរ​តែ​ដោះលែង​គាត់​ឲ្យ​នៅ​ក្រៅ​ឃុំ»។
ភរិយា ​លោក សូណង់ដូ អ្នក​ស្រី ឌិន ផាណារ៉ា បាន​ថ្លែងថា៖«ខ្ញុំ​មាន​ការ​ខក​ចិត្ត​ចំពោះ​សាលា​ឧទ្ធរណ៍​។ តែ​ទោះ​ជា​បែប​ណា​ក្តី ខ្ញុំ​នៅ​តែ​មាន​ក្តី​សង្ឃឹម ​និង​ជឿ​ជាក់​ថា ប្តី​ខ្ញុំ នឹង​មាន​សេរីភាព​ឡើង​វិញ នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ»។
លោក ស សូវាន មេធាវី​ការពារ​ក្តី​លោក​ ម៉ម សូណង់​ដូ បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ដែរ​ថា សវនាការ​នៅ​ថ្ងៃ​សុក្រ មិន​មែន​ជា​ការ​សើរើ​រឿង​ក្តី​កូន​ក្តី​របស់​លោក​ទេ សវនា​ការ​នេះ​ គឺ​ធ្វើ​ឡើង​សម្រាប់​ការ​ស្នើ​សុំ​ឲ្យ​កូន​ក្តី​របស់​លោក បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ។ លោក​ថ្លែង​ថា៖«សវនាការ​នេះ គឺ​ខ្ញុំ​សុំ​ឲ្យ​លោក​ សូណង់ដូ បាន​នៅ​ក្រៅ​ឃុំ ទម្រាំ​សាលា​ឧទ្ធរណ៍​ធ្វើ​ការ​ជំនុំ​ជម្រះ ព្រោះ​កូន​ក្តី​ខ្ញុំ​ហ្នឹង គាត់​មាន​ជំងឺ​»។ លោក​បន្ថែម​ថា​៖​«​ឥឡូវ​នេះ ​ខ្ញុំ​បាន​ធ្វើ​បណ្តឹង​សារ​ទុក​ស្តី​ពី​ការ​សុំ​នៅ​ក្រៅ​ឃុំ​នេះ​ ទៅ​តុលាការ​កំពូល​ហើយ​ហើយ​តុលាការ​កំពូល គេ​នឹង​ពិនិត្យ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​នេះ»។
នៅ​ជុំវិញ​បរិវេណ​សាលា​ ឧទ្ធរណ៍ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ ក្រុម​សមត្ថកិច្ច​ចម្រុះ​រាប់​រយ​នាក់ ​ប្រដាប់​ដោយ​ខែល ដំបង​ឆក់ និង​ឡាន​ពន្លត់​អគ្គិភ័យ​ បាន​ធ្វើ​ការ​បិទ​ផ្លូវ ​រារាំង មិន​ឲ្យ​ក្រុម​អ្នក​គាំទ្រ​លោក សូណង់ដូ បាន​ចូល​មក​កៀក​សាលា​ឧទ្ធរណ៍​ឡើយ។
បន្ទាប់​ពី​លោក សូណង់ដូ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ឃុំ​ខ្លួន​ ក្នុង​ពន្ធនាគារ​វិញ ភ្លាមៗ​នោះ​ ក្រុម​អ្នក​គាំទ្រ​បាន​នាំ​គ្នា​​ទៅ​កាន់​ការិយាល័យ​ឧត្តម​ស្នង​ ការ​សិទ្ធិ​មនុស្ស អង្គការ​សហ​ប្រជាជាតិ ដើម្បី​អំពាវ​នាវ​សុំ​ការ​ជួយ​ជ្រោម​ជ្រែង​ពី​លោក​សូរិយា​ស៊ូប៊ែរឌី។ នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​លោក​ សូណង់ដូ និង​សមត្ថកិច្ច លោក ស៊ូប៊ែរឌី បាន​ថ្លែង​តាម​ឧគ្ឃោសន​សព្ទ​ថា៖«ខ្ញុំ​មិន​យល់​ទាល់​តែ​សោះ​អំពី​សេចក្ដី សម្រេច​របស់​តុលាការ​នេះ»។
លោក ម៉ម សូណង់ដូ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ១៥ កក្កដា បន្ទាប់​ពី​លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​ចាប់​ខ្លួន ដោយ​ចោទ​ថា លោក​គឺជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង ក្រុម លោក ប៊ុន រដ្ឋា ដែល​អាជ្ញាធរ​ចោទ​ថា ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍ នៅ​ភូមិ​ប្រមា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។ ​កាល​ពី​ថ្ងៃ​ទី០១ ខែ​តុលា​ ឆ្នាំ​នេះ សាលា​ដំបូង​រាជធានី បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ លោក​សូណង់ដូ ដាក់​ពន្ធនាគារ​២០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១០​លាន​រៀលពី​បទ​ផ្ដើម​គំនិត​ប្រឆាំង​អ្នក​រាជការ​ សាធារណៈ ផ្តើម​ធ្វើ​កុបកម្ម​ ជ្រៀត​ជ្រែក​ខុស​ច្បាប់​នៅ​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ ញុះ​ញង់​ឲ្យ​ប្រជា​ពលរដ្ឋ​ កាន់​អាវុធ​ខុស​ច្បាប់ និង​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់ ដែល​មាន​ចែង​ក្នុង​មាត្រា មួយ​ចំនួន​នៃ​ក្រម​ព្រហ្មទណ្ឌ។ យ៉ាង​ណា​ក្តី អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរ​ជាតិ រួម​ទាំង​ប្រទេស​មហា​អំណាច​មួយ​ចំនួន​បាន​ហៅ​ការ​ផ្តន្ទាទោស​លោក​សូណង់ ដូ ថា ជា​រឿង​នយោបាយ និង​បាន​អំពាវ​នាវ​ឲ្យ​ដោះ​លែង​ជា​បន្ទាន់៕

2 comments:

Anonymous said...

ហេតុអ្វី ស្ទើរតែគ្រប់មជ្ឈដ្ឋាន ចង់ឱ្យមានការដោះ
លែង លោក ម៉ម សូណង់ដូ ចេញពីគុក?
វាជារឿងឆាកកំប្លែង របស់យួន ឬ ក៏ ជារឿងពិត
ដូចដែលក្រុមអាយ៉ងបានចោទប្រកាន់?

Anonymous said...

លោកទិត សុធា កម្ពុជាមានតែច្បាប់ដេលមេដឹក
យួនធ្វើឲ្យគោរពប៉ុណ្ណោះ ដូច្នោះទើបពួកក្រុម
លោក​មិនគោរពសោះ តាំងពីលើទៅដល់ក្រោម
ធ្វើបាបសម្លាប់ពលរដ្ឋខ្មែររបស់យើងខ្ញុំ ស្រេច
តែក្បាលចិត្តលោកឯង។ ទាំងសង្គមស៊ីវិល
ក៏ជារបស់លោកឯងដែរ គ្រាន់តែអាមួយដើរតួ
កំសត់ អាមួយដើរតួយក្ស អ្នកក៏យលដឹងដែរ៕