Thursday, December 06, 2012

ស្ថាន​ទូត​ចិន​ចុះ​ត្រួត​ពិនិត្យ​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​អាតៃ

ទំនប់​វារី​អគ្គិសនី​ស្ទឹង​អាតៃ (The Cambodia Daily)
Thursday, 06 December 2012
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post

ភ្នំពេញៈ មន្ត្រី​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា​ កំពុង​ចុះ​ត្រួត​ពិនិត្យ​ ទំនប់​វារី​អគ្គិសនី​ស្ទឹង​អាតៃ ដើម្បី​រក​អំពី​មូលហេតុ ដែល​បណ្ដាល​ឲ្យ​ធ្លាយ​បំពង់​ទុយោទឹក នៅ​ខណៈ​ដែល​អាជ្ញាធរ​ កំពុង​ស្វែង​រក​កម្មករ​បី​នាក់​ដែល​បាត់​ខ្លួន​នៅ​ក្នុង​ឧបទ្ទវហេតុ​នោះ​។
លោក​យ៉ាង ធានយូ អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​ចិន បាន​ប្រាប់​សារព័ត៌​គេហទំព័រ​ក្នុង​ស្រុក​ថា ពេល​នេះ​ ក្រុម​ហ៊ុន កំពុង​តែ​ប្រឹងប្រែង​ស្វែងរក​កម្មករ​ដែល​បាត់​ខ្លួន និង​ស្វែងរក​មូលហេតុ ដែល​បណ្ដាល​ឲ្យ​ធ្លាយ​បំពង់​ទុយោទឹក។ លោក​បន្ត​ថា«បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ខ្មែរ​បាន​ចាត់​ទុក​បញ្ហា​នេះ​ជា​រឿង​ តូចតាច​ក្ដី ប៉ុន្តែ​ស្ថាន​ទូត​ចិន​បាន​និយាយ​ថា​ ក្រុម​ហ៊ុន​កំពុងយកចិត្តទុកដាក់​ធ្វើ​ការ​ស៊ើប​អង្កេត​ចំពោះ​ករណី​នេះ​ហើយ»

កាល​ពី ថ្ងៃ​សៅរ៍ មាន​កម្មករ​បម្រើ​ការ​នៅ​ទំនប់​វារីអគ្គិសនី​ស្ទឹង​អាតៃ​ ៥ នាក់​បាន​រង​របួស​ធ្ងន់ស្រាល និង​ ៤ នាក់​ផ្សេង​ទៀត​បាន​បាត់​ខ្លួន ដោយ​សារ​ធ្លាយ​បំពង់​ទុយោ​ទំនប់​វារីអគ្គិសនី ដែល​ស្ថិត​នៅ​ទំនប់​ទីមួយ ភូមិ​ឆាយ​លោក ឃុំ​អូរសោម ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។ មួយ​ថ្ងៃ​បន្ទាប់​ពី​ព្រឹត្តិការណ៍​នោះ​ ក៏​បាន​រក​ឃើញ​កម្មករ​ម្នាក់​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ កម្មករ​ដែល​បាត់​ខ្លួន​បី​នាក់​ទៀត​ នៅ​ពុំ​ទាន់​រក​ឃើញ​នៅ​ឡើយ​ទេ។​

លោក​ធាង ឡេង អធិការ​ស្រុក​វាល​វែង បានឲ្យ​ដឹង​ថា​ រហូត​មក​ដល់​ថ្ងៃ​ម្សិលមិញ សមត្ថិកិច្ច​របស់​លោក​នៅ​ពុំ​ទាន់​រក​ឃើញ​កម្មករ​ទាំង​បី​នាក់​នោះ​នៅ​ ឡើយ​ទេ​។ លោក​និយាយ​ថា​៖​«យើង​ពិបាក​ធ្វើ​ការ​សន្និដ្ឋាន​ណាស់​ ចំពោះ​កម្មករ​ទាំង​បី​នាក់​នោះ​ថា​ស្លាប់​ឬ​ក៏​រស់​ ប្រសិន​បើ​ពួក​គេ​ស្លាប់​ ពេល​នេះ ​សព​របស់​ពួក​គេ​ គួរ​តែ​ផុស​ចេញ​ពី​ទឹក​មក​ហើយ​ ពី​ព្រោះ​អី​វា​ហើម​អស់​ទៅ​ហើយ​»


លោក ឆេ ឆីវ អភិបាល​ស្រុក​វាលវែង ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន បាន​ទៅ​ជួប​គ្រួសារ​កម្មករ​ដែល​បាត់​ខ្លួន​ ហើយ​ក៏​បាន​ទូទាត់​សំណង​ផង​ដែរ​។ ប៉ុន្តែ​លោក​ថា​៖ «​ខ្ញុំ​មិន​ដឹង​ថា​ គេ​សង​ប៉ុន្មាន​នោះ​ទេ​ គ្រាន់​តែ​ដឹង​ថា គេ​បាន​ទូទាត់​សំណង​»។​


លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី​បាន​ថ្លែង​ថា លោក​នឹង​លើក​ពី​បញ្ហា​នេះ​ នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា នៅ​ថ្ងៃ​នេះ ហើយ​លោក នឹង​ស្នើ​ឲ្យ​បង្កើត​គណៈ​កម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ ទាក់ទិន​ទៅ​នឹង​សំណង់​ទំនប់​វារីអគ្គិសនី​នេះ​ដើម្បី​រក​ឲ្យ​ឃើញ​មូល​ហេតុ ​ពិត។ លោក​​ថ្លែង​ថា​៖ «យើង​មិន​ដឹង​ថា​ តើ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​បិទ​បាំង​រឿង​នេះ​នោះ​ទេ​ករណី​នេះ ចាំបាច់​ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត ដើម្បី​ស្វែង​រក​ការ​ពិត»

ទំនប់ ​វារី​អគ្គិសនី​ស្ទឹង​អាតៃ ដែល​មាន​អានុភាព ១២០ ​មេហ្កាវ៉ាត់ របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ​ខេមបូឌាហាយ ដ្រូផៅវឺឌីវេឡុបមែន​ ត្រូវ​បាន​ដំណើរ​ការ​សាង​សង់​នៅ​ឆ្នាំ​២០០៨ ហើយ​គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ ២០១៣។​ តម្លៃ​រួម​នៃ​គម្រោង​វារីអគ្គិសនី​អាតៃ​ ដោយ​រួម​ទាំង​អនុស្ថានីយ ​និង​ខ្សែ​បញ្ជូន​ដល់​ទីក្រុង​ពោធិ៍សាត់​ មាន​តម្លៃ​ ២៥៥ ​លាន​ ៣​ សែន​ដុល្លារ​អាមេរិក៕

No comments: