Tuesday, December 18, 2012

អតីត​កម្មករ​មិន​ពេញ​ចិត្ត​ការ​សម្រេច​របស់​អាជ្ញា​កណ្តាល

កម្មករ​ នៅ​រោង​ចក្រ​តៃ​យ៉ាង​ ធ្វើ​ការ​តវ៉ា​កាល​ពី​ពេល​កន្លង​មក​​​។ រូបថត ហេង ជី​វ័ន 

Monday, 17 December 2012 មុំ គន្ធា www.postkhmer.com

កណ្តាលៈ អតីត​កម្មករ​កាត់​ដេរ ចំនួន ៥០​នាក់ នៅ​សហ​គ្រាស​តៃយ៉ាង ក្នុង​ស្រុក​អង្គ​ស្នូល​មិន​ពេញ​ចិត្ត​នឹង​សេចក្តី​សម្រេច​របស់​ក្រុម ប្រឹក្សា​អាជ្ញា​កណ្តាល​ ដែល​បាន​សម្រេច​កាល​ពី​ថ្ងៃ​សុក្រ​ ច្រានចោល​ការ​ទាមទារ​របស់​កម្មករ​ឲ្យ​និយោជក ផ្តល់​ការ​ងារ​ឲ្យ​ពួក​គេ​វិញ។​
អ្នក​ស្រី ភូ ហាន តំណាង​កម្មករ ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ បន្ទាប់​ពី​អ្នក​ស្រី​ចូល​រួម​ធ្វើ​កូដ​កម្ម​ប្រឆាំង​នឹង​រោង​ចក្រ​តៃយ៉ាង កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ​អ្នក​ស្រី​មិន​អាច​ទទួល​យក​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​ កណ្តាល​បាន​ឡើយ។ អ្នក​ស្រី បាន​បញ្ជាក់​ថា៖ «​វា​អយុតិ្តធម៌​ចំពោះ​កម្មករ ព្រោះ​យើង​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ។ ​យើង​នឹង​ដាក់​ពាក្យ​ប្តឹង​ទាស់​នឹង​សេចក្តី​សម្រេច​នេះ​»។ ​អ្នក​ស្រី ភូ ហាន ​បន្ថែម​ថា៖ «ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បាន​ចូល​ខាង​ក្រុមហ៊ុន។ យើង​បាន​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​ប្រគល់​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​អាជ្ញា កណ្តាល ប៉ុន្តែ​ក្រុម​ហ៊ុន​មិន​បាន​ប្រគល់​អ្វី​ទេ​ ដូច្នេះ​វា​បាន​បង្ហាញ​ពី​ភាព​អយុតិ្តធម៌​ចំពោះ​ខាង​កម្មករ»។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​ថ្លែង​ថា វា​អយុតិ្តធម៌​ណាស់​ចំពោះ​កម្មករ​នៃ​សហគ្រាស​តៃយ៉ាង។ លោក​លើក​ឡើង​ថា៖ «​កម្មករ​បាន​ខិតខំ​ព្យាយាម​ទាមទារ​យុតិ្តធម៌ សម្រាប់​ខ្លួន​ដោយ​ឈរ​តវ៉ា​នៅ​មុខ​រោងចក្រ ហើយ​បន្ទាប់​មក​ក្រុមហ៊ុន​បាន​បដិសេធ មិន​ទទួល​យក​ពួក​គេ​ឲ្យ​ចូល​ធ្វើ​ការ​វិញ​ឡើយ​»។ លោក​បន្ថែម​ថា ក្រុមហ៊ុន មាន​កាតព្វកិច្ច និង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បញ្ឈប់​កម្មករ ដោយ​បង់​ប្រាក់​សំណង​និង​អត្ថប្រយោជន៍​ដទៃ​ទៀត​ដល់​កម្មករ​។ លោក​ រ៉ុង ឈុន បញ្ជាក់​ថា៖ «​យើង​មិន​យល់​ពី​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ឡើយ»។ លោក​បន្ត​ថា​ កម្មករ​នឹង​បន្ត​ទាមទារ​និង​ច្រាន​ចោល​សេចក្តី​សម្រេច​នេះ​។
លោក រ៉ុង ឈុន បាន​ឲ្យ​ដឹង​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ លោក​មិន​បាន​ដឹង​ពី​អ្វី​ពាក់ព័ន្ធ​នឹង​រឿង​ក្តី​របស់​លោក ដែល​រោង​ចក្រ​ តៃយ៉ាង បាន​ប្តឹង​លោក​ពី​បទ​ញុះ ញង់​ឡើយ។
យោង​តាម​សេចក្តី​សម្រេច​ របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​​កាល​ពី​ម្សិលមិញ បាន​សម្រេច​ថា​ «​បដិសេធ​ការ​ទាមទារ​របស់​និយោជិត ដែល​ស្នើ​សុំ​និយោជក ទទួល​យក​ កម្មករ ៥៣​នាក់​ដែល​មាន​កិច្ច​សន្យា​មាន​ថិរវេលា​គ្មាន​កំណត់​ឲ្យ​ចូល​ធ្វើ ការ​វិញ បើ​មិន​ដូច្នោះ​ទេ ទាមទារ​ឲ្យ​រោង​ចក្រ ​ធ្វើ​ការ​ទូទាត់​ប្រាក់​បំណាច់​ផ្តាច់​កិច្ច​សន្យា​ការងារ តាម​ផ្លូវ​ច្បាប់​ដល់​កម្មករ​៥៣​នាក់​»។
ក្រុម​ប្រឹក្សា​អាជ្ញា​ កណ្តាល​ បាន​បញ្ជាក់​ថា សេចក្តី​បង្គាប់​នេះ​ នឹង​ក្លាយ​ជា​ស្ថាពរ បន្ទាប់​ពី​សេចក្តី​ជូន​ដំណឹង​រយៈ​ពេល​៨ ថ្ងៃ ប្រសិន​បើ​គ្មាន​ភាគី​ណា​មួយ ​ដាក់​ពាក្យ​ជំទាស់​ ទៅ​រដ្ឋ​មន្រ្តី​ក្រសួង​ការងារ។​សេចក្តី​បង្គាប់​នោះ​បាន​បន្ត​ថា តាម​ភស្តុតាង និង​អង្គ​ហេតុ ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ យល់​ឃើញ​ថា កម្ម​ករ​បាន​ទទួល​ដីកា​សម្រេច​រក្សា​ការពារ​របស់​តុលាការ ប៉ុន្តែ​ពួក​គេ បាន​បន្ត​ធ្វើ​កូដកម្ម​ ប្រឆាំង​នឹង​ដីកា​របស់​សាលា​ដំបូង​ខេត្ត​កណ្តាល និង​ច្បាប់​ការ​ងារ។​
ម្យ៉ាង ទៀត ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល រក​ឃើញ​ថា និយោជក​ បាន​ចេញ​សេចក្តី​ប្រកាស​ជា​ច្រើន​លើក ដើម្បី​ឲ្យ​កម្មករ​វិល​ត្រឡប់​ចូល​ធ្វើ​ការ​វិញ ហើយ​សេចក្តី​ប្រកាស​ចុង​ក្រោយ ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា បាន​ស្នើ​សុំ​ពួក​គេ​ឲ្យ​ចូល​ធ្វើ​ការ​វិញ បើ​មិន​ដូច្នោះ​ទេ វា​មាន​ន័យ​ថា ពួកគេ​បាន​លះ​បង់ការ​ងារ​ដោយ​ខ្លួន​ឯង។
កម្មករ​មិន​បាន​ឈប់​តវ៉ា ហើយ​បាន​បន្ត​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ដូច្នេះ ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​រក​ឃើញ​ថា កម្ម​ករ​ទាំង​៥៣​នាក់​នោះ​ បាន​លះ​បង់​ការ​ងារ​របស់​ខ្លួន បន្ទាប់​ពី​ពួកគេ​បាន​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​ដីកា​រក្សា​ការពារ​របស់​ តុលាការ។​
លោក Wu Minghuor អ្នក​គ្រប់​គ្រង​ក្រុមហ៊ុន តៃយ៉ាង អ៊ីនធើប្រាយ បាន​ស្វាគមន៍​សេចក្តី​បង្គាប់​នេះ។ «​ខ្ញុំ​គិត​ថា សេចក្តី​បង្គាប់​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​យុតិ្តធម៌​ចំពោះ​ ក្រុម​ហ៊ុន​ខ្ញុំ ព្រោះ​កម្មករ​បាន​លះ​បង់​ការ​ងារ​ដោយ​ខ្លួន​ឯង ដូច្នេះ អ្វី​ដែល​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បាន​សម្រេច​គឺ​ត្រឹម​ត្រូវ​»។
លោក​បន្ត​ថា ក្រុម​ហ៊ុន​បាន​បើក​ឱកាស​ឲ្យ​កម្មករ​វិល​ត្រឡប់​ចូល​ធ្វើ​ការ​វិញ ប៉ុន្តែ​ពួក​គេ​មិន​អនុវត្ត​តាម​ក្រុមហ៊ុន៕ TK

No comments: