Friday, December 21, 2012

កម្មករ​រង​គ្រាប់​កាំភ្លើង​ប្តឹង​សារទុក្ខ​​​ឈូក បណ្ឌិត

 
Thursday, 20 December 2012
ម៉ៃ ទិត្យ​ថារ៉ា www.postkhmer.com
ភ្នំពេញៈ នៅ​ខណៈ​ដែល​ស្ត្រី​ជា​កម្មករ​រងគ្រោះ​ទាំង ៣ នាក់ ​កាល​ពី​ម្សិល​មិញ​បាន​ដាក់​ពាក្យ​បណ្តឹង​សារ​ទុក្ខ ជំទាស់​ទៅ​នឹង​ការ​លើក​ចោល​របស់​តុលាការ​ខេត្ត​ស្វាយរៀង មិន​ចាត់​ការ​ទៅ​លើ​មន្ត្រី​ជាន់​ខ្ពស់ ដែល​បាន​បាញ់​ប្រហារ​ទៅ​លើ​ពួក​នាង អង្គការ​សង្គម​ស៊ីវិល​បាន​ធ្វើ​ការ​ថ្កោល​ទោស ហើយ​សហជីព​ធំៗ​ចំនួន ២ បាន​ប្រកាស​ធ្វើ​កូដកម្ម ដើម្បី​ជំរុញ​ឲ្យ​តុលាការ ស្វែង​រក​យុត្តិធម៌​ជូន​កម្មការិនី​រងគ្រោះ​ទាំង​បី​រូប​នោះ។

កម្មការិនី ​ នុត សាខន ដែល​ត្រូវ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់​ចំដៃ​ដោយសារ​ការ​បាញ់​ប្រហារ​ពី សំណាក់​អតីត អភិបាល​ក្រុង​បាវិត លោក​ឈូក បណ្ឌិត បាន​ឲ្យ​ដឹង​ថា ពួកនាង​ទាំង​បី​នាក់ ​ដែល​ជា​ជន​រងគ្រោះ កាល​ពី​ម្សិល​មិញ បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​ទៅ​នឹង​ការ​លើក​ចោល របស់​តុលាការ​ខេត្ត​ស្វាយរៀង។ នាង​បាន​ចោទ​សួរ​ថា៖ «តើ​ឲ្យ​ខ្ញុំ​ទទួល​យក​ការ​សម្រេច​នេះ​ម្តេច​បាន បើ​គេ​បាញ់​មក​លើ​ពួកខ្ញុំ​ដូច​បាញ់​សម្លាប់​សត្វមាន់​ តែ​បែរ​ជា គ្មាន​ទោស។ នេះ​សំណាង​ហើយ ដែល​ពួក​យើង​ទាំង​បី​នាក់​មិន​ស្លាប់។ វា​អយុត្តិធម៌​ពេក​ហើយ​លោក​តុលាការ»។ នាង​គូស​បញ្ជាក់​ថា៖ «ទោះ​បីជា​ខ្ញុំ​អស់​សង្ឃឹម​នឹង​ការសម្រេច​របស់​តុលាការ​ខេត្ត​ស្វាយរៀង​ក៏​ ដោយ តែ​ពួកយើង​នៅ​មាន​សង្ឃឹម​ថា នឹង​ទទួល​បាន​យុត្តិធម៌​នៅ​ឧទ្ធរណ៍»។
អ្នក ​ស្រី ប៊ុត ចិន្តា កម្មការិនី​រង​គ្រោះ​ម្នាក់​ទៀត​ ដែល​ត្រូវ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់​ចំ​ដើមទ្រូង ធ្លាយ​មក​ឆ្អឹង​ខ្នង និយាយ​ថា៖ «ការ​សម្រេច​របស់​តុលាការ​នេះ មិន​ដឹង​ថា គាត់​សំអាង​លើ​អ្វី​នោះ​ទេ។ ទោះ​បីជា​ខ្ញុំ មិន​សូវ​សង្ឃឹម​ថា ទទួល​បាន​យុត្តិធម៌​ក៏​ដោយ ក៏​ខ្ញុំ​ត្រូវ​តែ​ប្តឹង​ជា​បន្ត​ទៀត​ដែរ»។
ក្រុមហ៊ុន PUMA ដែល​បញ្ជា​ទិញ​សម្លៀក​បំពាក់​ពី​រោងចក្រ​នៅ ក្រុងបាវិត ស្ថានទូត​អាមេរិក អង្គការ​សង្គម​ស៊ីវិល និង​សហជីព​មួយ​ចំនួន ក៏​បាន​សម្តែង​ការ​ខក​ចិត្តផង​ដែរ។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ម្សិលមិញ PUMA បាន​ថ្លែង​ថា «វា​គួរ​ឲ្យ​ខក​ចិត្ត ដែល​យុត្តិធម៌​មិន​អាច​ស្វែង​រក​បាន ​ក្នុង​រយៈពេល​ជិត​មួយ​ឆ្នាំ​បន្ទាប់​ពី​អំពើ​ល្មើស​នោះ បាន​ប្រព្រឹត្ត​ឡើង» ហើយ​សង្កត់​ធ្ងន់​ថា កម្មករ​ទាំង​អស់​ដែល​ផលិត​ផលិត​ផល​របស់​ខ្លួន​ត្រូវតែ​ស្ថិត​នៅ​ក្នុង បរិស្ថាន​សុវត្ថិភាព​និង​ប្រកប​ដោយ​សុខ​ភាព។
សេចក្តី​ថ្លែង​ការណ៍​នេះ ​បន្ត​ទៀត​ថា៖ «ហេតុដូច្នេះ PUMA នឹង​ទាក់​ទង​អង្គការ​ពាក់ព័ន្ធ​នានា​ក្នុង​ស្រុក ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​ថា តើ​ក្រុមហ៊ុន​អាច​ផ្តល់​ការ​ជួយ យ៉ាង​ដូចម្តេច​ដែរ ទៅ​ដល់​ស្រ្តី​បី​នាក់ ដែល​រងគ្រោះ​ដោយសារ​ការ​បាញ់​ប្រហារ​នោះ​ដើម្បី​ជួយ​សម្រួល ដល់​ស្ថានភាព​របស់​ពួកគេ»។​«PUMA ចង់​ធ្វើ​ឲ្យ​ច្បាស់​ថា ការ​ឧបត្ថម្ភ​នេះ​គឺ​មាន​គោល​បំណង ជួយ​ដល់​កម្មករ​រងគ្រោះ នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន ​របស់​ពួកគេ រហូត​ទាល់​តែ​ជន​ល្មើស ត្រូវ​បាន​កាត់​ទោស និង​បំពេញ​កាតព្វ​កិច្ច​សំណង​ខូច​ខាត​គ្រប់​គ្រាន់»។
ស្ថាន ​ទូត​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ កាល​ពី​ម្សិលមិញ​ថា ពួកគេ​បន្ត​ជំរុញ​អាជ្ញាធរ​កម្ពុជា​ឲ្យ​គោរព​នីតិរដ្ឋ អនុវត្ត​ការ​ស៊ើប​អង្កេត​ពេញ​លេញ និង​តម្លាភាព​និង​ពិចារណា​លើ​ភស្តុតាង​ទាំងអស់​នៅក្នុង​នីតិវិធី​តុលាការ។
សមាគម ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ដាច់​ដោយ​ឡែក​ពី​គ្នា ដោយ​សម្តែង​ការ​ខក​ចិត្ត បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ប្រព័ន្ធ​តុលាការ​កម្ពុជា ថា​មិន​បាន​រក​យុត្តិធម៌​ជូន​ប្រជាជន​ក្រីក្រ​រងគ្រោះ​ តុលាការ​បម្រើ​ឲ្យ​មនុស្ស​មួយ​ក្រុម ជា​អ្នក​មាន​លុយ​និង​មាន​អំណាច។​លោក​អ៊ូ វីរៈ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​និយាយ​ថា៖​«ខ្ញុំ​មាន​ការ​ជិន​ណាយ ចំពោះ​កម្រិត​នៃ​និទ្ទណ្ឌ​ភាព ​ដែល​យើង​កំពុង​តែ​ឃើញ​នៅ​កម្ពុជា»។
ចំណែកលោក ​ជា មុនី ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា នឹង​ប្រជុំ​ពិភាក្សា​គ្នា មេដឹកនាំ​សហជីព​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​រៀបចំ​ធ្វើ​កូដកម្ម ឬ​បាតុកម្ម​ទាមទារ ​ឲ្យ​រក​យុត្តិធម៌​ដល់​កម្មករ​រង​គ្រោះ។
លោកនិយាយថា៖ «ប្រ​ទេស​យើង កំពុងត្រូវ​បាន​បែង​ចែក​ពលរដ្ឋ​ជា​ពីរ គឺ​ពលរដ្ឋ​ក្រីក្រ កម្មករ ទន់ខ្សោយ មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ ដោយ​ផ្លូវ​ច្បាប់​នោះ​ទេ។ ប៉ុន្តែ​ចំពោះ​អ្នក​មាន​អំណាច បុណ្យ​ស័ក្តិ និង​លុយ​កាក់ គឺ​បាន​នៅ​ពី​លើ​ច្បាប់»។ លោក​ជា មុនី បាន​សង្កត់​ធ្ងន់​ថា​៖«សម្តេច​នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ថា កម្ពុជា ជា​ប្រទេស​នីតិរដ្ឋ​តើ​នីតិរដ្ឋ​នៅ​ឯណា បើ​អត់​បាន​ឃើញ​ពលរដ្ឋ​ស្លូត​ត្រង់​ទទួល​បាន​យុត្តិធម៌​ផង»។
លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា បាន​ថ្លែង​ថា ករណី​លើក​ចោល​សំណុំ​រឿង​លោក ឈូក បណ្ឌិត នេះ គឺជា​រឿង​ភ្ញាក់​ផ្អើល ហើយ​ប្រហែល​ជា​មាន​រឿង​មិន​ប្រក្រតី​កើត​ឡើង នៅ​ឯ​តុលាការ។ លោក​បន្ត​ថា ៖​«យើង​នឹង​ធ្វើ​ការ​តស៊ូ​មតិ​ដើម្បី​រក​យុត្តិធម៌ ដល់​ជន​រងគ្រោះ។ ជន​ល្មើស​ត្រូវ​តែ​នាំ​យក​ទៅ​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់»។
លោក សំ ប្រជាមានិត នាយក​ខុទ្ទកាល័យ ក្រសួង​យុត្តិធម៌ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ លើ​បញ្ហា​នេះ​ឡើយ ដោយ​លោក​មាន​ប្រសាសន៍​ថា៖ «សុំ​សួរ​ទៅ​តុលាការ​ខេត្ត​ស្វាយ​រៀង ព្រោះ​គេជា​អ្នក​សម្រេច»។
ឆ្លើយតបទៅ​នឹង​បញ្ហា​នេះ​ លោក ប៉ិច ឈឿត ប្រ​ធាន​សាលា​ដំបូង​ខេត្ត​ស្វាយរៀង បាន​ថ្លែង​ថា តុលាការ​ បាន​សម្រេច​លើក​ការ​ចោទ​ប្រកាន់​ ទៅ​លើ​លោក​ឈូក​បណ្ឌិតនិង​សម្រេច​បន្ត​ចោទ​ប្រកាន់​លើ​លោក​ស ចន្ថា ប្រធាន​ប៉ូលិស​ព្រហ្ម​ទណ្ឌ​ក្រុង​បាវិត​កាល​ពី​ថ្ងៃទី​១៤ ខែធ្នូ បន្ទាប់​ពី​ព្រះ​រាជ​អាជ្ញា បាន​ផ្ញើ​សេចក្តី​សន្និដ្ឋាន មក​ចៅក្រម​ស៊ើប​សួរ។ លោក​និយាយ​ថា៖ «ក្នុង​ករណី​ជន​រងគ្រោះ មិន​អាច​ទទួល​យក​បាន គេ​មាន​សិទ្ធិ​ប្តឹង​សារ​ទុក្ខ​ទៅ​សាលា​ឧទ្ធរណ៍»។
កាលពី ​ថ្ងៃទី ១៨ ខែ​មេសា ឆ្នាំ ២០១២ លោក​ឈូក បណ្ឌិត ត្រូវ​បាន​តុលាការ​ស្វាយរៀង ចោទ​ពី​បទ​បង្ក​របួស​ស្នាម ដោយ​អចេតនា ទាក់ទិន​នឹង​ការ​បាញ់​ប្រហារ​ទៅ​លើ​កម្មករ ៣​នាក់​ឲ្យ​រង​របួស​នៅ​ថ្ងៃទី ២០ កុម្ភៈ​នៅ​ខណៈ​កម្មករ​ជាង ៦០០០ នាក់​មក​ពី​រោងចក្រ ៤ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Manhattan ក្នុង​ក្រុង​បាវិត បាន​ធ្វើ​ការ​តវ៉ា។ នៅ​ក្នុង​សំណុំ​រឿង ដែល​បាន​អូស​បន្លាយ​ជិត​មួយ​ឆ្នាំ​មក​ហើយ​នោះ កម្មការិនី ៣ នាក់​ដែល​បាន​រង​របួស​ដោយ​ការ​បាញ់​ប្រហារ​នេះ បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង លោក បណ្ឌិត ដោយ​ទាមទារ​សំណង​ម្នាក់ៗ​៤៥០០០ ដុល្លារ៕ PS

No comments: