អ្នកភូមិឡពាង ធ្វើពិធីដាក់បណ្តាសា កាលពីថ្ងៃម្សិលមិញ។ រូបថត អង្គការអាដហុក
- Thursday, 10 January 2013
- ម៉ៃ ទិត្យថារ៉ា ភ្នំពេញប៉ុស្តិ៍
កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋជាង១០០ នាក់ នៅភូមិឡពាង ឃុំតាជេស
ស្រុកកំពង់ត្រឡាច ដែលមានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុន
ខេឌីស៊ីអន្តរជាតិ របស់លោកស្រី ជា ខេង ភរិយា លោកស៊ុយ សែម
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បាននាំគ្នាប្រារព្ធពិធីរំឭកខួប ៦
ឆ្នាំនៃការបណ្តេញចេញពីលំនៅដ្ឋាន
និងដើម្បីដាក់បណ្តាសាក្រុមហ៊ុនដែលបានរំលោភយកដីធ្លីរបស់ពួកគេ
ខណៈដែលពួកគេអស់ជំនឿលើប្រព័ន្ធតុលាការ។
លោក រាជ ស៊ីម៉ា
តំណាងអ្នកភូមិឡពាង បានមានប្រសាសន៍ថា ពលរដ្ឋរបស់ពួកលោក
ដែលជាអ្នករងគ្រោះ ដោយសារការបណ្តេញចេញ និងឈូសឆាយផ្ទះ សម្បែង
ព្រមទាំងយកដីស្រែរបស់ពួកគាត់ បាននាំគ្នាមកជួបជុំគ្នា
នៅទួលប្រាសាទដើម្បីនិមន្តព្រះសង្ឃ ធ្វើពិធីសូត្រមន្ត រំឭកខួប ៦
ឆ្នាំ នៃការបណ្តេញចេញ។ លោកនិយាយថា៖«យើងក៏ធ្វើ
ការបួងសួងដល់វត្ថុស័កិ្តសិទ្ធិដើម្បីដាក់បណ្តាសា ដល់ក្រុមហ៊ុន
និងឈ្មួញ
ដែលបានយកដីស្រែចម្ការរបស់ពួកយើងអស់រយៈពេល៦ឆ្នាំកន្លងមក។
ពួកយើងសម្រេចធ្វើបែបនេះដោយសារពួកយើង អស់ជំនឿលើប្រព័ន្ធតុលាការ
ក៏ដូចជាអាជ្ញាធរដែនដី»។
លោក បន្តថា៖ «យើងឈឺចាប់ពេក
ទើបពួកយើងធ្វើបែបនេះ ដោយសារតែការបណ្តេញចេញនេះ
កូនពលរដ្ឋយើងមួយចំនួនធំ បានធ្វើចំណាកស្រុក
ទៅធ្វើការនៅប្រទេសថៃ ដើម្បីរកលុយមកផ្គត់ផ្គង់គ្រួសារ»។
លោក
ផេង រុំ តំណាងពលរដ្ឋម្នាក់ទៀត បានថ្លែងថា ពលរដ្ឋធ្វើពិធីនេះឡើង
គឺដើម្បីប្តឹងទៅដល់ម្ចាស់ទឹកម្ចាស់ដី
និងវត្ថុស័ក្តិសិទ្ធិឲ្យដឹងឮរឿងរបស់ពលរដ្ឋដែលបានរងនូវការ
ឈឺចាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ តែពុំមានអាជ្ញាធរណា
អើពើនិងរកដំណោះស្រាយឲ្យនោះទេ ក្រៅពីយកតុលាការ
មកគំរាមយកដីប្រជាពលរដ្ឋ។ លោកបន្តថា ៖ «អ្វីដែលយើងសង្ឃឹមនោះ
គឺថាសំឡេងដង្ហោយស្រេកឃ្លានរកយុត្តិធម៌របស់ប្រជាជន
វត្ថុស័ក្តិសិទ្ធិ
នឹងដឹងឮហើយជួយអន្តរាគមន៍ដល់ពួកយើងដោយបន្ទន់ចិត្តអាជ្ញាធរ
ស្វែងរកដំណោះស្រាយដល់ពួកយើងនិងដាក់បណ្តាសាដល់ក្រុមហ៊ុន
ក៏ដូចជាអ្នកដែលធ្វើបាបមកលើពលរដ្ឋរបស់យើង
ដែលបានទទួលរងទុក្ខវេទនា »។
អ្នកភូមិក៏ធ្វើការបួងសួងដល់វត្ថុស័ក្តិសិទ្ធិ
សូមឲ្យជួយការពារតំណាងពលរដ្ឋម្នាក់ ដែលនឹងឡើងសវនាការ
នៅសាលាឧទ្ធរណ៍នៅថ្ងៃទី១៦ មករាខាងមុខនេះ ឲ្យទទួលបានយុត្តិធម៌។
លោកគូសបញ្ជាក់ទៀតថា៖ «ពិធីនេះ ទោះបីជាទទួលបានផល
ឬក៏មិនបានផល ក៏ជាការលួងទឹកចិត្តពួកយើង
ឲ្យខំប្រឹងប្រែងងើបតស៊ូបន្តទៀត»។
ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ
រវាងប្រជាជន និងក្រុមហ៊ុន KDC ដែលបានឈូសឆាយដីអ្នកភូមិជាង១៤០
ហិកតា បានចាប់ផ្តើមនៅក្នុងឆ្នាំ២០០២
ហើយបានផ្ទុះរឹតតែធំឡើងនៅក្នុងឆ្នាំ២០០៦
នៅពេលដែលប្រជាជនចំនួន១៣ នាក់បានរងនូវការចោទប្រកាន់
ពីបទបរិហារកេរ្តិ៍ និងរំលោភដីមានកម្មសិទ្ធិ។
រហូតមកដល់សព្វថ្ងៃនេះ មានពលរដ្ឋម្នាក់
កំពុងជាប់ឃុំនៅក្នុងពន្ធនាគារនៅឡើយ។
លោក ថៃ ហ៊ី
តំណាងក្រុមហ៊ុន ខេឌីស៊ី អន្តរជាតិ
ពុំអាចទាក់ទងដើម្បីធ្វើការអត្ថាធិប្បាយបានទេ កាលពីថ្ងៃម្សិលមិញ
ដោយទូរស័ព្ទរោទ៍ជាច្រើនលើក តែពុំមានអ្នកទទួល។
យោងតាម
របាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាល
ដែលបានចេញផ្សាយនៅក្នុងឆ្នាំ២០១២ កន្លងមក បានបង្ហាញថា
យ៉ាងហោចណាស់ មានប្រជាពលរដ្ឋ ដែលមានជម្លោះដីធ្លី
នៅក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួន
បានធ្វើការបួងសួងដើម្បីស្វែងរកយុត្តិធម៌
និងដាក់បណ្តាសាដល់ក្រុមហ៊ុនដែលបានរំលោភបំពានយកដីធ្លី
ផ្ទះសម្បែងរបស់ពួកគេចំនួន១៨ លើក។
លោក សំ ច័ន្ទគា
មន្ត្រីសម្របសម្រួល សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តកំពង់ឆ្នាំង
បានថ្លែងថា៖ «សកម្មភាពរបស់ពលរដ្ឋនេះ បង្ហាញឲ្យឃើញថា
ពលរដ្ឋអស់ជំនឿទៅលើប្រព័ន្ធតុលាការ
ក៏ដូចជាយន្តការដោះស្រាយវិវាទដីធ្លីរបស់អាជ្ញាធរ។
នេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរប្រសិនបើរាជរដ្ឋាភិបាល
ពុំបានយកចិត្តទុកដាក់អំពីចំណុចនេះ»៕
No comments:
Post a Comment