http://www.youtube.com/watch?v=A0SSlxJDlq4&feature=youtu.be
ដោយ ម៉ម មុនីរតន៍ 2013-01-23 RFA
ក្រោយពីការស្នើច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានត្រូវ
បរាជ័យ ដោយការបដិសេធរបស់គណៈកម្មការកិច្ចការបរទេស
សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាមក
មន្ត្រីគណបក្ស សម រង្ស៊ី នៅថ្ងៃទី២៣ មករា
ហៅការទាត់ចោលនូវសំណើរបស់ខ្លួននោះថា
គឺជាការឆ្លើយតបដោយគ្មានឆន្ទៈនយោបាយរបស់គណៈកម្មការមួយនេះ
ក្នុងការធានាពីសិទ្ធិទទួលបានព័ត៌មានដោយសេរីនោះទេ។
មន្ត្រីគណបក្ស សម រង្ស៊ី
ហៅការច្រានចោលសំណើសេចក្ដីស្នើច្បាប់របស់ខ្លួនទៅរដ្ឋសភា
ស្ដីពីសិទ្ធិសេរីទទួលបានព័ត៌មានថា
គណៈកម្មការនៃរដ្ឋសភាមានចារិតរឹតត្បិត និងពុំមានឆន្ទៈនយោបាយ
ដើម្បីតាក់តែងច្បាប់នេះឲ្យចេញជារូបរាង ដែលអាចធានាការពារ
និងបម្រើឲ្យផលប្រយោជន៍សាធារណៈបាន។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី
ចាត់ទុកការបដិសេធរបស់គណៈកម្មការនៃរដ្ឋសភា
ដែលជាប់ពាក់ព័ន្ធក្នុងការតាក់តែងលើសេចក្ដីព្រាងច្បាប់នេះថា
គឺជាលេសដើម្បីបន្តទុកឲ្យមន្ត្រីក្នុងជួររដ្ឋាភិបាលមានពេលវេលា
គ្រប់គ្រាន់ ក្នុងការអនុវត្តអំពើពុករលួយបន្តប៉ុណ្ណោះ។
លោកគិតថា ប្រសិនបើគណៈកម្មការនៃរដ្ឋសភា រកឃើញថា
សេចក្ដីស្នើច្បាប់របស់បក្សប្រឆាំងនេះ នៅមានចន្លោះប្រហោង
គេគួរបង្កើតយន្តការដើម្បីដោះស្រាយ
ដើម្បីប្រាកដថាគណៈកម្មការនៃរដ្ឋសភា
ពិតជាមានឆន្ទៈក្នុងការតាក់តែងគោលនយោបាយនេះ
ជាជាងការច្រានចោលដោយពុំមានមូលដ្ឋាន៖ «អ៊ីចឹង សរុបសេចក្ដីមក
គណបក្សកាន់អំណាចពុំមានឆន្ទៈ ហើយប្រើប្រាស់នូវលេសហេតុផលផ្សេងៗ
លេសផ្សេងៗ ដើម្បីពន្យារការអនុវត្តច្បាប់នេះ
ហើយបើកផ្លូវឲ្យអំពើពុករលួយហ្នឹងកាន់តែជ្រាលជ្រៅៗនៅក្នុងសង្គម
ខ្មែរ»។
ការបញ្ជាក់របស់លោក យឹម សុវណ្ណ នេះ
ធ្វើឡើងក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ
បន្ទាប់ពីមានកិច្ចប្រជុំមួយកាលពីថ្ងៃទី២២ មករា នៅវិមានរដ្ឋសភា។
ក្នុងកិច្ចប្រជុំដែលដឹកនាំដោយលោក ឈាង វុន គណៈកម្មការកិច្ចការបរទេស
សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា
និងដោយមានការចូលរួមពីគណៈកម្មការជំនាញ ៨ផ្សេងទៀត
ដែលពុំទទួលយកដើម្បីតាក់តែងជាគោលនយោបាយនោះ ដោយចាត់ទុកថា
សេចក្ដីស្នើច្បាប់នេះ ផ្ទុយទៅនឹងស្មារតីនៃរដ្ឋធម្មនុញ្ញ
និងបទដ្ឋានគតិយុត្តិដទៃទៀត។
លោក ឈាង វុន មានប្រសាសន៍ថា ក្រោយពីគណៈកម្មការជំនាញទាំង៩
ពិនិត្យលើសេចក្ដីស្នើច្បាប់នេះ រកឃើញថាមានឃ្លា
និងពាក្យពេចន៍មួយចំនួន មានភាពចម្រូងចម្រាស និងពុំត្រឹមត្រូវ
ដែលពុំចាំបាច់តម្រូវឲ្យលើកយកទៅពិភាក្សាក្នុងរបៀបវារៈនៃសម័យ
ប្រជុំពេញអង្គនៃរដ្ឋសភានោះទេ។
លោកបន្តថា អ្វីដែលពុំចាំបាច់បន្ថែមទៀតនោះ
គឺរដ្ឋាភិបាលបានបង្កើតយន្តការឆ្លើយតបជាហូរហែ
តាមរយៈមន្ត្រីនាំពាក្យនៅតាមអង្គភាពនិមួយៗ
ដែលស្របទៅនឹងគោលការណ៍នៃរដ្ឋធម្មនុញ្ញ៖ «ធ្វើការសិក្សាទៅ
យើងបានជម្រាបគាត់ថា ដោយសារសេចក្ដីពង្រាងស្នើហ្នឹងណាស់ ទីមួយ
វាខុសនឹងទម្រង់ និងច្បាប់ផ្សេងៗទៀត។ ទីពីរ
ច្បាប់នោះបង្កើតស្នងការមួយគេហៅស្នងការព័ត៌មានមួយ
ដែលមានសិទ្ធិអំណាចកំពូលណាស់ គាត់សរសេរអ៊ីចឹងអ្ហា
ហើយមានសិទ្ធិតុលាការផង»។
វិទ្យុអាស៊ីសេរី
ពុំអាចស្នើសុំការអត្ថាធិប្បាយបានទេលើបញ្ហានេះ ពីលោក ខៀវ
កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
និងជាអ្នកនាំពាក្យរបស់រដ្ឋាភិបាល នៅថ្ងៃទី២៣ មករា។
លោក សុក សំអឿន នាយកអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា
ឲ្យដឹងថា ជាចាំបាច់នៅក្នុងសង្គមប្រជាធិបតេយ្យ
ការអនុវត្តច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះ
ត្រូវបានគេចាត់ទុកថា គឺជាផ្នែកមួយដែលពុំអាចខ្វះបាន។
លោកបន្តថា ចំណែកប្រទេសកម្ពុជា
ថ្វីត្បិតមានច្បាប់ស្ដីពីរបបសារព័ត៌មានយ៉ាងណាក្ដី
ក៏ប៉ុន្តែកម្រិតនៃការអនុវត្តលើផ្នែកនេះ
នៅពុំទាន់អាចបម្រើផលប្រយោជន៍ឲ្យបានទូលំទូលាយជាសាធារណៈនៅឡើយ
ទេ។
លោក សុក សំអឿន៖ «និយាយរួម
យើងឃើញមាននៅក្នុងច្បាប់របបសារព័ត៌មាន មានខ្លះ
ក៏ប៉ុន្តែគ្រាន់តែនៅក្នុងច្បាប់របបសារព័ត៌មានហ្នឹង
វាអត់ទាន់គ្រប់គ្រាន់។ វាអត់ទាន់គ្រប់គ្រាន់ម៉េច
អត់ទាន់គ្រប់គ្រាន់ត្រង់ថាឲ្យអំណាចការសម្រេចប្រគល់ព័ត៌មានហ្នឹង
វាលើប្រធានស្ថាប័ន ហើយអ្នកដែលសុំ គឺបានទាល់អ្នកកាសែត
ដល់ប្រជាពលរដ្ឋជាទូទៅអត់បាន»។
ការទទួលបានព័ត៌មាននៅក្នុងសង្គមកម្ពុជា បច្ចុប្បន្ន
ត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រកឃើញថា
នៅតែមានការប្រឈមខ្ពស់នៅឡើយ ដើម្បីទទួលបានព័ត៌មានដោយសេរី
និងតម្លាភាព
បើទោះជាមន្ត្រីរដ្ឋាភិបាលអះអាងថាខ្លួនបានបំពេញកាតព្វកិច្ចពេញលេញ
តាមរយៈការបង្កើតឲ្យមានអ្នកនាំពាក្យនៅតាមអង្គភាពរបស់រដ្ឋក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
1 comment:
HERE THE TWIST OF POLICE IN CAMPONG CHAM. TWO VIETNAMESES HOLD UP ACLIDA BANK AND LATER THEY KNOW THEY'RE VIET NAMESE AND THEY LET THE TWO OF THEM GO FREE BECAUSE IF THEY ARREST THEM THEY CAN'T PUT VIET NAMESE IN JAIL ANY WAY BUT NOW THEY POINT FINGER TO KHMER AND THEY WILL ARREST THEM SOON TO COVER IT UP. IT WAS SO AMAZE.
Post a Comment