- Friday, 04 January 2013
- Shane Worrell និង ឃុត សុភចរិយា
- ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ
មួយឆ្នាំបន្ទាប់ពីផ្ទះរាប់រយគ្រួសារ ត្រូវបានបំផ្លាញ
ក្នុងអំឡុងការបណ្តេញចេញដ៏ហិង្សា នៅបុរីកីឡា
ក្រុមប្រជាជនដែលត្រូវបានបណ្តេញចេញជាង១០០នាក់
នៅកំពុងបន្តរស់នៅក្រោមជណ្តើរ និងកៅស៊ូតង់
ក្បែរគំនរសំរាមស្អុយរលួយចោមរោមទៅដោយហ្វូងរុយរាប់លានក្បាល
នៅឡើយ។
ក្រុមអ្នកភូមិ ដែលត្រូវបានបណ្តេញចេញ
រួមទាំងស្រ្តីដែលផ្ទុកវីរុសហ៊ីវ ដែលកាលពីឆ្នាំមុន
បានបង្ខំចិត្តទៅរស់នៅទីតាំងថ្មី នៅកណ្តាលវាល
ទៅតាមការកំណត់របស់ក្រុមហ៊ុន ផាន អ៊ីម៉ិច របស់អ្នកស្រីស៊ុយ សុផាន
នោះ នៅពេលនេះ បានវិលត្រឡប់មករស់នៅបុរីកីឡាវិញហើយ
ដោយសារតែនៅទីតាំងថ្មីនោះ មិនមានសេវាសុខាភិបាល
មិនមានទឹកប្រើប្រាស់ មិនមានការងារ មុខរបរ និងហេដ្ឋារចនាសម្ព័ន្ធ
ហើយនៅឆ្ងាយពីទីក្រុង។
មួយថ្ងៃ មុនថ្ងៃខួបមួយឆ្នាំ
នៃការបណ្តេញចេញ អ្នកស្រី ទឹម សាក់មុន្នី អាយុ៦៥ ឆ្នាំ
ដែលដេកនៅនឹងជណ្តើរ ជាមួយអ្នកភូមិចំនួន២០នាក់ទៀត
រួមទាំងកូនប្រុសពិការ និងចៅៗរបស់អ្នកស្រី
បានឆ្លុះបញ្ចាំងកាលពីថ្ងៃពុធ អំពីរយៈពេលមួយឆ្នាំ
ដែលដូចរស់នៅក្នុងនរក។ ស្រ្តីចំណាស់រូបនេះ ថ្លែងថា៖ «ឆ្នាំ ២០១២
គឺជាឆ្នាំអាក្រក់បំផុត នៃជីវិតរបស់ខ្ញុំ
និងសម្រាប់ប្រជាជនក្រីក្រទាំងអស់ នៅក្នុងសហគមន៍របស់ខ្ញុំ»។
« យើងរស់នៅក្រោមកៅស៊ូតង់ នៅលើគម្រប់លូ ហើយព័ទ្ធជុំវិញទៅដោយគំនរសំរាមស្អុយរលួយ ដែលមានហ្វូងរុយរាប់លានក្បាល»។
អ្នក
ស្រីបន្តថា៖ «ខ្ញុំមិនដឹងថា
តើខ្ញុំអាចរស់នៅដូច្នេះបានយូរប៉ុនណាទេ ពីព្រោះខ្ញុំ
មិនដឹងថា តើនៅពេលណា អាជ្ញាធរ និងក្រុមហ៊ុន ផាន អ៊ីម៉ិច
នឹងផ្តល់ដំណោះស្រាយដល់ពួកយើងទេ»។
កាលពី ថ្ងៃទី៣ ខែមករា
ឆ្នាំមុន ក្រុមហ៊ុន ផានអ៊ីម៉ិច រួមជាមួយនឹងនគរបាល
កងរាជអាវុធហត្ថរាជធានី
និងសន្តិសុខក្រុមហ៊ុនបាននាំគ្នាសម្រុកចូលសហគមន៍បុរីកីឡា
ដើម្បីបណ្តេញប្រជាជនរាប់រយនាក់ ដែលមិនព្រមទទួលយកសំណងតិចតួច
ជាថ្នូរនឹងការឲ្យពួកគេ ទៅរស់នៅក្រៅក្រុង
ឬនៅក្នុងខេត្តកណ្តាល។
កម្មករដែល ត្រូវបានជួលដោយក្រុមហ៊ុន
មានពូថៅ ញញួរ និងដែកគាស់ បានធ្វើការរុះរើផ្ទះប្រជាជន
បង្កឲ្យមានការប៉ះទង្គិចគ្នាដោយហិង្សា នៅក្នុងនោះអ្នកភូមិ
និងនគរបាល បានរងរបួសទាំងសងខាង ហើយអ្នកភូមិ១០នាក់
ត្រូវបានចាប់ខ្លួន។ គ្រួសារជាច្រើន ភ្លាមៗ
បន្ទាប់ពីការបាត់បង់ផ្ទះ
និងទ្រព្យសម្បត្តិរបស់ខ្លួននៅក្នុងការបណ្តេញចេញនោះ
បានមករស់នៅក្រោមជណ្តើរ នៅជិតអគារនៅបុរីកីឡា
ដែលជាអគារក្រុមហ៊ុន ផានអ៊ីម៉ិច
ដែលកាលពីដំបូងក្រុមហ៊ុននេះបានសន្យាសាងសង់ចែកជូនពលរដ្ឋ
ទាំងនេះ ជាថ្នូរនឹងការយកដីរបស់ពួកគេ។
អ្នកស្រី ទឹម
សាក់មុន្នី ដែលជាជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះ
នៃការបណ្តេញចេញ ដែលបដិសេធមិនព្រមចេញ
ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួន ទៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ
អស់រយៈពេលមួយសប្តាហ៍ កាលពីខែមករា ដោយសារការតវ៉ា
បន្ទាប់ពីការបណ្តេញចេញនោះ និងត្រូវចាប់ឃុំខ្លួនម្តងទៀត
មុនការកាត់ទោស តាំងពីខែកញ្ញា រហូតដល់កាលពីសប្តាហ៍មុន
ពីបទចោទប្រកាន់មួយ ដែលក្រុមអ្នកគាំទ្រអ្នកស្រី
និងក្រុមសិទ្ធិមនុស្សនិយាយថា ជាបទចោទប្រកាន់ប្រឌិតឡើង
ដើម្បីបំបាក់ស្មារតីក្រុមអ្នកតវ៉ា។ អ្នកស្រីថ្លែងបន្តថា៖
«វាអស់រយៈពេលមួយឆ្នាំហើយឥឡូវនេះ រដ្ឋាភិបាល
មិនបានស្វែងរកដំណោះស្រាយសម្រាប់យើងទេ»។
អ្នក
ស្រីបន្តថា៖«ដំណោះស្រាយរបស់រដ្ឋាភិបាល
គឺការចាប់ខ្លួនមនុស្សដូចជាខ្ញុំ
ហើយដាក់ខ្ញុំនៅក្នុងពន្ធនាគារ ឬនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ»។
កញ្ញា
ស៊ុន វាន្នី អាយុ ១៨ ឆ្នាំ ដែលកំពុងកាន់ទារកអាយុ៩ខែ
ខណៈកំពុងឈរនៅក្រោមកៅស៊ូតង់តូចមួយ ព័ទ្ធជុំវិញទៅដោយសំរាម
ចោមរោមទៅដោយរុយ បានថ្លែងថា នាងបានបោះបង់ចោលការសិក្សា
ចាប់តាំងពីការបណ្តេញចេញនោះមក។ នាងបានថ្លែងបន្តថា៖
«បន្ទាប់ពីការបណ្តេញចេញនោះមក យើងឈប់ទៅសាលារៀន។
ឪពុកម្តាយរបស់ខ្ញុំបានចាប់ផ្តើមធ្វើការតវ៉ា
ហើយគ្មាននរណាម្នាក់ នៅមើលផ្ទះ និងក្មេងៗ
ដូច្នេះខ្ញុំត្រូវតែនៅមើល»។ វាន្នី បានថ្លែងបន្តថា
គ្រួសាររបស់នាង ដែលបានបាត់បង់អ្វីៗនៅក្នុងការបណ្តេញចេញនោះ
ឥឡូវនេះរស់នៅក្រោមតង់តូចមួយ
និងមិនមានបំណងចាកចេញពីបុរីកីឡាទេ។ នាងបន្តថា៖
«អាជ្ញាធរបាននិយាយថា ពួកគេនឹងមក ហើយរុះរើកៅស៊ូតង់នេះទៀត។
យើងមិនចង់ចាកចេញពីកន្លែងនេះទេ យើងគ្រាន់តែចង់ឲ្យពួកគេ
សាងសង់ផ្ទះមួយសម្រាប់យើង»។
ប្រជាជនផ្សេងទៀត បានត្អូញត្អែរ
អំពីបញ្ហាសុខភាព ដូចជាជំងឺរបេង និងជំងឺផ្លូវដង្ហើមផ្សេងៗ
និងការលំបាកលក់ម្ហូបអាហារ ដោយសារកន្លែងនោះ មានរុយច្រើន
ហើយអ្នករស់នៅទីនោះ បោះសំរាមចោល
និងមានការបោះកន្ទុយបារីលើតង់របស់ពួកគេផងដែរ។
ក្រុម ហ៊ុន
ផាន អ៊ីម៉ិច បាននិយាយថា
ខ្លួនបានផ្តល់សំណងគ្រប់គ្រាន់ដល់គ្រួសារចំនួន ១៧៧៦ គ្រួសារ
ដែលមានសិទ្ធិទទួលបាន ក្រោមកិច្ចសន្យាដោះដូរដី
ដែលចុះកាលពីឆ្នាំ២០០៤ បើទោះបីជាខ្លួន
មិនទាន់បានសាងសង់អគារចំនួនពីរទៀត ឲ្យគ្រប់ទៅតាមការសន្យាចំនួន
១០អគារ ដែលខ្លួនបានសន្យាកាលពីពេលនោះក៏ដោយ។
ទោះយ៉ាងណា
ក្តី អ្នកស្រី ខន ម៉ាលីន ជាស្រ្តីម្នាក់ទៀត ដែលរស់នៅក្រោមជណ្តើរ
បាននិយាយថា លក្ខខណ្ឌនៅកន្លែងដែលឲ្យទៅរស់នៅភ្នំឧដុង្គ
ដែលមានចម្ងាយ៥០គីឡូម៉ែត្រ ពីទីក្រុង
មិនមានលក្ខណៈគ្រប់គ្រាន់ហើយមិនអាចរស់នៅបានទេ
ជាពិសេសសម្រាប់ក្មួយស្រីពីរនាក់របស់អ្នកស្រី
ដែលមានផ្ទុកវីរុសហ៊ីវ។ អ្នកស្រីបានថ្លែងបន្តថា៖ «ម្តាយ
របស់ខ្ញុំ បានទៅរស់នៅ នៅឧដុង្គ
បន្ទាប់ពីក្រុមហ៊ុនបានបង្ខំគាត់ឲ្យទៅ
ប៉ុន្តែពួកគេមិនបានផ្តល់ឲ្យគាត់ នូវដីមួយប្លង់ទេ
ពីព្រោះគេនិយាយថា ខ្ញុំបានតវ៉ាប្រឆាំងនឹងពួកគេ»។
អ្នក
ស្រីបន្តទៀតថា៖ «បន្ទាប់ពីថ្ងៃទី៣ ខែមករា
ក្មួយស្រីរបស់ខ្ញុំមិនមានលទ្ធភាពទទួលបានសេវាសុខាភិបាលទេ
ដូច្នេះពួកគេឥឡូវនេះ កំពុងរស់នៅជាមួយខ្ញុំ នៅក្រោមជណ្តើរ»។
លោក
ទូច ខន មានផ្ទះមួយនៅបុរីកីឡា ប៉ុន្តែ
លោកបានជួយអ្នកដែលត្រូវបានឲ្យទៅនៅឧដុង្គ បានថ្លែងថា
មានតែប្រជាពលរដ្ឋចំនួន៦០ ក្នុងចំណោម ១០០គ្រួសារប៉ុណ្ណោះ
ដែលត្រូវបានផ្តល់ឲ្យនូវដីនៅតំបន់នោះ
ពួកគេតស៊ូរស់នៅលំបាកស្វែងរកម្ហូបអាហារ
និងថែមទាំងនៅឆ្ងាយពីប្រភពរកប្រាក់ចំណូលចិញ្ចឹមជីវិត។
លោកបន្តថា៖ «ពួកគេមានបញ្ហាជីវភាពធ្ងន់ធ្ងរនៅទីនោះ។ ក្រុមហ៊ុន
ផានអ៊ីម៉ិច អាជ្ញាធរ និងអង្គការក្រៅរដ្ឋាភិបាល
សូមមេត្តានាំយកម្ហូបអាហារ ជួយដល់ប្រជាជននៅទីនោះផង»។
លោក
សៀ ភារម្យ ប្រធានលេខាធិការដ្ឋាន នៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន
បានថ្លែងថា ស្ថានភាពនៅទួលសំបួរ ដែលមានចម្ងាយ២០គីឡូម៉ែត្រ
ពីបុរីកីឡា គឺនៅមានស្ថានភាពអាក្រក់
និងធ្ងន់ធ្ងរសម្រាប់គ្រួសារជាច្រើន ដែលបានទៅរស់នៅទីនោះ។
លោកបន្តថា៖ «ពួកគេ មានការលំបាកយ៉ាងខ្លាំង
ដោយសាររស់នៅឆ្ងាយពីទីក្រុង។ ពួកគេបាត់បង់ការងារ
និងប្រាក់ចំណូលរបស់ខ្លួន ហើយកូនៗរបស់ពួកគេបោះបង់ការសិក្សា»។
លោក
បន្តទៀតថា៖ «នៅឧដុង្គ ពួកគេក៏មិនមានការងារ
និងប្រាក់ចំណូលដែរ។ ពួកគេគ្មានអ្វីទាំងអស់នៅទីនោះ។ ខ្ញុំគិតថា
ប្តីក្នុងគ្រួសារភាគច្រើនបំផុតបានត្រឡប់មក ទីក្រុងវិញ
ដើម្បីស្វែងរកការងារ។ លោកបន្តទៀតថា៖
«គ្រួសារនៅទីនោះត្រូវបានផ្តល់ឲ្យនូវបង្កាន់ដៃដី
ប៉ុន្តែត្រូវរង់ចាំរយៈពេល ៥ ឆ្នាំសម្រាប់ប័ណ្ណកម្មសិទ្ធិដី »។
លោកបន្តថា៖
«សម្រាប់ឆ្នាំថ្មីនេះខ្ញុំមិនចង់ឃើញករណីលំបាកធ្ងន់ធ្ងរដូច
នេះកើតឡើងទៀតទេ។
ខ្ញុំចង់ឲ្យរដ្ឋាភិបាលយល់ពីការឈឺចាប់របស់ប្រជាជនទាំង នោះ»។
«អគារថ្មីពីរ ដែលក្រុមហ៊ុន ផានអ៊ីម៉ិច បានយល់ព្រមផ្តល់ឲ្យប្រជាជន
ចាំបាច់ត្រូវតែសាងសង់»។
អ្នកនាំពាក្យសាលារាជធានីលោក ឡុង
ឌីម៉ង់ ដែលទើបកាន់តួនាទីរបស់លោក មិនទាន់បានមួយឆ្នាំ បានថ្លែងថា
លោកមិនដឹងលម្អិត អំពីការបណ្តេញចេញ កាលពីឆ្នាំមុនទេ
ហើយលោកមិនស្ថិតក្នុងឋានៈ ធ្វើអត្ថាធិប្បាយអំពីបញ្ហានេះឡើយ។
លោកបានថ្លែងថា៖ «ខ្ញុំគ្រាន់តែដឹងតិចតួច អំពីករណីនេះប៉ុណ្ណោះ
ដូច្នេះខ្ញុំមិនអាចប្រាប់អំពីបញ្ហានេះទេ។
ខ្ញុំនឹងប្រាប់នៅពេលក្រោយ នៅពេលខ្ញុំដឹងច្រើនជាងនេះ»។
បុរស
ម្នាក់ដែលឆ្លើយទូរស័ព្ទរបស់អ្នកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុន
ផានអ៊ីម៉ិច បានថ្លែងថា អ្នកស្រីស៊ុយ សុផាន កំពុងទៅប្រទេសសិង្ហបុរី
ហើយមិនអាចធ្វើអត្ថាធិប្បាយបានទេ៕ PS
រាយការណ៍បន្ថែមដោយម៉ៃ ទិត្យថារ៉ា
No comments:
Post a Comment