Monday, January 07, 2013

សហគមន៍​ចារ៉ាយ​ចាប់​គ្រឿង​ចក្រ​និង​អ្នកមានគុណរបស់ ហ៊ុន សែន ​២នាក់

សហគមន៍​ចារ៉ាយ​ចាប់​គ្រឿង​ចក្រ​និង​ជន​ជាតិ​វៀតណាម​២នាក់ 

រតនគិរីៈ ប្រជា​សហគមន៍​ជនជាតិ​ភាគ​តិច​ចារ៉ាយ បាន​ឃាត់​ខ្លួន​ជន​ជាតិ​វៀតណាម​ពីរ​នាក់​ និង​រឹប​អូស​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​នេះ​  ក្នុង​ខណៈ​ដែល​ពួក​គេ​កំពុង​ឈូស​ឆាយ​ដី​ផ្នូរ​ដូន​តា​ជន​ជាតិ​ចារ៉ាយ ជាង​មួយ​ហិកតា ក្នុង​ខេត្ត​រតនគិរី ពី​ចុង​សប្តាហ៍​មុន​។
លោក សេវ ​ហ្លីន ​មេ​ភូមិ​ឡំ​បាន​អះ​អាង​ពី​ថ្ងៃ​អាទិត្យ​ថា ​ដី​ផ្នូរ​ដូន​តា​ជនជាតិ​ចារ៉ាយ​ជាង​មួយ​ហិកតា​នៅ​ក្នុង​ភូមិ​ឡំ​(ជាប់​ ព្រំដែន​វៀតណាម)​នៅ​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​ ត្រូវ​ក្រុមហ៊ុន​ដាយដុង​យឿង​របស់​វៀតណាម​ប្រើ​គ្រឿង​ចក្រ​៤​គ្រឿង​ឈូស ឆាយ​កាល​ពី​សប្តាហ៍​មុន។
លោក សេវ ហ្លីន ​បញ្ជាក់​ថា៖ ​«ដី​ព្រៃ​ផ្នូរ​ខ្មោច​ដូន​តា​យើង​ត្រូវ​ក្រុមហ៊ុន​វៀតណាម​ឈូស​ឆាយ​ចោល​អស់​ ហើយ គ្មាន​សល់​ទេ​។ ក្រៅ​ពី​នេះ​ក៏​ប៉ះ​ដី​ចម្ការ​ជាង​២​ហិកតា​ផង។ យើង​កំពុង​បារម្ភ​ខ្លាច​ព្រលឹង​ដូន​តា ខឹង​មក​ធ្វើ​ទុក្ខ​បុកម្នេញ​កូន​ចៅ​នៅ​មិន​សុខ»។
លោក សេវ ​ហ្លីន ថា​ អ្នក​ភូមិ​ខឹង​យ៉ាង​ខ្លាំង​ក៏​រាយការណ៍​មក​លោក​ភ្លាមៗ បន្ទាប់​មក​ពួក​គាត់​ប្រមាណ​៣០​នាក់ ប្រថុយ​គ្រោះ​ថ្នាក់​ចូល​ទៅ​ឃាត់​គ្រឿង​ចក្រ។

លោក​ហ្លីន និយាយ​ថា៖«យើង​ឃាត់​បាន​តែ​១​គ្រឿង​ទេ។ ជនជាតិ​យើង​មិន​ចេះ​បើក។ គេ​បើក​រត់​ចូល​ព្រៃ​អស់។ ពួក​អ្នក​បើក​ជា​ជន​ជាតិ​វៀតណាម​មិន​ទាំង​ចេះ​ខ្មែរ​ផង»។ លោក​ថា ​លោក​បាន​រាយការណ៍​ជូន​ទៅ​ថ្នាក់​លើ​ហើយ ប៉ុន្តែ​ មិន​ទាន់​មាន​ការ​សម្រេច​យ៉ាង​ណា​នោះ​ទេ។ តាម​អ្នក​ភូមិ​ចង់​ទារ​ជំងឺ​ចិត្ត​៥​ពាន់​ដុល្លារ​ យក​ទៅ​ទិញ​ក្របី ជ្រូក​ គ្រឿង​សក្ការ​មក​រៀប​ចំធ្វើ​ពិធី​សែន​ព្រេន កុំ​ឲ្យ​ព្រលឹង​ដូនតា​ខឹង​សម្បា។
ករណី​នេះ​សមាគម​ការពារ​សិទិ្ធ​ មនុស្ស​អាដហុក​និង​ប្រជា​សហគមន៍​ប្រមាណ​ជា​១០​នាក់ បាន​ចុះ​ទៅ​អង្កេត​ជាក់​ស្តែង​នៅ​នឹង​កន្លែង​ កាល​ពី​ថ្ងៃ​អាទិត្យ​។
លោក ឆាយ ​ធី​ អ្នក​សម្រប​សម្រួល​នៃ​សមាគម​អាដហុក​បាន​ឲ្យ​ដឹង​ថា ​ដី​ផ្នូរ​ដូន​តា​របស់​ជន​ជាតិ​ដើម​ចារ៉ាយ ពិត​ជា​ត្រូវ​គេ​ឈូស​ឆាយ​មែន ក្នុង​នោះ​ផ្នូរ​ចំនួន​១៥០០​ ត្រូវ​ខូច​ខ្ទេចខ្ទី​អស់​។
លោក​អះអាង​ ថា៖ «ផ្នូរ​ដូន​តា​ស្ទើរ​តែ​បំផ្លាញ​ទាំង​ស្រុង ហើយ​ឆ្អឹង​និង​វត្ថុ​បុរាណ​ដូចជា​កង​ដៃ ​កង​ជើង​ ឆ្នាំង ចាន ពាង​ដែល​គេ​ដាក់​នៅ​ក្នុង​ផ្នូរ​ខ្មោច​ត្រូវ​បាន​ឈូស​ចេញ​មក​ក្រៅ»។
លោក ​ឆាយ ​ធី បាន​ចាត់​ទុក​ថា ​ការ​ឈូស​ឆាយ​នេះ ​គឺជា​ការ​រំលោភ​ដោយ​ចេតនា​និង​យ៉ាង​ធ្ងន់​ធ្ងរ​មួយ​លើ​ទំនៀម​ ទម្លាប់​ក៏​ដូច​ជា​ទី​សក្ការ​បូជា របស់ជន​ជាតិ​ដើម​ភាគ​តិច។ ក្រុម​ហ៊ុន​មិន​មែន​មិន​ដឹង​ថា ដី​នោះ​ជាដី​ផ្នូរ​ដូន​តាពួក​គេ​ទេ​ព្រោះ​កាល​ពី​ឆ្នាំ​២០១២ អាជ្ញាធរ ក្រុមហ៊ុន​និង​អ្នក​ភូមិ​បាន​ចុះ​ទៅ​បាញ់​ថ្នាំ​ចំណាំ​ដី​ផ្នូរ​ខ្មោច​នោះ​ ជាមួយ​គ្នា។ លោក​បញ្ជាក់​ដែរ​ថា ជន​ជាតិ​វៀតណាម​នោះ ត្រូវ​ប្រជា​ពលរដ្ឋ​៣៧​នាក់​ ធ្វើ​ការ​ឃាត់​ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ប៉ុន្តែ​ត្រូវ​គេ​ដោះ​លែង​វិញ​ភ្លាមៗ​ដែរ។
លោក​ ពូយ ​ជ្រូច នាយ​ប៉ុស្តិ៍​ប៉ក់​ញ៉ៃ ​ឲ្យ​ដឹង​ថា ​គ្មាន​ការ​ឃាត់​ខ្លួន​ជន​ជាតិ​វៀតណាម​ពីរ​នាក់​នោះ​ទេ​គឺ​គ្រាន់​តែ​ហៅ​មក សួរ​ប៉ុណ្ណោះ​ហើយ​ក៏​ឲ្យ​វិល​ទៅ​វិញ។
លោក​ថ្លែង​ថា៖​ «ពួក​គេ​សារភាព​ថា ​គេ​ស៊ី​ឈ្នួល​បើក​ឲ្យ​គេ​ទេ ​ហើយ​ក៏​មិន​ដឹង​ថា ​ទី​នោះ​មាន​ផ្នូរ​ខ្មោច​អី​ដែរ។ កន្លែង​ឈូស​ប៉ះ​នោះ​វា​តិចតួច​ទេ មិន​ច្រើន​ដល់​ជាង​មួយ​ហិកតា​អី​នោះ​ទេ​»។
អភិបាល​ស្រុក​អូរយ៉ាដាវ​ លោក ដក ស ឲ្យ​ដឹង​ថា​ លោក​ទទួល​របាយ​ការណ៍​រឿង​នេះហើយ ​និង​បាន​បញ្ជូន​ទៅ​ថ្នាក់​លើ​ដើម្បី​ធ្វើ​ការ​ដោះស្រាយ​រួច​ហើយ​ដែរ។
លោក ណាប់​ ប៊ុន​ហេង ​អភិបាល​រង​ខេត្ត​រតនគិរី​ប្រាប់​​ឲ្យ​​ដឹង​ថា ​អាជ្ញាធរ​ខេត្ត​មិន​ទាន់​បាន​ទទួល​របាយការណ៍​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ដែល​ ថា មាន​ការ​ឈូស​ឆាយ​ផ្នូរ​បុរាណ​នោះ​ទេ។
លោក​បញ្ជាក់​ថា៖​«​រឿង​ឈូស​ ប៉ះ​ឬ​យ៉ាង​ណា​នោះ​យើង​មិន​បាន​ដឹង​ទេ ព្រោះ​ខេត្ត​មិន​ទាន់​ទទួល​បាន​ការ​រាយការណ៏​ពី​មូល​ដ្ឋាន​នៅ​ឡើយ។ យើង​គ្រាន់​តែ​បាន​ឮ​ព័ត៌មាន​ប្រយោល។ ខ្ញុំ​បាន​ចុះ​ទៅ​មើល​ក្រុមហ៊ុន​នេះ​ តែ​មិន​ឃើញ​មាន​បញ្ហា​អី​នោះ​ទេ»។
ភ្នំពេញ ប៉ុស្តិ៍​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​ក្រុមហ៊ុន​ដាយ​ដុង​យឿង ​ទេ​ តែ​ទោះ​យ៉ាង​ណា ​លោក ពូយ ជ្រូច មេប៉ុស្តិ៍​ប៉ក់ញ៉ៃ បាន​អះអាង​ថា​ ខាង​ភាគី​ក្រុមហ៊ុន​នឹង​មក​ដោះ​ស្រាយ​ជា​មួយ​នឹង​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ សប្តាហ៍​នេះ។
ក្រុមហ៊ុន​ដាយដុង​យឿង​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ ប្រមាណ​ជា​៤​ពាន់​ ហិកតា​ ពី​រដ្ឋាភិបាល​កម្ពុជា​និង​កំពុង​ឈូស​ដី​ដាំ​កៅស៊ូ​បាន​ជាង​៧០០​ហិកតា​ហើយ។ សមាគម​អាដហុក​និង​ប្រជា​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​របស់​ក្រុម​ហ៊ុន​មួយ​នេះ។ កាល​ពី​សប្តាហ៍​មុន​ឈើ​ប្រណីត​រាប់​ពាន់​ដើម​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ ទីតាំង​របស់​ក្រុមហ៊ុន​ ហើយ​ក្រុម​ចម្រុះ​រដ្ឋបាល​ព្រៃ​ឈើ រួម​មាន​ទាំង​ថ្នាក់​ជាតិ​ផង​ បាន​ចុះ​ទៅ​ពិនិត្យ​ក្រុមហ៊ុន​វៀតណាម ដាយ​ដុង​យឿង​នេះ៕

 

 

No comments: