Monday, January 21, 2013

សូមទេវតាខ្វាក់, ខ្មោចទេវតា និង ទេវតាលលើកជើង ទាំងអស់ ជួយផង!

ប្រជាពលរដ្ឋ​នៅ​សហគមន៍​បុរី​កីឡា​ដែល​រង​ការ​ឈូស​ឆាយ​ផ្ទះ​សម្បែង ដោយ​ក្រុម​ហ៊ុន​ផាន​អ៊ីម៊ិចបាន​នាំ​គ្នា​ឈរ​តវ៉ា​នៅ​មុខ​ក្រសួង​មហា​ផ្ទៃ ស្ថាប័ន​ព្រឹទ្ធសភា និង​គណបក្ស​ប្រជាជន​កម្ពុជា។រូបថតហេង ជីវ័ន

ពលរដ្ឋ​បុរី​កីឡា​បន្ត​រក​អន្តរា​គមន៍​ពី​លោក​ជា ស៊ីម​និង​លោក​ស ខេង

Monday, 21 January 2013
លាង ផាន់ណារ៉ា
The Phnom Penh Post

ភ្នំពេញៈ ប្រជាពលរដ្ឋ​នៅ​សហគមន៍​បុរី​កីឡា​ដែល​រង​ការ​ឈូស​ឆាយ​ផ្ទះ​សម្បែង ដោយ​ក្រុម​ហ៊ុន​ផាន​អ៊ីម៊ិចបាន​នាំ​គ្នា​ឈរ​តវ៉ា​នៅ​មុខ​ក្រសួង​មហា​ផ្ទៃ ស្ថាប័ន​ព្រឹទ្ធសភា និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ស្នើ​សុំ​ការ​អន្តរាគមន៍​ពី​លោក​ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជាន​កម្ពុជា និង​ប្រធាន​ព្រឹទ្ធសភា និង​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ជួយ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ជម្រុញ​ឲ្យ​ ក្រុមហ៊ុន​ផាន​អ៊ីម៊ិច គោរព​នូវ​កិច្ច​សន្យា​សាង​សង់​ឲ្យ​គ្រប់​ចំនួន ១០​អគារ។

សហគមន៍​បុរី​កីឡា​នៅ​សង្កាត់​វាល​វង់ ខណ្ឌ​មករា រាជធានី​ភ្នំពេញ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា​ប្រគល់​នូវ​ដី​សម្បទាន​សង្គម​កិច្ច​ចំនួន ៤.៦០​ហិចតា អភិវឌ្ឍន៍​នៅ​ហ្នឹង​កន្លែង ហើយ​បាន​ដោះ​ដូច​ឲ្យ​ក្រុម​ហ៊ុន ផាន​អ៊ីម៊ិច ២.៦០​ហិចតា នៅ​សល់ ២​ហិចតា​សម្រាប់​សាង​សង់​អគារ​ចំនួន ១០​កម្ពស់ ៦​ជាន់​ជូន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បុរី​កីឡា​ជា​ថ្នូរ​ដី ២.៦០​ហិចតា ប៉ុន្តែ ក្រុម​ហ៊ុន ផាន​អ៊ីម៊ិច មិន​បាន​គោរព​នូវ​កិច្ច​សន្យា​ដែល​បាន​ចុះ​ថ្ងៃ ០៥ ខែ​មករា ឆ្នាំ​២០០៤។


យោងតាមលិខិតដាក់ជូនរដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ និង​ប្រធាន​ស្ថាប័ន​ព្រឹទ្ធសភា និង​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃ​ទី២១ ខែ​មករា​នេះ ពលរដ្ឋបានរៀបរាប់ថា ក្រុមហ៊ុន​ផានអ៊ីម៊ិច​បាន​សាង​សង់​ត្រឹម​តែ ៨​អគារ ប៉ុណ្ណោះ បណ្តាល​ឲ្យ​ពលរដ្ឋ​សហគមន៍​បុរី​កីឡា​ខ្លះ សព្វថ្ងៃ​រស់​នៅ​លំបាក​វេទនា ក្នុង​តង់​ក្បែរ​គំនរ​សម្រាម និង​គ្រួសារ​រស់​នៅ​ក្រោម​ជណ្តើរ និង​មាន​ការ​បោះ​សម្រាម និង​ចោល​កន្ទុយ​បារី​មក​ពី​ខាង​លើ។ ដោយសារ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ ២០១២ ក្រុមហ៊ុន​ផាន​អ៊ីម៊ិច​បាន​ប្រើ​ប្រាស់​គ្រឿង​ចក្រ​ដោយ​យក​កង​កម្លាំង​ ចម្រុះ ប្រដាប់​អាវុធ​មាន​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ហើយ​យក​មក​ឈូស​កំទេច​ផ្ទះ​សម្បែង គ្មាន​ប្រាប់​ដំណឹង​ជា​មុន និង​គ្មាន​ដីកា​ពី​តុលាការ។

ក្នុងពេលនោះដែរ ក្រុមប្រជាពលរដ្ឋសហគមន៍ផ្លូវលេខ ៣៤៧ ស្ថិតក្នុងភូមិ ៣ ផ្លូវ៣៤៧ សង្កាត់​បឹង​កក់​ទី១ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ​មាន​ចំនួន ១៤​គ្រួសារ ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​លំនៅ​ដ្ឋាន ក៏​បាន​នាំគ្នា​មក​តវ៉ា​នៅ​មុខ​ស្ថាប័ន​ព្រឹទ្ធសភា និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ស្នើ​ឲ្យ​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ជួយ​អន្តរាគមន៍​បន្ទាន់ ដើម្បី​ជម្រុញ​និង​ពន្លឿន​ឲ្យ​មាន​ការ​ដោះ​ស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ដ៏រ៉ាំងរ៉ៃ​ដែល​បាន​កើត​ឡើង និង​អូស​បន្លាយ​តាំង​​ពី​ឆ្នាំ​២០០៧​រហូត​មក ដើម្បី​ឲ្យ​សហគមន៍​នេះ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់។

No comments: