Friday, January 25, 2013

សហភាព​សហជីព​កម្មករ​ព្រមាន​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​បើ​ថៅកែ​មិន​ដំឡើង​ប្រាក់​ខែ

http://www.youtube.com/watch?v=EQCXr6Q_ihg&feature=youtu.be
ស្រប​ពេល​ដែល​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​របស់​កម្មករ​សម្រាប់​ ឆ្នាំ​២០១៣ នេះ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​នៃ​កិច្ច​ពិភាក្សា​នៅ​ឡើយ​នោះ ប្រធាន​សហភាព​សហជីព​កម្ពុជា ព្រមាន​ថា ការ​ធ្វើ​កូដកម្ម​ដ៏​ធំ​មួយ​នឹង​កើត​ឡើង  បើ​សិន​ជា​ភាគី​រោងចក្រ​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ​ ប្រមាណ​តែ ១០% បន្ថែម​លើ​ប្រាក់​ខែ​គោល​ក្នុង​ពេល​បច្ចុប្បន្ន​ចំនួន ៦១​ដុល្លារ​ពិត​មែន​នោះ។

RFA/Tin Zakariya
៨-មេសា-២០១២៖ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ផ្ដល់​បទ​សម្ភាសន៍ នៅ​ការិយាល័យ​របស់​លោក។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បញ្ជាក់​នៅ​ថ្ងៃ​ទី២៤ មករា ថា កម្មករ​រោងចក្រ​នឹង​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ប្រសិន​បើ​ការ​ដំឡើង​ប្រាក់​ខែ​គោល​សម្រាប់​កម្មករ​បន្ថែម​ត្រឹម ១០% នោះ។ លោក​គិត​ថា ផ្អែក​តាម​ការ​សិក្សា​របស់​ក្រុម​សេដ្ឋកិច្ច​រក​ឃើញ​ថា រោងចក្រ​គឺ​ពិត​ជា​មាន​លទ្ធភាព​ដំឡើង​ប្រាក់​ខែ​គោល​ដល់​កម្មករ​ច្រើន​ជាង ១៥០​ដុល្លារ​បាន។
លោក រ៉ុង ឈុន៖ «អ្វី​ដែល​ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​បាន​លើក​ឡើង​ ថា​ពិចារណា​ថា​ដំឡើង ១០% នៃ​ប្រាក់​ខែ​គោល​នោះ បើ​ការ​លើក​ឡើង​នេះ​វា​ពិត​ជា​អនុវត្ត​បែប​ហ្នឹង​មែន ពេល​ហ្នឹង កម្ពុជា នឹង​មាន​ផ្ទុះ​បញ្ហា​កូដកម្ម​ដ៏​ធំ​មួយ​នៅ​តាម​បណ្ដា​រោងចក្រ»
ក៏ប៉ុន្តែ ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា លោក វ៉ាន់ ស៊ូអៀង ចាត់​ទុក​ថា ការ​ថ្លែង​របស់​លោក រ៉ុង ឈុន នេះ ទំនង​ខ្វះ​ការ​យល់​ដឹង​ផ្នែក​ទីផ្សារ។ ទោះ​ជា​យ៉ាង​ណា លោក វ៉ាន់ ស៊ូអៀង គិត​ថា ចរន្ត​សេដ្ឋកិច្ច​នៅ​ក្នុង​ពិភពលោក ការ​ដំឡើង​ប្រាក់​ឈ្នួល​គោល គេ​ពុំ​អាច​ធ្វើ​ម្ដង​ដើម្បី​ឲ្យ​ដល់​ចំណុច​គោលដៅ​បាន​នោះ​ទេ ហើយ​ការ​ដំឡើង​តាម​ការ​ទាមទារ​នោះ ក៏​ពុំ​អាច​ធ្វើ​ទៅ​បាន​ដែរ។
តែ​យ៉ាង​ណា​ក៏ដោយ លោក​បញ្ជាក់​ថា ការ​សម្រេច​របស់​ក្រុម​កម្មករ​នោះ គឺ​ជា​សិទ្ធិ​របស់​ពួក​គេ៖ «ខ្ញុំ ​ឆ្លើយ​ហើយ​ថា​ឲ្យ​គេ​ធ្វើ​អី​ធ្វើ​ទៅ ហើយ​គាត់​មើល​នៅ​ស្រុក​ណា​មាន​ឡើង​ប្រាក់​ខែ​មួយ​ឆ្នាំ​ឡើង ១០០%។ អា​ហ្នឹង​ឆ្កួត អា​ហ្នឹង​មិន​ធម្មតា អា​ហ្នឹង​ហៅ​ឆ្កួត។ ខ្ញុំ​អត់​ទាន់​ឡើង​ប៉ុណ្ណា ប៉ុណ្ណឹង​ឡើយ​ទេ យើង​នៅ​តវ៉ា​ហ្នឹង ហើយ​កាល​ណា​តវ៉ា​រក​មួយ​រយ​ពីរ​រយ​ភាគ​រយ ម៉េច​មិន​សុំ​មួយ​ពាន់​ភាគ​រយ​ទៅ អា​ហ្នឹង​ថា​អ្នក​អត់ អត់​ចេះ អ្នក​អត់​ចេះ​កុំ​ធ្វើ​មេ​គេ»
សេចក្ដី​ថ្លែងការណ៍​របស់​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី២៤ មករា ឲ្យ​ដឹង​ថា កម្ពុជា នឹង​ផ្ទុះ​បាតុកម្ម​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​តាម​បណ្ដា​រោងចក្រ​កាត់​ដេរ ​សម្លៀកបំពាក់ និង​ស្បែក​ជើង បើ​ការ​ដំឡើង​ប្រាក់​ឈ្នួល​គោល​អប្បបរមា​ត្រឹម ១០% នៃ​ប្រាក់​ខែ​គោល​សរុប ៦១​ដុល្លារ ដូច​ការ​អះអាង​របស់​ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ពិត​មែន​នោះ។
ទោះ​ជា​បែប​ណា លោក រ៉ុង ឈុន ពុំ​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ ពី​វេលា​ពិត​ប្រាកដ​នៃ​ការ​ធ្វើ​បាតុកម្ម​នោះ ដោយ​ត្រូវ​រង់ចាំ​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​រវាង​តំណាង​មេ​ដឹកនាំ​សហជីព ជាមួយ​ក្រុម​ការងារ​ទំនាក់​ទំនង​វិជ្ជាជីវៈ និង​តំណាង​ភាគី​ខាង​រោងចក្រ​នៅ​ក្រោយ​ថ្ងៃ​ទី២៦ មករា ខាង​មុខ​នេះ​សិន។
វិទ្យុ​អាស៊ី​សេរី ពុំ​អាច​ស្នើសុំ​ការ​ការ​អត្ថាធិប្បាយ​បាន​ទេ​លើ​បញ្ហា​នេះ​ពី​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា និង​ជា​សហប្រធាន​ក្រុម​ការងារ​ទំនាក់​ទំនង​វិជ្ជាជីវៈ ដែល​កំពុង​ពិភាក្សា​លើ​ប្រាក់​ខែ​គោល​នេះ ដោយ​លោក​ទទួល​ទូរស័ព្ទ ហើយ​ផ្ដាច់​ទៅ​វិញ។
ក្រុម​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​ឧស្សាហកម្ម​រោងចក្រ​កាត់​ដេរ​ នៅ​ក្នុង​ប្រទេស​កម្ពុជា រក​ឃើញ​ថា គិត​ត្រឹម​ពាក់​កណ្ដាល​ខែ​មករា ដើម​ឆ្នាំ​២០១៣ នេះ ការ​ផ្ទុះ​បាតុកម្ម​នៅ​តាម​រោងចក្រ​ដាច់​ដោយ​ឡែក​ពី​គ្នា បាន​កើន​ឡើង​ជាង ១០​ករណី។ តួលេខ​នេះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១២ គឺ​ជា​ចំនួន​មួយ​កំពុង​ប្រឈម​យ៉ាង​ខ្ពស់​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

លោក​ រ៉ុង ឈុន បានគំរាមបែបនេះជាច្រើនលើក
មកហើយ តែអនុវត្តិបានតិចតួចណាស់។ បើតែ
យ៉ាងនេះប្រយ័ត្នសាប ថ្ងៃក្រោយនិយាយគេលែង ស្តាប់។ អ្នកដឹកនាំ កាលបើបានសន្និ​យ៉ាហើយចាំ
បាច់ត្រូវតែគោរពសំដីរបស់ខ្លួន កុំឲ្យ « កោកៗ
សឹកតែមាត់ត្រដោក ឆ្អែតឯពោះក្របី » សូវឲ្យ
« មឹះៗកេះឆ្នាំងបាយធ្លុះ »​វិញប្រសើជាង។
ស៊ី អេងគ្រុយ

Anonymous said...

លោក​ រ៉ុង ឈុន នឹងក្លាយទៅជា​
ង្វៀងរ៉ុង ឈុន យ៉ាងរលូន.....
បើតែ«កោកៗ»...អត់បានការយ៉ាងនេះ!