ស្ត្រីអ្នកភូមិបឹងកក់១៣នាក់
ដែលត្រូវសាលាដំបូងរាជធានីផ្តន្ទាទោស នៅពេលនាំមកសាលាឧទ្ធរណ៍
កាលពីខែមិថុនា។ រូបថត ម៉េង គឹមឡុង
Thursday, 24 January 2013
ម៉ៃ ទិត្យថារ៉ា ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈសម្ព័ន្ធអង្គការសង្គមស៊ីវិលចំនួន៤ដែល
ធ្វើការលើវិស័យ សិទ្ធិមនុស្ស និងដីធ្លីនៅកម្ពុជា
បានកត់សម្គាល់ថា ឆ្នាំ ២០១២
គឺជាឆ្នាំដែលអាក្រក់បំផុតទាក់ទិនទៅនឹងការចាប់យកដី
ភាពគ្មានដីធ្លី
ដែលយ៉ាងហោចណស់មានសកម្មកជនដីធ្លីរហូតដល់២០១នាក់
ត្រូវបានចាប់ខ្លួន ហើយមកដល់ពេលនេះ សកម្មជនចំនួន២៩នាក់
កំពុងជាប់ឃុំក្នុងពន្ធាគារនៅឡើយ។
លោក ចាន់ សុវ៉េត អនុប្រធានផ្នែកកម្មវិធីដីធ្លី
សមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងនៅក្នុងសន្និសីទកាសែត
កាលពី ម្សិលមិញថា នៅក្នុងឆ្នាំ២០១២
ការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងដីធ្លី
មានចំនួន២០១នាក់ខណៈដែលឆ្នាំ២០១១មានតែ ៩៨នាក់ប៉ុណ្ណោះ។
លោកគូសបញ្ជាក់ថា៖ «ឆ្នាំ២០១២ ជាឆ្នាំដែលអាក្រក់ជាងគេ
នៅពេលដែលពលរដ្ឋធ្វើការតវ៉ាដើម្បីការពារផ្ទះសម្បែងរបស់ពួកគេ
ត្រូវបានចាប់ខ្លួន ដោយយកប្រព័ន្ធតុលាការមកគាបសង្កត់»។
សកម្មជនដែលត្រូវបានចាប់ខ្លួនភាគច្រើនត្រូវបានចោទប្រកាន់
ពីបទព្រហ្មទណ្ឌដូចជា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ
ទ្រព្យសម្បត្តិឯកជន ឆបោក ក្លែងបន្លំឯកសារ។ លោកបន្តថា៖
«ការចាប់ខ្លួនគឺកើតចេញពីដីសម្បទានសេដ្ឋកិច្ច
ហើយមន្ត្រីរដ្ឋាភិបាល គឺជាអ្នកចេញមុខការពារផលប្រយោជន៍ក្រុមហ៊ុន
ដោយប្រឈមមុខផ្ទាល់ជាមួយប្រជាជន
ដែលហ៊ានចេញមុខការពារដីធ្លីរបស់ពួកគាត់ ឯខាងក្រុមហ៊ុន
មិនបានចេញមុខនោះទេ»។
អង្គការសិទ្ធិមនុស្សអាដហុកបាន ឲ្យដឹងទៀតថា បើគិតពីឆ្នាំ
២០០៧ មកដល់បច្ចុប្បន្ន មានសកម្មជនដីធ្លី
និងសិទ្ធិមនុស្សជាង១០០០នាក់ ត្រូវបានចោទប្រកាន់និងចាប់ខ្លួន
នៅក្នុងរឿងទំនាស់ដីធ្លី ដោយសារតែរដ្ឋាភិបាល
ផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន។ លោកចាន់ សុវ៉េត
ថ្លែងទៀតថា៖
«ការផ្តន្ទាទោសរបស់តុលាការទាក់ទិនទៅនឹងការចាប់ខ្លួនប្រជាពលរដ្ឋ
ក្នុងរឿងជម្លោះដីធ្លី គឺអាក្រក់បំផុត ដោយសារតែតុលាការ
ពុំបានធ្វើការស៊ើបអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយទេ»។
លោក សៀ ភារម្យ
ប្រធានលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានបានថ្លែង
ថា នៅភ្នំពេញក្នុងឆ្នាំ២០១២ មានប្រជាពលរដ្ឋប្រមាណ ៦១១ គ្រួសារ
ត្រូវបានបណ្តេញចេញពីលំនៅដ្ឋាន គឺមានការថយចុះ
បើប្រៀបធៀបទៅឆ្នាំ២០១១។ ប៉ុន្តែការថយចុះនេះ ពុំបានមានន័យថា
ជម្លោះដីធ្លីថយចុះនោះទេ។ លោកបានបន្តថា
៖«ការបណ្តេញចេញថយចុះនោះ គឺដោយសារតែការបោះឆ្នោតឃុំ សង្កាត់
និងការបោះឆ្នោតជាតិជិតចូលមកដល់។ នៅមុនពេលបោះឆ្នោតជាតិម្តងៗ
ការបណ្តេញចេញ តែងតែមានការថយចុះ»។ លោកបញ្ជាក់ថា
ការបណ្តេញចេញបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើន
កាន់តែធ្លាក់ខ្លួនក្រីក្រ រហូតដល់មានអ្នកខ្លះកាត់សក់លក់។
អ្នកស្រី ទេព វន្នី តំណាងពលរដ្ឋសហគមន៍បឹងកក់ បានថ្លែងថា
ការអភិវឌ្ឍនៅបឹងកក់ គឺ មិនបានជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋទេ
តែផ្ទុយទៅវិញ វាបានធ្វើឲ្យប្រជាពលរដ្ឋ បាត់បង់ដីធ្លី
ផ្ទះសម្បែងនិងមុខរបរ មិនត្រឹមតែប៉ុណ្ណោះ
ប្រជាពលរដ្ឋជាច្រើនត្រូវបានចាប់ដាក់គុក។ អ្នកស្រីគូសបញ្ជាក់ថា៖
«អាជ្ញាធរពុករលួយ ចាត់ទុកពួកយើង
ដែលជាប្រជាពលរដ្ឋម្ចាស់ដីដែលហ៊ានតវ៉ាជាមួយពួកគាត់
ថាជាបន្លាក្នុងកែវភ្នែក»។
យោងតាមសេចក្តីថ្លែងការណ៍រួម ចេញកាលពីម្សិលមិញ
របស់សម្ព័ន្ធអង្គការសង្គមស៊ីវិលចំនួន៤
មានវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា គណៈកម្មការ
ប្រព្រឹត្តិកម្មសមាគមអាដហុក និងក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន
បានឲ្យដឹងថា តាំងពីឆ្នាំ២០០០មក នៅទូទាំងប្រទេស
យ៉ាងហោចណាស់មានប្រជាជនចំនួន៧០ម៉ឺននាក់
បានរងផលប៉ះពាល់ពីការចាប់យកដី
និងការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំ។
គ្រាន់តែនៅក្នុងឆ្នាំ២០១១ មានប្រជាជនចំនួន៥ម៉ឺន១ ពាន់នាក់
បានទទួលរងគ្រោះ។ ដោយឡែក នៅរាជធានីភ្នំពេញ យ៉ាងហោច ណាស់
មានប្រជាជនចំនួន ១៤,៥ ម៉ឺននាក់ ឬប្រហែល
១០ភាគរយនៃចំនួនប្រជាជនសរុបនៅរាជធានីត្រូវបានគេបណ្តេញចេញ
ក្នុងរយៈពេល១២ ឆ្នាំកន្លងមកនេះ។
សម្ព័ន្ធអង្គការទាំងនេះ
បានអំពាវនាវឲ្យមានការធ្វើកំណែទម្រង់ដីធ្លីនិងលំនៅដ្ឋានប្រកប
ដោយនិរន្តរភាពនៅក្នុងឆ្នាំ២០១៣
ពាក់ព័ន្ធទៅនឹងការបណ្តេញចេញដោយបង្ខំ
ផលប៉ះពាល់នៃភាពគ្មានដីធ្លី
និងស្ថានភាពនៃសកម្មជនដីធ្លីនិងលំនៅដ្ឋាន។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖
«ស្ថានភាពទាក់ទិននឹងការចាប់យកដី
ភាពគ្មានដីធ្លីនិងការចោទប្រកាន់សកម្មជនដីធ្លី
មានលក្ខណៈកាន់តែដុនដាបក្នុងឆ្នាំ២០១២»។
អង្គការទាំងនេះ បានផ្តល់អនុសាសន៍ចំនួន១៤
ចំណុចក្នុងនោះមានដូចជា បញ្ឈប់ការបណ្តេញចេញដោយបង្ខំ
និងការធានាឲ្យមានការផ្តល់សំណងសមរម្យ និងយុត្តិធម៌
ពន្លឿនការផ្តល់កម្មសិទ្ធិដីធ្លី
ធានាការដោះស្រាយវិវាទដីសម្បទានសេដ្ឋកិច្ច ជាមួយសហគមន៍មូលដ្ឋាន
បញ្ឈប់ការរារាំងសកម្មភាពអហិង្សា
ពន្លឿនដំណើរការទទួលស្គាល់សហគមន៍ព្រៃឈើ និងតំបន់ការពារ អនុម័ត
និងអនុវត្តគោលនយោបាយជាតិ
ស្តីពីលំនៅដ្ឋានដែលត្រូវបានព្រាងតាំងពីឆ្នាំ២០០៦ ជាដើម។
យ៉ាង ណាក្តី លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី
បានលើកឡើងថា នៅក្នុងឆ្នាំ ២០១២
រដ្ឋាភិបាលបានប្រឹងប្រែងធ្វើកិច្ចការជាច្រើនលើគ្រប់វិស័យ
ដើម្បីបម្រើប្រជាពលរដ្ឋ ទោះបីជាសកម្មភាពខ្លះពុំទាន់ចប់ក៏ដោយ។
ឆ្លើយតបទៅនឹងបញ្ហាទំនាស់ដីធ្លី
រដ្ឋាភិបាលក៏បានបង្កើតក្រុមយុវជនស្ម័គ្រចិត្ត
ចុះវាស់វែងដីធ្លី នៅគ្រប់ទិសទី
ដើម្បីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា៖ «នេះគឺជាយុទ្ធនាការជាប្រវត្តិសាស្រ្ត»៕
2 comments:
រូបនេះគេធ្វើអំពីអ្វីហ្ន៎ ? មើលទៅដូចជាឈាមកក
,,,,,,,,អ្នកប្រមាញ់ដ៏សាហាវ សម្លាប់តែខ្មែរ
សូំមមេត្តាដកចេញផង ខ្ញុំចុចច្រឡំសូមទោស។
Post a Comment