Thursday, January 24, 2013

សង្គមមួយ​ដែល​ពាក្យ​ថា​«គុណភាព» មិន​ត្រូវ​បាន​គេ​នឹកនា!


ពុធ 23 មករា 2013
Radio France Internationale
កុំថាឡើយ​តែ​ក្នុងចំណោម​យុវជន តែ​ការ​ប្រណាំងប្រជែង​គ្នា​យក​សញ្ញាបត្រ​ខ្ពស់​ក៏បាន​កើតឡើង​ផងដែរ​នៅក្នុង​ចំណោម​មនុស្ស​វ័យ​ចំណាស់ ជាពិសេស​មន្ត្រីរាជការ​ដែលមាន​តួនាទី​តែម្តង។ ប៉ុន្តែ សញ្ញាបត្រ​មួយចំនួន​មិនបាន​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​ពិតប្រាកដ​របស់​អ្នកទទួល​ឡើយ ពោលគឺ​វា​គ្រាន់តែ​ជាវ​ត្ថុ​សម្រាប់​សម្ញែង​ដើម្បី​បង្កើន​ឥទ្ធិពល​របស់ខ្លួន​តែប៉ុណ្ណោះ។
ជា​រូបភាព ប្រទេស​កម្ពុជា​ហាក់ដូចជា​កំពុងតែ​ទទួល​ឥទ្ធិពល​យ៉ាងខ្លាំង​ពី​សកលភាវូបនីយកម្ម​ហើយ​ហាក់​បង្ហាញថា ខ្លួន​កំពុង​ដើរ​ស្រប​នៅក្នុង​ចរន្ត​របស់​ពិភពលោក​នេះ។ ជាក់ស្តែង សម្ភារៈទំនើបៗត្រូវបាន​នាំចូល​យ៉ាង​ព្រោងព្រាត ចំណែក​បម្លាស់ប្តូរ​វប្បធម៌​ក៏បាន​កើតឡើង​យ៉ាង​សេរី​ដែរ។ ការរីកលូតលាស់​បាន​ស្តែងឡើង​ស្ទើរ​គ្រប់​វិស័យ​ជាពិសេស​វិស័យ​អប់រំ និង​សុខាភិបាល។ ប៉ុន្តែ ជា​ខ្លឹមសារ​វិញ ការប្រណាំង​ប្រជែង​គ្នា​ច្រើនតែ​ធ្វើឡើង​តែ​បរិមាណ និង​រូបភាព​ខាងក្រៅ​តែ​ភ្លេច​គិតពី​គុណភាព ដែលជា​គ្រឹះ​ដ៏​សំខាន់​សម្រាប់​សង្គម។ តើ​ហេតុអ្វី​បានជា​ដូច្នេះ?
នៅ​ស្ទើរតែ​គ្រប់​វិស័យ និង​គ្រប់​សកម្មភាព មនុស្ស​ខ្មែរ​ជាច្រើន​ក្នុងសម័យ​បច្ចុប្បន្ន ហាក់ដូចជា​កំពុងតែ​ស្ថិតក្នុង​និន្នាការ​មួយ​ដែល​នាំគ្នា​គិតតែ​ពី​បរិមាណ​ដើម្បី​បង្ហាញ​រូបភាព​ខាងក្រៅ​ឲ្យ​គេ​ឃើញថា​សម្បើម ប៉ុន្តែ គេ​បែរជា​មិនសូវ​គិតគូរ​ទាល់តែសោះ​អំពី​គុណភាព។ មាន​ឧទាហរណ៍​រាប់មិនអស់​ដែល​អាច​បញ្ជាក់បាន​អំពី​បញ្ហា​នេះ ទាំង​ផ្អែក​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រឹង និង​ទន់។


សំណង់​អគារផ្សេងៗដែល​កំពុង​រី​ល​លូតលាស់​ព្រោងព្រាត​ជាពិសេស​សំណង់ផ្ទះ​សម្រាប់​លក់ អគារ​សម្រាប់​ជួល រហូតដល់​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រូបវ័ន្ត​នានា​ដូចជា​ស្ពាន​និង​ផ្លូវ​ជាដើម​ភាគច្រើន​ត្រូវបាន​សាងសង់ឡើង​ដោយ​ខ្វះ​គុណភាព។ កង្វះ​គុណភាព​ក្នុង​វិស័យ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​បានធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ចំណែកឯ​កង្វះ​គុណភាព​ក្នុង​វិស័យ​សំណង់​អគារ​គឺជា​ក្តីបារម្ភ​យ៉ាង​ធំធេង​មួយ​សម្រាប់​អនាគត​អ្នក​ដែល​កំពុង​ជ្រកកោន​ក្រោម​អគារ​ទាំងនោះ។

កង្វះ​គុណភាព​នៅក្នុង​វិស័យ​អប់រំ​បានធ្វើ​ធនធានមនុស្ស​ដែល​ផលិត​ចេញពី​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ក្នុងប្រទេស​ភាគច្រើន​នៅ​ខ្សោយ​ជាង​ប្រទេសជិតខាង​យ៉ាងខ្លាំង។ បច្ចុប្បន្ននេះ ការប្រណាំង​ប្រជែង​គ្នា​ដើម្បី​រៀន​យក​សញ្ញាបត្រ​ខ្ពស់​គឺជា​និន្នាការ​គួរ​ឲ្យ​កត់សម្គាល់​និង​គួរ​ឲ្យ​លើកទឹកចិត្ត។ កុំថាឡើយ​តែ​ក្នុងចំណោម​យុវជន តែ​ការ​ប្រណាំងប្រជែង​គ្នា​យក​សញ្ញាបត្រ​ខ្ពស់​ក៏បាន​កើតឡើង​ផងដែរ​នៅក្នុង​ចំណោម​មនុស្ស​វ័យ​ចំណាស់ ជាពិសេស​មន្ត្រីរាជការ​ដែលមាន​តួនាទី​តែម្តង។ ប៉ុន្តែ សញ្ញាបត្រ​មួយចំនួន​មិនបាន​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​ពិតប្រាកដ​របស់​អ្នកទទួល​ឡើយ ពោលគឺ​វា​គ្រាន់តែ​ជាវ​ត្ថុ​សម្រាប់​សម្ញែង​ដើម្បី​បង្កើន​ឥទ្ធិពល​របស់ខ្លួន​តែប៉ុណ្ណោះ។

នៅក្នុង​វិស័យ​សុខាភិបាល​ក៏​ដូចគ្នា​ដែរ មន្ទីរពេទ្យ មណ្ឌល​សុខភាព​សាធារណៈ និង​មន្ទីរ​ព្យាបាល​ឯកជន កំពុង​រីកដុះដាល​ព្រោងព្រាត។ ប៉ុន្តែ ការរីកចម្រើន​ខាង​បរិមាណ​លឿន​ជាង គុណភាព។ ការចាកចេញ​ទៅ​ព្យាបាល​ជំងឺ​នៅឯ​ប្រទេសជិតខាង​យ៉ាង​សន្ធឹកសន្ធាប់​ជា​រៀងរាល់ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គឺជា​ឧទាហរណ៍​ជាក់ស្តែង​ដែល​បញ្ជាក់​ពី​កង្វះ​ទំនុកចិត្ត​របស់​ពួកគេ​ទៅលើ​សេវា​សុខាភិបាល​ក្នុងស្រុក។ ក្រៅពី​គុណភាព តម្លៃ​ព្យាបាល​ខ្ពស់​ក៏​ជា​សម្ពាធ​ដ៏​ធ្ងន់​មួយទៀត​ទៅលើ​អ្នកទទួល​សេវា​ជាពិសេស​គឺ​អ្នកក្រីក្រ។
ម្យ៉ាងទៀត គុណភាព​ការងារ​ហាក់ដូចជា​មិនត្រូវ​បានចាត់ទុក​ជាអាទិ​ភាព​ចម្បង​ទេ ជាពិសេស​ក្នុង​ស្ថាប័ន​សាធារណៈ​តែម្តង។ អ្នកធ្វើការ​មួយចំនួន​ចង់​បានតែ​រូបភាព​បង្ហាញ​ពី​សកម្មភាព​របស់ខ្លួន​ឲ្យ​គេ​ឃើញ​ជាជាង​គិតគូរ​ពី​គុណភាព​ការងារ​ដែល​ទទួលបាន។ ចំណែកឯ​ធនធានមនុស្ស រាប់​តាំងពី​អ្នកមាន​សញ្ញាបត្រ​រហូត​ដល់​ពលករ​ដែល​ប្រើ​កម្លាំង​សុទ្ធសាធ​ក៏​នៅ​ខ្វះ​គុណភាព​យ៉ាងខ្លាំង​ដែរ។ កង្វះ​គុណភាព​ការងារ និង​ធនធានមនុស្ស​ក៏មានដែរ​នៅក្នុង​បក្សនយោបាយ និង​ក្រុម​អាជីពផ្សេងៗទៀត​ដែល​កំពុងធ្វើការ​បម្រើ​សង្គម។ នៅពេលដែល​កង្វះ​គុណភាព​កើត​មាននៅ​គ្រ​ប់ប​វិស័យ​បែបនេះ តើ​អនាគត​សង្គម​ខ្មែរ​រំពឹង​លើ​អ្វី? ក្នុងស្ថានភាព​បែបនេះ តើ​កម្ពុជា​អាច​ទទួលផល​ប្រយោជន៍​ពី«សហគមន៍​អាស៊ាន​តែមួយ វាសនា​តែមួយ» យ៉ាងដូចម្តេច?

យ៉ាងណាក៏ដោយ បើទោះបីជា​យឺត​ពេល​បន្តិច​មែន តែ​នៅ​មិនទាន់​ហួសពេល​ទេ​ដែល​ខ្មែរ​គួរ​នាំគ្នា​ផ្តើម​គិតគូរ​អំពី​គុណភាព។ ក្នុង​បរិបទ​ដូច​សព្វថ្ងៃ ពាក្យ​ថា«គុណភាព»គួរតែ​ត្រូវបាន​ចាត់ទុកជា​ត្រីមុខ​សម្រាប់​គ្រប់​កិច្ចការ និង​គ្រប់​វិស័យ​ទាំងអស់​ពីព្រោះ​វា​ជា​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ឲ្យ​សង្គម​រីកចម្រើន​ទៅមុខ​ប្រកបដោយ​និរន្តរភាព។
ផ្ទុយទៅវិញ ការបន្ត​នាំគ្នា​បំភ្លេចចោល​នូវ​គុណភាព​ហើយ​នាំគ្នា​គិតតែ​បរិមាណ និង​រូបភាព​សម្បក​ក្រៅ សង្គម​ខ្មែរ​នឹងមិន​ខុស​អ្វី​ពី​ស្គរ​ដែល​លឺ​តែ​សំឡេង​ខ្ទរខ្ទារ តែ​ប្រហោង​ក្នុង​ធ្លុង នោះឡើយ៕

6 comments:

Anonymous said...

Lots PhP without university but Reas siop doch arch.

Anonymous said...

សម័យនេះពិតជាសម័យមួយប្លែក ដែលមន្ត្រីធំតូចកំពុងតែបញ្ចេញអំណាច និងមហ៊ិទ្ធីរិទ្ធិដាក់គ្នា និងសំញ៉ែងដាក់រាស្រ្ត តូចតាច។ ម្នាក់ៗខំប្រមូលងារមកបន្តុបឱ្យបានច្រើន ស្ទើតែរកបន្ទាត់សរសេរពុំបាន៖ ឯកឧត្តម-ឧកញ៉ា-ជំទាវ-ជំទាវអត់ក្រឹត-ជំទាវមានក្រឹត-បណ្ឌិត-ឯកឧត្តមបណ្ឌិត-ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត
គួរឱ្យខ្ពើមរអើមណាស់។

Anonymous said...

"TIME MAGAZINE OF THE YEAR"

Anonymous said...

What a nice pee ach dy for these crooks?

Anonymous said...

Omg what kind of pee arch dee these killers had,killing ,robbing Khmer land give then to youn,chatting the world for dollar to enrich his own ?

Anonymous said...

As you all probably know these are only HONORARY PhDs. They are NOT the bonafide ones.