Saturday, January 05, 2013

ជា មុនី ដាក់​សំណើ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​តិច​ជាង រ៉ុង ឈុន

លោក រ៉ុង ឈុន(ឆ្វេង)និងលោក ជា មុនី ជាអតីត​សម្ព័ន្ធ​មិត្ត​។ ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​ចុង​ក្រោយ​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ លោក ជា មុនី​ ប្រធាន​សហជីព​សេរីកម្មករ​បាន​អំពាវនាវ​កាល​ពី​ម្សិលមិញ​ឲ្យ​សមាគម​រោងចក្រ​ កាត់​ដេរ​កម្ពុជា ចូល​ទៅ​តុ​ចរចា ដើម្បី​ពិភាក្សា​ពី​សំណើ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​១២០​ដុល្លារ ក្នុង​មួយ​ខែ។
ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ជា​អតីត​សម្ព័ន្ធ​មិត្ត​របស់​លោក ជា មុនី បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​១៥០​ដុល្លារ​ ក្នុង​១​ខែ មេ​ដឹក​នាំ​សហជីព​សេរី​កម្មករ​កម្ពុជា​បាន​ដាក់​សំណើ​ដូច​គ្នា​នេះ​ដែរ ​ ដោយ​សំអាង​ថា រោងចក្រ​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន និង​ប្រទេស​ជិត​ខាង​មាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​ប្រទេស​កម្ពុជា​ច្រើន។
លោក ​ដាក់​ស្នើ​ក្នុង​លិខិត​កាល​ពី​ម្សិលមិញ​ថា៖ «ដើម្បី​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​​កម្មករ​ឲ្យ​ប្រសើរ​ឡើង ខ្ញុំ​ស្នើ​សុំ​[សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​]​រៀបចំ​ឲ្យ កិច្ច​ចរចា​​ផ្តល់​ប្រាក់​ឈ្នួល​ដល់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​ និង​ស្បែក​ជើង​១២០​ដុល្លារ​ក្នុង​មួយ​ខែ​ឲ្យ​កម្មករ​ពេញ​សិទ្ធិ និង​១១៥​ដុល្លារ​សម្រាប់​អ្នក​សាក​ល្បង»។
លោក រ៉ុង ឈុន បាន​ដឹក​នាំ​ការ​តវ៉ា​ដែល​មាន​កម្មករ​ជាង​៣០០​នាក់ ចូល​រួម​ពី​ថ្ងៃ​អាទិត្យ ក្នុង​នោះ​លោក​ទាមទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​ពី​៦១​ ដុល្លារ​ ដល់​១៥០​ដុល្លារ ហើយ​ការ​តវ៉ា​នេះ​ត្រូវ​រដ្ឋ​មន្រ្តី​ក្រសួង​សង្គម​កិច្ច លោក អ៊ិត សំហេង កោះ​ហៅ​ភាគី​ពាក់ព័ន្ធ​មក​ពិភាក្សា​គ្នា​។
លោក ជា មុនី ​ថ្លែង​ថា​៖ «ខ្ញុំ​នឹង​ស្នើ​សុំ​តែ​១២០​ដុល្លារ​ប៉ុណ្ណោះ​។ នេះ​មិន​មែន​មាន​ន័យ​ថា ខ្ញុំ​ប្រកួត​ប្រជែង​ជាមួយ​សហជីព​ណា​ដើម្បី​ប្រជាប្រិយភាព​ទេ​។ នេះ​គឺជា​ប្រាក់​ឈ្នួល​សមរម្យ​ដែល​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​ កម្ពុជា​អាច​ផ្តល់​ជូន​កម្មករ​បាន»។​
លោក ខេន លូ អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ថ្លែង​ថា​៖ «ខ្ញុំ​នឹង​មិន​ផ្ដោត​ខ្លាំង​លើ​លិខិត​លោក​ ជា មុនី ទេ​។ ​វា​គ្រាន់​ជា​រឿង​ធម្មតា»។ លោក​ថា៖«យើង​ក៏​មិន​បាន​ជូន​ដំណឹង ជា​ផ្លូវ​ការ​ពី​ការ​ណែ​នាំ​របស់​[លោក អ៊ិត សំហេង​]ដែរ​»។​លោក​ថា៖ «​យើង​​នឹង​រង់ចាំ​កិច្ច​ប្រជុំ​នោះ»។
លោក អាត់ ធន ប្រធាន​ស៊ីខៅឌូ បាន​ផ្ញើ​លិខិត​ទៅ​ក្រុមហ៊ុន DuPont clothing ពី​ថ្ងៃ​អង្គារ​ស្នើ​ឲ្យ​ដោះស្រាយ​បញ្ហា​នៅ​រោងចក្រ Master&Frank នៅ​ក្នុង​ខេត្ត​កណ្តាល​។PS/Shane Worrell

1 comment:

Anonymous said...

..ថ្វីបើកម្មករមានការជិះជាន់ពីអ្នកកមានអំណាច
តែកម្មករបានភ្ជាប់អំណាចជាមួយពិភពលោកសេរី
និងភ្ជាប់ទំនាក់ទំនងបានគ្រប់តិសទីទាំងអស់,យើងអត់ត្រូវចាញ់បោកពួកពុករលួយ,ជនផ្តាច់ការ
ដែលជាកញ្ជះជនបរទេស,តែយើងត្រូវពិចារណា
ការពិតដោយខ្លួនឯងថា តើមូលហេតយអ្វីបានជា
គេមិនផ្តល់ប្រាក់ខែតាមសំណូមពរ?
ឥឡូវនេះ!​យើងឃើញថា រោងចក្រនានាគេបិទជា
បណ្តើៗ ព្រោះពួកលោកធំៗមិនអាចលាក់បាំងការ
ពិតបានទៀតទេ ព្រោះប្រទេសបញ្ជាទិញគេឲ្យគោ
រពសទ្ធិមនុស្សកម្មករ,មានច្បាប់ធ្វើបាតុកម្មនៅក្នុង
ប្រទេសខ្មែរ។ យើងជាកម្មករត្រូវបណ្តុះនូវស្មារតី
ដើម្បីបញ្ចប់អំពើពុករលួយរបស់លោកធំៗ,កម្មករ
ចង់បានប្រាក់ខែសមរម្យល្មមរស់បាន និងចង់ឲ្យ
អ្នកទិញពេញចិត្ត ព្រោះអ្នកទិញទាំងអស់នោះគេ
ដឹងច្បាស់ថា លោកធំខ្មែរប្រព្រឹត្តអំពើពុករលួយនិង
ជិះជាន់កម្លាំងកម្មរខ្លាំងណាស់៕