ដោយ វោហារ ជាតិ 2013-01-30 RFA
អង្គការសារព័ត៌មានអន្តរជាតិឈ្មោះថា
«អ្នកយកព័ត៌មានគ្មានព្រំដែន» (Reporters Without Border)
បានបញ្ចេញរបាយការណ៍ប្រចាំឆ្នាំ
ដោយវាយតម្លៃអំពីសេរីភាពសារព័ត៌មាននានាលើពិភពលោកឆ្នាំ២០១៣។
ដោយឡែកចំពោះសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាវិញ អង្គការនេះបានចាត់ចំណាក់ថ្នាក់ទាបដល់ជិត ១៥០ពិន្ទុ ក្នុងចំណោមប្រទេសលើពិភពលោក។
អង្គការ «អ្នកយកព័ត៌មានគ្មានព្រំដែន» បានបញ្ចេញរបាយ ការណ៍មួយនៅថ្ងៃទី៣០ មករា ដោយបានទម្លាក់ពិន្ទុសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា ដល់កម្រិតថ្នាក់ទី ១៤៣ ក្នុងចំណោមប្រទេស ១៧៩។
របាយការណ៍នេះបង្ហាញថា ការវាយតម្លៃសេរីភាពសារព័ត៌មានកាលពីឆ្នាំទៅមិញ កម្ពុជាស្ថិតចំណាត់ថ្នាក់គ្រាន់បើជាងនេះ ពោលគឺកម្រិតត្រឹមលេខ ១១៧។ តែឆ្នាំនេះបានធ្លាក់ចុះចំនួន ៣៦ថ្នាក់ ដោយសារតែរដ្ឋាភិបាលគាបសង្កត់លើសេរីភាពសារព័ត៌មាន និងជាពិសេសមានការចាប់ខ្លួនលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ដែលអង្គការនេះហៅថា ជាអ្នកសារព័ត៌មាន និងវិទ្យុឯករាជ្យ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានទេ នៅថ្ងៃទី៣០ មករា ដើម្បីសុំការឆ្លើយតបចំពោះការវាយតម្លៃនេះ។ ក៏ប៉ុន្តែលោកធ្លាប់ថ្លែងប្រាប់អ្នកកាសែតកាលពីខែមុននេះថា សេរីភាពសារព័ត៌មាននៅកម្ពុជា ស្ថិតក្នុងកម្រិតខ្ពស់។ ដោយលោកលើកជាឧទាហរណ៍ប្រៀបធៀបថា បើសេរីភាពព័ត៌មានក្នុងតំបន់ល្អកម្រិតខ្ពស់ត្រឹម ១០ គឺសេរីភាពសារព័ត៌មានកម្ពុជា ឈរត្រឹមលេខ៨។
ក៏ប៉ុន្តែ មន្ត្រីអង្គការសិទ្ធិមនុស្ស និងអង្គការសារព័ត៌មានអន្តរជាតិខ្លះ បានរិះគន់រដ្ឋាភិបាលថា បានប្រើប្រព័ន្ធតុលាការគាបសង្កត់អ្នកសារព័ត៌មានណាដែលប្រឆាំង ឬហ៊ានរិះគន់រដ្ឋាភិបាល ជំនួសការគាបសង្កត់ដោយប្រើហិង្សា ឬគំរាមកំហែងដោយកម្លាំងបាយ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
តែផ្ទុយទៅវិញ លោក ឆាយ សុផល នាយកសារព័ត៌មាន ខេមបូឌា ញូវ (Cambodia News) បានបញ្ជាក់នៅថ្ងៃទី៣០ មករា នេះថា សេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំនេះប្រសើរជាងឆ្នាំទៅច្រើន។ លោកបានលើកហេតុផលមួយចំនួនដូចជា សេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មានតាមរយៈព័ត៌មានសង្គម ឬ ហ្វេសប៊ុក (Face book) ថា មានអ្នករិះគន់រដ្ឋាភិបាលច្រើន តែពួកគេមិនត្រូវបានចាប់ដាក់គុក ឬទទួលការគំរាមកំហែងអ្វីទេ។
លោក ឆាយ សុផល៖ «ត្រង់ថា ស្រុកយើងខុសស្រុកគេ។ នៅស្រុកយើងមានសារព័ត៌មានគាំទ្រគណបក្សកាន់អំណាចផង សារព័ត៌មានដែលប្រឆាំងនឹងគណបក្សកាន់អំណាចផង ហើយក៏មានសារព័ត៌មានឯករាជ្យ។ ដូច្នេះទាំងអស់នេះ វាបង្ហាញសង្គមប្រជាធិបតេយ្យហើយ។ បើសិនជាសារព័ត៌មានណាមួយមិនពិត ធ្វើការរិះគន់ដែលមិនមានភស្តុតាងច្បាស់លាស់ មិត្តអ្នកស្ដាប់ អ្នកទស្សនា អ្នកអានកាសែត ឥឡូវគាត់ឆ្លាតណាស់ គាត់ដឹងថា តើព័ត៌មានណាដែលគាត់ជ្រើសរើស...»។
របាយការណ៍វាយតម្លៃសេរីភាពសារព័ត៌មានចំនួន ២៦ទំព័រ បានបង្ហាញថា ប្រទេសជាប់លេខមួយខាងសេរីភាពសារព័ត៌មាន គឺប្រទេសហ្វាំងឡង់ (Finland) ហើយប្រទេសដែលអាក្រក់ជាងគេបំផុតគឺប្រទេសអេរីត្រេ (Eritrea) ស្ថិតចំណាត់ថ្នាក់លេខ ១៧៩ ជាលេខក្រោមគេបំផុត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
1 comment:
លោក រឹតកញ្ញា ខៀវ អាងអី់លើកសេរើភាពនៃ Facebook ។
ខ្មែរភាគច្រើនមិនចេះប្រើអុីនធឺំណែតផង កុំថាទៅដល់ Facebook
ចង់អ្នកណារិះគាន់ យ៉ាងណាក៏មិនខ្វល់ ទោះជាថាគាត់ចូរចិត្តតែស្រាស្រី ក៏
គាត់មិនព្រួយ ព្រោះខ្មែរុេះាច្រើនណាស់មិនចេះលេង ឬ មើល Facebook ។
បើបានទទួលលេខល្អ ខាងបំបឹទសិទ្ឋិរាស្ត្រខ្លួនហើយ កុំយក Facebook មកអួត គ្នា នអ្នកណាជឿទេ ។
Post a Comment