ក្រុមកម្មកររោងចក្រGladpeer ជាង២ពាន់នាក់ ដើរក្បួននៅលើផ្លូវជាតិលេខ៤ ព្រឹកថ្ងៃសុក្រនេះ។រូបថត ម៉ៃ វីរៈ
- Friday, 18 January 2013
- លាង ផាន់ណារ៉ា
ភ្នំពេញៈ កម្មកររោងចក្រកាត់ដេរមកពីរោងចក្រ
Gladpeer ជាង២ពាន់នាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
បាននាំគ្នាបន្តធ្វើការតវ៉ានៅមុខរោងចក្រនៅថ្ងៃសុក្រនេះទៀត
និងគ្រោងដើរមកក្រសួងការងារ
បន្ទាប់ពីមិនទទួលបានជោគជ័យក្នុងការចចារជាមួយភាគីរោងចក្រ។
កម្មករទាំងនោះ ដង្ហែក្បួនបាតុកម្មដើរពីរោងចក្រ
តាមកំណាត់ផ្លូវជាតិលេខ៤ សំដៅទៅតវ៉ានៅក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ប៉ុន្តែក្បួនបាតុកម្មរបស់កម្មករ
ត្រូវបានអាជ្ញាធរសមត្ថកិច្ចស្ទាក់នៅជិតរង្វង់មូលចោមចៅ
លើកំណាត់ផ្លូវជាតិលេខ៤ ហើយបើកការចរចាមួយរវាងមេដឹកនាំសហជីពកម្មករ
ដែលដឹកនាំដោយលោក អាត់ ធន់ ជាមួយភាគីថៅកែរោងចក្រ
ព្រមទាំងអាជ្ញាធរសមត្ថកិច្ច
ដោយយកសាលាសង្កាត់ចោមចៅធ្វើជាកន្លែងចរចា។
ការតវ៉ានេះឈានដល់ថ្ងៃទី៥ហើយ
ដើម្បីទាមទារលក្ខខណ្ឌការងារ ឲ្យប្រសើរជាងមុនចំនួន១៤ចំណុច
ដែលរួមមានប្រាក់ឈ្នួលអប្បរមា ជាដើម។
កម្មករត្រូវ
ការឲ្យក្រុមហ៊ុនដំឡើងប្រាក់ឈ្នួលអប្បរមាពី៦១ទៅ៩៣ដុល្លារ
ក្នុងមួយខែ ប្រើប្រាស់កុងត្រាមានថិរវេលាមិនកំណត់
ទទួលយកសមាជិកសហជីពពីរនាក់ឲ្យចូលធ្វើការវិញ
ព្រមទាំងសុំឲ្យរោងចក្រប្រើកិច្ចសន្យាការងាររយៈពេលវែង
និងមិនសងសឹកជាមួយកម្មករ
ដែលចូលរួមក្នុងការតវ៉ាដោយមិនផ្លាស់ប្តូរតំណែងឬបណ្តេញចេញឬ
ប្តឹងពួកគេនិងទាមទារផលប្រយោជន៍មួយចំនួនទៀត។
No comments:
Post a Comment