Monday, February 11, 2013

គ្មានច្បាប់​អនុញ្ញាតតែ​មន្ត្រីរាជ​ការមិនទៅធ្វើការ នៅពេលបុណ្យ​ចូលឆ្នាំចិ​ន

ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន កូនសិស្ស​ និង​និស្សិត​ខ្លួនឯង​​ផ្ទាល់​​ដែល​មិន​ទៅ​សាលា​តែ​ម្តង
REUTERS/Samrang Pring
​ថ្ងៃ អាទិត្យ 10 កុម្ភៈ 2013
Radio France Internationale
 ចិនយួនសែន ខ្មែរស្រវឹងធ្វើការមិនកើត
មន្រ្តី​រាជការ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ធ្វើ​ពហិការ​មិន​ទៅ​ធ្វើការ​ដោយ​ខ្លួនឯង ​នៅ​ពេល​បុណ្យ​ចូលឆ្នាំ​ចិន។ មន្ត្រី​រាជការ​មួយ​ចំនួន​ដែល​បាន​ផ្តល់​បទសម្ភាស​នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​និយាយ​ថា
មន្រ្តី​រាជការ​ប្រមាណ​ជា​៨០​%​ មិនទៅ​ធ្វើការ​ទេ​ នៅ​ពេល​បុណ្យ​ចូលឆ្នាំ​ចិន។
មាន​គ្រូ​តែ​គ្មាន​សិស្ស ការិយាល័យ​បើក​ទ្វារ ​តែ​គ្មាន​មន្ត្រី​រាជការ។ នេះ​គឺ​ជា​ស្ថានភាព​ស្ងាត់​ជ្រងំ​នៅ​តាម​សាលារៀន និង​នៅ​តាម​ក្រសួង​មន្ទីរ​មួយ​ចំនួន​របស់​រដ្ឋ ​នៅ​ពេល​បុណ្យ​ចូលឆ្នាំ​ចិន​ម្តងៗ។ បុណ្យ​ចូលឆ្នាំ​ចិន​មាន​រយៈ​ពេល​បី​ថ្ងៃ​ ដែល​ចាប់​ផ្តើម​ថ្ងៃ​ទី​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ និង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​​អង្គារ​សប្តាហ៍​ក្រោយ។

ជា​រៀង​រាល់​ឆ្នាំ បើ​ទោះបី​ជា​បុណ្យ​ចូលឆ្នាំ​ចិន​ប្រារព្ធ​ធ្វើ​ឡើង​ចំ​ថ្ងៃ​ធ្វើការ​របស់​រដ្ឋ​ក៏​ដោយ ក៏​មន្រ្តីរាជការ​មួយ​ចំនួន ​មិន​ទៅ​ធ្វើការ​ដែរ។ សម្រាប់​ឆ្នាំ​នេះ មន្រ្តី​រាជការ​មួយ​ចំនួន​នៅ​ក្នុង​ក្រសួង​អប់រំ​ដែល​បាន​ផ្តល់​បទសម្ភាស​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ហើយ​សុំ​មិន​អោយ​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា ពួក​គេ​នឹង​មិន​ទៅ​ធ្វើការ​នៅ​ថ្ងៃ​ចន្ទ​ស្អែក និង​ថ្ងៃ​អង្គារ​ខាន​ស្អែក​ទេ ពី​ព្រោះ​ការងារ​ក៏​មិន​សូវ​សំខាន់​ប៉ុន្មាន​ដែរ។ ម៉្យាង​ទៀត ​អ្នក​ទៅ​ធ្វើការ​ក៏​មិន​មាន​ចំនួន​ច្រើន​ដែរ។

មន្ត្រី​នៅ​ក្នុង​ក្រសួង​អប់រំ​ខាង​លើ​​បាន​និយាយ​បន្ត​ទៀត​ថា បើ​មន្ត្រី​ដែល​មាន​កិច្ចការ​ចាំបាច់​ ពួក​គេ​ប្រហែល​ជា​ត្រូវ​ទៅ​ធ្វើការ​ជា​រៀង​រាល់ថ្ងៃ ​នៅ​ក្នុង​អំឡុង​បុណ្យ​ចូលឆ្នាំ​ចិន​នេះ។ តែ​ចំពោះ​មន្រ្តី​ដែល​គ្មាន​កិច្ចការ​បន្ទាន់​ ពួក​គេ​សម្រេច​ចិត្ត​ឈប់​ដោយ​ខ្លួនឯង​ បើ​ទោះ​បី​ជា​ច្បាប់​របស់​រដ្ឋ​មិន​អនុញ្ញាត​អោយ​ឈប់​ក៏​ដោយ​ក្តី។

ងាក​មក​និយាយ​ពី​មន្រ្តី​នៅ​ក្នុង​ស្ថាប័ន​រដ្ឋសភា​វិញ ពួក​គេ​មួយ​ចំនួន​បាន​និយាយ​ប្រាប់​ថា ពួកគេ​អាច​ទៅ​ធ្វើ​ការ​មួយ​ព្រឹក ឬ​មួយ​ភ្លែត​តែ​ប៉ុណ្ណោះ​ បន្ទាប់​មក​ពួកគេ​ត្រឡប់​មក​គេហដ្ឋាន​វិញ។ នៅ​តាម​បណ្តា​សាលា​រៀន​រដ្ឋ និង​ឯកជន​ គ្រូ​បង្រៀន​មិន​ហ៊ាន​ឈប់​ទេ​ ដោយ​ខ្លាច​ការ​ស្តី​បន្ទោស​ពី​ថ្នាក់​ដឹកនាំ ប៉ុន្តែ​កូនសិស្ស​ និង​និស្សិត​ខ្លួនឯង​ទេ​ដែល​មិន​ទៅ​សាលា​តែ​ម្តង។ បើ​កូនសិស្ស​មិន​ទៅ​សាលា សាស្រ្តាចារ្យ​មិន​អាច​​បង្រៀន​បាន​ឡើយ។

នៅ​តាម​សាលា​មួយ​ចំនួន​ ដើម្បី​ទប់​ស្កាត់​ការ​ឈប់​របស់​កូន​សិស្ស​នៅ​ពេល​បុណ្យ​ចូលឆ្នាំ​ចិន ថ្នាក់​ដឹកនាំ​​​សាលា​បាន​សម្រេច​ចិត្ត​​ ដាក់​ថ្ងៃ​ប្រឡង​ចំ​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន​តែ​ម្តង។ នេះ​គឺ​ជា​ការ​បញ្ជាក់​របស់​លោកស្រី ​អ៊ុក ឆាយាវី អនុ​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា។

លោកស្រី ឆាយាវី បាន​បន្ត​ទៀត​ថា បើ​ទោះបី​ជា​មាន​វិធានការ​ខ្លះ​ក៏​ដោយ​ក្តី ក៏​សាលា​មួយ​ចំនួន​ធំ​នៅ​ទីក្រុង​ភ្នំពេញ​មាន​តែ​គ្រូ​ អត់​កូនសិស្ស​មក​រៀន​ដដែល។ លោកស្រី ឆាយាវី អំពាវនាវ​សូម​អោយ​លោកគ្រូ​អ្នកគ្រូ​ត្រូវ​តែ​មក​បង្រៀន ​រី​ឯ​សិស្ស​និសិ្សត​ត្រូវ​តែ​មក​សាលា​ ពី​ព្រោះ​ចូលឆ្នាំ​ចិន ជា​ពិធី​បុណ្យ​របស់​ជនជាតិ​ចិន និង​ជនជាតិ​វៀតណាម​ទេ​ ពោល​គឺ​វា​មិន​មែន​ជា​របស់​ខ្មែរ​ទេ។

ជា​រៀង​រាល់​ឆ្នាំ​ គេ​សង្កេត​ឃើញ​សិស្ស និស្សិត មន្រី្ត​រាជការ​ស្ទើរ​៨០%​​​ នាំ​គ្នា​ធ្វើ​ពហិការ​មិន​ទៅ​សាលារៀន ​មិន​ទៅ​កន្លែង​ធ្វើការ​ដោយ​ខ្លួនឯង។ ទង្វើ​អាក្រក់​នេះ​អាច​ក្លាយ​ទៅ​ជា​ទម្លាប់ ហើយ​ទម្លាប់​នេះ​អាច​ក្លាយ​ទៅ​ជា​ប្រពៃណី។ នៅ​ពេល​ដែល​ទម្លាប់​ក្លាយ​ទៅ​ជា​ប្រពៃណី រដ្ឋាភិបាល​នឹង​ពិបាក​ដោះស្រាយ​បញ្ហា​នេះ។

ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន​កាន់​តែ​ច្រើន​ឡើងៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ដោយសារ​កត្តា​បី​យ៉ាង។ ទី​មួយ គឺ​ដោយសារ​​ប្រទេស​ចិន​ដាក់​ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន។ ទី​ពីរ​ គឺ​ដោយសារ​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​មាន​លក្ខណៈ​កាន់តែ​ល្អ​ប្រសើរ​ឡើង និង​ទីបី​គឺ​ ដោយសារ​ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ ដល់​ប្រទេស​ក្រីក្រ​កម្ពុជា៕

1 comment:

Anonymous said...

Pun tae youn kor chrain dae.