Monday, February 11, 2013

កំណាព្យមនោសញ្ចេតនា

កាលខ្ញុំសិក្សាមុខវិជ្ជាសារពត៌មាននៅសាកលវិទ្យាល័យ មានសាស្ត្រា
ចារ្យមួយរូបដែលបង្រៀនផ្នែកខាងប្រស្រ័យទាក់ទង បានឲ្យនិស្សិត
ទាំងអស់ងាកមើលទៅកាន់អ្នកដែលអង្គុយនៅខាងឆ្វេង និងខាងស្តាំ
ដៃរបស់ខ្លួនគ្រប់ៗគ្នា ។ បន្ទាប់មក គាត់បានមានប្រសាសន៍ថា៖ ក្នុងចំណោមមនុស្សបីនាក់ដែលយើងទើបនឹងមើលមុខគ្នាទៅវិញទៅ
មកអម្បាញ់មិញនេះ គឺមានម្នាក់ត្រូវជួបនឹងការលែងលះប្តីប្រពន្ធ ។
នេះគឺយោងតាមតួលេខស្ថិតិនៃអត្ត្រាមនុស្សលែងលះប្តីប្រពន្ធ ។
ថ្ងៃនោះ ខ្ញុំសង្កេតឃើញថា ក្នុងចំណោមនិស្សិតប្រមាណជា ៣០ នាក់
នៅក្នុងថ្នាក់ យើងម្នាក់ៗសុទ្ធតែសម្តែងទឹកមុខសុទិដ្ឋិនិយមគ្រប់គ្នា
ព្រោះពួកយើងគិតក្នុងចិត្តថា បន្ទាប់ពីបានសិក្សាជំនាញខាងប្រស្រ័យ
ទាក់ទងហើយ យើងនឹងមានបធ្យោបាយដោះស្រាយទំនាស់បាន
ដោយប្រសិទ្ធភាព មិនអាចនឹងបែកបាក់ប្តីប្រពន្ធដោយងាយនោះទេ ។
ចាប់តាំងពីថ្ងៃដែលខ្ញុំបានរួមចំណែកនៅក្នុងការទាយសន្មតរបស់អ្នក
គ្រូសាស្ត្រាចារ្យនោះមកដល់ពេលនេះ គឺមានរយៈពេលជិត ២០ ឆ្នាំ
ហើយ ។ ខ្ញុំមិនដឹងថា តើអ្នកណាខ្លះក្នុងចំណោមមិត្តរួមថ្នាក់ទាំង ៣០
នាក់របស់ខ្ញុំ បានជួបនឹងវិបត្តិលែងលះប្តីប្រពន្ធនោះទេ ព្រោះពួកយើង
មិនបានរក្សាការទាក់ទងគ្នាឲ្យបានយូរអង្វែង ។ ប៉ុន្តែ ខ្ញុំអាចបញ្ជាក់
បានថា ក្នុងចំណោមនិស្សិតទាំង ៣០នាក់នោះ ខ្ញុំបានក្លាយជាស្ថិតិ
នៃការទាយទុកនោះហើយ ។
ការលែងលះប្តីប្រពន្ធគឺជារឿងមួយដែលប្តីប្រពន្ធគ្រប់រូបមិនចង់ជួប ។
ប៉ុន្តែ អព្ភូតហេតុលែងលះប្តីប្រពន្ធគឺជាបញ្ហាមួយដែលមនុស្សមួយ
ចំនួនត្រូវប្រឈម ។ វិញ្ញាសាដែលខ្ញុំចង់លើកយកមកវិភាគនៅទីនេះ
គឺថា តើមានអ្វីអាចយកមកការពារកុំឲ្យប្តីប្រពន្ធជួបនឹងបញ្ហាលែងលះ
គ្នាដែរឬទេ ? តាមការសង្កេតនិងបទពិសោធន៍នៅក្នុងជីវិតរបស់ខ្ញុំ
ខ្ញុំគិតថា ប្តីប្រពន្ធអាចចៀសវាងការលែងលះគ្នាបាន ប្រសិនបើពួក
គេចាប់ផ្តើមចងសម្ព័ន្ធនឹងគ្នាដោយមានមូលដ្ឋានច្បាស់លាស់ ។
ល្បើក ស្វាញីឈ្មោល គឺជាសំណេរតូចមួយដែលផុសចេញអំពីបទ
ពិសោធន៍នៅក្នុងជីវិតខ្ញុំ ។ គោលបំណងនៃការសរសេរកំណាព្យ
រឿងល្បើកនេះ គឺខ្ញុំចង់ចែករំលែកបទពិសោធផ្ទាល់ខ្លួន និងបង្កើត
ឲ្យមានអត្ថបទពាក់ពន័្ធមួយ សម្រាប់អ្នកដែលមានបំណងស្វែងរកគូ
ស្រករ ធ្វើជាមូលដ្ឋានកសាងស្នេហា ឬជាមាគ៌ាសម្រាប់ត្រិះរិះ
ពិចារណា ដើម្បីស្វែងរកជោគជ័យក្នុងជីវិតស្វាមីភរិយា ។ ខ្ញុំសូម
សារភាពថា ខ្ញុំមិនមែនជាអ្នកឯកទេសខាងស្នេហាទេ ។ ដូច្នេះ បើ
មានចំណុចណាមួយដែលប្រាសចាកពីនិក្ខេបបទ សូមមេត្តាអធ្យា
ស្រ័យ និងជួយកែតម្រូវតាមការគួរ ។ ខ្ញុំសូមស្វាគមន៍ និងរង់ចាំ
ទទួលនូវរាល់ការទិតៀនកែលម្អទាំងឡាយ ៕
ឆៃ ចិន្តា

កំណត់ៈ ដោយហេតុថា អត្ថបទកំណាព្យនេះវែងពេក ខ្ញុំសូមអធ្យា
ស្រ័យដាក់ជូនមិត្តអ្នកអានមួយផ្នែកម្តងៗ ប្រហែលជាបួនដងទើប
ចប់ ។ បើលោកអ្នកចង់ជាវកូនសៀវភៅនេះទុកជាអនុស្សាវរីយ៍ សូម
ចូលទៅវិបសាយ៖
http://mysite.verizon.net/vzexs0fn/books/id11.html

ល្បើក ស្វាញីឈ្មោល

ថ្លែងដោយទំនង ដំណើរដើមទងសត្វស្វា
ថ្ងៃមួយនោះណ៎ា ! វាបានជួបគ្នាសាសង ។
ផ្តោះផ្តងវាចា ពោលពាក្យស្នេហាអូនបង
ផ្តួចផ្តើមចងក្រង កម្រងស្នេហ៍ស្និទ្ធពិតមួយ ។
ស្វាឈ្មោលពោលថា នែ ! ពៅពុំងាអូនអើយ
សូមកុំកន្តើយ ចូលមកឆ្លងឆ្លើយនឹងបង ។
ដ្បិតអីរៀមរ៉ា ចង់បានកនិដ្ឋានួនល្អង
មកធ្វើគូគ្រង ផ្គូផ្គងស្វាមីភរិយា ។

ស្វាញីតបថា យី ! អ្នកហានក្លាលេលា
ហ៊ានអ្វីម្លេះហ្ន៎ា ! ឡេះឡោះវោហារលែបខាយ ។
ដឹងទេថាខ្ញុំ នេះជាក្រមុំពេញវ័យ
មិនមែនមេម៉ាយ មានចិត្តរាយមាយឆ្លេឆ្លា ។
កុំមកញ៉ែញ៉ង ពោលពាក្យអូនបងមុសា
ក្រែងញាតិមិត្តថា ខ្ញុំនេះជាស្វាសាវជៃ ។
ស្វាឈ្មោលឆ្លើយភ្លាម មិននៅទីមទាមលកលៃ
ថាអូនកុំភ័យ បងមិនធ្វើអ្វីឲ្យខុស ។
ពីទំនៀមឡើយ អូនអើយជឿពាក្យបងចុះ
គ្រាន់តែពិគ្រោះ ស្វែងយល់ចិត្តស្មោះភក្តី ។
ព្រោះបងកួចគិត មានចិត្តប្រតិព័ទ្ធលើថ្លៃ
ចង់បានពិសី មកថ្នាក់ថ្នមបីស្នេហា ។
រួមសុខរួមទុក្ខ នៅក្នុងវាលវដ្តសង្សារ
ថែរក្សាគ្នា ស្វាមីភរិយាតទៅ ។
ស្វាញីឮហើយ មិននៅកន្តើយចៅរ៉ៅ
ឆ្លើយទាំងមួម៉ៅ ថាអ្នកនេះហៅសែនផ្តាស ។
ទើបបានជួបមុខ ម្តេចហ៊ានវាយលុកឥតខ្មាស
មកធ្វើមុខក្រាស់ ហាមាត់ប្រកាសសុំស្នេហ៍ ។
ដឹងទេថា “ស្រី “ នៅលើលោកីយ៍តែងគ្នេរ
មុននឹងស្និទ្ធស្នេហ៍ ត្រូវរង់ចាំ “ទាល់តែយូរ” ។
បើអ្នកស្រឡាញ់ កុំខឹងកុំក្នាញ់តស៊ូ
យកចិត្តមកប្តូរ សួរតើខ្ញុំមានចិត្តទេ ។
បើខ្ញុំមានចិត្ត នោះបងឯងពិតបានល្ហែ
មិនពិបាកទេ ចូលដល់បាមេខ្ញុំទៅ ។
តែនៅពេលនេះ បងស្វាសំគិះឯងត្រូវ
លួងលោមចែចូវ ខ្ញុំឲ្យបានដៅចិត្តសិន ។
ស្វាឈ្មោលបានស្តាប់ វាក៏ឆាប់ឆ្លើយដោយប៉ិន
ថាឱ ! មាសឆ្អិន ហេតុអីអូនកិនបងម្លេះ ។
រឿងរ៉ាវស្នេហា តើស្វាណាមួយអាចវេះ
គេចពីចំណេះ ដែលចេះមិនបាច់មានគ្រូ ។
តែបើត្រាណត្រើយ ឲ្យបងប្តូរផ្តាច់តស៊ូ
យកចិត្តមកប្តូរ សួរថាអូនមានចិត្តទេ ។
នេះជាការពិត មិនអាចប្រឌិតទេស្នេហ៍
អូនមានចិត្តដែរ ដ្បិតអីមាសមេឆោមឆ្លៅ ។
ដឹងថាបងក្នាញ់ កួចចិត្តស្រឡាញ់ពាលពៅ
ពេលតម្ពក់ទៅ ផ្លែព្នៅនឹងជ្រុះធ្លាក់មក ។
តម្ពក់គឺចិត្ត បងស្នេហ៍អូនពិតពន្លក
ផ្លែព្នៅជ្រុះមក គឺរូបពន្លកដោយបង ។
ស្វាញីស្តីវិញ ថាខ្ញុំសែនជ្រេញកន្លង
ម្តេចនៅសាសង បូរបាច់ផ្តោះផ្តងមិនឈប់ ។
អ្នកណាមានចិត្ត បងឯងនេះពិតងល់ងប់
ឆ្កួតនឹងស្នេហ៍ស៊ប់ និយាយឡប់ៗផ្តេសផ្តាស ។
តម្ពក់ផ្លែព្នៅ ប្រៀបធៀបមិនត្រូវជិនណាស់
តើស្វាណាខ្លះ ជឿរឿងផ្តេសផ្តាសដូច្នេះ ។
ស្នេហ៍នៅនឹងចិត្ត មិនមែនស្ថិតនៅចំណេះ
រឿងចេះមិនចេះ អាស្រ័យលើចិត្តយើងទេ ។
រីរូបពាលពៅ មិនមែនផ្លែព្នៅទេនែ !
កុំមកសាំញ៉ែ ចង់បេះបោចផ្លែនោះអ្នក ។
ខ្ញុំសូមប្រាប់មុន មេត្តាកុំស៊ុនជឿជាក់
ថាខ្ញុំងាយធ្លាក់ ស្និទ្ធស្នេហ៍រូបអ្នកសោះឡើយ ។
ស្វាឈ្មោលថ្លែងថា ឱ ! កែវជីវ៉ាអូនអើយ
មុននឹងឆ្លាសឆ្លើយ មេត្តាឲ្យបងល្បងសព្ទ ។
សាសងវាចា ពិភាក្សាគ្នាសាកសប
ក្រែងលោកាក់កប ប្រកបដោយចិត្តដូចគ្នា ។
អូនថាស្នេហ៍ពិត ស្ថិតនៅលើចិត្តពុំងា
ច្នេះសូមមេត្តា ឲ្យបងវាចាសាកម្តង ។
សាកសួរចិត្តពៅ តើដូចម្តេចទៅមាសបង
បើយើងសាកល្បង ផ្តួចផ្តងស្វែងយល់ចិត្តគ្នា ។
បងស្ទង់ចិត្តអូន ឯស្រស់នឹមនួនស្ងួនភ្ងា
ស្ទង់ចិត្តរៀមរ៉ា ថាតើដូចគ្នាឬទេ ។
បើយើងមានចិត្ត ដូចគ្នាមែនពិតគួរតែ
ក្រងកម្រងស្នេហ៍ ឲ្យបានឋិតថេរតទៅ ។
ឥឡូវបងសួរ មេត្តាកុំមួណាពៅ
តើអូននាងនៅ ទំនេរឬមួយមានគ្នា ។
បើនៅទំនេរ មិនទាន់មានគូសង្សារ
បងសុំស្នេហា លើរូបជីវ៉ាបានទេ ។
ទោះបីមានក្រ បងស្ម័គ្រកំដរមាសមេ
សន្យាថ្នមថែ មិនឲ្យមាសស្នេហ៍គ្នាន់ចិត្ត ។
ស្វាញីតបថា បើបងប្រាថ្នាស្នេហ៍ស្និទ្ធ
លើរូបអូនពិត ឥតមានប្រឌិតសោះឡើយ ។
អូនសូមសាសព្ទ រៀបរាប់ពាក្យប្រាប់ត្រាណត្រើយ
ថាអូននៅឡើយ មិនទាន់មានសង្សារទេ ។
សព្វថ្ងៃនេះពៅ អូននៅក្រមុំទំនេរ
មិនទាន់មានគេ ចូលមកនាវស្នេហ៍ទេអ្នក ។
បើបងប៉ងភ្ជាប់ ចិត្តស្នេហ៍គូគាប់វរលក្ខណ៍
ដោយចិត្តស្មោះស្ម័គ្រ នោះអូនសុំដាក់លក្ខខណ្ឌ ។
ទីមួយត្រូវស្ម័គ្រ លាតត្រដាងលក្ខណ៍ជាក់ស្បាន់
មិនត្រូវប្រកាន់ ថាឈ្មោលឬញីឡើយណ៎ា ! ។
បើខ្ញុំសួរអ្នក ពីរឿងអបល័ក្ខណ៍កិរិយា
ខូចខិលម្តេចម្តា ត្រូវតែហានក្លាឆ្លើយប្រាប់ ។
ដោយចិត្តស្មោះស អាក្រក់ឬល្អរ៉ាយរ៉ាប់
ឲ្យខ្ញុំបានស្តាប់ និងអាចវាយតម្លៃបង ។
ទីពីរសូមចិត្ត អ្នកកុំប្រឌិតដើមទង
នាំឲ្យមួហ្មង បាត់បង់ទំនុកចិត្តគ្នា ។
ត្រូវថ្លែងពាក្យពិត មិនត្រូវប្រឌិតវាចា
ព្រោះរឿងស្នេហា ជារឿងថ្លៃថ្លាកន្លង ។
ស្នេហ៍ចិត្តនិងចិត្ត ជាស្នេហ៍ដែលពិតឥតហ្មង
ច្នេះយើងត្រូវក្រង ចងដោយចំណងសច្ចៈ ។
ឥឡូវនេះខ្ញុំ សុំសួរបកទៅវរលក្ខណ៍
តើពៅនួនអ្នក មានជំពាក់ស្នេហ៍ដែរទេ ។
បើបងមានដែរ ម្តេចឡើយក៏បែរប្រែរេ
មករកស្និទ្ធស្នេហ៍ នឹងខ្ញុំឯណេះទៅវិញ ។
ស្វាឈ្មោលឆ្លើយប្រាប់ រាយរាប់ឥតក្តីទោម្នេញ
ទៅស្វាញីវិញ ថាបងធ្លាប់មានគូសេ្នហ៍ ។
ម្តងរួចទៅហើយ អូនអើយមិនកុហកទេ
តែនោះជាស្នេហ៍ ដែលកម្មចងពីអតីត ។
ស្នេហ៍កម្មស្នេហ៍កាច ប្រៀបដូចបិសាចរួតរឹត
ឲ្យនឿយណាយចិត្ត ដ្បិតក្តីអហោសិកម្ម ។
ទីបំផុតបង សម្រេចពន្លត់ភ្លើងកម្ម
ផ្តាច់ខ្លួនពីឆ្មាំ ស្នេហ៍កម្មនរកអវីចី ។
ស្វាញីថ្លែងទៀត ថាខ្ញុំសុំឆ្លៀតស្រដី
ស្នេហ៍មុនអន្តរាយ ពេលមានស្នេហ៍ថ្មីរៀបការ ។
អូនសូមសួរបង នួនល្អងឆ្លើយប្រាប់កនិដ្ឋា
តើធ្វើយ៉ាងណា ដើម្បីការស្នេហ៍ថ្មីនេះ ។
ឲ្យចៀសភ្លើងកម្ម ដែលបង្កស្នាមបែកប្រេះ
នាំស្នេហ៍ឲ្យឆេះ រលាយជាផេះម្តងទៀត ។
ស្វាឈ្មោលឈ្លាសឆ្លើយ ឱ ! មាសបងអើយម្េតចឆ្លៀត
សួររឿងចង្អៀត ឲ្យបងឆ្លៀតឆ្លើយដោះសា ។
បងសូមត្រាណត្រើយ កុំឡើយមានចិត្តសង្កា
ដ្បិតរឿងស្នេហា នរណាអាចដឹងមុននោះ ។
តែបើត្រាណត្រើយ ចង់ឲ្យបងឆ្លើយដោយស្មោះ
ថាធ្វើម្តេចនោះ ដោះស្នេហ៍ឲ្យផុតកង្វល់ ។
បងសូមប្រាប់ថា ដើម្បីការពារសមិទ្ធផល
ស្នេហាឲ្យដល់ ទីបរមសុគតិភព ។
នោះគឺរូបបង ហើយនិងនួនល្អងមិនឈប់
រក្សាចិត្តស្ងប់ ឲ្យស្របកបតាមមាត្រា ។
នៃធម៌ទាំងបួន ដែលព្រះពុទ្ធអង្គបានចារ
ទុកជាតម្រា ឲ្យគូសង្សារបដិបត្តិ ។
ទីមួយមេត្តា ស្រឡាញ់សង្សារពិតៗ
ថ្នាក់ថ្នមនែបនិត្យ មិនវៀចវេរចិត្តផិតក្បត់ ។
ទីពីរករុណា អាណិតសង្សារអត់ធ្មត់
មិនខ្លាចនឿយហត់ ជួយរំលែកទុក្ខគ្រប់យ៉ាង ។
ទីបីមុទិតា គ្មានចិត្តពាធាក្អេងក្អាង
ច្រងេងច្រងាង ប្រចណ្ឌខុសរឿងនោះទេ ។
បួនឧបេក្ខា រក្សាយុត្តិធម៌ជូនស្នេហ៍
ចរិយាមិនរេ ថែស្នេហ៍បរិសុទ្ធអត់អាក់ ។
ម្យ៉ាងទៀតត្រូវវាង អគតិបួនយ៉ាងអបល័ក្ខណ៍
ចិត្តល្អៀងថ្នាំងថ្នាក់ នាំឲ្យយើងធ្លាក់មហន្តរាយ ។

( សូមរង់ចាំអានវគ្គបន្ត )

No comments: