Wednesday, February 13, 2013

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អំពាវនាវ​កម្ពុជា​បញ្ឈប់​ការ​ហាម​ប្រាម​មេធាវី​បញ្ចេញ​មតិ

http://www.youtube.com/watch?v=z51F5GfEnVw&feature=youtu.be
អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមិនរ៉ៃវាច់ (Human Rights Watch) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ រិះគន់​សេចក្តី​ណែនាំ​របស់​គណៈ​មេធាវី ឲ្យ​មេធាវី​ត្រូវ​សុំ​អនុញ្ញាត​ជា​មុន នៅ​ពេល​ទៅ​សម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ យូមិនរ៉ៃវាច់ បាន​ហៅ​ការ​ហាម​ប្រាម​នោះ​ថា ជា​សកម្មភាព​ប្រឆាំង​សេរីភាព ក្នុង​ការ​បញ្ចេញ​មតិ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមិនរ៉ៃវាច់ បាន​អំពាវនាវ​មួយ​នៅ​ថ្ងៃ​ទី១១ កុម្ភៈ ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​គណៈ​មេធាវី ឲ្យ​បញ្ឈប់​ការ​ខិតខំ​ហាម​ប្រាម​មេធាវី​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ ផ្សព្វផ្សាយ។
អង្គការ​យូមិនរ៉ៃវាច់ បាន​ហៅ​សេចក្តី​ណែនាំ​របស់​គណៈ​មេធាវី ចំពោះ​មេធាវី​មិន​ឲ្យ​ផ្ដល់​ព័ត៌មាន​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​មិន​មាន​ ការ​អនុញ្ញាត​ពី​ប្រធាន​មុន ថា​ជា​ការ​ប្រឆាំង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​មាន​បំណង​រារាំង​ការ​រិះគន់​នានា​ចំពោះ​រដ្ឋាភិបាល។ ក្រៅ​ពី​នេះ ការ​ប្រឹងប្រែង​នោះ ជា​ការ​ខិតខំ​មួយ​របស់​រដ្ឋាភិបាល​ក្នុង​គោល​ដៅ​ត្រួតត្រា​ទៅ​លើ​ប្រព័ន្ធ​ ផ្សព្វផ្សាយ និង​អ្នក​មាន​វិជ្ជាជីវៈ​ច្បាប់។
លោក ប្រែដ អាដាម (Brad Adams) នាយក​អង្គការ​យូមិនរ៉ៃវ៉ាច់ ខាង​អាស៊ី បាន​អំពាវនាវ​ឲ្យ​ប្រទេស​ផ្តល់​ជំនួយ​ធ្វើ​ការ​គាប​សង្កត់​ឲ្យ​បាន​លឿន និង​ជា​សាធារណៈ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​ហាម​ប្រាម​នេះ ដើម្បី​បញ្ឈប់​សកម្មភាព​ប្រឆាំង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នេះ។
លោក ប្រែដ អាដាម៖ «រដ្ឋាភិបាល​ចាត់​ទុក​អ្នក​រិះគន់ ដូច​ជា​សត្រូវ​របស់​រដ្ឋ។ ប៉ុន្តែ ដើម្បី​បង្ហាញ​រឿង​ទាំង​ឡាយ​ឲ្យ​បាន​ច្បាស់​លាស់ អ្នក​ច្បាប់​តែង​តែ​ត្រូវ​ការ​និយាយ​ប្រឆាំង​ជាមួយ​គោលការណ៍​របស់​ រដ្ឋាភិបាល និង​ការ​អនុវត្ត​ដែល​រំលោភ​សិទ្ធិ​មនុស្ស។ របៀបរបប​ត្រួត​ពិនិត្យ​ថ្មី​របស់​រដ្ឋាភិបាល និង​គណៈ​មេធាវី គឺ​ជា​ការ​ប៉ុនប៉ង​ចុក​មាត់​អ្នក​មាន​វិជ្ជាជីវៈ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​រិះគន់​រដ្ឋាភិបាល»

សេចក្ដី​ថ្លែងការណ៍​នោះ បាន​សុំ​ឲ្យ​ប្រទេស​ផ្ដល់​ជំនួយ​ទាំង​អស់​ដែល​បាន​ចំណាយ​ពេល ចំណាយ​ប្រាក់​យ៉ាង​ច្រើន ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា កន្លង​មក ឆ្ពោះ​ទៅ​កាន់​ប្រទេស​មួយ​ឯករាជ្យ និង​នីតិរដ្ឋ ត្រូវ​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ និង​ច្បាស់ៗ តប​ត​រដ្ឋាភិបាល​ដែល​គំនាប​លើ​មេធាវី​ដូច្នេះ ដែល​របាយការណ៍​នោះ​បញ្ជាក់​ថា ទង្វើ​របស់​រដ្ឋាភិបាល​នេះ មិន​អាច​ទទួល​យក​បាន។
សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​ថា លោក ប៊ុន ហុន ជា​ប្រធាន​គណៈ​មេធាវី​កន្លង​មក បាន​ទទួល​ការ​តែង​តាំង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌។
ប្រតិកម្ម​តប​ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​ មនុស្ស យូមិនរ៉ៃវាច់ នេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា សេចក្តី​ថ្លែងការណ៍​នោះ​មាន​គោល​ដៅ​វាយ​ប្រហារ​ទៅ​លើ​រដ្ឋាភិបាល និង​គ្មាន​វិជ្ជាជីវៈ​ទេ។
ចំណែក​លោក​មេធាវី យឹម សារី អ្នក​នាំ​ពាក្យ​គណៈ​មេធាវី​កម្ពុជា មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី១១ កុម្ភៈ ថា គោល​ដៅ​របស់​គណៈ​មេធាវី​ក្នុង​ការ​ណែនាំ​ឲ្យ​មេធាវី​សុំ​ការ​អនុញ្ញាត​មុន​ ពេល​ជួប ឬ​ទទួល​ធ្វើ​ជា​វាគ្មិន​បកស្រាយ​ខ្លឹមសារ​ច្បាប់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ នោះ គឺ​ចង់​ឲ្យ​ការ​បកស្រាយ​ច្បាប់​ទាំង​ឡាយ​ឲ្យ​បាន​ត្រឹមត្រូវ មាន​ខ្លឹមសារ​ច្បាស់​លាស់។
កាល​ពី​ថ្ងៃ​ទី៨ កុម្ភៈ កន្លង​ទៅ លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ណែនាំ​ទៅ​បណ្ដា​អ្នក​ដឹកនាំ​ស្ថានីយ​វិទ្យុ ទូរទស្សន៍ កាសែត ក្នុង​ស្រុក​ថា រាល់​ការ​អញ្ជើញ​មេធាវី​មក​ចូល​រួម​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ច្បាប់​របស់ ​ស្ថានីយ​ខ្លួន ត្រូវ​ឆ្លង​កាត់​ការ​អនុញ្ញាត​ពី​គណៈ​មេធាវី ដើម្បី​ឲ្យ​ត្រឹមត្រូវ​ទៅ​តាម​មាត្រា​១៥ នៃ​ក្រម​សីលធម៌​របស់​គណៈ​មេធាវី​កម្ពុជា។
មាត្រា​១៥​នៃ​ក្រម​សីលធម៌​គណៈ​មេធាវី ចែង​អំពី​អន្តរាគមន៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​នៃ​ មេធាវី។ គ្រប់​អន្តរាគមន៍​សាធារណៈ ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​របស់​មេធាវី ក្នុង​ឋានៈ​ខ្លួន​ជា​មេធាវី និង​អាច​អនុញ្ញាត​ឲ្យ​ធ្វើ​បាន​តែ​ក្នុង​ក្របខណ្ឌ​នៃ​ការ​គោរព​ដោយ​ ម៉ឺងម៉ាត់​នូវ​កាតព្វកិច្ច​នៃ​វិជ្ជាជីវៈ។ អន្តរាគមន៍​បែប​នេះ ទាម​ទារ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​ទីបំផុត។ ប្រធាន​គណៈ​មេធាវី ត្រូវ​តែ​បាន​ទទួល​ដំណឹង​ពិគ្រោះ​យោបល់​ជា​មុន​ក្នុង​រឿង​នេះ លើក​លែង​តែ​ពុំ​មាន​លទ្ធភាព។
កាល​ពី​ថ្ងៃ​ទី៣១ មករា កន្លង​ទៅ គណៈ​មេធាវី​បាន​ចេញ​ផ្សាយ​លិខិត​ព្រមាន​មួយ​ច្បាប់​ទៅ​លើ​លោក​មេធាវី គួយ ធុនណា ចំពោះ​សកម្មភាព​ផ្តល់​បទ​សម្ភាសន៍ និង​ចុះ​ផ្សាយ​ព័ត៌មាន​ផ្សេងៗ​នៅ​តាម​ទំព័រ​សារព័ត៌មាន ដែល​បាន​រំលោភ​លើ​មាត្រា​១៥ នៃ​ក្រម​សីលធម៌​មេធាវី។ លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ប៊ុន ហុន ប្រធាន​គណៈ​មេធាវី បាន​សង្កត់​ធ្ងន់​ថា ចាប់​ពី​ពេល​នេះ​ទៅ លោក​មេធាវី​មិន​ត្រូវ​ផ្តល់​បទ​សម្ភាសន៍ និង​ចុះ​ផ្សាយ​ព័ត៌មាន​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​វិជ្ជាជីវៈ​មេធាវី នៅ​តាម​បណ្ដាញ​សារព័ត៌មាន​នានា ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​គណៈ​មេធាវី​ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

Cambodia is 100pct of democracy but the layers need permit of speaking from MoI. In fact, this land is still wild communism with economic reform, no wonder.

Anonymous said...

Namibian still have lawyers, I think it way better than Vietnam,china,Lao and North Korea. you should be prodded for your country. long life communist!