កម្មការិនីដែលលោក ឈូក បណ្ឌិត បាញ់របួសដេកពេទ្យ។រូប Derek Stout
Thursday, 07 February 2013
ម៉ៃ ទិត្យថារ៉ា ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ
សាលាឧទ្ធរណ៍បានកំណត់បើកសវនាការលើសំណុំរឿងអតីតអភិបាលក្រុង បាវិត
លោក ឈូក បណ្ឌិត ដែលបានបាញ់កម្មការិនីរោងចក្រឲ្យរងរបួស៣នាក់
នៅថ្ងៃទី ២៧ ខែកុម្ភៈ នេះ
បន្ទាប់ពីអគ្គព្រះរាជអាជ្ញាបានប្តឹងទាស់នឹងការសម្រេចរបស់សាលា
ដំបូងខេត្តស្វាយរៀង
ដែលរកមិនឃើញពិរុទ្ធភាពរបស់អតីតអភិបាលក្រុងរូបនេះ។ លោក
អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍
ដែលជាដើមបណ្តឹងនៃសំណុំរឿងព្រហ្មទណ្ឌនេះបានអះអាងថាតុលាការបាន
កំណត់បើកសវនាការសំណុំរឿងលោក ឈូក បណ្ឌិត
អតីតអភិបាលក្រុងបាវិតនៅថ្ងៃទី២៧ ខែកុម្ភៈ
ម៉ោង៨ព្រឹកដោយមានការចូលរួមពី ភាគីពាក់ព័ន្ធទំាងអស់។
លោកបានប្រាប់ឲ្យដឹងថា៖ «យើងបើកសវនាការសាធារណៈ
ដូច្នេះភាគីដែលពាក់ព័ន្ធទាំងអស់នឹងមកចូលរួមក្នុងសវនាការនេះ
ទាំងអស់»។
កាល ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំមុនអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ក៏បានដាក់ពាក្យប្តឹង ទាស់ទៅនឹងសេចក្តីសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀង ដែលបានទម្លាក់ចោលការចោទប្រកាន់អតីតអភិបាលក្រុងបាវិតរូបនោះ ដោយតម្រូវឲ្យលើកយកសំណុំរឿងនេះមកដាក់លើតុដើម្បីជជែករួមគ្នា ក្នុងបំណងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។
សូមរំឭកថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ លោកឈូក បណ្ឌិត ត្រូវតុលាការខេត្តស្វាយរៀងសម្រេចចោទប្រកាន់ពីបទបង្ករបួសស្នាម ដោយអចេតនា ទាក់ទិននឹងហេតុការណ៍បាញ់កម្មករ៣នាក់ឲ្យរងរបួសនៅថ្ងៃ ទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ខណៈកម្មករជាង៦ពាន់នាក់មកពីរោងចក្រ៤ក្នុងតំបន់សេដ្ឋកិច្ចពិសេស Manhattan ក្នុងក្រុងបាវិត បានធ្វើការតវ៉ាទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌការងារតាមច្បាប់ការងារ។ ប៉ុន្តែ តុលាការខេត្តស្វាយរៀងបានទម្លាក់បទចោទប្រកាន់លោកអតីតអភិបាល ក្រុងដ៏មានឥទ្ធិពលនេះទៅវិញ។
កម្មការិនី ប៊ុត ចិន្តា ជនរងគ្រោះក្នុងការបាញ់ប្រហារពីសំណាក់លោក ឈូក បណ្ឌិត បានឲ្យដឹងថា ពួកនាងទាំងបីនាក់ពុំទាន់បានទទួលដំណឹងអំពីការកោះឡើងទៅបំភ្លឺនៅ ឯសាលាឧទ្ធរណ៍នោះទេ។ នាងបានឲ្យដឹងថា៖ «ខ្ញុំសប្បាយចិត្ត នៅពេលដែលបានទទួលដំណឹងថា សាលាឧទ្ធរណ៍នឹងបើកសវនាការរឿងពួកខ្ញុំនេះ ពីព្រោះខ្ញុំបានរង់ចាំយូរណាស់មកហើយ»។
ចិន្តា បន្តថា នាងសង្ឃឹមថា នៅក្នុងសវនាការនេះនាងនឹងទទួលបានយុត្តិធម៌ ខណៈបានអស់សង្ឃឹមចំពោះការសម្រេចរបស់តុលាការខេត្តស្វាយរៀង។ នាងនិយាយថា៖ «ខ្ញុំសង្ឃឹមថានឹងទទួលបានយុត្តិធម៌ ពីព្រោះនេះគឺជាបណ្តឹងទាស់របស់លោក អគ្គព្រះរាជអាជ្ញា»។
សមាគមការពារសិទ្ធិមនុស្សអាដហុក និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំមុន បានចេញសេចក្តីប្រកាសព័ត៌មានរិះគន់លើប្រព័ន្ធតុលាការនៅកម្ពុជាថា មិនបានរកយុត្តិធម៌ជូនប្រជាជនក្រីក្ររងគ្រោះ។ តុលាការបម្រើឲ្យមនុស្សមួយក្រុមជាអ្នកមានលុយនិងអំណាច និងមានការជិនណាយចំពោះកម្រិតនៃនិទ្ទណ្ឌភាពនៅក្នុងប្រទេស កម្ពុជា។
លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ មានប្រសាសន៍ថា ករណីលោក ឈូក បណ្ឌិត លោកស្ទើរតែគ្មានពាក្យអត្ថាធិប្បាយទៅហើយ តែលោកស្វាគមន៍ចំពោះចំណាត់ការរបស់សាលាឧទ្ធរណ៍ដែលលើកយកករណី នេះមកបើកសវនាការឡើងវិញ។ លោកបន្តថា៖«ខ្ញុំជឿថាករណីនេះ បើតុលាការឈរលើស្មារតីឯករាជ្យ គឺពិតជារកយុត្តិធម៌ជូនដល់កម្មការិនីរងគ្រោះ បានជាក់ជាមិនខាន»។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូបាន ថ្លែងថា នេះជារឿងដែលគួរឲ្យភ្ញាក់ផ្អើលដែលតុលាការបានអញ្ជើញលោក ឈូក បណ្ឌិត ឲ្យចូលមកបំភ្លឺនៅក្នុងអង្គសវនាការ ខណៈគាត់បាញ់ទៅលើកម្មករបីនាក់ឲ្យរងរបួស ហើយពុំត្រូវបានឃាត់ខ្លួន បើទោះជាមានភ័ស្តុតាងក៏ដោយ។ លោកបញ្ជាក់ថា៖ «រឿងនេះវាខុសពីរឿងដទៃ ប្រសិនបើរឿងផ្សេងទាក់ទិនទៅនឹងពលរដ្ឋគ្មានអំណាច គ្រាន់តែក្រុមហ៊ុនដាក់ពាក្យបណ្តឹងភា្លម គឺពលរដ្ឋត្រូវចាប់ខ្លួនភ្លាមតែម្តង។ នោះគឺលើកដំបូង បើសិនជាមានវត្តមានលោក ឈូក បណ្ឌិត ក្នុងអង្គសវនាការជាសាធារណៈមែន»។
ក្នុងសំណុំរឿងដែល បានអូសបន្លាយអស់ពេលជាច្រើនខែមកនោះ កម្មការិនី៣នាក់រងរបួស បានដាក់ពាក្យបណ្តឹងប្រឆាំង នឹងលោក ឈូក បណ្ឌិត ដោយទាមទារសំណងជំងឺចិត្តម្នាក់ៗ ចំនួន ៤៥ ០០០ដុល្លារ។
លោក ឈូក បណ្ឌិត និងមេធាវីរបស់លោក មិនអាចទាក់ទងបានទេ កាលពីម្សិលមិញ៕
1 comment:
I want to see how MAIN SAM ARN protect her nephew .
Post a Comment