ដោយ ហង្ស សាវយុត 2013-02-09 RFA
បើទោះបីជារដ្ឋាភិបាលកំពុងប្រឹងប្រែងតាមរយៈក្រុមនិស្សិត
ស្ម័គ្រចិត្តឱ្យចុះវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ
ដើម្បីឈានទៅរកការកាត់បន្ថយទំនាស់ដីធ្លីក៏ដោយ
ក៏បច្ចុប្បន្ននេះនៅឯស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
មានក្រុមហ៊ុនឯកជន
និងកងទាហានខ្លះនៅតែព្យាយាមបំពានទៅលើដីប្រជាពលរដ្ឋដែលក្រុម
និស្សិតស្ម័គ្រចិត្តបានចុះវាស់វែងរួចហើយនោះ។
ប្រជាពលរដ្ឋនៅតាមភូមិមួយចំនួននៃស្រុកត្រពាំងប្រាសាទ
កំពុងនាំគ្នាព្រួយបារម្ភចំពោះបញ្ហារំលោភបំពាននេះ
ដោយសារតែគេគិតថា
អាជ្ញាធរនៅមូលដ្ឋាននឹងមិនអាចជួយដោះស្រាយពួកគេបានលទ្ធផលល្អ
ឡើយ។
ក្រុមប្រជាពលរដ្ឋដែលកំពុងរស់នៅភូមិអូរក្រូច នៃឃុំត្រពាំងប្រាសាទ
ស្រុកត្រពាំងប្រាសាទ បានអះអាងថា ពួកគេជាង ១១០គ្រួសារ
កំពុងទទួលរងផលប៉ះពាល់ដោយសារតែក្រុមហ៊ុនវៀតណាម
មួយកំពុងប្រើគ្រឿងចក្រជាច្រើនឈូសរំលោភមកលើដីកម្មសិទ្ធិរបស់ពួក
គេជាបន្តបន្ទាប់។
ក្រុមអ្នកភូមិទីនោះកំពុងត្រូវការអន្តរាគមន៍ពីមន្ត្រី
រដ្ឋាភិបាល ដើម្បីជួយដោះស្រាយ
ពីព្រោះតែពួកគេមិនមានលទ្ធភាពរារាំងក្រុមហ៊ុននោះបានឡើយ។
ស្ត្រីឈ្មោះ កែវ ស៊ីម ជាអ្នកភូមិអូរក្រូច នៃឃុំត្រពាំងប្រាសាទ
អ្នកស្រីបានមានប្រសាសន៍ថា គាត់មានសមាជិកគ្រួសារចំនួន៤
ដែលកាន់កាប់ផ្ទៃដីចំនួន ២០ហិកតារ ក៏ប៉ុន្តែកាលពីថ្ងៃទី២២ ខែមករា
កន្លងទៅ ក្រុមហ៊ុនវៀតណាម
បានយកគ្រឿងចក្រឈូសឆាយ រំលោភលើដីរបស់គាត់មួយចំនួន។ ស្ត្រីដដែលបានបញ្ជាក់ថា
មិនមែនតែគ្រួសាររបស់គាត់ទេ ដែលទទួលរងការឈូសរំលោភយកដីនោះ
គឺប្រជាពលរដ្ឋនៅក្នុងភូមិរបស់គាត់ចំនួន ១១០គ្រួសារទៀត
ក៏កំពុងទទួលរងការប៉ះពាល់ដូចគ្នានេះដែរ។
ដីដែលក្រុមហ៊ុនឈូសរំលោភយកនោះ
គឺក្រុមនិស្សិតស្ម័គ្រចិត្តបានចុះវាស់វែងម្ដងមកហើយ។
អ្នកស្រី កែវ ស៊ីម៖ «ក្រុមហ៊ុនតៃនិញ ឈូសទាំងយប់ទាំងថ្ងៃ។
ឈូសហ្នឹងមាន ២ចំណុច នៅចំណុចអូរដា ហ្នឹងមួយ ក្រោយភូមិអូរក្រូច
ហ្នឹងមួយ។ គ្រឿងចក្រទាំងអស់ ១០គ្រឿង
ប៉ុន្តែប្រជាពលរដ្ឋហ្នឹងយាមកាមខ្លួនឯងទាំងយប់ទាំងថ្ងៃ។
ពួកខ្ញុំខ្លាចអស់ដីធ្លី
ដូចជាអស់សង្ឃឹមយ៉ាងខ្លាំងមិនដឹងថារស់នៅមានន័យអីទៀត
បើអស់ដីរលីងទៅហើយ។ បើសិនជាខ្ញុំ ១១៤គ្រួសារ
ឡើងទៅសុំសម្ដេចតេជោ មិនដឹងថាតើទៅសុំដោយវិធីណា ដែលចូលដល់?
ឥឡូវខ្ញុំបានដាក់ពាក្យបណ្ដឹងហ្នឹងចូលទៅស្រុកឱ្យជួយដោះស្រាយ
ហើយស្រុកឃាត់ថា ឱ្យរង់ចាំ ៧ថ្ងៃទៀត ចាំមើលថា
តើដោះស្រាយបានឬមិនបាន នឹងអាលឱ្យពួកខ្ញុំទៅលើទៀត»។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក វ៉ាន់ កុសល
ដែលជាអភិបាលស្រុកត្រពាំងប្រាសាទ
ដើម្បីធ្វើការពន្យល់ជុំវិញការអះអាងរបស់ប្រជាពលរដ្ឋនេះថាយ៉ាងណា
នៅឡើយទេ។
ក៏ប៉ុន្តែ អាជ្ញាធរឃុំត្រពាំងប្រាសាទ បានទទួលស្គាល់ថា
គេបានទទួលព័ត៌មានអំពីបញ្ហានេះ។ លោក ខាត់ ខែម
ជាមេឃុំត្រពាំងប្រាសាទ បានមានប្រសាសន៍ថា
លោកទើបតែបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋអំពីរឿងនេះ
កាលពីពេលថ្មីៗ។ ទោះយ៉ាងណា អាជ្ញាធរឃុំត្រពាំងប្រាសាទ
នៅមិនទាន់អាចបញ្ជាក់ឱ្យប្រាកដថា
តើមានប្រជាពលរដ្ឋចំនួនប៉ុន្មានគ្រួសារ
និងផ្ទៃដីទំហំប៉ុន្មានហិកតារ ដែលរងការប៉ះពាល់នោះទេ។
លោក ខាត់ ខែម៖ «ឃើញមានមកហើយ គាត់សំណូមពរទេ
ឱ្យជួយដោះស្រាយដីគាត់។ ខ្ញុំក៏មិនទាន់បានសម្រេចថាយ៉ាងម៉េចដែរ
កុំអាល! ខ្ញុំមិនទាន់បានចុះពិនិត្យផងការងារច្រើនពេក។
ខ្ញុំឱ្យស្រង់ចំនួនប្រជាពលរដ្ឋមកសិន ព្រោះឮតែគាត់ថាម្ដង៧
ម្ដង៨»។
មិនមែនមានតែក្រុមប្រជាពលរដ្ឋនៅភូមិអូរក្រូច មួយប៉ុណ្ណោះទេ
ដែលកំពុងឈានទៅរកការបាត់បង់ដីធ្លី
គឺប្រជាពលរដ្ឋមួយចំនួនទៀតដែលកំពុងរស់នៅភូមិបឹងកំប្លោក
និងភូមិស្រះជ្រៃ នៃឃុំត្រពាំងប្រាសាទ ក៏បានអះអាងថា
ដីចម្ការរបស់ពួកគេដែលក្រុមនិស្សិតស្ម័គ្រចិត្តបានចុះវាស់វែង
រួចហើយនោះ ក៏ត្រូវកងទាហានព្យាយាមបន្តកាន់កាប់ខ្លះ
និងក្រុមហ៊ុនវៀតណាម យកគ្រឿងចក្រមកឈូសឆាយយកខ្លះដែរ។
លោក ឈុត ឆេន គឺជាកសិកររស់នៅភូមិបឹងកំប្លោក នៃឃុំត្រពាំងប្រាសាទ
ធ្លាប់បានមានប្រសាសន៍កាលពីថ្ងៃទី២៧ ខែមករា ថា
គាត់មានដីចម្ការដំឡូងចំនួន ៦ហិកតារ នៅឯភូមិថ្នល់កែង។
កាលពីអំឡុងខែសីហា ឆ្នាំ២០១២ កន្លងទៅ
គឺក្រុមយុវជនស្ម័គ្រចិត្តបានចុះទៅវាស់វែងរួចហើយ
ក៏ប៉ុន្តែកងទាហាន និងក្រុមហ៊ុនឯកជននៅតែចង់បានដីរបស់គាត់។
លោក ឈុត ឆេន បានបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមករា កន្លងទៅ
ក្រុមហ៊ុនវៀតណាម ឈ្មោះ តៃនិញ
បានយកគ្រឿងចក្រទៅឈូសឆាយដីចម្ការរបស់គាត់
ធ្វើឱ្យខូចខាតផលដំឡូងមីមួយចំនួន។
អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល បានរកឃើញថា
ការរំលោភដីធ្លីនៅក្នុងស្រុកត្រពាំងប្រាសាទ នៃខេត្តឧត្តរមានជ័យ
គឺនៅតែជាកង្វល់នៅឡើយ។
លោក ស្រី ណារេន
ជាអ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC)
ខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា
តាមការអង្កេតរបស់លោកបានរកឃើញថា បញ្ហារំលោភដីធ្លីនៅតំបន់នោះ
គឺមានជាប់ពាក់ព័ន្ធជាមួយអ្នកមានអំណាចជាច្រើនក្រុម៖ «វាមាន
ច្រើនក្រុម មានពាក់ព័ន្ធជាមួយក្រុមហ៊ុន មានពាក់ព័ន្ធជាមួយទាហាន។
ជាមួយទាហានហ្នឹង ដែលខ្ញុំជួបខែមុន មាន ១៣គ្រួសារ។ ឯនៅអូរក្រូច នេះ
គាត់ថាក្រុមនិស្សិតចុចឱ្យ ក៏ប៉ុន្តែក្រុមហ៊ុនគេនៅតែឈូសទៀត»។
សមាគមការពារសិទ្ធិមនុស្សអាហុក ខេត្តឧត្តរមានជ័យ
មានគម្រោងនឹងណាត់ប្រជាពលរដ្ឋដែលមានបញ្ហាទាំងនោះឱ្យមកជួបជុំ
គ្នា ហើយនឹងនាំពួកគេទៅជួបមន្ត្រីនៅសាលាខេត្តឧត្តរមានជ័យ
ដោយផ្ទាល់នៅពេលខាងមុខនេះ ដើម្បីស្វែងរកដំណោះស្រាយសមរម្យមួយ។
របាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានសម្គាល់ឃើញថា
ចាប់តាំងពីរដ្ឋាភិបាលបានបញ្ជូនក្រុមនិស្សិតស្ម័គ្រចិត្តឱ្យចុះ
វាស់វែងដីធ្លី
និងធ្វើប័ណ្ណកម្មសិទ្ធិចែកជូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមក
គឺករណីទំនាស់ដីធ្លីបានថយចុះ
ប៉ុន្តែចំនួនអ្នកដែលត្រូវចោទប្រកាន់ដោយសាររឿងដីធ្លីនៅមិនទាន់
ថយចុះទេ។
លោក ចាន់ សុវ៉េត
អនុប្រធានផ្នែកស៊ើបអង្កេតបញ្ហាដីធ្លីរបស់សមាគមការពារសិទ្ធិមនុស្ស
អាដហុក បានមានប្រសាសន៍ថា កាលពីឆ្នាំ២០១១ កន្លងទៅ
ទំនាស់ដីធ្លីបានកើតមានចំនួន ៣១៩ករណី ហើយមានប្រជាពលរដ្ឋចំនួនជាង
៤២០នាក់បានទទួលរងការចោទប្រកាន់
និងចាប់ខ្លួនក្នុងរឿងទំនាស់នោះ។ ក៏ប៉ុន្តែសម្រាប់ឆ្នាំ២០១២
ករណីជម្លោះដីធ្លីបានថយចុះមកនៅជាង ២៦០ករណី
ហើយចំនួនប្រជាពលរដ្ឋដែលទទួលរងការចោទប្រកាន់ក្នុងរឿងទំនាស់
ដីធ្លីនោះ ក៏ថយចុះមកត្រឹមជាង ២០០ករណី។
អង្គការសិទ្ធិមនុស្សអាដហុក បានទទួលស្គាល់ថា
គោលនយោបាយរបស់រដ្ឋាភិបាលអំពីការចុះវាស់វែង
និងផ្ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដោយក្រុមនិស្សិត
ស្ម័គ្រចិត្តនោះ
វាជាចំណែកមួយដែរក្នុងការកាត់បន្ថយទំនាស់ដីធ្លីនៅក្នុងប្រទេស
កម្ពុជា
ក៏ប៉ុន្តែសង្គមស៊ីវិលនៅតែទទូចឱ្យរដ្ឋាភិបាលគួរតែដោះស្រាយទៅលើ
បញ្ហាទំនាស់ដីធ្លីធំៗដែលមិនទាន់បានដោះស្រាយនៅឡើយ
ដូចជានៅស្រុកស្រែអំបិល ខេត្តកោះកុង នៅបុរីកីឡា (ទីក្រុងភ្នំពេញ)
និងតំបន់បឹងកក់ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment