Tuesday, February 19, 2013

សម្តែង ម៉ុងសាយធ្លាក់ចុះ ដោយសារ សេដ្ឋកិច្ចធ្លាក់ចុះ នៅកម្ពុជា?

ការសម្តែងម៉ុងសាយ

ពេលចូលឆ្នាំចិនឆ្នាំនេះមិនមានការសម្តែងម៉ុងសាយច្រើនទេ


18 កុម្ភៈ 2013
ស៊ុយ ហ៊ាមខេមរា
VOA Khmer

ភ្នំពេញ៖ ប៉ុន្មានឆ្នាំមុន ក្នុងរយៈពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមស្ទើរគ្រប់ទីកន្លែង ក្នុងទីក្រុងភ្នំពេញសម្លេងការសម្តែងម៉ុងសាយតែងឮសូរយ៉ាងទ្រហឹងគ្មានដាច់។

ផ្ទុយទៅវិញ ពិធីប្រពៃណីនៅឆ្នាំ២០១៣នេះ គេអាចឮសម្លេងស្គរ និងឃើញ ការលោតកញ្ឆេងនៃម៉ុងសាយនៅតាមកន្លែងមួយចំនួនប៉ុណ្ណោះ ជាពិសេសនៅតាមបណ្តាក្រុមហ៊ុនធំៗ ផ្សារទំនើប និងខ្លះទៀតមានតិចតួចដែរនៅបណ្តាផ្ទះប្រជាពលរដ្ឋដែលជាប់សែស្រឡាយចិន។

លោកលីម គីមហួរ អាយុ៦១ឆ្នាំ ជាប្រធានក្រុមម៉ុងសាយចិនប្រចាំសាលារៀនចិនទួនហ្វានៅកម្ពុជា។

លោកកំពុងអង្គុយជុំគ្នាជាមួយសមាជិកបួនប្រាំនាក់។ លោកគីមហួរពាក់អាវដៃខ្លីពណ៌ស និងសក់ល្បាយអាចម៍ខ្លា។ លោកប្រាប់ឲ្យដឹងថា តម្រូវការជួលឲ្យសម្តែងម៉ុងសាយនៅឆ្នាំនេះមានការធ្លាក់។

«ឆ្នាំនេះ ទីមួយគឺថា មកពីសេដ្ឋកិច្ចហ្នឹងក៏អាចថា បានដែរ។ ទីពីរសំខាន់ដោយសារប្រជាពលរដ្ឋគាត់នៅនឹករឭកដល់អតីតព្រះមហាក្សត្រ ដូច្នោះមិនចង់រៀបចំជាពិធីអ្វីសប្បាយពេកទេ គឺគ្រាន់តែរៀបចំជាពិធីខ្លះសម្រាប់តាមប្រពៃណីទំនៀមទម្លាប់ប៉ុហ្នឹងឯង»។


លោកគឹម ហួរមានសមាជិកក្នុងក្រុមម៉ុងសាយរបស់លោកចំនួន១០៥នាក់។ កាលពីឆ្នាំមុន ក្រុមរបស់លោកសម្តែងបាន៣១កន្លែង ដោយឡែកក្នុងឆ្នាំនេះ ក្រុមរបស់លោកសម្តែងបានត្រឹមតែ២១កន្លែងប៉ុណ្ណោះ។

ពិធីចូលឆ្នាំប្រពៃណីចិននិងវៀតណាមនៅឆ្នាំនេះចាប់ផ្តើមពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែកុម្ភៈ។ ប៉ុន្តែការលោតម៉ុងសាយ ឬសម្តែងម៉ុងសាយធ្វើចាប់តាំងពីថ្ងៃទី៩ ខែកុម្ភៈមកម្ល៉េះគឺចំថ្ងៃសែនមុនចូលឆ្នាំមួយថ្ងៃ។

លោកចាន់ ខន អាយុ៤៣ឆ្នាំ ជាប្រធានក្រុមម៉ុងសាយមួយ និងជាអនុប្រធានសមាគមព្រះវិហារចិន ខេត្តព្រៃវែង។

ក្រុមម៉ុងសាយរបស់លោកដែលមានសមាជិក៣៥នាក់បានចាប់ផ្តើមដើរសម្តែងតាំងពីថ្ងៃដំបូងនៃការរៀបចំពិធីបុណ្យចូលឆ្នាំចិន។ មកទល់ថ្ងៃនេះ ក្រុមរបស់លោកបានដើរសម្តែងបានតាមបណ្តាតំបន់នានា ដូចជានៅបាវិត អ្នកលឿង និងចុងក្រោយគឺនៅទីក្រុងភ្នំពេញ។

«តាមក្រុមហ៊ុនបានប្រហែលជាង១០ឆាកដែរ។ ចំណែកឯនៅតាមផ្ទះវិញបានប្រហែលជាង២០ផ្ទះដែរ»។

ស្រដៀងនឹងលោកហួរដែរ លោកខងដែលមានម៉ុងសាយចំនួន៤គ្រឿងបញ្ជាក់ថា តម្រូវការនៃអ្នកជួលឲ្យក្រុមម៉ុងសាយរបស់គាត់ទៅសម្តែងនៅឆ្នាំនេះមានការធ្លាក់ចុះ។

អតិថិជនភាគច្រើនគឺជាម្ចាស់ក្រុមហ៊ុនធំ និងអ្នកដែលមានជីវភាពធូរធារច្រើន។ ដោយឡែកអតិថិជនធម្មតាវិញមានតិចតួច។ ប្រៀបធៀននឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន លោកខននិយាយថា មានការធ្លាក់ចុះប្រហែលពី ១០ទៅ២០ភាគរយ។

ឆ្លៀតពេលដែលក្រុមរបស់លោកកំពុងសម្តែងម៉ុងសាយ លោកខងដែលមានភ្នែកតឹងៗ និងរាងទាបបានលើកពីមូលហេតុដូចគ្នាដែរ គឺដោយសារតែកម្ពុជាទើបតែរៀបចំពិធីបុណ្យឲ្យសម្តេចឪ។ ដូច្នោះការត្រៀមខ្លួនសម្រាប់ពិធីបុណ្យចូលឆ្នាំចិនមានរយៈពេលខ្លី។

«ខ្លះគេទើបតែចេញពីរំលែកទុក្ខ ហើយអញ្ចឹងគេមិនមានពេលទំនេរ។ ពីព្រោះទើបតែចប់ខ្លីៗពេកចឹង អ្នកខ្លះគេរៀបចំមិនទាន់។ អ្នកដែលចង់សប្បាយហ្នឹងគ្នារៀបចំមិនទាន់ ណាមួយអាជ្ញាធរដែនដីហ្នឹងក៏ដាក់កំហិតមិនឲ្យមានការសប្បាយគគ្រឹកគគ្រេង។អញ្ចឹងម្នាក់ៗក៏ខ្លាចថា នឹងប៉ះពាល់ដល់ពិធីបុណ្យហ្នឹង។ ដូច្នោះការរៀបចំសប្បាយម៉ុងសាយហ្នឹងវាខ្លី វាខើច»។

លោកអៀក ស៊ីង អនុប្រធានការិយាល័យសមាគមជនជាតិចិននៅកម្ពុជាបានឲ្យដឹងថា មូលហេតុនៃការធ្លាក់ចុះនៃការប្រារព្ធពិធីឡកម៉ុងសាយគឺមកពីកត្តាជីវភាពរបស់ប្រជាជន។

ម្យ៉ាងទៀត ប្រជាជនចិនខ្លះទៀតបានចំណាយពេលឈប់សម្រាករបស់ពួកគេ ក្នុងកំឡុងពេលចូលឆ្នាំ ទៅធ្វើដំណើរកម្សាន្តនៅកន្លែងនានា។ ដូច្នោះចំនួនប្រជាពលរដ្ឋតាមផ្ទះដែលប្រារព្ធពិធីឡកម៉ុងសាយមិនសូវមានទេ ភាគច្រើនគឺនៅតាមក្រុមហ៊ុនធំ។

ការលោតឬសម្តែងម៉ុងសាយមានដើមកំណើតច្រើនពាន់ឆ្នាំមកហើយ។ ប៉ុន្តែគឺនៅក្នុងរវាងរដ្ឋកាលហាន ឬថាង។

ម៉ុងសាយមានពីរប្រភេទគឺមានរាងសត្វតោដែលមានអ្នកលោតចំនួនពីរនាក់និងមានរាងជាសត្វនាគដែលមានអ្នកលោតច្រើនលើសពីពីរនាក់ឈរបន្តគ្នា។

លោកលីម គីមហួរ ប្រធានក្រុមម៉ុងសាយចិនមួយនៅកម្ពុជា បានឲ្យដឹងថា ពិធីលោតម៉ុងសាយបានចូលមកប្រទេសកម្ពុជាឡើងវិញក្នុងទសវត្ស១៩៩0 ហើយរហូតមកទល់ពេលនេះមានសមាគមម៉ុងសាយសរុបចំនួន៨ ក្នុងទីក្រុងភ្នំពេញ ៕

No comments: