Tuesday, February 19, 2013

អ្នក​បឹងកក់​ចេញ​តវ៉ា​ទៀត​ហើយ

កម្លាំង​សមត្ថ​កិច្ចទប់ស្កាត់​អ្នក​ភូមិមិនឲ្យ​ធ្វើ​ដំណើ​រទៅ​តវ៉ា​ នៅ​មុខ​ភូមិ​គ្រឹះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ក្បែរ​វិមាន​ឯក​រាជ្យ។ រូបថត ហេង ជីវ័ន
Tuesday, 19 February 2013
គឹម យុទ្ធណា
The Phnom Penh Post
នៅ​មុន​ពេល​រំសាយ​វិល​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ ក្រុម​អ្នក​តវ៉ា​បាន​ស្រែក​ចំអក​ដល់​កម្លាំង​សមត្ថកិច្ច​ថា«តើចេះ​ខ្មាស​គេឬ​អត់...ស្លៀក​ពាក់​ឯកសណ្ឋាន​ជា​ប៉ូលិស ប៉េអឹម ទាហាន តែ​បែរ​ជា​នាំគ្នា​ទៅ​ឈរ​ចាំ​សុំ​លុយ​អាំង​ប៉ាវ​ពី​ឈ្មួញ​មាន​លុយ ពី​អ្នក​មាន​អំណាច...ការពារ​អ្នក​មាន​លុយ រួច​មក​ធ្វើ​បាប​ប្រជាពលរដ្ឋ​ស្លូត​ត្រង់...តើ​វា​សម​ដែរ​អត់

ភ្នំពេញៈ តំណាង​ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​បឹងកក់ អតីត​អ្នក​ភូមិ​បុរី​កីឡា និង​ថ្ម​គោល ប្រមាណ ៥០ នាក់ បាន​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​ជាថ្មី​ទៀត នៅ​មុខ​ក្រសួង​យុត្តិធម៌​ក្បែរ​ព្រះបរមរាជវាំង កាលពី​ព្រឹក​ម្សិលមិញ​ដើម្បី​ជំរុញ​ឲ្យ​ក្រសួង​មួយ​នេះ​ជួយ​អន្តរាគមន៍​ដោះលែង​សកម្មជន​ដីធ្លី​អ្នក​ស្រី យ៉ោម បុប្ផា ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន នៅ​ពន្ធនាគារ​ព្រៃ​ស។
នេះ​ជា​ការ​កក្រើក​ឡើង​វិញ​នៃ​ការ​តវ៉ា​របស់​អ្នក​ភូមិ​ដែល​មាន​ជម្លោះ​ដីធ្លី ដ៏​រ៉ាំរ៉ៃ ក្រោយ​ពី​បញ្ចប់​ព្រះរាជ​ពិធីបុណ្យ​ព្រះ​បរមសព ព្រះមហាវីរក្សត្រ នរោត្តម សីហនុ កាលពី​ដើម​ខែ​នេះ ដែល​នៅ​ក្នុង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបរម​រតន​កោដ្ឋ ក៏មាន​ការ​ដោះលែង​និង​បន្ធូរ​បន្ថយ​ទោស​ទណ្ឌិត​ជាង​៤០០ នាក់ ផង​ដែរ​នោះ។

ក្រុម​អ្នក​តវ៉ា ដែល​នៅ​លើ​ក្បាល​ពួក​គេ​មាន​ពាក់​រូបថត សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នក​ស្រី យ៉ោម បុប្ផា និង​ខ្លះ​ទៀត មាន​កាន់​ព្រះ​ពុទ្ធរូប និង​ផ្កាឈូក​នៅ​ក្នុង​ដៃ​គ្រប់​ៗ​គ្នា បាន​ប្រមូល​ផ្តុំ​គ្នា អង្គុយ​ស្រែក តាម​ឧបករណ៍​បំពង​សំឡេង​នៅ​ខាង​មុខ​ក្រសួង​យុត្តិធម៌​ដោយ​ជំរុញ​ឲ្យ​ក្រសួង​នេះ ជួយ​អន្តរាគមន៍ ដោះ​លែង​តំណាង​ពួក​គេ​ចេញ​ពី​ពន្ធនាគារ។

ក្រុម​អ្នក​តវ៉ា​អះអាង​ថា អ្នក​ស្រី យ៉ោម បុប្ផា​គឺជា​សកម្មជន​ដីធ្លី​ដែល​តស៊ូ​មតិ​ដោយ​សន្តិវិធី ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បំពាន​តែ​ប៉ុណ្ណោះ មិន​គួរ​ណា​ដាក់​ទោស​គាត់​ដោយ​ចាប់​ឃុំ​នោះ​ទេ «សូម​ក្រសួង​យុត្តិធម៌ ដោះលែង​អ្នក​ស្រី​យ៉ោម បុប្ផា ជា​បន្ទាន់ គាត់​គ្មាន​កំហុស​ទេ បើ​មិន​ដូច្នោះ​ទេ​ក្រសួង​នេះ គួរ​តែ​ដូរ​ឈ្មោះ​ដាក់​ថា ក្រសួង​អយុត្តិធម៌​វិញ​ទៅ​ល្អ​ជាង!»

តំណាង​អ្នក​តវ៉ា អ្នក​ស្រី ទេព វន្នី បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា ការ​គ្មាន​ឈ្មោះ​សកម្មជន​ដីធ្លី ក្នុង​ចំណោម​អ្នក​ទោស​ជាង​៤០០ នាក់ ដែល​ត្រូវ​ដោះលែង និង​បន្ធូរ​បន្ថយ​ទោស​នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ព្រះ​បរមសព​សម្តេចឪ គឺជា​ភ័ស្តុតាង​មួយ​ទៀត បង្ហាញ​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា មិន​ឯករាជ្យ ហើយ​មិន​គោរព​សិទ្ធិ​មនុស្ស និង​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទេ។ អ្នក​ស្រី​បាន​បញ្ជាក់​ថា៖«អ្នក​ទោស​ដែល​ប្លន់ អ្នក​ទោស​ដែល​សម្លាប់​មនុស្ស អ្នក​ទោស​ដែល​ជួញដូរ​គ្រឿង​ញៀន បែរជា​មាន​ឱកាស ត្រូវ​ក្រសួង​យុត្តិធម៌ ស្រង់​ឈ្មោះ លើកលែង​ទោស​នៅ​ពេល​បុណ្យ​ព្រះ​បរមសព​សម្តេចឪ​ទៅ​វិញ តែ​ចំពោះ​អ្នក​ស្រី យ៉ោម បុប្ផា គឺ​អត់​មាន គឺ​វា​អយុត្តិធម៌​បំផុត សម្រាប់​ពួក​ខ្ញុំ​ទាំង​អស់​គ្នា ដែល​ជា​ប្រជាពលរដ្ឋ​រងគ្រោះ​ជា​ពិសេស​អយុត្តិធម៌​បំផុត សម្រាប់​អ្នក​ស្រី យ៉ោម បុប្ផា»

អ្នកស្រី យ៉ោម បុប្ផា ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​៣​ឆ្នាំ ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​វាយ​ដំ​អ្នក​រត់​ម៉ូតូ​ឌុប​ពីរ​នាក់ ដែល​ក្រុម​អ្នក​ភូមិ និង​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​យល់​ថា ជា​បទ​ចោទ​ប្រកាន់ ដែល​គេ​ប្រឌិត​ឡើង ដើម្បី​បំបាក់​ស្មារតី​ទៅ​លើ​សកម្មជន​ដីធ្លី​រូប​នេះ និង​សកម្មជន​ផ្សេង​ទៀត ដែល​តែង​តែ​ចេញ​មុខ​តវ៉ា ការពារ​ផ្ទះ​សម្បែង​របស់​ខ្លួន​ប្រឆាំង​ទៅ​នឹង​ការ​រំលោភ​បំពាន។ មក​ដល់​ពេល​នេះ អ្នក​ស្រី យ៉ោម បុប្ជា បាន​ជាប់​ពន្ធនាគារ​ជាង​៥ខែ​ហើយ។

ទោះ​យ៉ាង​ណា ការ​អង្គុយ​ស្រែក​តវ៉ា​របស់​សកម្មជន​ដីធ្លី​រយៈ​ពេល​មួយ​ព្រឹក​ពេញ មិន​ត្រូវ​បាន​មន្ត្រី​ក្រសួង​យុត្តិធម៌​ណា​ម្នាក់ ចេញ​មុខ​មក​ជួប​ចរចា​ជាមួយ​ពួក​គេ​ទេ។ នៅ​ពេល​ក្រោយ​មក​ក្រុម​អ្នក​តវ៉ា បាន​បន្ត​ដំណើរ​សំដៅ​ទៅ​ភូមិ​គ្រឹះ​របស់​លោក​នាយរដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ក្បែរ​វិមាន​ឯករាជ្យ ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង ១ គីឡូម៉ែត្រ ពី​ក្រសួង​យុត្តិធម៌ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ ពី​លោក​នាយក​រដ្ឋ​មន្ត្រី។
លោក អង្គ វង្សវឌ្ឍានា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ មិន​អាច​ទាក់ទង​បាន​ទេ ខណៈ​លោក សំ ប្រជាមានិត អ្នក​នាំ​ពាក្យ​ក្រសួង​នេះ​បាន​ថ្លែងថា លោក​ជាប់​រវល់​ប្រជុំ មិន​អាច​ផ្តល់​ការ​ពន្យល់​បាន​ឡើយ។

ក្បួន​ដង្ហែ​របស់​អ្នក​តវ៉ា នៅ​វេលា​ម៉ោង​ប្រហែល​ជា​១ រសៀល ត្រូវ​បាន​រារាំង​ដោយ​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ របស់​សាលា​រាជធានី និង​ក្រសួង​មហាផ្ទៃ​នៅ​ម្តុំ​នាគ​បាញ់​ទឹក សួន​ច្បារ​វិមាន​ឯករាជ្យ ចម្ងាយ​ប្រមាណ ៣០០​ម៉ែត្រ​ពី​ភូមិ​គ្រឹះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី។ ក្រុម​សមត្ថកិច្ច​ប្រមាណ​២០០ នាក់ ដែល​បាន​ត្រៀម​រួច​ជា​ស្រេច ប្រដាប់​ដោយ​ខែល ដំបងឆក់ អាវុធ​វែង​ខ្លី ឡាន​សម្រាប់​ត្រៀម​ដឹក​អ្នក​តវ៉ា និង​របាំង​រាំង​ផ្លូវ បាន​ព្យាយាម​ហាម​ឃាត់​ដំណើរ​របស់​ក្រុម​អ្នក​តវ៉ា​មិន​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាន​ឡើយ ក្រោម​ហេតុផល​ថា រំខាន​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ។ ទោះ​យ៉ាង​ណា​ក្រុម​សមត្ថកិច្ច និង​អ្នក​ភូមិ​មិន​មាន​ការ​ប៉ះទង្គិច​គ្នា​នោះ​ទេ​ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច បាន​បើក​ឡាន​កៀង​គំរាម​ចាប់​ខ្លួន​ក្រុម​អ្នក​តវ៉ា​ដាក់​ក្នុង​ឡាន​។ ប៉ុន្តែ​ពួក​គេ​បាន​ស្រែក​ដោយ​បាន​ស្តី​បន្ទោស​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​នោះ​ថា ស្លៀក​ពាក់​ឯកសណ្ឋាន​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ជាតិ តែ​មិន​បាន​ការពារ និង​បម្រើ​ដល់​ប្រជា​ពលរដ្ឋ បែរជា​មក​បម្រើ​តែ​អ្នក​មាន​អំណាច​និង​អ្នក​មាន​លុយ​ទៅ​វិញ។

នៅ​មុន​ពេល​រំសាយ​វិល​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ ក្រុម​អ្នក​តវ៉ា​បាន​ស្រែក​ចំអក​ដល់​កម្លាំង​សមត្ថកិច្ច​ថា«តើចេះ​ខ្មាស​គេឬ​អត់...ស្លៀក​ពាក់​ឯកសណ្ឋាន​ជា​ប៉ូលិស ប៉េអឹម ទាហាន តែ​បែរ​ជា​នាំគ្នា​ទៅ​ឈរ​ចាំ​សុំ​លុយ​អាំង​ប៉ាវ​ពី​ឈ្មួញ​មាន​លុយ ពី​អ្នក​មាន​អំណាច...ការពារ​អ្នក​មាន​លុយ រួច​មក​ធ្វើ​បាប​ប្រជាពលរដ្ឋ​ស្លូត​ត្រង់...តើ​វា​សម​ដែរ​អត់ការ​និយាយ​បែប​ចំអក​របស់​អ្នក​ភូមិ​នេះ គឺ​សំដៅ​ទៅ​ដល់​កង​កម្លាំង​ប៉ូលិស ប៉េអឹម និង​ទាហាន​រាប់រយ​នាក់ ដែល​បាន​ទៅ​ឈរ​ប្រជ្រៀត​គ្នា​ចាំ​សុំ​លុយ​ពី​មេ​ឈ្មួញ​ល្បី​ឈ្មោះ​ម្នាក់​នៅ​ក្នុង​ឱកាស​នៃ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​កាលពី​ថ្ងៃ​អាទិត្យ៕

No comments: