Monday, February 11, 2013

មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​៣​រូប​នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ដ៏​ឆាប់

Mary Landrieu, Thomas Conant and Michael Posner
2013-02-10
ដោយ ទេព សុរ៉ាវី
Radio Free Asia

ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា ចង់​ឃើញ​ប្រទេស​កម្ពុជា បន្ត​លើក​មុខ​មាត់​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ។ លោក​ជឿជាក់​ថា បើ​អន្តរជាតិ​បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រទេស​កម្ពុជា​នោះ កម្ពុជា​នឹង​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​បាន​ច្រើន។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក វីល្លៀម ថត (William E.Todd) មាន​ប្រសាសន៍​នៅ​ក្នុង​ការ​ទស្សនា​ការ​រាប់​សន្លឹក​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នា​ស្ថានទូត​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

ទន្ទឹម​នឹង​គ្នា​នេះ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William Todd) ឲ្យ​ដឹង​ថា មន្ត្រី​ថ្នាក់​ខ្ពស់​អាមេរិក​ចំនួន ៣​រូប នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា សហរដ្ឋ​អាមេរិក​បន្ត​ចាត់​ទុក​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​កម្ពុជា ជា​រឿង​ដ៏​មាន​សារសំខាន់ ហើយ​លោក​ក៏​នឹង​ជំរុញ​ឲ្យ​មាន​ឱកាស​វិនិយោគ​នៅ​កម្ពុជា ឲ្យ​បាន​ច្រើន​ថែម​ទៀត។


ការ​អះអាង​របស់​លោក វីល្លៀម ថត គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ជា​ច្រើន​ដែល​បាន​សរសេរ​ចោទ​សួរ​លោក​តាម​គេហទំព័រ (Website) អំពី​តួនាទី​ជា​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា ក្រោយ​ពី​បញ្ចប់​តួនាទី​ជា​ប្រធាន​អាស៊ាន​កាល​ពី​ឆ្នាំ​មុន។ មាន​មតិ​ជា​ច្រើន​ហាក់​នៅ​ស្រពេចស្រពិល​ចំពោះ​ដំណើរ​របស់​កម្ពុជា លើ​ឆាក​អន្តរជាតិ។

ក្នុង​ខ្ទង់​សារព័ត៌មាន​ប្រចាំ​សប្ដាហ៍​របស់​លោក វីល្លៀម ថត លោក​មាន​ជំនឿ​ថា បើ​អន្តរជាតិ​បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រទេស​កម្ពុជា នោះ​កម្ពុជា​នឹង​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ថែម​ទៀត។
ទន្ទឹម​គ្នា​នោះ មន្ត្រី​ថ្នាក់​ខ្ពស់ ៣​នាក់ រួម​មាន​អ្នកស្រី ម៉ារី ឡេនឌ្រូ (Mary Landrieu) សមាជិក​ព្រឹទ្ធ​សភា លោក ថូម៉ាស ខណាត់ (Thomas Conant) មេបញ្ជាការ​រង​ប្រចាំ​នៅ​បញ្ជា​ការដ្ឋាន​នៃ​កង​កម្លាំង​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក (PACOM) និង​លោក ម៉ៃខល ផូសនើ (Michael Posner) ប្រធាន​ការិយាល័យ​ផ្នែក​លទ្ធិប្រជាធិបតេយ្យ​សិទ្ធិ​មនុស្ស និង​ការងារ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក នឹង​មក​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី ដើម្បី​ជួយ​ជំរុញ​ការ​វិនិយោគ​បរទេស​នៅ​កម្ពុជា កែ​លំអ​ប្រព័ន្ធ​នៃ​ប្រទេស​កម្ពុជា ទាក់ទង​នឹង​ការ​ស្មុំ​កូន​ចិញ្ចឹម​ទៅ​ក្រៅ​ប្រទេស លើក​កម្ពស់​ជំនាញ​ឯកទេស​នៃ​កងយោធា​នៃ​ប្រទេស​កម្ពុជា ដោយ​ផ្ដោត​លើ​សកម្មភាព​ថែរក្សា​សន្តិភាព និង​ការងារ​ដោះ​មីន​របស់​អង្គការ​សហប្រជាជាតិ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​តាម​រយៈ​ការ​បោះឆ្នោត​ប្រកប​ដោយ​សេរី និង​យុត្តិធម៌ អភិបាល​កិច្ច​ល្អ និង​គោរព​នីតិរដ្ឋ។

លោក វីល្លៀម ថត៖ «យើង​ជឿ​ថា អន្តរជាតិ​នឹង​នៅ​តែ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​មក​លើ​ប្រទេស​កម្ពុជា ដដែល ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា អនុវត្ត​ការ​ផ្លាស់ប្ដូរ​វិជ្ជមាន និង​បន្ត​ការ​អភិវឌ្ឍ​របស់​ខ្លួន។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​បុគ្គលិក​របស់​ខ្ញុំ ហើយ​និង​រូប​ខ្ញុំ កំពុង​ខិតខំ​ធ្វើការ​ដើម្បី​ជួយ​ជំរុញ​វិនិយោគ​បរទេស​នៅ​កម្ពុជា កែ​លំអ​ប្រព័ន្ធ​នៃ​ប្រទេស​កម្ពុជា ទាក់ទង​នឹង​ការ​សុំ​កូន​ចិញ្ចឹម​ទៅ​ក្រៅ​ប្រទេស លើក​កម្ពស់​ជំនាញ​ឯកទេស​នៃ​កង​យោធា​នៃ​ប្រទេស​កម្ពុជា ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​អភិបាល​កិច្ច​ល្អ​នៅ​កម្ពុជា»

ទាក់ទិន​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់​ថា កម្ពុជា​កំពុង​ឋិត​ក្នុង​សភាព​ការ​ពង្រឹង​ទំនាក់ទំនង​ល្អ និង​កិច្ច​សហប្រតិបត្តិការ​ជា​អន្តរជាតិ រួម​មាន​ការ​ពង្រឹង​ទប់​ស្កាត់​បទល្មើស​ភេរវកម្ម ការ​ជួញដូរ ទប់ស្កាត់​ការពារ​គ្រឿង​ញៀន ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាដើម។
លោក ផៃ ស៊ីផាន បន្ថែម​ទៀត​ថា ការ​បាត់បង់​ទំនាក់​ទំនង​ផ្នែក​ការទូត​មួយ​រយៈ​ក្នុង​សម័យ​សង្គ្រាម និង​ការ​ផ្ដើម​ទំនាក់ទំនង​ជាមួយ​ប្រទេស​លោក​ខាង​លិច​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ជា​ការ​កសាង​មុខ​មាត់​កម្ពុជា ឡើង​វិញ ក្នុង​ឆាក​អន្តរជាតិ។

លោក​បន្ត​ថា៖ «កម្ពុជា​ដើរ​តួនាទី​យ៉ាង​សំខាន់​បន្ទាប់​ពី​ដៃគូ​ជាមួយ​អន្តរជាតិ​ក្នុង​ការ​សំអាត​ដី​ចេញ​ពី​មីន និង​គ្រឿង​មិន​ទាន់​ផ្ទុះ និង​កម្ពុជា បាន​បញ្ជូន​ប្រជាជន​ពួក​យើង​មួយ​ចំនួន​ធំ​ចូល​រួម​សកម្មភាព​ស្តារ ដើម្បី​ឲ្យ​ដី​ហ្នឹង​ក្លាយ​ជា​ដី​ផលិតផល​វិញ។ ជាមួយ​គ្នា​នេះ​ដែរ សកម្មភាព​សហរដ្ឋអាមេរិក កំពុង​តែ​ពង្រឹង​បន្ថែម ហើយ​បន្ថែម​ទៀត ការងារ​ទូត សេដ្ឋកិច្ច និង​ការងារ​ផ្សេង»

ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក គេ​ឃើញ​មាន​ការ​រីក​ចម្រើន​ច្រើន។ កន្លង​មក​លោក វីល្លៀម ថត ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី និង​ប្រទេស​ថៃ ដើម្បី​ជំរុញ​ឲ្យ​មាន​ឱកាស​វិនិយោគ​នៅ​កម្ពុជា។

លោក វីល្លៀម ថត សន្យា​ថា នឹង​បន្ត​ជជែក​ជាមួយ​ក្រុមហ៊ុន​អាមេរិក អំពី​បរិយាកាស​សេដ្ឋកិច្ច​ដ៏​រស់​រវើក​នៅ​កម្ពុជា ហើយ​កម្ពុជា​នឹង​មាន​ភាព​ប្រសើរ​ឡើង​ច្រើន​សម្រាប់​ការ​ធ្វើ​ជំនួញ៕

No comments: