ដោយ តាំង សារ៉ាដា 2013-02-17 RFA
ក្រុមអង្គការសិទ្ធិមនុស្សបានរិះគន់ដល់ប្រព័ន្ធតុលាការក្នុង
ប្រទេសកម្ពុជា
ថាបានផ្ដល់លទ្ធភាពឲ្យក្រុមហ៊ុនឯកជនមានឥទ្ធិពលមកលើខ្លួនក្នុង
បញ្ហាដីធ្លី
តាមរយៈការចេញដីកាឃុំខ្លួនក្រុមសកម្មជនដែលហ៊ានចេញមុខតវ៉ា។
មន្ត្រីអង្គការសិទ្ធិមនុស្សឲ្យដឹងថា ដីកាឃុំខ្លួន គឺជាយុទ្ធសាស្ត្រមួយថ្មីរបស់តុលាការដើម្បីបង្ក្រាបពលរដ្ឋមិនអោយ ហ៊ានក្រោកតវ៉ានៅពេលពួកគេមានទំនាស់ដីធ្លីជាមួយក្រុមអ្នកមាន អំណាច។
អង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុកមួយឲ្យដឹងថា កម្ពុជាបានប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីចាប់ខ្លួនសកម្មជនដែល តវ៉ាករណីជំលោះដីធ្លីក្នុងឆ្នាំ២០១២ មានចំនួនកើនឡើងទ្វេដង។
របាយការណ៍ របស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ដែលចេញផ្សាយកាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅនេះ បង្ហាញថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ យ៉ាងហោចណាស់មានមនុស្ស ៣៨នាក់ កំពុងស្ថិតក្នុងពន្ធនាគារ ៥០នាក់ផ្សេងទៀតកំពុងរត់ភៀសខ្លួន ហើយមនុស្សប្រមាណ ១៥០នាក់ ក្នុងទីក្រុងភ្នំពេញ បានរងការគំរាមកំហែងឲ្យរើចេញពីលំនៅឋានរបស់ពួកគេ។
មន្ត្រីផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក លោក នី ចរិយា អះអាងថា តុលាការអាចដោះលែងក្រុមសកម្មជនដីធ្លីទាំងអស់នោះ បាននៅពេលណាពួក គេយល់ព្រមជាលាយលក្ខណ៍អក្សរ ឈប់ប្តឹងក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងទំនាស់ដីធ្លីទាំងនោះ។
លោក នី ចរិយា៖ «និយាយទៅគ្រាន់តែជាការឃុំដូចធម្មតាដែរទេ ប៉ុន្តែគ្រាន់តែមានលក្ខខណ្ឌមួយជាមួយតុលាការដែលភាគច្រើនគេតែង និយាយថា ប្រសិនបើឈប់ដឹកនាំប្ដឹងអីនោះ ក្រុមហ៊ុននឹងដកពាក្យឈប់ប្ដឹងអីអ៊ីចឹងទៅ»។
លោកបន្តថា ក្រុមហ៊ុនឯកជននៅកម្ពុជា ភាគច្រើនបានប្ដូរយុទ្ធសាស្ត្រពីការប្រើប្រាស់កងកម្លាំងប្រដាប់ អាវុធដេញពលរដ្ឋចេញពីលំនៅឋានទៅជាការប្រើឥទ្ធិពលលើប្រព័ន្ធ តុលាការ ដើម្បីចាប់ក្រុមតំណាងសហគមន៍ដែលហ៊ានចេញមុខតវ៉ាជាមួយក្រុមហ៊ុន ដាក់ពន្ធនាគារទៅវិញ។
ក្រុមហ៊ុនភាគច្រើនទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល បានរំលោភលើកិច្ចសន្យាដែលបានចុះជាមួយរដ្ឋាភិបាល។
លោក នី ចរិយា មានប្រសាសន៍ថា សមាគមអាដហុក បានជំរុញឲ្យរដ្ឋាភិបាលលប់កិច្ចសន្យាជាមួយក្រុមហ៊ុនវៀតណាម ឈ្មោះ ដាយ ដុងយឿង ដោយសារក្រុមហ៊ុនបំផ្លាញបរិស្ថានធ្ងន់ធ្ងរក្នុងខេត្តរតនគិរី៖ «ថ្មីៗនេះអាដហុកយើងបានចេញសេចក្ដីថ្លែងការណ៍ និងបានស្នើទៅរដ្ឋាភិបាលឲ្យលប់កិច្ចសន្យាជាមួយក្រុមហ៊ុនសម្បទាន មួយក្នុងខេត្តរតនគិរី គឺក្រុមហ៊ុន ដាយ ដុងយឿង ដោយសារក្រុមហ៊ុននោះបានអនុវត្តផ្ទុយពីកិច្ចសន្យា។ កិច្ចសន្យាបានសរសេរថា ក្រុមហ៊ុនមិនត្រូវធ្វើសកម្មភាពអភិវឌ្ឍន៍ណាមួយដែលធ្វើឲ្យប៉ះពាល់ ដល់ធនធានធម្មជាតិ ឬបរិស្ថានអីជាដើម ហើយក្រុមហ៊ុនណាដែលធ្វើប៉ះពាល់ដូច្នេះត្រូវតែលប់កិច្ចសន្យាចោល»។
អង្គការអាដហុក បានរកឃើញថា នៅឆ្នាំ២០១២ រដ្ឋាភិបាលបានផ្តល់ ឬបម្រុងដីជាង ២,៦លានហិកតារឲ្យក្រុមហ៊ុនឯកជន ក្រោមផ្លាកដីសម្បទានដីសេដ្ឋកិច្ច។ ចំនួននេះកើនឡើងជាងឆ្នាំ២០១១ ដែលពេលនោះមានត្រឹមតែជាង ២,២លានហិកតារ (២.២៧៦.៣៤៩) ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment