Thursday, February 14, 2013

កម្មករ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​បាន​ដើរ​ចេញ​ពី​រោងចក្រ​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ

កម្មករ​តំបន់​សេដ្ឋកិច្ចពិសេសក្រុង​បាវិត​ ធើ្វ​ការ​តវ៉ា​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការ​ងារ​ កាលពី​ថ្ងៃ​ម្សិលមិញ។ រូបថត សហ​ការី

Thursday, 14 February 2013
មុំ គន្ធា
The Phnom Penh Post

ស្វាយរៀងៈ កម្មករ​រាប់​ពាន់​នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស Manhattan និង​តំបន់​សេដ្ឋកិច្ច​ពិសេស​តៃសេង ប្រមាណ​ជា​១០​រោង​ចក្រ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង បាន​ដើរ​ចេញ​ពី​កន្លែង​ការងារ​របស់​ខ្លួន ខណៈ​កម្មករ​មួយ​ចំនួន​បាន​នាំ​គ្នា​ឡើង​មក​ធ្វើ​ការ​តវ៉ា​នៅ​ខាង​មុខ សាលា​ខេត្ត​ស្វាយរៀង កាល​ពី​ព្រឹក​ម្សិលមិញ ដើម្បី​ទាមទារ​ឲ្យ​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា និង​លក្ខខណ្ឌ​ការងារ​ឲ្យ​ប្រសើរ។​

លោក ម៉ាន់ សេងហាក់ អគ្គលេខាធិការ​នៃ​សហជីព​សេរី​កម្មករ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា រោងចក្រ​ចំនួន​ ១០ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ Manhattan និង​តំបន់​សេដ្ឋកិច្ច​ពិសេស​តៃសេង គ្មាន​កម្មករ​ធ្វើ​ការ​ទេ ព្រោះ​ពួក​គេ​បាន​ចាក​ចេញ​ពី​កន្លែង​ការងារ ដែល​ភាគ​ច្រើន​បាន​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ។ ​លោក​បាន​បន្ត​ថា៖ «​ពួក​គេ​បាន​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា និង​លក្ខ​ខណ្ឌ​ការ​ងារ​ដទៃ​ទៀត ព្រោះ​និយោជក​បាន​រំលោភ​សិទិ្ធ​របស់​ពួក​គេ»។​

លោក​បាន​បន្ថែម​ថា កម្មករ​បាន​ផ្ញើ​លិខិត​ទៅ​សហជីព​សេរី​កម្មករ ដើម្បី​ធ្វើ​អន្តរាគមន៍​ឲ្យ​ពួក​គេ ហើយ​មន្រ្តី​របស់​លោក​បាន​ចុះ​ទៅ​ជួយ​ពួក​គេ​ភ្លាមៗ។​

លោក ផាវ ស៊ីណា ប្រធាន​សហជីព​សមូហភាព​ចលនា​កម្មករ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា កម្មករ​ជាង ៦០០ នាក់​ពី​រោង​ចក្រ Long Bright បាន​ដើរ​ដង្ហែ​ទៅ​សាលា​ខេត្ត ដើម្បី​ស្នើ​សុំ​​ជំនួយ​ពី​មន្រ្តី​ចំពោះ​ការ​ទាមទារ​របស់​ពួក​គេ។ លោក​បាន​បញ្ជាក់​ថា៖ «កិច្ច​ប្រជុំ​ជាមួយ​នឹង​មន្រ្តី​សាលា​ខេត្ត ពុំ​ទទួល​បាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ​មន្រ្តី​បាន​បង្កើត​ក្រុម​ការ​ងារ​ចុះ​ទៅ​ពិនិត្យ​រោងចក្រ​ល្ងាច នេះ​(ថ្ងៃ​ពុធ)​»
លោក ផាវ ស៊ីណា បាន​បន្ថែម​ថា សហជីព ​ក្រុម​ហ៊ុន និង​សាលា​ខេត្ត នឹង​ជួប​ប្រជុំ​គ្នា​ថ្ងៃ​នេះ ដើម្បី​ពិភាក្សា​អំពី​ការ​ទាមទារ​របស់​កម្ម​ករ ដើម្បី​បញ្ចប់​កូដកម្ម​។ ​លោក​បាន​ថ្លែង​ថា​៖ «​ថ្ងៃ​នេះ យើង​សង្ឃឹម​ថា អ្វី​គ្រប់​យ៉ាង​នឹង​ដោះ​ស្រាយ​រួច ហើយ​កូដ​កម្ម​នឹង​បញ្ចប់​បន្ទាប់​ពី​ប្រជុំ​ចប់​»

លោក វ៉ា សារុំ ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ស្វាយ​រៀង​ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ​កម្ម​ករ​ទាំង​អស់​បាន​ចេញ​ពី​រោងចក្រ​ទាំង​អស់​ដោយ​សម្រេច​ផ្អាក​ការងារ របស់​ខ្លួន រហូត​ទាល់​តែ​ការ​ទាមទារ​របស់​ពួក​គេ​ត្រូវ​បាន​ដោះស្រាយ។ ​លោក​បាន​បន្ត​ថា៖ «យើង​បាន​ព្រមព្រៀង​ជាមួយ​នឹង​និយោជក ផ្អាក​ការងារ​ទាំង​អស់​រហូត​ទាល់​តែ​យើង​រក​ដំណោះស្រាយ​បាន។ ពួកគេ​នឹង​វិល​ត្រឡប់​មក​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​ចន្ទ​»។ លោក​បាន​បន្ថែម​ថា កិច្ច​ប្រជុំ​ជាមួយ​នឹង​និយោជក​កំពុង​ដំណើរ​ការ។

លោក​បាន​បន្ត​ថា លោក​នឹង​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​បញ្ចប់​ការ​តវ៉ា​ទាំង​អស់ នៅ​ក្នុង​ខេត្ត​ស្វាយរៀង។

ទន្ទឹម​នឹង​នេះ កម្មករ​រាប់​ពាន់​នាក់​នៅ​រោង​ចក្រ​កាត់​ដេរ Yung Wah Industrial បាន​រាំង​ស្ទះ​ផ្លូវ​២១បេ ជា​ថ្ងៃ​ទី២ហើយ​ ដើម្បី​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​និយោជក​បង់​ប្រាក់​ខែ​ឲ្យ​ពួក​គេ។

លោក អ៊ុំ វិសាល មន្រ្តី​ដោះស្រាយ​វិវាទ​ការ​ងារ​ នៅ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​សម្លៀក​បំពាក់​កម្ពុជា (ហៅ​កាត់​ថា ស៊ីខៅឌូ) បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា គណៈកម្មាធិការ​ថ្មី​បាន​បង្កើត​ឡើង ហើយ​ពួក​គេ​នឹង​ចុះ​ទៅ​ក្នុង​រោង​ចក្រ ដើម្បី​ពិនិត្យ​គ្រឿង​បរិក្ខា។ លោក​បាន​បន្ថែម​ថា៖ «​គ្រឿង​បរិក្ខា​ក្នុង​រោង​ចក្រ​នឹង​យក​ទៅ​លក់​ដើម្បី​យក​ប្រាក់​មក​បើក ឲ្យ​កម្មករ​»

នេះ​គឺជា​ការ​ផ្ទុះ​ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ​លើក​ទីពីរ​ ហើយ​បន្ទាប់​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ​ឆ្នាំ​២០១២ ​កម្មករ​​កម្មការិនី​ប្រមាណ​ជា ៦​ពាន់​នាក់ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​​​មហា​ធេន​ ដើម្បី​ទាម​ទារ​ប្រាក់​ឈ្នួល និង​លក្ខ​ខណ្ឌ​ការងារ​ប្រសើរ​ជាង​មុន ត្រូវ​អតីត​​អភិបាល​ក្រុង​បាវិត លោក​ឈូក បណ្ឌិត​ បាញ់​កម្មការិនី​បី​នាក់​បាន​រង​របួស​នៅ​ក្នុង​ហ្វូង​​កម្មករ​ ហើយ​រហូត​មក​ដល់​ពេល​នេះ​អតីត​អភិបាល​ក្រុង​រូប​នោះ​នៅ​ពុំ​ទាន់​បាន​ទទួល ទោស​នៅ​ឡើយ​ទេ ដោយ​តុលាការ​ខេត្ត​ស្វាយ​រៀង​សម្រេច​លើក​ចោទ​ប្រកាន់​ពី​បទ​បង្ក​ របួស​ស្នាម​ដោយ​អចេតនា។ ប៉ុន្​តែ​ត្រូវ​បាន​អគ្គ​ព្រះរាជ​អាជ្ញា​ប្តឹង​ទាស់​នឹង​ការ​សម្រេច​របស់ តុលាការ​ខេត្ត​ស្វាយរៀង ដែល​រក​មិន​ឃើញ​ពិរុទ្ធភាព​របស់​អតីត​អភិបាល​ក្រុង​រូប​នេះ។

លោក​អភិបាល​ក្រុង​រូប​នោះ តម្រូវ​ឲ្យ​ឡើង​មក​ឆ្លើយ​នៅ​អង្គ​សវនាការ​សាលា​ឧទ្ធរណ៍​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ខាង​មុខ៕

No comments: