Thursday, February 14, 2013

ការ​ប្រារព្ធ​ទិវា​វិទ្យុ​ពិភពលោក ចំ​ពេល​ដែល​វិទ្យុ​នៅ​កម្ពុជា ស្ថិត​នៅ​ក្រោម​សម្ពាធ​ត្រួត​ពិនិត្យ

លោក ម៉ម សូ​ណង់​ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ FM 105 Mhz ​ពេល​នាំឡើង​​សាលាឧទ្ធរណ៍​​។ រូបថត ហេង ជី​វ័ន
Thursday, 14 February 2013
ប៉ា ងួនទៀង
The Phnom Penh Post

ថ្ងៃ​នេះ​ជា​ទិវា​វិទ្យុ​ពិភពលោក​។ អង្គការ​សហប្រជាជាតិ បាន សម្រេច​នៅ​ក្នុង​ឆ្នាំ​២០១១ ស្តី​ពី​​ការ​ជំរុញ​លើក​កម្ពស់​វិទ្យុ​ជា​វិធីសាស្រ្ត​សម្រាប់​ ផ្សព្វផ្សាយ​ព័ត៌មាន​និង​បញ្ចេញ​មតិ​យោបល់​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ ឡើង​នូវ​កិច្ច​សហប្រតិបត្តិការ ក្នុង​ចំណោម​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន និង​ដើម្បី​ជំរុញ​ឲ្យ​មាន​បណ្តាញ​ធំៗ និង​ស្ថានីយ​វិទ្យុ​តាម​សហគមន៍ ក៏​ដូចជា ដើម្បី​ជំរុញ​ឲ្យ​មាន​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​និង​សេរីភាព​នៃ​ការ បញ្ចេញមតិ​តាម​រយៈ រលកធាតុ​អាកាស។

វិទ្យុ គឺជា​ឧបករណ៍​ប្រាស្រ័យ​ទាក់ទង​ដ៏​សំខាន់​មួយ​នៅ​កម្ពុជា ពីព្រោះ​ថា ស្ទើរ​តែ​៤០​ភាគ​រយ​នៃ​បុរស​និង​ស្រ្តី ដែល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​​ ទៅ​៤៩​ឆ្នាំ បាន​ស្តាប់​វិទ្យុ​ជា​រៀង​រាល់​សប្តាហ៍។
នៅ​តំបន់​ជន​បទ វិទ្យុ​គឺជា​ឧបករណ៍​តែ​មួយ​គត់​ដែល​អាច​ផ្សព្វផ្សាយ​ព័ត៌មាន សំខាន់ៗ បាន​យ៉ាង​លឿន​អំពី​បញ្ហា​សង្គម ឬ​ការ​ត្រៀម​ខ្លួន​សម្រាប់​គ្រោះ​ធម្មជាតិ ជាដើម។

ប្រជាជន​កម្ពុជា​មួយ​ចំនួន​ធំ​រស់នៅ​ក្នុង​តំបន់​ជន​បទ ហើយ​ពួក​គេ​មិន​មាន​លទ្ធភាព​មើល​ទូរទស្សន៍ និង​អាន​កាសែត។

បើ​ទោះ ជា​លទ្ធភាព​នៃ​ការ​ប្រើ​អ៊ីនធឺណិត និង​ការ​ប្រើ​ទូរស័ព្ទ​ទទួល​បាន​ជោគជ័យ​ដោយ​មាន​ភាព​ទូលំ​ទូលាយ​ក៏​ដោយ ក៏​វិទ្យុ​នៅ​ជា​ឧបករណ៍​ដែល​អាច​កើត​មាន​នៅ​គ្រប់​ទីកន្លែង ប្រជាជន​អាច​រក​ទិញ​បាន និង​ជា​ឧបករណ៍​ដែល​មាន​លក្ខណៈ​បត់​បែន។ ​នេះ​ហើយ​ជា​ហេតុ​ផល​ដែល​បង្ហាញ​ពី​តួនាទី​វិទ្យុ​នៅ​ក្នុង​សង្គម បច្ចុប្បន្ន​នេះ ហើយ​ដែល​កំពុង​ស្ថិត​ក្រោម​សម្ពាធ​ត្រួត​ពិនិត្យ​យ៉ាង​ដិត​ដល់

នៅ​ក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៣​របស់ ខ្លួន អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) ​បាន​ថ្លែង​ថា​ ស្ថានភាព​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល ឥឡូវ​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ។

ដែល​ការ​ថ្លែង​នេះ ​គឺ​ដោយ​សារ​តែ​គោលនយោបាយ​នៃ​ការ​ត្រួត​ពិនិត្យ​រៀបចំ​ឡើង​ដោយ​រាជ ​រដ្ឋាភិបាល និង​ការ​វាយ​ប្រហារ​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់ និង​ការ​គំរាម​កំហែង សម្លាប់​ ធ្វើ​ឡើង​ទៅ​លើ​អ្នក​កាសែត​ណា ដែល​ហ៊ាន​បង្ហាញ​ព័ត៌មាន​អំពី​សកម្មភាព​ខុស​ច្បាប់ និង​​អំពើ​ពុករលួយ​របស់​រាជរដ្ឋាភិបាល។
ការ​ដាក់​ពន្ធនាគារ លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​ ដែល​ជា​វិទ្យុ​ឯករាជ្យ និង​ការ​សម្លាប់​លោក ហង្ស សេរីឧត្តម ដែល​ជា​អ្នក​កាសែត​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​កាប់​ឈើ​ខុស​ច្បាប់ របស់​មន្រ្តី​មូលដ្ឋាន គឺជា​ការ​ផ្តល់​នូវ​ឧទាហរណ៍​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​មួយ​ចំនួន​តូច។​

ក្នុង​ចំណោម​ស្ថានីយ​វិទ្យុ​ចំនួន​១២០​ក្នុង​ប្រទេស​កម្ពុជា មាន​តែ​វិទ្យុ​ចំនួន​បួន​តែ​ប៉ុណ្ណោះ ​ដែល​បដិសេធ​មិន​ព្រម​ស្ថិត​នៅ​ក្រោម​ការ​បញ្ជា​របស់​អាជ្ញាធរ ហើយ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ (VOD) ​គឺជា​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​តែ​មួយ ដែល​បាន​និង​កំពង់​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​លម្អៀង។
ប៉ុន្តែ VOD ទទួល​រង​បញ្ហា​ប្រឈម​ជាប់​ជានិច្ច។ វិទ្យុ​នេះ​ត្រូវ​បាន​ស្នើ​ជា​ដដែលៗ ដោយ​មន្រ្តី​នៅ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​ឲ្យ​ដក​អត្ថបទ​មួយ​ចេញ ពី​គេហទំព័រ​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​ការ​ដួល​សន្លប់​របស់​លោក​ឧបនាយក​រដ្ឋ​មន្រ្តី សុខ អាន កាល​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១៣​នេះ។

ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​ វា​គ្មាន​អ្វី​សំខាន់​ជាង​ការ​ធានា​ឲ្យ​មាន​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល ​សេរី និង​ឯករាជ្យ​នោះ​ទេ។

នៅ​ក្នុង​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​កំពុង​តែ​ដំណើរ​ការ សេរីភាព​សារ​ព័ត៌មាន​មិន​មែន​ជា​បុព្វសិទ្ធិ តែ​វា​ជា​ភាព​ចាំបាច់ ប៉ុន្តែ​ការ​គ្រប់​គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​មាន​លក្ខណៈ​តែ​មួយ វា​ជា​បញ្ហា។ ​នេះ​នឹង​នាំ​ឲ្យ​សាធារណជន ទទួល​បាន​ព័ត៌មាន​តិច​តួច។

ការ​បង្កើត​ឲ្យ​មាន​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​ វា​ធ្វើ​ឲ្យ​មាន​សំឡេង​ច្រើន ប៉ុន្តែ ការ​ព្យាយាម​ប្រមូល​ភាព​ជា​កម្មសិទ្ធិ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​រាជរដ្ឋាភិបាល ឬ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​នៅ​ក្នុង​សហគមន៍​ពាណិជ្ជកម្ម គឺជា​ស្ថានភាព​មិន​ល្អ​ទេ សម្រាប់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ឬ​ទស្សន​វិស័យ​ល្អ​មួយ​សម្រាប់​អនាគត។

នេះ​ហើយ​ជា​ហេតុផល​ដែល​ តួនាទី​របស់​វិទ្យុ VOD និង​វិទ្យុ​នានា​ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​សំខាន់។ វិទ្យុ VOD គឺមាន​លក្ខណ​ពិសេស​ត្រង់​ថា វា​ឯករាជ្យ​ ហើយ​និង​មាន​ការ​ទទួល​ស្គាល់​នូវ​គុណភាព​ចំពោះ​កម្មវិធី​សាធារណៈ​របស់ ខ្លួន។​

វា​បម្រើ​ជា​ឧបករណ៍​មួយ​ដែរ​សម្រាប់​ការ​សួរ​ជា​ សំណួរ​នៅ​ក្នុង​សង្គម និង​ជា​មធ្យោបាយ​សម្រាប់​បង្ហាញ​ពី​វប្បធម៌ និង​កម្មវិធី​កម្សាន្ត​ផ្សេងៗ ការ​ប្រមូល ការ​អភិរក្ស ការ​លើក​កម្ពស់​កេរ​ដំណែល​តន្រ្តី​ និង​ការ​ប្រមូល​ព័ត៌មាន​ស្តី​អំពី​បញ្ហា​សង្គម ក៏​ដូច​ជា​មធ្យោបាយ​សម្រាប់​ការ​បណ្តុះ​បណ្តាល​ហើយ​និង​ផ្ទេរ​ចំណេះ​ ដឹង​និង​បច្ចេកវិទ្យា។​

VOD ​វា​ក៏​ជា​ភ្នាក់ងារ​មួយ​ដើម្បី​ជួយ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នៅក្នុង ​សង្គម​ផង​ដែរ និង​ជា​ច្រក​សម្រាប់​បង្ហាញ​ព័ត៌មាន និង​មតិ​យោបល់ ហើយ​វា​ក៏ជា​ឧបករណ៍​សម្រាប់​គ្រប់គ្រង​រាល់​បញ្ហា​ជម្លោះ​ និង​ដំណោះស្រាយ។
VOD ​និង​នៅ​ជា​ដៃ​គូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​របស់​ខ្លួន ផ្តល់​នូវ​លទ្ធភាព ក្នុង​ការ​ពុះពារ​ជម្នះ​ភាព​ខ្វះខាត ជាមួយ​នឹង​ស្ថានភាព​លម្អៀង​ផ្នែក​នយោបាយ​ និង​ស្ថានភាព​ដទៃៗ​ទៀត។​

លក្ខណៈ​សំខាន់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​លទ្ធិ​ប្រជាធិបតេយ្យ​គឺ​ថា​ វា​ជួយ​បង្កើត​ឲ្យ​មាន​​លទ្ធ​ភាព​បង្ហាញ​ព័ត៌មាន​បាន​យ៉ាង​ល្អ​ដល់ សាធារណជន។

យោង​តាម​ គណៈ​កម្មាធិការ​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌ ក្នុង​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា វិទ្យុ VOD គឺជា​វិទ្យុ​ព័ត៌មាន​ជាតិ​មួយ ដែល​ផ្តល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​ពិតៗ ចំពោះ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១២​ ដោយ​ធ្វើ​ឲ្យ​ប្រជាជន​អាច​ស្តាប់​បាន​នូវ​រាល់​ទស្សនៈ​ផ្សេងៗ តាំង​ពី​តំណាង​រាស្ត្រ មន្ត្រី​រាជរដ្ឋាភិបាល តំណាង​គណបក្ស​ប្រឆាំង ព្រម​ទាំង​ទស្សនៈពី​ស្ថាប័ន​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ផង​ដែរ​។

យើង​មាន​បំណង​បន្ត​ការ​ផ្តល់​សេវា​ដ៏​សំខាន់​នេះ​តទៅ​ទៀត នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ ខែ​កក្កដា​នា​ពេល​ខាង​មុខ។

វិទ្យុ ជា​ឧបករណ៍​ចំណាយ​តិច​តួច និង​ល្អ​សម្រាប់​សហគមន៍​ដាច់​ស្រយាល​និង​ប្រជាជន​ដែល​ងាយ​រងគ្រោះ​ ដូច​ជា អ្នក​មិន​ចេះ​អក្សរ ជន​ពិការ ក្រុម​ប្រជាជន​ក្រីក្រ និង​ជន​ជាតិ​ដើម​​ភាគ​តិច នៅ​តាម​ទីតំបន់​ជន​បទ ដើម្បី​ឲ្យ​ទទួល​បាន​ព័ត៌មាន។

ម្យ៉ាង វា​ក៏​ផ្តល់​ឲ្យ​ប្រជាជន​ទាំង​នេះ​នូវ​វេទិកា​ដើម្បី​អន្តរាគមន៍​នៅ​ ក្នុង​ការ​ពិភាក្សា​វែក​ញែក​ជា​សាធារណៈ ដោយ​មិន​គិត​ពី​វណ្ណៈ​ក្នុង​សង្គម ពី​ទ្រព្យ​សម្បត្តិ ​ហើយ​និង​ពី​កម្រិត​ចំណេះ​ដឹង​ឡើយ។

តាម​រយៈ​កម្មវិធី​ទូរស័ព្ទ​ចូល កម្មវិធី​ផ្សាយ​ផ្ទាល់ ការ​ពិភាក្សា​បញ្ហា​សហគមន៍​ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​វេទិកា​សហគមន៍​ វិទ្យុ​ VOD ​លើក​កម្ពស់​ការ​ផ្លាស់​ប្តូរ​រាល់​គំនិត​យោបល់​និង​ទស្សនៈ​ផ្សេង​ៗ និង​នាំ​ឲ្យ​ប្រជាជន​ពី​កន្លែង​ផ្សេងៗ​មក​ជុំ​គ្នា ឬ​កាន់​តែ​មក​ខិត​ជិត​គ្នា និង​ជំរុញ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន និង​លើក​កម្ពស់​តម្លៃ​នៃ​ចំណេះ​ដឹង​របស់​ប្រជាជន​មូលដ្ឋាន។

ដូច​នេះ «មាន​តែ​វិទ្យុ​ទេ ដែល​មាន​អំណាច​ធ្វើ​បែប​នេះ​បាន នៅ​ក្នុង​ប្រទេស​កម្ពុជា​»

ដើម្បី រំឭក​ទិវា​វិទ្យុ​ពិភពលោក ការិយាល័យ​នៅ​រាជធានី​ភ្នំពេញ​របស់​អង្គការ​យូណេស្កូ (UNESCO) ​កំពុង​សហការ​ជាមួយ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​កម្មវិធី​វិទ្យុ​សហគមន៍​ UNESCO នៅ​ក្នុង​ខេត្ត​រតនគិរី​ ដើម្បី​ផលិត​កម្មវិធី​កម្មវិធី​បង្ហាញ​​ទស្សនៈ​និង​គំនិត​យោបល់​ តាម​រយៈ​ការ​ទូរស័ព្ទ​ចូល​រួម​បញ្ចេញ​មតិ។

កម្មវិធី​នេះ​នឹង​ចាក់ ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ពី​ម៉ោង​១៦:០០ ដល់​១៧:០០ ​តាម​រលក​ធាតុ​អាកាស​វិទ្យុ​សារិកា FM 106.5Mhz ក្នុង​រាជធានី​ភ្នំពេញ និង​វិទ្យុ​សារិកា FM 95.5 Mhz ក្នុង​ខេត្ត​សៀមរាប៕ PS

ដោយ ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ VOD

No comments: