Sunday, February 24, 2013

គណបក្ស​ប្រជាជន​កម្ពុជា​ផ្តើម​សាកល្បង​នយោបាយ​«ទំពាំង​ស្នង​ឫស្សី»​

ឈឺ ស៊ីម ទំពាំងចាស់ដែលត្រូវកាប់ចេញ
ដោយ ប៉ែន បូណា RFI  សៅរ៍ 23 កុម្ភៈ 2013
គណបក្ស ​ប្រជាជន​កម្ពុជា​ដែល​គេ​ស្គាល់​ថា ជា​គណបក្ស​សម្បូរ​ដោយ​មន្ត្រី​វ័យ​ចំណាស់​នោះ​ពេល​នេះ​បាន​ផ្តើម​បញ្ចេញ​ តួអង្គ​យុវជន​ទៅក្នុង​ឆាកនយោបាយ​ជួរមុខ​របស់ខ្លួន​ហើយ។   ខុស​ពី​​អាណត្តិមុនៗមន្ត្រី​វ័យ​ចំណាស់​ជាច្រើន​ ត្រូវបាន​ជំនួស​ដោយ​យុវជន​តាម​គោល​នយោបាយ​​«ទំពាំង​ស្នង​ឫស្សី» ប៉ុន្តែ គោលនយោបាយ «ទំពាំង​​ស្នង​ឫស្សី»របស់ ​គណបក្សកាន់អំណាច​ត្រូ​វ​បាន​អនុវត្ត​ក្នុងស្ថានភាព​ដ៏ចង្អៀត​នៅឡើយ។  មានតែ​កូន​របស់​មន្ត្រីធំៗ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​​បញ្ចេញ​មុនគេ​ក្នុង​ជំ​ ហ៊ាន​ដំបូង​នេះ។ តើ​ព្រឹត្តិការណ៍  ​នេះ​មាន​អត្ថន័យ​បែបណា​សម្រាប់​គណបក្ស​​ប្រជាជន​កម្ពុជា?
តើ​ពេលណា​ទើប​គណបក្ស​ប្រជាជន​កម្ពុជា​ផ្លាស់ប្តូរ​តួអង្គ​នយោបាយសំខាន់ៗរបស់ខ្លួន​ដែល​មាន​​វ័យ​ចំណាស់​អស់​ទៅហើយនោះ? សំណួរ ​ដែល​គេ​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ​នេះ​បាន​ចោទ​​ឡើង​ពី​ព្រោះតែ​គណបក្ស​ ប្រជាជន​កម្ពុជា​មិន​ត្រឹមតែ​ជា​គណបក្ស​ដែលមាន​កាលប្រវត្តិ​ដ៏​ចំណាស់​ជាងគេ ​មួយ​ប៉ុណ្ណោះ​ទេ តែ​មន្ត្រី​ក្នុង​ជួរ​គណបក្ស​នេះ​ក៏​សុទ្ធ​តែមាន​វ័យ​ចំណាស់​យ៉ាង​ខ្លាំង និង​កាន់​មុខតំណែង​ចាស់ដដែលៗជា​យូរ​ឆ្នាំ​មកហើយ​ដែរ។ ឥឡូវនេះ ដំណាក់កាល​ផ្លាស់ប្តូរ​របស់​គណបក្ស​កាន់អំណាច​បានចាប់ផ្តើម​ហើយ។ មន្ត្រី​វ័យ​ចំណាស់​មួយចំនួន​ត្រូវបាន​ដាក់​ឲ្យ​ចូលនិវត្តន៍ ចំណែកឯ​តួអង្គ​យុវជន​ត្រូវបាន​បញ្ចេញ​ទៅក្នុង​ឆាកនយោបាយ​ជាបណ្តើរៗ  ក្រោម​គោលនយោ​បាយ«ទំពាំង​ស្នង​ឫស្សី»។ កូនប្រុស​លោក​នាយក​រ​ដ្ឋ​មន្ត្រី និង​កូន​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ជាច្រើន​ទៀត​ត្រូវបាន​បញ្ចូល​ទៅក្នុង​ បញ្ជី​ឈ្មោះ​​បេក្ខជន​តំណាងរាស្ត្រ ឫ​បេក្ខជន​មន្ត្រី​ថ្នាក់មូលដ្ឋាន​មួយចំនួន​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​​ ថ្មី​ដែល​ចេញពី​ការបោះឆ្នោត​ខែកក្កដា​ខាងមុខ។ ជាការ​ពិតណាស់ សុភាសិត​បុរាណ​ខ្មែរ​បាន​ពោលថា«ខ្ញី​ចាស់​កាន់តែ​ហិ​រ» មានន័យថាមនុស្ស ​​កាន់តែ​ចាស់​កាន់តែ​មានបទពិសោធន៍​ប្រកបដោយ​ភាពចាស់ទុំ​ដែល​ឆាកនយោបាយ​ ត្រូវការ​ជា​​ចាំបាច់។ ប៉ុន្តែ វ័យ​ចំណាស់​ខ្លាំងពេក​ក៏​មិនអាច​ឲ្យ​ពួកគេ​បំពេញ​តួនាទី​របស់ខ្លួន​បានល្អ​ ដែរ។ ក្នុង​បណ្តា​ប្រទេស​ជឿនលឿន​នៅ​លោកខាងលិច ទន្ទឹមនឹង​សមត្ថភាព គេ​ក៏​ផ្តល់​តម្លៃ​យ៉ាងខ្លាំង​ដល់​សុខភាព​និង​ថាមពល​របស់​តួអង្គ​នយោបាយ​ដែរ ​ពីព្រោះ​ភាព​ទ្រុឌទ្រោម​នៃ​សុខភាព​និង​រាងកាយ​មិនអាច​ឲ្យ​ពួកគេ​បំពេញ​ តួនាទី​របស់ខ្លួន​បាន​ពេញលេញ​ឡើយ។ ក្នុង​ បរិបទ​នេះ អ្នកនយោបាយ ឬ​មន្ត្រី​មុខងារសាធារណៈ​ដែលមាន​វ័យ​ចំណាស់​ខ្លាំង​តែង​ប្រញាប់​​លាឈប់​  ពីមុខ​នាទី​ដើម្បី​ទុក​ឲ្យ​អ្នក​ដែលមាន​កម្លាំង​ពលំ​មាំមួន​បន្តវេន​ ម្តង។ប៉ុន្តែ នៅ​កម្ពុជា ស្ថានការណ៍​ហាក់​ផ្ទុយ​ពីនេះ​ទៅវិញ។ អ្នក ​ដែលមាន​តួនាទី​ទោះជា​ក្នុង​មុខងារ​សាធារណៈ​​​​​ក្តី​ឬ​​មុខងារ​​នយោបាយ​ ក្តី ច្រើនតែ​ព្យាយាម​ពន្យារ​អាយុ​ធ្វើការ​តាម​គ្រប់​រូបភាព​ដែល​​​អាចធ្វើ​ទៅបាន ​បើទោះបីជា​ខ្លួន​មាន​វ័យ​ចាស់ជរា និង​សុខភាព​មិនសូវ​មាំទាំ​ក៏ដោយ។ វត្តមាន​របស់​មន្ត្រី​វ័យ​ចំណាស់​ជាច្រើន​នៅក្នុង​ស្ថាប័ន​ជាតិ​កំពូលៗ​ គឺជា​ឧទាហរណ៍​ស្រាប់។ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច​ត្រូវគេ​មើលឃើញថា សម្បូរ​ដោយ​មន្ត្រី​ដែលមាន​វ័យ​ចំណាស់​ច្រើនជាងគេ។ ឥឡូវនេះ ការបន្ត​វេន​បាន​ឈាន​មកដល់​ហើយ ប៉ុន្តែ អ្នក​ដែល​ចេញមុខ​បន្តវេន​មុនគេ​គឺជា​យុវជន​ដែល​ចេញតែពី​ក្រុមគ្រួសារ​មន្ត្រីជាន់ខ្ពស់។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា នយោបាយ​«ទំពាំង​​​ស្នង​ឫស្សី»នៅក្នុង​គណបក្សកាន់អំណាច​កំពុង​ប្រព្រឹត្ត​ទៅដោយ​ចង្អៀតនិង​ប្រយ័ត្ន​ប្រយែង។ ពិត ​ហើយ​ថា រយៈពេល​ចុងក្រោយ​នេះ គណបក្ស​ប្រជាជន​បាន​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​ចលនា​​យុវជន ប៉ុន្តែ ការផ្ទេរ​ផ្ទេរអំណាច តួនាទី​ទៅ​ឲ្យ​យុវជន​គឺជា​បញ្ហា​ដែល​គណបក្ស​នេះ​​ហាក់​ប្រុងប្រយ័ត្ន​បំផុត។ ប្រយ័ត្ន​ពីព្រោះថា ការតភ្ជាប់​ជំនាន់​មនុស្ស​ពី​វ័យ​ចំណាស់​ទៅ​យុវជន​គឺជា​បញ្ហា​ធំធេង​មួយ​ សម្រាប់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ ជាទូទៅ នៅក្នុង​រដ្ឋបាល​សាធារណៈ ក៏​ដូច​ក្នុង​ឆាកនយោបាយ​ដែរ មនុស្ស​វ័យ​ចំណាស់ និង​យុវជន​ជំនាន់​ក្រោយ​ច្រើនតែ​មើលបំណាំ​គ្នា​ច្រើនជាង​ការរៀនសូត្រ​ ពីគ្នា។ ក្នុង ​បរិបទ​បែបនេះ ការផ្លាស់ប្តូរ​ជំនាន់​មនុស្ស​អាច​នឹងធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទម្រង់​ ឫ ​អត្តសញ្ញាណ​របស់​គណបក្ស​ក៏​ថា​បាន។ ការបញ្ចេញ​តួអង្គ​ដែល​សុទ្ធតែជា​កូន​មន្ត្រីកំពូលៗ គឺជា​ដំណាក់កាល​សាកល្បង​ដ៏​សំខាន់​មួយ​របស់​បក្ស​កាន់អំណាច។ សំខាន់​ពីព្រោះថា​ព្រឹត្តិការណ៍​នេះ​អាចជា​អាវុធ​មុខ​ពីរ៖ ម្យ៉ាង វា​អាច​ផ្តល់​ថាមពល​ថ្មី​ដល់​គណបក្ស​ផង​    និង​អាច​រក្សា​និរន្តរភាព​នៃ​គោលនយោបាយ​របស់​គណ​បក្ស​ផង។ ប៉ុន្តែ ម្យ៉ាងទៀត វា​ក៏​អាច​ផ្តល់​ផល​អវិជ្ជមាន​ជាច្រើន​ដែរ ប្រសិនបើ​ការ​​លេចមុខ​មាត់​​​តែកូន​មន្ត្រី​ធំៗ​ក្នុងឆាក​នយោបាយ​បែរជាបង្ក​និន្នាការ​ច្រណែន​ឫ​ប្រជែង​គ្នា​ដើម្បី​បង្កើន​ឥទ្ធិពល​រវាង​ក្រុម​ផ្សេងៗក្នុង​គណបក្ស​ទៅវិញ​នោះ។ នេះ​ជា​បញ្ហា​ដែល​បក្ស​កាន់អំណាច​មិនអាច​មើល​រំលង​​បាន​ឡើយ៕

6 comments:

Anonymous said...

ជាការ​ពិតណាស់ សុភាសិត​បុរាណ​ខ្មែរ​បាន​ពោលថា
«ខ្ញី​ចាស់​កាន់តែ​ហិ​រ» មានន័យថាមនុស្ស ​​កាន់តែ​ចាស់
​កាន់តែ​មានបទពិសោធន៍​ប្រកបដោយ​ភាពចាស់ទុំ​ដែល​ឆាកនយោបាយ​ ត្រូវការ​ជា​​ចាំបាច់។

សុភាសិតខ្មែរដែលត្រូវបានយកមកប្រើគឺពិតជាខុស
នឹងកាលៈទេសៈ ខុសន័យទាំងស្រុង ដោយមិនបំ
រើផលប្រយោជន៍នៃប្រទេសជាតិរបស់ខ្លួន។

Anonymous said...

ទំពាំងស្អុយ យកទៅស្នងឬស្សីពុកមិនកើតទេ ។ គួររើសទំពាំងណាដែលល្អៗ ។

Anonymous said...

Beur Reussey Yuon's slave, Tumpeang Kor Yuon's slave der.

Anonymous said...

The kids of old puppets are new puppets.

Anonymous said...

pouk ah bondit chhkuot chhkuot...

Anonymous said...

it's ashame to our leaders even they already see foffins right infront of them they still want to stay in power. Poor Cambodia!