Thursday, February 21, 2013

សកល​វិទ្យាល័យ​ច្បាប់​អាមេរិក​រិះគន់​អង្គការ​អាយឡូ

កម្មការិនី​ឈរ​ទិញ​អាហារ​ថ្ងៃ​ត្រង់​សម្រាប់​ទទួល​ទាន នៅ​មុខ​រោងចក្រ សេន ចូវ (SHEN ZHOU) នា​សង្កាត់​ស្ទឹងមានជ័យរាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១១។ RFA/Khe Sonorng 

ដោយ វោហារ ជាតិ 2013-02-21 RFA

សកល​វិទ្យាល័យ​ច្បាប់​នៅ​សហរដ្ឋអាមេរិក ឈ្មោះ ស្ទេនហ្វដ (Stanford) បាន​ចេញ​របាយ​ការណ៍​រិះគន់​អង្គការ​អន្តរជាតិ​ខាង​ការងារ ហៅ​ថា អាយឡូ (ILO) ថា​មិន​បាន​គិតគូរ​ដល់​ប្រយោជន៍​កម្មករ​កម្ពុជា​ទេ ​ក្នុង​រយៈ​ពេល​ការងារ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ជាង ១០​ឆ្នាំ​មក​នេះ។
«ការ​ឃ្លាំ​មើល​ក្នុង​ទី​ងងឹត» គឺ​ជា​ចំណង​ជើង​របាយការណ៍​លំអិត​មួយ​នៃ​សកល​វិទ្យាល័យ​ច្បាប់​​នាំ​មុខ​គេ​ មួយ​ឈ្មោះ ស្ទេនហ្វដ ចេញ​ផ្សាយ​ថ្ងៃ​ទី​១៨ កុម្ភៈ នេះ រ៉ាយរ៉ាប់​អំពី​ការ​រំលោភ​សិទ្ធិ​កម្មករ​ខ្មែរ​ដែល​ត្រូវ​គេ​​រំលោភ​សិទ្ធិ​ សេរីភាព​អស់​ជាង ១០​ឆ្នាំ​មក​ហើយ ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​អើពើ។
របាយការណ៍​នេះ បាន​រិះគន់​ចំៗ ចំពោះ​អង្គការ​អន្តរជាតិ​ខាង​ការងារ អំពី​ដំណើរការ​ត្រួតពិនិត្យ​​របស់​ខ្លួន​លើ​​កម្មវិធី​ផ្ដួចផ្ដើម​មួយ​ ដើម្បី​ការពារ​ផល​ប្រយោជន៍ និង​សិទ្ធិ​សេរីភាព​កម្មករ​ឈ្មោះ​ថា «គម្រោង​រោងចក្រ​កាត់​ដេរ​​ប្រសើរ​នៅ​កម្ពុជា» ដែល​កម្មវិធី​នេះ​បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​២០០១ មក ហើយ​មិន​បាន​ជោគជ័យ។
ក្នុង​នោះ របាយការណ៍​បាន​លើក​ឡើង​អំពី​ការ​ប្រឈម​យ៉ាង​ខ្លាំង​របស់​កម្មករ​ចំពោះ​ លក្ខខ័ណ្ឌ​ការងារ​យ៉ាង​លំបាក ដូច​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ថែម​ម៉ោង ថៅកែ​បង្ខំ​ឲ្យ​កម្មករ​ចុះ​កិច្ចសន្យា​រយៈ​ពេល​ខ្លី​ដើម្បី​កេង​ចំណេញ ប្រាក់​រង្វាន់ ឬ​ប្រាក់​អតីត​ការងារ​ជាដើម ហើយ​អង្គការ​ពលកម្ម​អន្តរជាតិ មិន​បាន​ធ្វើ​ការ​នេះ​ឲ្យ​មាន​តម្លាភាព និង​ឲ្យ​បាន​ប្រសើរ​ឡើង ដោយ​សរសេរ​ដូច្នេះ​ថា៖ បើ​ទោះ​បី​គម្រោង​រោងចក្រ​កាត់​ដេរ​​ប្រសើរ​នៅ​ កម្ពុជា​ បាន​ត្រួត​ពិនិត្យ​រោងចក្រ​កាត់​ដេរ​កម្ពុជា អស់​ជាង​មួយ​ទសវត្ស​យ៉ាង​ណា​ក្ដី ក៏​កម្មករ​កាត់ដេរ​កម្ពុជា នៅ​តែ​ប្រឈម​នឹង​លក្ខខ័ណ្ឌ​ការងារ​ដ៏​លំបាក​ដដែល។ ថ្លៃ​ឈ្នួល​ជាក់​លាក់​របស់​កម្មករ​រោងចក្រ​កាត់​ដេរ​សំលៀក​បំពាក់​កម្ពុជា ទាំង​អស់​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​រយៈ​ពេល ១០​ឆ្នាំ​កន្លង​មក​នេះ ខណៈ​ថ្លៃ​ឈ្នួល​កម្មករ​កាត់ដេរ​សំលៀក​បំពាក់​នៃ​ប្រទេស​នាំ​ចេញ​មួយ​ចំនួន​ ទៀត​ក្នុង​តំបន់ ត្រូវ​បាន​ដំឡើង​ថ្លៃ ដូច​ជា​ប្រទេស​ចិន ឥណ្ឌូនេស៊ី និង​វៀតណាម

ក្រៅ​ពី​នេះ របាយការណ៍​សរសេរ​ដោយ គ្លីនិក​ដោះស្រាយ​វិវាទ និង​សិទ្ធិមនុស្ស​អន្តរជាតិ របស់​សកល​វិទ្យាល័យ​ច្បាប់​ដដែល​នេះ បាន​លើក​ផ្នែក​ផ្សេងៗ​ទៀត ទាក់ទង​ភាព​អវិជ្ជមាន​ផ្សេង​​ដែល​អាយឡូ មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន ដូច​ជា​កិច្ចប្រតិបត្តិការ​ការងារ​របស់​អាយឡូ មិន​បាន​ជួយ​ជំរុញ​ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់​កម្មករ​ដែល​ទាមទារ មាន​លក្ខខ័ណ្ឌ​ការងារ​ប្រសើរ និង​បញ្ហា​ដទៃ​ទៀត ដូច​ការ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​គោល​ជាដើម តែ​បែរ​ជា​គិត​ប្រយោជន៍​ថៅកែ​រោង​ចក្រ និង​អ្នក​បញ្ជា​ទិញ​ច្រើន​ជាង​គិត​ប្រយោជន៍​កម្មករ។
លោក​សាស្ត្រាចារ្យ ស្តិហ្វាន សូនើប៊ើហ្គ (Stephan Sonnerberg) នៅ​គ្លីនិក​ដោះស្រាយ​វិវាទ និង​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៃ​សកលវិទ្យាល័យ​ច្បាប់ ស្ទេនហ្វដ ត្រូវ​បាន​ស្រង់​សំដី​ក្នុង​របាយការណ៍​នោះ​ថា ការ​ទាមទារ​របស់​កម្មករ​ជាង ១០​ឆ្នាំ​នេះ គឺ​បាន​លទ្ធផល​​តិច​បំផុត ដែល​ធ្វើ​ឲ្យ​ពួកគេ​នៅតែ​នាំ​គ្នា​ទាមទារ​យ៉ាង​ទទូច​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​​ការ​ទាមទារ​របស់​ពួក​គេ​មិន​មាន​អ្នក​ណា​អើពើ​ចេញ​មុខ​ដោះស្រាយ​ទេ៖ «បញ្ហា​នៃ​តម្លាភាព​គឺ​បាន​កើត​ឡើង​ដដែល​ជា​ដដែល ដែល​លើក​ឡើង​ដោយ​សហជីព និង​កម្មករ និង​អ្នក​បញ្ជាទិញ»
របាយការណ៍​នេះ​បាន​បង្ហាញ​ពី​របាយ​ការណ៍​​ផ្សេងៗ​ទៀត​ស្ដីពី​ដំណើរការ​ រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ដែល​ភាគ​ច្រើន​រ៉ាយរ៉ាប់​ភាព​អវិជ្ជមាន​របស់​កម្មករ ហើយ​បាន​ផ្ដល់​អនុសាសន៍ សុំ​ឲ្យ​មាន​ការ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​បរទេស​ដែល​បញ្ជា​ទិញ​សំលៀក​បំពាក់​ពី​ កម្ពុជា​ ដូច​ជា​ក្រុមហ៊ុន ម៉ល វ៉ាត (Walt-Mart ហ្គាប (Gap) លីវ៉ៃ (Levi's) អេច្ឆ អែន អិម (H&M) ពួម៉ា (Puma) និង​ក្រុមហ៊ុន ណៃក៍ (Nike) ដាក់​សម្ពាធ​លើ​ថៅកែ​រោងចក្រ​ និង​ជំរុញ​ឲ្យ​អាយឡូ កែ​ប្រែ​ប្រព័ន្ធ​ត្រួត​ពិនិត្យ និង​គ្រប់​គ្រង​ការងារ​របស់​ខ្លួន​លើ​គម្រោង​រោងចក្រ​ប្រសើរ​កម្ពុជា ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​មួយ ដើម្បី​ការពារ​ប្រ​យោជន៍​កម្មករ​ឲ្យ​មាន​ប្រសិទ្ធភាព។
ទាក់ទង​ការ​រិះគន់​នេះ លោក អ៊ុំ វិសាល មន្ត្រី​តំណាង​សហជីព​ឈ្មោះ​ថា សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​​កម្មករ​កាត់​ដេរ​កម្ពុជា របាយការណ៍​នេះ​បាន​ឆ្លុះ​បញ្ចាំង​ការ​ពិត​​ពី​ការងារ​របស់​អង្គការ​អាយឡូ លើ​គម្រោង​រោងចក្រ​កាត់​ដេរ​​ប្រសើរ​នៅ​កម្ពុជា ថា​មិន​មាន​តម្លាភាព រួម​​ទាំង​ធ្វើ​របាយការណ៍​ត្រួត​ពិនិត្យ​លក្ខខណ្ឌ​ការងារ​របស់​រោងចក្រ​ នីមួយៗ ក្រុម​ការងារ អាយឡូ មិន​បាន​រាយការណ៍​ជា​សាធារណៈ​ដូច​របាយការណ៍​នោះ​សរសេរ​មែន។
វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​លោកស្រី ជិល ថាក់ឃើ (Jill Tucker) នាយក​ទី​ប្រឹក្សា​បច្ចេកទេស​គម្រោង​រោងចក្រ​ប្រសើរ​កម្ពុជា ចំណែក​​មន្ត្រី​ខ្មែរ​ធ្វើ​ការ​នៅ​អង្គការ​អាយឡូ បដិសេធ​មិន​​ឆ្លើយ​តប។ ក៏​ប៉ុន្តែ​លោកស្រី ជិល ថាក់ឃើ បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា លោកស្រី​ទទួល​ស្គាល់​ការ​រិះគន់​នេះ ហើយ​និង​ប្រឹង​ធ្វើ​ការ​កែប្រែ​ចំណុច​អវិជ្ជមាន​នេះ។ តែ​ទោះ​យ៉ាងណា​លោក​ស្រី​អះអាង​ថា មិន​មែន​តែ អាយឡូ មួយ​ទេ ដែល​ធ្វើ​ការ​លើ​រឿង​នេះ គឺ​មាន​ដៃគូ​ផ្សេង​ទៀត​ដែល​ត្រូវ​ធ្វើ​ការ​ព្រម​គ្នា​ដែរ។
កម្ពុជា​សព្វ​ថ្ងៃ​មាន​រោងចក្រ​កាត់​ដេរ​ជាង ៣០០ មាន​កម្មករ​ជាង ៤​សែន​នាក់ ធ្វើ​ការ​នៅ​រោង​ចក្រកាត់​ដេរ​សំលៀក​បំពាក់។ ​ផលិតផល​សំលៀក​បំពាក់​ខាង​វិស័យ​កាត់​ដេរ​ភាគច្រើន​នាំ​ចេញ​ទៅ​លក់​នៅ​សហភាព ​អឺរ៉ុប សហរដ្ឋអាមេរិក ហើយ​បាន​នាំ​ប្រាក់​ចំណូល​ក្នុង​អត្រា ៤​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ស្មើ​ប្រហែល ៨៥​ភាគរយ នៃ​អត្រា​នាំ​ចេញ​សរុប​នៃ​ប្រទេស​កម្ពុជា។ ក៏​ប៉ុន្តែ​អ្នក​វិភាគ​សេដ្ឋកិច្ច​ក្នុង​ស្រុក​អះអាង​ថា ប្រាក់​ចំណូល​នេះ​បាន​ចំណេញ​ពី​ប្រទេស​កម្ពុជា​វិញ ដោយសារ​តែ​ថៅកែ​រោងចក្រ​ភាគ​ច្រើន​ជា​ជនបរទេស។ ចំណែក​កម្ពុជា បាន​ទទួល​ប្រាក់​ចំណេញ​រាយ​រង ដូច​ជា​ថ្លៃ​ជួល​រោងចក្រ ថ្លៃ​ជួល​ដី ថ្លៃ​ឈ្នួល​កម្មករ​ដែល​មាន​កម្រិត​ទាប គឺ​ប្រាក់​ខែ​គោល​ត្រឹម ៦១​ដុល្លារ​ក្នុង​មួយ​ខែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: