លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោក សម រង្ស៊ី
RFA Photo
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
ចាត់ទុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមនុស្សកំសាក
រារាំងលោកមិនឲ្យចូលរួមការបោះឆ្នោតសកលនៅខែកក្កដា ខាងមុខ
ប៉ុន្តែមន្ត្រីនាំពាក្យរដ្ឋាភិបាលថា លោក សម រង្ស៊ី ទេ ជាមនុស្សកំសាក
ដែលមិនហ៊ានមកកម្ពុជា ជាប់ពន្ធនាគារតាមសាលក្រមតុលាការ។
ដោយ យន់ សាមៀន
2013-03-13 RFA
2013-03-13 RFA
នរណាជាមនុស្សកំសាកក្នុងការប្រកួតប្រជែងការបោះឆ្នោតដោយស្មើ
ភាព និងយុត្តិធម៌ ក្លាយជាប្រធានបទមួយដែលគណបក្សសង្គ្រោះជាតិ
និងគណបក្សប្រជាជនកម្ពុជា
ប្រើប្រាស់ចោទគ្នាទៅវិញទៅមកនៅមុនការបោះឆ្នោត ថ្ងៃទី២៨ កក្កដា។
លោក សម រង្ស៊ី កាលពីថ្ងៃច័ន្ទ ទី១១ មីនា ចាត់ទុកលោក ហ៊ុន សែន
ជាមនុស្សកំសាក
ដោយសារតែការបោះឆ្នោតមានតែមនុស្សពីរនាក់គត់ជាគូប្រជែងអំណាច
នឹងគ្នា គឺលោក និងលោក ហ៊ុន សែន
ប៉ុន្តែមន្ត្រីនាំពាក្យរដ្ឋាភិបាលអះអាងផ្ទុយវិញថា លោក សម រង្ស៊ី
កំសាកមិនហ៊ានចូលកម្ពុជា ទទួលទោសជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ។
បើតាមអ្នកវិភាគឯករាជ្យ និងមន្ត្រីអង្គការសង្គមស៊ីវិលអះអាងថា
មេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំង
អាចជាមនុស្សកំសាកទាំងពីរ។
អ្នកវិភាគសង្គមបណ្ឌិត កែម ឡី នៅថ្ងៃអង្គារ ទី១២ មីនា
មានប្រសាសន៍ថា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
គួរមានសេចក្ដីក្លាហានហ៊ានវិលត្រឡប់មកកម្ពុជាវិញ
បើទោះបីជាលោកអាចប្រឈមនឹងជាប់ពន្ធនាគារក៏ដោយ។ លោកបន្តថា
ការលះបង់ជាប់ពន្ធនាគារនឹងអាចជួយកែប្រែប្រព័ន្ធយុត្តិធម៌នៅ
កម្ពុជា។
លោក កែម ឡី៖ «ប្រសិនបើគាត់ជាតួឯកមួយ
ហើយទុកឲ្យពលរដ្ឋប្រឈមដើម្បីកែប្រែតុលាការវាមិនងាយទេ។
កាលណាឯកឧត្ដមមកប្រឈមនឹងគុកច្រវាក់
វាមិនមែនគាត់មួយទេដែលជួយការពារប្រទេសជាតិ
សហគមន៍អន្តរជាតិក៏ដោយដែរ»។
លោក សម រង្ស៊ី កំពុងរស់នៅនិរទេសខ្លួននៅប្រទេសបារាំង
ពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចកម្ពុជា
ក្រោយពេលតុលាការបានកាត់ទោសលោកឲ្យជាប់ពន្ធនាគាររយៈពេលប្រមាណ
១២ឆ្នាំ ពីបទដកបង្គោលតម្រុយព្រំដែន និងបរិហារកេរ្តិ៍។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ផៃ ស៊ីផាន
កាលពីថ្ងៃអង្គារ ឆ្លើយតបការចោទប្រកាន់លោក សម រង្ស៊ី វិញថា
លោកនាយករដ្ឋមន្ត្រីកម្ពុជា មិនកំសាកទេ ប៉ុន្តែលោក សម រង្ស៊ី វិញទេ
មិនហ៊ានចូលក្នុងស្រុក ដោយខ្លាចជាប់ពន្ធនាគារ។
លោក ផៃ ស៊ីផាន បន្តថា របាយការណ៍មួយបានបង្ហាញច្បាស់ថា
កម្ពុជាកំពុងដើរលើផ្លូវត្រូវចំណែកលោក ហ៊ុន សែន
មានប្រជាប្រិយភាពក្នុងចំណោមអ្នកបោះឆ្នោត៖ «ការចាកចេញពីមាតុ
ប្រទេសរបស់លោក គឺជារឿងផ្ទាល់ខ្លួនរបស់លោក។
ចំណែកការចូលស្រុកវិញជាការជ្រើសរើស និងភាពក្លាហានរបស់លោក»។
របាយការណ៍ប្រចាំឆ្នាំ២០១២
ចេញផ្សាយដើមសប្ដាហ៍នេះរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយ
សេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល (Comfrel)
ផ្សាយកាលពីថ្ងៃច័ន្ទ ទី១១ មីនា បានរកឃើញថា
លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងដើរថយក្រោយ និងផុយស្រួយ។
របាយការណ៍បន្តថា អភិបាលកិច្ចការចូលរួមការប្រកួតប្រជែង
និងការរៀបចំការបោះឆ្នោតបែបប្រជាធិបតេយ្យ
មិនមានការរីកចំរើនអ្វីទាល់តែសោះ បើធៀបទៅនឹងឆ្នាំ២០១១។
ទោះបីជាការទទួលខុសត្រូវ និងគណនេយ្យភាព
បានប្រសើរបន្តិចបន្តួចក៏ដោយ
ប៉ុន្តែរដ្ឋាភិបាលបន្តគ្រប់គ្រងនីតិប្បញ្ញត្តិ និងតុលាការ។
គណបក្សប្រជាជនកម្ពុជា នៅតែបន្តគ្រប់គ្រងកងកម្លាំងយោធា ប៉ូលិស
និងមន្ត្រីយុត្តិធម៌។ របាយការណ៍បន្ថែមទៀតថា
ដំណើរការនយោបាយកាលពីឆ្នាំ២០១២
បានដើរឆ្ពោះទៅការគ្រប់គ្រងផ្តាច់ការ
ដោយសារតែមេដឹកនាំគណបក្សប្រឆាំងនឹងត្រូវផាត់ចេញពីការបោះឆ្នោតខែ
កក្កដា ខាងមុខ។
របត់នយោបាយកាលពីឆ្នាំ២០១២
ក៏បានកម្រិតសិទ្ធិសេរីភាពការចូលរួម ការបញ្ចេញមតិ
សិទ្ធិសេរីភាពនៃការប្រមូលផ្ដុំ និងសិទ្ធិទទួលបានព័ត៌មាន។
មកទល់ពេលនេះ
រដ្ឋាភិបាលមិនបានបង្ហាញដំណោះស្រាយណាមួយពាក់ព័ន្ធនឹងករណីកាត់ទោស
នយោបាយ ករណីលោក សម រង្ស៊ី និងលោក ម៉ម សូណង់ដូ ឡើយ។
ខុមហ្រ្វែលបន្តទៀតថា ចំណែកប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន រួមមាន
ទូរទស្សន៍ និង វិទ្យុ ភាគច្រើនកំពុងគ្រប់គ្រងដោយគណបក្សកាន់អំណាច។
ស្ថានីយទូរទស្សន៍ប្រមាណ ១១ និងវិទ្យុ ១០០ស្ថានីយ
កំពុងគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា
ឬក៏ក្រុមមន្ត្រីស្និទ្ធនឹងរដ្ឋាភិបាល។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា
ការរារាំងមិនឲ្យលោក សម រង្ស៊ី ចូលរួមការបោះឆ្នោត
ដោយសារតែគណបក្សប្រជាជនកម្ពុជា ព្រួយបារម្ភនឹងប្រជាប្រិយភាពលោក សម
រង្ស៊ី។ ចំណែកការកាត់ទោសលោក សម រង្ស៊ី មានលក្ខណៈនយោបាយ។
មន្ត្រីក្រសួងមហាផ្ទៃ ក៏ធ្លាប់បញ្ជាក់ដែរថា
រដ្ឋាភិបាលនឹងមិនស្វែងរកអន្តរាគមន៍ពីរដ្ឋាភិបាលបរទេស
ដើម្បីឃាត់ខ្លួនលោក សម រង្ស៊ី ឡើយ ដរាបណាលោក សម រង្ស៊ី
មិនបោះជំហានចូលទឹកដីខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
2 comments:
That guy in the left is a Traitor,
and the other is a national Hero !!!
I rest my case.
TWO GUYS'S SUPER-TRAITORS !
Post a Comment