Friday, March 15, 2013

តើ​​លោក ម៉ម សូណង់ដូ ត្រូវ​គេ​ដោះលែង​វិញ​ឬ​ទេ?

ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ មិន​មែន​ជា​រឿង​ភ្ញាក់ផ្អើល​ទេ​សម្រាប់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ហើយ​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ វិញ ក៏​មិន​មែន​ជា​រឿង​ប្លែក​នោះ​ដែរ និង​ក៏​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ។
ដោយ តាំង សារ៉ាដា
RFA Khmer Service, 2013-03-13

http://www.rfa.org/khmer/news/politics/court-release-sonando-before-election-03132013235233.html

ជួន​កាល​ការ​ចាប់​ខ្លួន​លោក មម៉ សូណង់ដូ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ គ្រាន់​តែ​អាច​ជា​ល្បែង​នយោបាយ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​គោ​រួច​ពី​របង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុណ្ណោះ។
សំណួរ​ថា តើ​លោក ម៉ម សូណង់ដូ អាច​ត្រូវ​គេ​ដោះលែង​វិញ​នៅ​មុន​ការ​បោះ​ឆ្នោត​សកល​ខាង​មុខ​នេះ​ដែរ​ឬ​ទេ?

ចម្លើយ​ពិត​ជា​បាន! បើ​យើង​ក្រឡេក​មើល​ទៅ​ក្រោយ​បន្តិច ការ​ជាប់​ពន្ធនាគារ​របស់​លោក ម៉ម សូណង់ដូ មិន​មែន​ជា​លើក​ទី​មួយ​ទេ។ កាល​ពី​ឆ្នាំ​២០០៣ លោក​ត្រូវ​បាន​សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ ចាប់​ខ្លួន​ម្ដង​ពី​បទ​ផ្សាយ​ព័ត៌មាន ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​ប្រឆាំង​ទូត​ថៃ។

នៅ​ឆ្នាំ​២០០៥ លោក​ត្រូវ​បាន​ចាប់​ខ្លួន​ម្ដង​ទៀត​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-​វៀតណាម។ នៅ​ដើម​ឆ្នាំ​២០០៦ លោក​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ។ ដូច្នេះ​ការ​ចាប់​ខ្លួន​លោក សូណង់ដូ កាល​ពី​ឆ្នាំ​២០១២ នឹង​ត្រូវ​ដោះលែង​វិញ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ មុន​ការ​បោះ​ឆ្នោត​ជាតិ​នា​ខែ​កក្កដា។

ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១២ គ្រាន់​តែ​ជា​ល្បិច​គោះ​ភ្នំ​គំរាម​ខ្លា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ ដើម្បី​បង្ហាញ​ថា ប្រសិន​បើ​លោក សម រង្ស៊ី ហ៊ាន​ចូល​ស្រុក​ក៏​ត្រូវ​ទទួល​មេរៀន​ដូច​គ្នា​នេះ​ដែរ។ ដោយសារ​លោក ហ៊ុន សែន ពេល​នោះ​ក៏​អាច​សាកល្បង​ចង់​ដឹង​ផង​ដែរ​ថា តើ​លោក ម៉ម សូណង់ដូ មាន​ការ​គាំទ្រ​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណា។


ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ពេល​នោះ មិន​មែន​លោក ហ៊ុន សែន ខ្លាច​លោក ម៉ម សូណង់ដូ ទៅ​បង្កើត​តំបន់​អបគមន៍​អ្វី​នោះ​ទេ។ ទី​មួយ លោក ម៉ម សូណង់ដូ ទំនង​ជា​គ្មាន​អាវុធ​យុទ្ធភណ្ឌ ទីពីរ​គ្មាន​ទាំង​កម្លាំង​ទ័ព ហើយ​ក៏​គ្មាន​កម្លាំង​អង្គរក្ស​រាប់​ពាន់​នាក់​ផ្ទាល់​ខ្លួន​នោះ​ដែរ។ ប៉ុន្តែ​អាច​ជា​កំហឹង​របស់​លោក ហ៊ុន សែន ដែល​ខឹង​សម្បា​ខ្លាំង​នៅ​ពេល​លោក ម៉ម សូណង់ដូ ទៅ​សម្ភាសន៍​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ លោក សួន សេរីរដ្ឋា ដែល​ប្ដឹង​លោក ហ៊ុន សែន ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

ម្យ៉ាង​ទៀត​អាច​ជា​លេស​នយោបាយ​របស់​លោក ហ៊ុន សែន ទៅ​វិញ​ទេ ក្នុង​ការ​រារាំង​លោក ម៉ម សូណង់ដូ ពី​ការ​មាន​ពេល​វេលា​ច្រើន​ក្នុង​ការ​ហក់​ទៅ​ជួយ​ជ្រោមជ្រែង​ដល់​សម្ពន្ធភាព ​សង្គ្រោះ​ជាតិ ដែល​ជា​សម្ពន្ធភាព​រវាង​បក្ស​សិទ្ធិ​មនុស្ស និង​បក្ស សម រង្ស៊ី ទើប​បង្កើត​ឡើង​នៅ​ខែ​កក្កដា ឆ្នាំ​២០១២ ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។ ដូច្នេះ​ប្រសិន​បើ​លោក ម៉ម សូណង់ដូ ពិត​ជា​សម្រេច​ចុះ​ចូល​ជាមួយ​សម្ពន្ធភាព​សង្គ្រោះ​ជាតិ​នៅ​ពេល​នោះ​វិញ វា​គឺ​ជា​ការ​គំរាម​កំហែង​ខ្លាំង​មួយ​ដល់​បក្ស​កាន់​អំណាច។

ម្យ៉ាង​ទៀត ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នៅ​ពេល​នោះ​ក៏​អាច​ជា​នុយ​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ក្នុង​ការ​បញ្ឆោត​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន (Washington) ឲ្យ​លុប​បំណុល​ជាង ៤០០​លាន​ដុល្លារ ដែល​រដ្ឋាភិបាល​កម្ពុជា តែង​ទាមទារ​ជា​ញឹកញាប់​ឲ្យ​មាន​ការ​លុប​បំណុល​នេះ ហើយ​គ្មាន​លទ្ធផល​នោះ។ ល្បិច​បែប​នេះ​ប្រហែល​ជា កម្ពុជា​បាន​ចម្លង​តាម​ក្បួន​របស់​កូរ៉េ​ខាង​ជើង​ក្នុង​ការ​គំរាម​បាញ់​ កាំជ្រួច​មីស៊ីល ដែល​មាន​ចម្ងាយ​វែង​ដើម្បី​ជំរិត​យក​លុយ​ពី​សហរដ្ឋអាមេរិក កូរ៉េ​ខាង​ត្បូង ឬ​ជប៉ុន​ជាដើម។

ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នេះ​ដែរ អាច​ជា​បង្វែរ​ការ​ចាប់​អារម្មណ៍​របស់​មហាជន​ដើម្បី​កុំ​ឲ្យ​គិតគូរ​ច្រើន​ ពេក​អំពី​ការ​រក​ស៊ី​របស់​កម្ពុជា ជា​មួយ​ចិន ក្នុង​ករណី​ដី​សម្បទាន​សេកកិច្ច សម្បទាន​រ៉ែ ទំនប់​វារីអគ្គិសនី និង​ការ​រក​ស៊ី​ផ្សេងៗ​ទៀត។

នរណា​ក៏​ដឹង​ដែរ​ថា ប្រទេស​ចិន កំពុង​ស្រូប​យក​ឈើ​គ្រញូង​រាប់​សែន​ម៉ែត្រ​គីប ដែល​មាន​តម្លៃ​មហាសាល​ពី​កម្ពុជា ជា​ច្រើន។ ក្រៅ​ពី​ឈើ​គ្រញូង ចិន​ក៏​បាន​បូម​យក​រ៉ែ​ដែក អាលុយមីញូម និង​រ៉ែ​មាស​ជា​ច្រើន ដូចជា​នៅ​ខេត្ត​រតនគិរី ខេត្ត​ក្រចេះ ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ព្រះវិហារ។ ក្រៅ​ពី​រ៉ែ​លោហធាតុ​នេះ ក្រុមហ៊ុន​ចិន ក៏​បាន​ទាញ​យក​ធ្យូង​ថ្ម​ថែម​ទៀត​នៅ​ខេត្ត​ឧត្តមានជ័យ។

ម្យ៉ាង​វិញ​ទៀត​លោក ហ៊ុន សែន ពេល​នោះ​ត្រូវ​តែ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ពីព្រោះ​លោក​ក៏​មិន​ចង់​ឲ្យ​សម្ដី​ដែល​លោក​បាន​ប្រកាស​ក្តែងៗ​ទៅ​ហើយ ធ្វើ​សាបរលាប ហើយ​លែង​មាន​ជំនឿ​ទៀត​ដល់​ក្រុម​អ្នក​គាំទ្រ​របស់​លោក។ ប៉ុន្តែ​ការ​ទុក​ឲ្យ​លោក ម៉ម សូណង់ដូ ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​យូរ​ពេក អាច​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ខាត​ប្រយោជន៍​ទៅ​វិញ។

លោក ហ៊ុន សែន អាច ខូច​កេរ្តិ៍​ឈ្មោះ​ខ្លាំង​ក្នុង​ឆាក​អន្តរជាតិ។ ដូច​គេ​ធ្លាប់​ដឹង​ហើយ សូម្បី​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ក៏​ធ្លាប់​បាន​ជជែក​ផ្ទាល់​ជាមួយ​លោក ហ៊ុន សែន នៅ​ពេល​លោក​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ហើយ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ដោះលែង​លោក ម៉ម សូណង់ដូ ដែល​លោក អូបាម៉ា ចាត់​ទុក​ថា ជា​អ្នក​ទោស​នយោបាយ។

មួយ​វិញ​ទៀត លោក ហ៊ុន សែន ប្រហែល​ជា​បាន​ព្យាករ​រួច​ទៅ​ហើយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ទៀត។ ហេតុ​ដូច្នេះ​ការ​ដោះលែង​លោក ម៉ម សូណង់ដូ គឺ​គ្រាន់​តែ​ចង់​ទុក​ឲ្យ​មាន​ពេល​វេលា​ខ្លី​មួយ ដើម្បី​បង្វិល​បរិយាកាស​នយោបាយ​ឲ្យ​មាន​សភាព​ស្ងប់ស្ងាត់ និង​សន្តិភាព​បន្តិច​នៅ​មុន​ការ​បោះ​ឆ្នោត។

ដូច្នេះ​នៅ​ពេល​ការ​បោះ​ឆ្នោត​បញ្ចប់​ទៅ លោក​នឹង​ប្រកាស​ថា ការ​ឈ្នះ​ឆ្នោត​របស់​លោក គឺ​ប្រកប​ដោយ​យុត្តិធម៌ ត្រឹមត្រូវ គ្មាន​ការ​បំភិតបំភ័យ គ្មាន​អ្នក​ទោស​នយោបាយ ហើយ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី។ ដល់​ពេល​នោះ​លោក ហ៊ុន សែន ប្រាកដ​ជា​ប្រកាស​ថា រដ្ឋាភិបាល​របស់​លោក​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់។ ចំណែក​ក្រុម​ប្រទេស​អ្នក​ផ្ដល់​ជំនួយ​វិញ ដល់​ពេល​នោះ​អាច​នឹង​ធូរ​ចិត្ត​ទៅ​វិញ ហើយ​បន្ត​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន បន្ត​ទៀត។

សម្រាប់​ការ​ដោះលែង​លោក ម៉ម សូណង់ដូ វិញ គឺ​ស្ថិត​នៅ​លើ​ប្រព័ន្ធ​តុលាការ ហើយ​ការ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ត្រូវ​គេ​ដឹង​ឮ​សឹង​គ្រប់​គ្នា​ទៅ​ ហើយ​ថា ជា​កូន​អុក​សម្រាប់​បញ្ជា​លេង​ល្បែង​នយោបាយ​ប៉ុណ្ណោះ។ ដូច្នេះ ពេល​នេះ​លោក ហ៊ុន សែន នឹង​អាច​ប្រើ​ប្រព័ន្ធ​តុលាការ ដើម្បី​ដោះលែង​លោក ម៉ម សូណង់ដូ ពីព្រោះ​លោក ហ៊ុន សែន អាច​ឆ្លើយ​ការពារ​ខ្លួន​បាន​ថា ការ​ដោះលែង​លោក ម៉ម សូណង់ដូ មិន​មែន​ជា​ការ​លូកដៃ​របស់​បក្ស​កាន់​អំណាច​នោះ​ឡើយ។

ពេល​នោះ តុលាការ​អាច​ដំណើរ​ការ​ដោះលែង​លោក ម៉ម សូណង់ដូ ដូច​ជា​ការ​ដោះលែង​ពលរដ្ឋ​តំបន់​បឹងកក់ និង​បុរីកីឡា ចំនួន ១៣​នាក់ កាល​ពី​ឆ្នាំ​២០១២ ដែល​សាលាឧទ្ធរណ៍​បាន​កាត់​ទោស​តម្រឹម​នៃ​រយៈពេល​ដែល​ពួកគេ​ស្ថិត​ក្នុង​ ពន្ធនាគារ ហើយ​បាន​កាត់​ទោស​ព្យួរ​សម្រាប់​ទោស​ណា​ដែល​នៅ​សេសសល់។

សម្រាប់​ករណី​លោក ម៉ម សូណង់ដូ វិញ ក៏​នឹង​អាច​ដើរ​តាម​ក្បួន​នេះ​ដែរ។ សាលាឧទ្ធរណ៍​បាន​ប្ដូរ​បទ​ចោទ​លោក ម៉ម សូណង់ដូ ពី​ទោស​ឧក្រិដ្ឋ ទៅ​ជា​ទោស​មជ្ឈិម ហើយ​សម្រេច​នៅ​ក្រៅ​ឃុំ ឬ​ដោះលែង​ឲ្យ​មាន​សេរីភាព​តែម្ដង។ ដូច្នេះ​លោក ម៉ម សូណង់ដូ នឹង​អាច​ត្រូវ​បាន​គេ​ដោះលែង ប៉ុន្តែ​លោក​ប្រហែល​ជា​លែង​សូវ​ហ៊ាន​ក្អេងក្អាង​រិះគន់​លោក ហ៊ុន សែន ខ្លាំងៗ​ដូច​មុន​ទៀត៕

2 comments:

Karl [Kalonh] Chuck said...
This comment has been removed by the author.
Anonymous said...

When will you learn to write better Khmer huh Taing Sarada? When? Or is it that you are hopeless, huh???