ពលរដ្ឋខេត្តរតនគិរីចោទក្រុមហ៊ុនវៀតណាមរំលោភយកដី
ការរំលោភទន្ទ្រានយកដីស្របច្បាប់របស់ប្រជាពលរដ្ឋ បានកើតមានជាបន្តបន្ទាប់នៅខេត្តរតនគិរី ហើយនៅពេលថ្មីៗនេះ អ្នកស្រុកបានចោទទៀតថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ អេលែវ ប៊ីអឹម ហ្យ័ញ ស្តុក (Elev BM Joint Stock) បានបន្តរំលោភយកដីអ្នកស្រុកដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់រួច ហើយ។
ដោយ រដ្ឋា វិសាល
2013-03-13 RFA
2013-03-13 RFA
អ្នកភូមិជនជាតិដើមភាគតិចខេត្តរតនគិរី ៤គ្រួសារ
កំពុងសុំកិច្ចអន្តរាគមន៍ពីមន្ត្រីការពារសិទ្ធិមនុស្ស
ប្ដឹងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ អេលែវ ប៊ីអឹម ហ្យ័ញ ស្តុក
តាមផ្លូវតុលាការពីបទរំលោភដីកម្មសិទ្ធិស្របច្បាប់របស់ពលរដ្ឋ។
ប្រជាពលរដ្ឋរស់នៅភូមិយ៉ាសោម ឃុំសឺង ស្រុកបរកែវ លោក ភីត ដាយ
នៅថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៣ មានប្រសាសន៍បញ្ជាក់ថា
ដីស្រែអ្នកភូមិជាង ១១ហិកតារ ត្រូវក្រុមហ៊ុនដាក់គ្រឿងចក្រឈូសឆាយ
និងភ្ជួររាស់អស់ពាក់កណ្ដាល និងកំពុងបន្តភ្ជួររាស់បន្ថែមទៀត
ដើម្បីយកដីដាំកៅស៊ូ។ លោកបន្តថា ដីស្រែដែលក្រុមហ៊ុនកំពុងរំលោភយក
គឺជាដីដែលក្រុមនិស្សិតបានវាស់វែងចេញចុងសន្លឹកសម្គាល់កម្មសិទ្ធិ
កាត់ចេញពីដីសម្បទានក្រុមហ៊ុនរួចហើយ៖ «ដំបូង គាត់ទៅឈូសហ្នឹង
ខ្ញុំទៅប្រាប់ដែរ ខ្ញុំថាម៉េចបងឯងឈូសនៅហ្នឹង
គាត់ថាខ្ញុំឈូសខ្លាចឆេះដល់ដើមឈើពួកខ្ញុំ។ ដល់ពេលថ្ងៃនេះ
ខ្ញុំទៅទៀត ឃើញគេកំពុងភ្ជួរបាទ គេឈូសពាក់កណ្ដាលតែម្តង។
គេនៅភ្ជួរនៅឡើយ
តែបានអ៊ីចឹងខ្ញុំមកប្រាប់មេភូមិៗទើបតែមកហ្នឹងណា!»។
នេះគឺជាសេចក្តីរាយការណ៍ថ្មីមួយទៀតដែលអ្នកភូមិបានចោទថា
ក្រុមហ៊ុនអេលែវ បានរំលោភដីប្រជាពលរដ្ឋជាលើកទីបី
ហើយក្រុមអាជ្ញាធរមិនទាន់ចាត់វិធានការដោះស្រាយជូនប្រជាពលរដ្ឋបាន
នៅឡើយ។
វិទ្យុអាស៊ីសេរី នៅថ្ងៃពុធ ទី១៣ ខែមីនា មិនអាចស្វែងរកតំណាង
ឬអាសយដ្ឋានក្រុមហ៊ុនទាក់ទងសុំអធិប្បាយពីសេចក្តីចោទប្រកាន់របស់
អ្នកភូមិបានទេ។
យ៉ាងនេះក្តី មេឃុំស៊ឹង លោក រម៉ាម ថាំង មានប្រសាសន៍បញ្ជាក់ថា
តំណាងក្រុមហ៊ុនមិនបានយកចិត្តទុកដាក់ចំពោះកិច្ចអន្តរាគមន៍របស់
មន្ត្រីមូលដ្ឋានដែលបានបញ្ជាក់ថា
ដីប្រជាពលរដ្ឋបានចុះបញ្ជីកម្មសិទ្ធិដោយក្រុមការងារ
និងក្រុមនិស្សិតរបស់រាជរដ្ឋាភិបាលរួចហើយនោះទេ។ លោកបន្តថា
អាជ្ញាធរភូមិ-ឃុំ មិនមានលទ្ធភាពបញ្ឈប់ការរំលោភនេះបានឡើយ៖ «អាជ្ញាធរ
យ៉ាប់ណាស់ពួកនេះ និយាយគេលែងស្តាប់យើង។ អាមុនហ្នឹង ទប់ស្កាត់ហើយ
ថ្ងៃនេះឃាត់ ស្អែកវាសម្រាកពីរបីថ្ងៃ ធ្វើទៀតយ៉ាប់អ៊ីចឹងណា
ពួកក្រុមហ៊ុនហ្នឹង»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC)
ខេត្តរតនគិរី លោក ឆាយ ធី បានកត់សម្គាល់ថា ក្រុមហ៊ុនអេលែវ
បានរំលោភកិច្ចសន្យាវិនិយោគ
និងបង្កផលប៉ះពាល់ច្រើនលើកជាមួយប្រជាពលរដ្ឋ។ លោកបន្តថា
ប្រជាពលរដ្ឋមានសិទ្ធិប្ដឹងក្រុមហ៊ុនតាមផ្លូវតុលាការ
ពីព្រោះដីរបស់អ្នកភូមិ
រាជរដ្ឋាភិបាលបានចុះបញ្ជីកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ៖ «ប្រជាពលរដ្ឋ
បានមកអាដហុក យើង ដើម្បីដាក់ពាក្យបណ្ដឹងចូលទៅតុលាការជាលើកទី២
ដើម្បីឲ្យតុលាការចាត់វិធានការទៅលើក្រុមហ៊ុនហ្នឹងតាមផ្លូវ
ច្បាប់»។
ប្រធានភូមិយ៉ាសោម លោក រចំ វិន ឲ្យដឹងថា ចាប់ពីដើមឆ្នាំ២០១៣
រហូតមកក្រុមហ៊ុនអេលែវ បានឈូសឆាយព្រៃឈើចំណីបឹង
កាយប្រឡាយប៉ុនប៉ងបង្ហូរទឹកបឹង
និងកាយប្រឡាយលើដីស្រែប្រជាពលរដ្ឋដែលបានវាស់វែងដោយក្រុមយុវជន
ស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាល ហើយយកដីស្រែនោះដាំកៅស៊ូអស់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
1 comment:
Your go to moony,Wait to see!!
Post a Comment